រុ​ស្ស៊ី ភ័យ​កាន់តែខ្លាំង អស់ពី​កេណ្ឌ​អ្នកទោស ជ្រើសរើស​អតីត​ទ័ព​ពិសេស​អាហ្កានីស្ថាន មកជួយ​ប្រយុទ្ធ​

ព័ត៌មានអន្តរជាតិ
0
116



​រដ្ឋធានី​មូ​ស្គូ​៖ ស្របពេល​ទាហាន​រុស្ស៊ី តែងតែ​បាក់ទ័ព​រត់ចោល​សមរ​ភូមិ​ជា​ញឹកញាប់ ទើប​ធ្វើ​ឲ្យ​មេដឹកនាំ​វិមាន​ក្រឹម​ឡាំង មានការ​ព្រួយបារម្ភ ពី​ការ​ចាញ់​សង្គ្រាម ហើយ​ឥឡូវ​ក្រុង​មូ​ស្គូ បានប្រកាស​ជ្រើសរើស​អតីត​ទ័ព​ពិសេស​របស់​អា​ហ្វ​ហ្កា​នី​ស្ថាន ធ្លាប់​ទទួលបាន​ការបណ្ដុះ​បណ្ដាល និង កៀក​ស្មា​ប្រយុទ្ធ​ជាមួយនឹង​កងទ័ព​សហ​រដ្ឋ​អាមេរិក មកជួយ​ធ្វើសង្គ្រាម ក្រោយពេល​កេណ្ឌ​ប្រជាជន និង បញ្ចុះបញ្ចូល​អ្នកទោស នៅក្នុង​ពន្ធនាគារ​។

​សារព័ត៌មាន Military Times បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​អង្គារ ទី​១ ខែវិច្ឆិកា ថា កងទ័ព​ពិសេស​របស់​អា​ហ្វ​ហ្គា​នី​ស្ថាន ធ្លាប់​ចូលរួម​ប្រយុទ្ធ​ជា​មួ​នឹង​កងទ័ព​សហរដ្ឋអាមេរិក ហើយ​បាន​រត់​ភៀសខ្លួន ចេញពី​ប្រទេស​កំណើត ចូលទៅ​កាន់​ប្រទេស​អ៊ីរ៉ង់ បន្ទាប់ពី​ពេល​ប្រធានាធិបតី​សហរដ្ឋអាមេរិក បានសម្រេច​ចិត្ត​ដកទ័ព​របស់ខ្លួន នាំ​ឲ្យ​មាន​ភាពច្របូកច្របល់ កាលពី​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០២១​នោះ ឥឡូវ​រុស្ស៊ី បានជ្រើសរើស ឲ្យ​មក​ចូលរួម​ប្រយុទ្ធ នៅក្នុង​សង្គ្រាម​អ៊ុយ​ក្រែ​ន​។​


​អតីត​ឧ​ត្ត​ម​សេនីយ៍​អា​ហ្វ​ហ្កា​នី​ស្ថាន ចំនួន​៣​រូប បាន​ប្រាប់​ដល់​ទីភ្នាក់ងារសារព័ត៌មាន AP ថា រុ​ស្ស៉ី ចង់​ទាក់ទាញ​អតីត​កង​កុម្មង់​ដូរ​បស់​អា​ហ្វ​ហ្កា​នី​ស្ថាន រាប់ពាន់នាក់ ឲ្យ​ទៅ​ចូលរួម នៅក្នុង​ក្រុម​«​កងកម្លាំង​បរទេស​» របស់​ក្រុង​មូ​ស្គូ សម្រាប់​បញ្ជូនទៅ​ធ្វើសង្គ្រាម នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។ រុស្ស៊ី បាន​សន្យា​ផ្តល់ប្រាក់​បៀវត្សរ៍ នៅក្នុង​១​ខែ ចំនួន​១ ៥០០​ដុល្លារ ហើយ​ថែមទាំង​សន្យា ផ្តល់​កន្លែង​ជ្រកកោន ប្រកបដោយ​សុវត្ថិភាព សម្រាប់​ពួកគេ និង ក្រុមគ្រួសារ​ថែមទៀត ដើម្បីឱ្យ​ពួកគេ អាច​ចៀសវាង ពី​ការបណ្តេញ​ឲ្យ​វិលត្រឡប់ ទៅកាន់​ប្រទេស​អា​ហ្វ​ហ្កា​នី​ស្ថាន​វិញ ជា​កន្លែង​ដែល​មនុស្ស​ជាច្រើន​សន្ម​ត់ ថា ពួកគេ​អាច​នឹង​សម្លាប់ ក្រោម​ស្នាដៃ​របស់​ពួក​តា​លី​បង់​។​

​ការជ្រើសរើស​អតីត​ទ័ព​ពិសេស​របស់​អា​ហ្វ​ហ្កា​នី​ស្ថាន នេះ គឺ​ដឹកនាំ​ដោយ​កម្លាំង​ទាហាន​ស៊ីឈ្នួល​របស់​រុស្ស៊ី ឈ្មោះ Wagner Group ហើយ​បាន​ធ្វើឡើង បន្ទាប់ពី​មានការ​ព្រមាន អស់​រយៈពេល​ជាច្រើន​ខែ ពី​ទាហាន​អាមេរិក ដែល​ធ្លាប់បាន​ប្រកៀក​ស្មា​គ្នា​ប្រយុទ្ធ​ជាមួយ​កងកម្លាំង​ពិសេស​អា​ហ្វ​ហ្កា​នី​ស្ថាន ថា ពួក​តា​លី​បង់ មាន​ចេតនា​សម្លាប់​ពួកគេ ក្រោមលេស​ថា ពួកគេ​ចូលរួម​ជាមួយនឹង​សត្រូវ​។​

​ទ័ព​ពិសេស​អា​ហ្វ​ហ្កា​នី​ស្ថាន ចន្លោះ​ពី​២០ ០០០​នាក់ ទៅ​៣០ ០០០​នាក់ បាន​ចូលរួម​កៀក​ស្មា​ប្រយុទ្ធ​ជាមួយ​កងទ័ព​សហរដ្ឋ​អាមេរិក នៅក្នុង​អំឡុង​សង្គ្រាម រយៈពេល​២​ទសវត្សរ៍ នៅក្នុង​ប្រទេស​កំណើតរ​បស់​ពួកគេ​។ ប៉ុន្ដែ​មានតែ​មន្ត្រីជាន់ខ្ពស់ ប្រមាណ ២០០​ទៅ​៣០០​នាក់​ប៉ុណ្ណោះ បាន​ចាក​ចេញពី​ប្រទេស ខណៈ​យោធា​អាមេរិក ដកខ្លួន​ចេញពី​អា​ហ្វ​ហ្កា​នី​ស្ថាន ក្រោយ​ការដួលរលំ​របប​គ្រប់គ្រង ដោយ​លោក អា​ស្រា​ហ្វ ហ្កា​នី នៅ​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០២១៕​