នាយករដ្ឋមន្ដ្រី​អង់គ្លេស ថ្មី​ឬ​ចាស់ ប្រកាន់​គោលនយោបាយ​តែមួយ បន្ដ​ផ្ដល់​គ្រឿង​សព្វាវុធ​ជួយ​ដល់​អ៊ុយ​ក្រែ​ន​

ព័ត៌មានអន្តរជាតិ
0
94


​រាជធានី​ឡុង​ដ៍​៖ ចក្រភព​អង់គ្លេស ចាប់តាំងពី​លោក បូរី​ស ច​ន​សុន បាន​លាលែង​ពី​តំណែង​ជា​នាយករដ្ឋមន្ដ្រី ហើយ​លោកស្រី លី​ស ត្រាស់ ចូលមក​ស្នង​តំណែង និង ប្រកាស​លាលែង​បន្ដទៀត ហើយ​ត្រូវបាន​លោក រី​ស៊ី ស៊ូ​ណាក់ ចូលមក​ជំនួស​ថ្មី ក៏​ពួកគេ នៅតែ​ប្រកាន់​គោលនយោបាយ​ការបរទេស​ប្រឆាំងនឹង​ការឈ្លានពាន​របស់​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន និង បន្ដ​ផ្ដល់ជំនួយ​យោធា ទៅដល់​អ៊ុយ​ក្រែ​ន បន្ថែមទៀត​។​

​សារព័ត៌មាន​របស់​ឥណ្ឌា Republic World បានចេញ​ផ្សាយ កាលពេលថ្មីៗថា ចក្រភព​អង់គ្លេស ជា​សម្ពន្ធមិត្ត​ដ៏​ខ្លាំង​បំផុត​មួយ​របស់​ក្រុង​កៀវ នៅក្នុង​អំឡុង​សង្គ្រាម​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន​។ ការបោះ​ជំហាន​ឆ្ពោះទៅរក​ទិសដៅ នៃ​កិច្ចសហប្រតិបត្តិការ​កា​ន់​តែ​រឹងមាំ​នោះ នាយករដ្ឋមន្ត្រី​ថ្មី​របស់​ចក្រភព​អង់គ្លេស លោក រី​ស៊ី ស៊ូ​ណាក់ (Rishi Sunak) កាលពី​ថ្ងៃ​ព្រហស្បតិ៍ បាន​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក វ៉ូ​ឡូ​ឌី​មៀរ ហ្សេ​ឡែ​ន​ស្គី (Volodymyr Zelenskyy) ។ មេដឹកនាំ​ទាំងពីរ បាន​ពិភាក្សាគ្នា អំពី​កិច្ច​គាំទ្រ​ផ្នែក​ការពារ​ពហុភាគី សម្រាប់​អ៊ុយ​ក្រែ​ន ក៏ដូចជា ការបន្ត​កិច្ចព្រមព្រៀង​នាំ​គ្រាប់​ធញ្ញជាតិ​ចេញពី​កំពង់ផែ​សមុទ្រ​ខ្មៅ និង ការពិភាក្សាគ្នា អំពី​ការដក​កម្លាំង​ទាហាន​របស់​រុស្ស៊ី ចេញពី​តំបន់​ឃើ​រ​សុន (Kherson)​។​

​ការិយាល័យ​របស់​នាយ​ក​រដ្ឋមន្ត្រី បាន​ផ្សព្វផ្សាយ​ព័ត៌មាន​នេះ នៅលើ​គេហទំព័រ​របស់​ពួកគេ ថា «​មេដឹកនាំ​ទាំង​២ បាន​ព្រមព្រៀងគ្នា ថា ការដក​ទ័ព​របស់​រុស្ស៊ី ចេញពី​ទីក្រុង Kherson នឹង​បង្ហាញ អំពី​វឌ្ឍនភាព​ដ៏​រឹងមាំ សម្រាប់​កងទ័ព​ការពារ​ទឹកដី​របស់​អ៊ុយ​ក្រែ​ន និង បង្ហាញ​ពី​ភាពទន់ខ្សោយ​របស់​ទាហាន​រុស្ស៊ី​»​។

