វាយប្រហារ​គ្រាប់បែក នៅតាម​ផ្លូវកណ្ដាល​ទីក្រុង​របស់​តួ​ក​គី ស្លាប់​និង​របួស​យ៉ាងច្រើន​

ព័ត៌មានអន្តរជាតិ
0
97


​រដ្ឋធានី​អង់កា​រ៉ា​៖ មានការ​បំផ្ទុះ​គ្រាប់បែក​មួយគ្រា​ប់ នៅតាម​ផ្លូវ​ដ៏​មមាញឹក នៅ​កណ្ដាល​ទីក្រុង​អ៊ី​ស្ដា​ន់​ប៊ូល (Istanbul) កាលពី​ថ្ងៃអាទិត្យ ដោយបាន​សម្លាប់​មនុស្ស យ៉ាងតិច ៦​នាក់ និង រងរបួស​រាប់សិប​នាក់ ខណៈ​មនុស្ស​កំពុងតែ​ដល់​កម្សាន្ដ និង ដើររក​ទិញ​អីវ៉ាន់​។​

​បណ្ដាញ​ទូរទស្សន៍ France 24 បាន​ផ្សាយ កាលពី​ថ្ងៃអាទិត្យ ទី​១៣ ខែវិច្ឆិកា ថា ការ​បំផ្ទុះ​គ្រាប់បែក នៅ​កណ្ដាល​ទីក្រុង​អ៊ី​ស្តង់​ប៊ុល បានសម្លាប់​មនុស្ស​យ៉ាងហោចណាស់​៦​នាក់ និង របួស​៨១​នាក់ កាលពី​ថ្ងៃអាទិត្យ​។ រថយន្ត​សង្គ្រោះ បាន​បើក​ទៅកាន់​កន្លែងកើតហេតុ នៅលើ​វិថី​អ៊ី​ស្ដី​ក្លា​ល់ (Istiklal) ដើម្បី​ដឹកបញ្ជូន​អ្នករងរបួស​ទៅ​សង្គ្រោះ ខណៈ​ប៉ូលិស​ត្រូវបាន​បញ្ជូនទៅ​កាន់​កន្លែងកើតហេតុ ស្ថិតក្នុង​សង្កាត់​បេ​យ៉ូ​ហ្គោ (Beyoglu) ទីក្រុង​អ៊ី​ស្តា​ន់​ប៊ូល ប្រទេស​តួ​ក​គី ជាទី​មាន​មនុស្ស​កកកុញ​តាម​ធម្មតា នៅ​ចុង​សប្តាហ៍​ជាមួយនឹង​អ្នកដើរ​ទិញ​អ៊ី​វ៉ាន់ ភ្ញៀវទេសចរ និង អ្នកដើរ​កម្សាន្ដ​ជា​លក្ខណៈ​ក្រុមគ្រួសារ​។​

​លោក រេ​សេប តា​យ​យី​ប អេ​ដូ​ហ្គេ​ន (Recep Tayyip Erdogan) ប្រធានាធិបតី​តួ​ក​គី​បាន​ថ្កោលទោស​យ៉ាងខ្លាំង ដល់​សកម្មភាព​វាយប្រហារ​នេះ និង ចាត់ទុកជា ទង្វើ​ភេរវកម្ម​។​

​លោក រេ​សេប តា​យ​យី​ប អេ​ដូ​ហ្គេ​ន (Recep Tayyip Erdogan) ប្រធានាធិបតី​តួ​ក​គី បាន​ថ្លែង កាលពី​ថ្ងៃអាទិត្យ មុនពេល​ចេញដំណើរ​ទៅកាន់​កិច្ចប្រជុំ G-20 ថា ការ​បំផ្ទុះ​នេះ ជា​«​ការវាយប្រហារ​ក្បត់ជាតិ​» ហើយ​បាន​សន្យា ថា ជនល្មើស នឹង​ត្រូវបាន​ផ្តន្ទាទោស​។​

​លោក​ប្រធានាធិបតី បានបញ្ជាក់ នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ ថា «​ប្រជាជន​របស់​យើង​អាច​ធានាបាន ថា ពិរុទ្ធជន នៅ​ពីក្រោយ​ការវាយប្រហារ​នេះ នឹង​ត្រូវតែ​ទទួលទោស ដូច​អ្វីដែល​ពួកគេ​សម​នឹង​ទទួលបាន​»៕​