មន្ដ្រី​កំពូល​សហរដ្ឋអាមេរិក មើលឃើញ​ពី​សមត្ថភាព​កងទ័ព​អ៊ុយ​ក្រែ​ន អាច​រំដោះទឹកដី​ពី​រុស្ស៊ី​

ព័ត៌មានអន្តរជាតិ
0
93


​រដ្ឋធានី​កៀវ​៖ គិត​ត្រឹម​ថ្ងៃទី​៤ ខែវិច្ឆិកា សង្គ្រាម​របស់​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន (Vladimir Putin) បានអូសបន្លាយ អស់​រយៈពេល​២៥៤​ថ្ងៃ ហើយ​កំពុងតែបន្ដ​វាយ​ប្រយុទ្ធ​យ៉ាងខ្លាំង ប៉ុន្ដែ​ឥឡូវនេះ រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ​សហរដ្ឋអាមេរិក បង្ហាញ​ពី​សុទិដ្ឋិនិយម​របស់ខ្លួន ថា សមត្ថភាព​របស់​អ៊ុយ​ក្រែ​ន អាច​នឹង​រំដោះ​តំបន់​ឃើ​រ​សុន ពី​កម្លាំង​ទាហាន​រុស្ស៊ី ត្រឡប់មក​គ្រប់គ្រង​វិញ​បាន​។​

​សារព័ត៌មាន Arab News បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​សុក្រ ទី​៤ ខែវិច្ឆិកា ថា លោក ឡូយ អូ​ស្ទី​ន (Lloyd Austin) រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ​សហរដ្ឋអាមេរិក បាន​ថ្លែង នៅឯ​មន្ទីរ​បញ្ច​កោណ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ថា «​ខ្ញុំ​នឹងមិន​ឆ្លើយ​សំណួរ ថា​តើ​កម្លាំង​ទាហាន​រុស្ស៊ី កំពុងតែ​រៀបចំ​ដកថយ ឬ​យ៉ាងណា​នោះទេ ប៉ុន្ដែ​ខ្ញុំ​សូម​បង្ហាញ អំពី​ទំនុក​ចិ​ត្ដរបស់​ខ្ញុំ ថា អ៊ុយ​ក្រែ​ន មាន​សមត្ថភាព អាច​វាយ​រំដោះ​តំបន់​ឃើ​រ​សុន ត្រឡប់មកវិញ​បាន​»​។​

​ជាមួយគ្នានេះដែរ មន្ដ្រី​បស្ចិម​លោក​មួយរូប បាន​ថ្លែងប្រាប់​ដល់​ទីភ្នាក់ងារសារព័ត៌មាន Reuters សុំ​លក្ខខណ្ឌ​មិន​បញ្ចេញ​អត្ដ​សញ្ញាណ បាន​វាយតម្លៃ ថា រុស្ស៊ី កំពុងតែ​រៀបចំ​គម្រោង ដកទ័ព​ថយ ចេញពី​ភាគ​ខាងកើត​ច្រាំងទន្លេ​ឌី​នី​ប្រូ ព្រោះ​វា​អាច​ការពារ​កម្លាំង​រប​ស់​ពួកគេ​បាន​។​

​ដោយឡែក មន្ត្រី​លើក​បន្តុប​ដោយ​ក្រុង​មូ​ស្គូ នៅក្នុង​តំបន់​ឃើ​រ​សុន (Kherson) បាន​អះអាង ថា ទាហាន​រុស្ស៊ី អាច​នឹង​ដកថយ ចេញពី​ភាគ​ខាងលិច ច្រាំងទន្លេ​ឌី​នី​ប្រូ (Dnieper)​។ ប៉ុន្តែ​មន្ដ្រី​ការពារជាតិ​កំពូល​របស់​សហរដ្ឋអាមេរិក បាន​បន្លឺសំឡេង ប្រកបដោយ​សុទិដ្ឋិនិយម អំពី​សមត្ថភាព​របស់​កម្លាំង​ការពារ​ទឹកដី​អ៊ុយ​ក្រែ​ន អាច​វាយ​ដណ្តើមយក​ទីក្រុង Kherson ជា​តំបន់​យុទ្ធសាស្ត្រ​ដ៏​សំខាន់ នៅ​ភាគខាងត្បូង ប្រទេស ត្រឡប់មក​ឡើងវិញ ខណៈ​ក្រុង​កៀវ មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​បន្ថែមទៀត​។​

