ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ចោទប្រកាន់​រុស្ស៊ី ប្រ​ព្រឹ​ត្ដ​ឧក្រិដ្ឋកម្ម​សង្គ្រាម ជាង​៤០០​ករណី នៅ​តំបន់​ខឺ​សុន​

ព័ត៌មានអន្តរជាតិ
0
64



​រដ្ឋធានី​កៀវ​៖ ការរំដោះ​ទឹកដី​របស់​កងទ័ព​ការពារ​ទឹកដី​របស់​អ៊ុយ​ក្រែ​ន នៅ​តំបន់​ខឺ​សុន (Kherson) ក្រោយពេល​ទាហាន​រុស្ស៊ី បាន​ដក​កម្លាំង​ទាហាន​របស់ខ្លួន​ចេញ ហើយ​រហូតមក​ដល់ពេលនេះ ក្រុង​កៀវ បាន​ចោទប្រកាន់​រុស្ស៊ី ពី​ការ​ប្រ​ព្រឹ​ត្ដ​ឧក្រិដ្ឋកម្ម​សង្គ្រាម នៅក្នុង​តំបន់​នោះ​។​

​សារព័ត៌មាន​របស់​ឥណ្ឌា WION បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​ចន្ទ ទី​១៤ ខែវិច្ឆិកា ថា លោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​ឡែ​ន​ស្គី (Volodymyr Zelensky) ប្រធានាធិបតី​អ៊ុយ​ក្រែ​ន បាន​ចោទ​ទាហាន​រុស្ស៊ី ពី​ការ​ប្រ​ព្រឹ​ត្ដបទ​ឧក្រិដ្ឋកម្ម​សង្គ្រាម និង ការសម្លាប់​ជន​ស៊ីវិល នៅ​តំបន់​ខឺ​សុន (Kherson) ដែល​កងទ័ព​អ៊ុយ​ក្រែ​ន បាន​រំដោះ កាលពី​សប្ដាហ៍​មុន​។​

​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន បានបញ្ជាក់ ថា ក្រុម​ស៊ើបអង្កេត បាន​រកឃើញ​បទឧក្រិដ្ឋ​កម្ម​សង្គ្រាម ជាង​៤០០​ករណី នៅក្នុង​តំបន់​ខឺ​សុន (Kherson) ក្រោយពេល​ទាហាន​រុស្ស៊ី បាន​ដក​ចេញពី​តំបន់​យុទ្ធសាស្ដ្រ នា​ភាគខាងត្បូង អ៊ុយ​ក្រែ​ន​។ សាកសព​របស់​ជន​ស៊ីវិល និង យោធា ជាច្រើន​នាក់ ត្រូវបាន​រកឃើញ នៅក្នុង​តំបន់​នោះ​។​

​ទោះជា​យ៉ាងណា Al Jazeera មិនបាន​បញ្ជាក់​ឲ្យ​បាន​ច្បាស់ ជុំវិញ​ការចោទប្រកាន់​ទាំងនេះ​ទេ​។ ប៉ុន្ដែ​ក្រុង​មូ​ស្គូ បាន​បដិសេធ ថា កម្លាំង​ទាហាន​របស់ខ្លួន មិនបាន​កំណត់​គោលដៅ ដោយ​ចេតនា ទៅលើ​ជន​ស៊ីវិល​នោះដែរ​។ ជាមួយគ្នានេះ អាជ្ញាធរ​អ៊ុយ​ក្រែ​ន បានដាក់​បម្រាម​គោចរ និង រឹតបន្ដឹង​ដល់​ការធ្វើដំណើរ ទាំង​ចេញ និង ចូលទៅក្នុង​តំបន់​ខឺ​សុន​នោះ​ផងដែរ​។​

​លោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​ឡែ​ន​ស្គី (Volodymyr Zelensky) ប្រធានាធិបតី​អ៊ុយ​ក្រែ​ន បានបញ្ជាក់ នៅក្នុង​ការ​ថ្លែង​សុន្ទរកថា ជា​វីដេអូ​ប្រចាំ​រាត្រី​របស់គាត់ ថា «​ការដក​ទាហាន​រុស្ស៊ី ចេញពី​តំបន់​ខឺ​សុន បាន​បន្សល់ទុក​នូវ​សោកនាដកម្ម ដូចគ្នា​ទៅនឹង​តំបន់​ផ្សេងទៀត នៅក្នុង​ប្រទេស​របស់​យើង ជា​កន្លែង​ដែល​រុស្ស៊ី បាន​ចូលលុកលុយ​។ យើង​នឹង​ស្វែងរក​ភស្ដុតាង និង នាំ​យុត្ដិធម៌ មក​ជូន​ជនរងគ្រោះ ដោយ​ការកាត់ទោស​លើ​ក្រុម​ឃាតករ ហើយក៏​មិនចាំបាច់​មានការ​សង្ស័យ​នោះឡើយ​»​។​

​ចាប់តាំងពី​ការផ្ទុះ​សង្គ្រាម​របស់​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន (Vladimir Putin) កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ រហូតមក រណ្ដៅ​កប់​សព​ធំៗ​ជាច្រើន​កន្លែង ត្រូវបាន​រកឃើញ នៅក្នុង​តំបន់​នានា រួមមាន ប៊ូ​ចា (Bucha), អ៊ី​ហ្យូ​ម (Izyum) និង ម៉ា​រី​យ្យ៉ូ​ប៉ូល (Mariupol)​។ អ៊ុយ​ក្រែ​ន បាន​ចោទប្រកាន់​ដល់​កម្លាំង​ទាហាន​រុស្ស៊ី នៅ​ពីក្រោយ​សោកនាដកម្ម​នានា នៅក្នុង​ប្រទេស​របស់ខ្លួន​។​

​គណៈកម្មការ​របស់​អង្គការសហប្រជាជាតិ កាលពី​ខែ​មុន បានបញ្ជាក់ ថា ឧក្រិដ្ឋកម្ម​សង្គ្រាម​ត្រូវបាន​ប្រព្រឹត្ត នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ហើយ​ថា កម្លាំង​ទាហាន​រុស្ស៊ី ទទួលខុសត្រូវ ភាគច្រើន លើ​ការរំលោភ​សិទ្ធិមនុស្ស ចាប់តាំងពី​ការផ្ទុះ​សង្គ្រាម រហូតមក​។​

​ខឺ​សុន ជាទី​ក្រុង​ដ៏​ធំ នៃ​តំបន់​នោះ ត្រូវបាន​រុស្ស៊ី រឹបអូស​យក ចាប់តាំងពី​ដើមទី នៃ​ការផ្ទុះ​សង្គ្រាម នា​ថ្ងៃទី​២៤ ខែកុម្ភៈ រហូតមកដល់​ថ្ងៃ ដែល​រុស្ស៊ី បានសម្រេច​ដកថយ កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ មុនពេល​អ៊ុយ​ក្រែ​ន បាន​ចូលទៅ​កាន់កាប់​ឡើងវិញ កាលពី​ថ្ងៃ​សុក្រ សប្ដាហ៍​មុន​៕​