រុស្ស៊ី បន្ដ​ជម្លៀស​ជន​ស៊ីវិល បារម្ភ​ពី​អ៊ុយ​ក្រែ​ន​វាយ​សង្គ្រប់​ខ្លាំង​

ព័ត៌មានអន្តរជាតិ
0
89



​រដ្ឋធានី​កៀវ​៖ អាជ្ញាធរ​តំបន់​ឃើ​រ​សុន គាំទ្រ​ដោយ​រុស្ស៊ី បាន​ជម្លៀស​ប្រជាជន ចេញពី​ច្រាំង​ខាងកើត ទន្លេ​ឌី​នី​ប្រូ ដោយសារតែ​មានការ​ព្រួយបារម្ភ ពី​កម្លាំង​ការពារ​ទឹកដី​អ៊ុយ​ក្រែ​ន វាយ​សម្រុក​ខ្លាំង ដើម្បី​រំដោះទឹកដី​របស់​ពួកគេ យកមក​គ្រប់គ្រង​វិញ​។​

​សារព័ត៌មាន Pravda បានចេញ​ផ្សាយ កាលពី​ថ្ងៃ​ពុធ ទី​២ ខែវិច្ឆិកា ថា អាជ្ញាធរ​ឃើ​រ​សុន គ្រប់គ្រង​ដោយ​រុស្ស៊ី កាលពី​ថ្ងៃ​អង្គារ បាន​ប្រាប់​ឲ្យ​ជន​ស៊ីវិល ចាក​ចេញពី​ច្រាំង​ភាគ​ខាងកើត ទន្លេ​ឌី​នី​ប្រូ (Dnipro) ស្ថិតក្នុង​តំបន់​ឃើ​រ​សុន (Kherson) នា​ភាគខាងត្បូង ប្រទេស​អ៊ុយ​ក្រែ​ន​។ ក្រុង​កៀវ បាន​ចោទប្រកាន់​រុស្ស៊ី កំពុងតែ​បង្ខំ​ប្រជាជន​ឲ្យ​ជម្លៀស ចេញពី​ទឹកដី ដែល​រុ​ស្ស៉ី​កំពុងតែ​កាន់កាប់​។​

​អាជ្ញាធរ គាំទ្រ​ដោយ​រុស្ស៊ី នៅ​តំបន់​ឃើ​រ​សុន បានបញ្ជាក់ ថា អាជ្ញាធរ កំពុងតែ​អនុវត្ត​បទបញ្ជា​នេះ ទៅកាន់​តំបន់​របស់ខ្លួន កាន់កាប់ មាន​ចម្ងាយ​១៥​គីឡូម៉ែត្រ នៅតាម​បណ្តោយ​ច្រាំង​ខាងកើត ទន្លេ​ឌី​នី​ប្រូ​។

​លោក វ្ល៉ា​ឌី​មៀ សាល​ដូ (Vladimir Saldo) អភិបាលខេត្ត​ឃើ​រ​សុន គាំទ្រ​ដោយ​ក្រុង​មូ​ស្គូ បានបញ្ជាក់ ថា «​ជា​វិធីសាស្ត្រ​ទប់ស្កាត់​ការវាយប្រហារ ពី​អ៊ុយ​ក្រែ​ន ក៏ដូចជា មាន​ព័ត៌មាន​រាយការណ៍​មក ថា ក្រុង​កៀវ កំពុងតែ​រៀបចំ​ការវាយប្រហារ ដោយ​មី​ស៊ី​ល​ទ្រង់ទ្រាយ​ធំ​មួយ កំណត់​គោលដៅ មកលើ​ស្ថានីយ​វា​រី​អគ្គិសនី​ខា​កូវ​កា (Kakhovka) ហើយ​វា​នឹង​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ភ្លាមៗ នៅក្នុង​តំបន់​ឃើ​រ​សុន​។ ជាមួយនឹង​សេចក្ដីរាយការណ៍​បែបនេះ ទើប​ជំរុញ​ឲ្យ​អាជ្ញាធរ សម្រេចចិត្ត ពង្រីក​តំបន់​ជម្លៀស ដើម្បី​ទប់ទល់​នឹង​ការវាយប្រហារ​របស់​អ៊ុយ​ក្រែ​ន និង​ការពារ​ជន​ស៊ីវិល​»៕​