​នៅក្នុង​ជំនួប​តាម​ទូរស័ព្ទ​នោះ លោកនាយក​រដ្ឋមន្ដ្រី​ចក្រភព​អង់គ្លេស បាន​ប្ដេជ្ញា ថា រដ្ឋាភិបាល​ក្រុង​ឡុង​ដ៍ នឹង​បញ្ជូន​មី​ស៊ី​លបាញ់​ពីលើ​ដី​ទៅ​អាកាស ចំនួន ១ ០០០​គ្រាប់​បន្ថែមទៀត ទៅ​ជួយ​ដល់​ក្រុង​កៀវ​។ ក្រៅពីនេះ ចក្រភព​អង់គ្លេស នឹង​ផ្គត់ផ្គង់​សម្លៀកបំពាក់​យោធា ទប់​ទល់នឹង​រដូវរ​ងា ជាង ២៥ ០០០​សម្រាប់ ជួយ​ដល់​កងទ័ព​អ៊ុយ​ក្រែ​ន ផងដែរ​។​

​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស ក្រោម​ការដឹកនាំ​របស់​លោក បូរី​ស ច​ន​សុន កាល​នៅ​ជា​នាយករដ្ឋមន្ដ្រី បាន​ជួយ​ជ្រោមជ្រែង​យ៉ាងខ្លាំង ដល់​ប្រទេស​អ៊ុយ​ក្រែ​ន ចាប់តាំងពី​ការផ្ទុះ​សង្គ្រាម​ឈ្លានពាន​របស់​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ រហូតដល់​ថ្ងៃ ដែល​គាត់ ត្រូវ​ដើរ​ចេញពី​តំណែង​។ លើសពីនេះទៅទៀត នៅក្នុង​ឋានៈ​ជា​នាយករដ្ឋមន្ដ្រី​ចក្រភព​អង់គ្លេស នោះ លោក ច​ន​សុន បាន​ទៅ​ជួប​មេដឹកនាំ​អ៊ុយ​ក្រែ​ន ដល់​រដ្ឋធានី​កៀវ ដើម្បី​ពិភាក្សា និង សិក្សា ពី​តម្រូវការ​របស់​ពួកគេ ថែម​ទៀតផង​។​

​ទោះជា​យ៉ាងណា រហូតមកដល់​ពេលនេះ ចក្រភព​អង់គ្លេស នៅតែ​បន្ត​ឈរ​នៅ​ជួរមុខ សម្រាប់​កិច្ច​គាំទ្រ​ជា​លក្ខណៈ​អន្តរជាតិ តាមរយៈ​ការ​ផ្តល់ជំនួយ ទាំង​ផ្នែក​សេដ្ឋកិច្ច និ ង​សន្តិសុខ ជួយ​ដល់​ក្រុង​កៀវ ហើយ​ថែមទាំង​បាន​ជួយ​បង្ហាត់បង្រៀន​ដល់​កងទ័ព​អ៊ុយ​ក្រែ​ន សរុប​រាប់ពាន់នាក់ នៅលើ​ទឹកដី​របស់ខ្លួន​ផងដែរ​។ ប៉ុន្ដែ​បើតាម​សេចក្តីរាយការណ៍​ចុងក្រោយ​នេះ លោក រី​ស៊ី ស៊ូ​ណាក់ នាយករដ្ឋមន្ដ្រី​ចក្រភព​អង់គ្លេស គ្រោង​នឹង​ទៅ​បំពេញ​ទស្សនកិច្ច នៅក្នុង​រដ្ឋធានី​កៀវ ប្រទេស​អ៊ុយ​ក្រែ​ន តាម​លំនាំ​លោក បូរី​ស ច​ន​សុន អតីត​នាយករដ្ឋមន្ដ្រី ផងដែរ​៕​