​លោក គី​រី​ល ស្ដ្រែ​មូ​សូវ (Kirill Stremousov) អនុប្រធាន​រដ្ឋបាល​ស៊ីវិល តំបន់​ឃើ​រ​សុន លើក​បន្ដុប ដោយ​ក្រុង​មូ​ស្គូ បាន​បញ្ជក់ នៅក្នុង​បទសម្ភាសន៍​មួយ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ជាមួយនឹង​កម្មវិធី​ផ្សាយ​បន្ដ​ផ្ទាល់​របស់​បណ្ដាញ​ផ្សព្វផ្សាយ​អន​ឡាញ គាំទ្រ​វិមាន​ក្រឹម​ឡាំង ថា «​ភាគច្រើន ទំនងជា​កង​អង្គភាព​របស់​យើង ទាហាន​របស់​យើង នឹង​ចាកចេញ ពី​ច្រាំងទន្លេ ភាគ​ខាងកើត​»​។​


​កម្លាំង​ទាហាន​រុស្ស៊ី បាន​ដណ្ដើម​កាន់កាប់​តំបន់​ឃើ​រ​សុន (Kherson) ជា​ភូមិសាស្ដ្រ​យុទ្ធសាស្ដ្រ​ដ៏​សំខាន់​របស់​អ៊ុយ​ក្រែ​ន ស្ថិតនៅ​ភាគខាងត្បូង ប្រទេស ចាប់តាំងពី​ប្រធានាធិបតី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន (Vladimir Putin) បាន​បញ្ជា​ឲ្យ​កងទ័ព​របស់គាត់ ឆ្លងកាត់​ព្រំដែន​របស់ខ្លួន វាយលុក​ចូល ទៅក្នុង​ប្រទេស​ជិត នា​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២២ រហូតមក​។ តំបន់​ឃើ​រ​សុន ក៏​រួមបញ្ចូល​ជាមួយ​ផ្នែក​ម្ខាង នៃ​ទំនប់​ទន្លេ​ឌី​នី​ប្រូ Dnieper គ្រប់គ្រង​ការផ្គត់ផ្គង់​ទឹក ស្រោចស្រព នៅ​តំបន់​គ្រី​មៀ (Crimea) ជា​ឧបទ្វីប​របស់​អ៊ុយ​ក្រែ​ន ដែល​ក្រុង​មូ​ស្គូ បាន​រឹបអូស​យក និង ដាក់បញ្ចូល​ជា​ទឹកដី​របស់​រុស្ស៊ី នៅក្នុង​ឆ្នាំ​២០១៤​។​

​កន្លងមក រុស្ស៊ី មិន​ព្រម​ដក​កម្លាំង​ទាហាន​របស់ខ្លួន ចេញពី​តំបន់​ឃើ​រ​សុន នោះឡើយ ព្រោះថា ការដក​កងទ័ព​ចេញ បង្ហាញ​ពី​បរាជ័យ​យ៉ាង​ធ្ងន់ សម្រាប់​ក្រុង​មូ​ស្គូ​។ ប៉ុន្ដែ កាលពី​ថ្ងៃ​ព្រហស្បតិ៍ មិនមាន​ពាក្យ​មួយ​មាត់​ណា ចេញពី​ក្រុម​មន្ដ្រីជាន់ខ្ពស់ នៅក្នុង​វិមាន​ក្រឹម​ឡាំង នោះដែរ ដោយសារ​មាន​រូបភាព​ជាច្រើន ត្រូវបាន​បង្ហោះ នៅលើ​បណ្ដាញ​សង្គម ពី​អគារ​សំខាន់ៗ​ជាច្រើន មិនមាន​ដោត​ទង់ជាតិ​របស់​រុស្ស៊ី បន្ដទៀត​។​

​លោកស្រី ណា​តា​លៀ ហ៊ូ​មេ​នូ​ក (Natia Humeniuk) អ្នកនាំពាក្យ នៃ​បញ្ជាការដ្ឋាន​កងទ័ព​ប្រចាំ​តំបន់​ភាគខាងត្បូង​រប​ស់អ៊ុយ​ក្រែ​ន បានបញ្ជាក់ ថា ការនិយាយ អំពី​ការដក​ទ័ព អាចជា​អន្ទាក់​របស់​រុស្ស៊ី ហើយ​រូបថត​ដែល​បាន​ចែករំលែក នៅលើ​គណនី Telegram គាំទ្រ​វិមាន​ក្រឹម​ឡាំង ជា​ព័ត៌មាន​មិន​ពិត​។​

​លោកស្រី បាន​ថ្លែង តាម​បណ្ដាញ​ទូរទស្សន៍ ថា «​សកម្មភាព​នេះ អាចជា​ការបង្ហាញ អំពី​ការបង្ក​ហេតុ​ជាក់លាក់​មួយ ដើម្បី​បង្កើត​ចំណាប់អារម្មណ៍ ថា តាំងទី​ឈរជើង​ទាំងនោះ ត្រូវបាន​បោះបង់ចោល ហើយ​វា​មាន​សុវត្ថិភាព សម្រាប់​ការចូល​ទៅកាន់​ទីនោះ ខណៈ​រុស្ស៊ី កំពុងតែ​រៀបចំ សម្រាប់​ការប្រយុទ្ធ​គ្នា នៅតាម​ដងផ្លូវ​»៕​