​សហរដ្ឋអាមេរិក ជួប​ចិន ជា​លើកដំបូង ពិភាក្សាគ្នា​រឿង​មួយ​ចំហៀង​ពិភពលោក​

ព័ត៌មានអន្តរជាតិ
0
62



​រដ្ឋធានី​ហ្សា​ការ​តា​៖ ប្រធានាធិបតី​សហរដ្ឋអាមេរិក និង មេដឹកនាំ​ចិន នឹង​ជួប​ទល់មុខ​គ្នា​ជា​លើកដំបូង នៅក្នុង​ប្រទេស​ឥណ្ឌូណេស៊ី ហើយ​មហាអំណាច​ទាំង​២​នេះ នឹង​លើកយក​បញ្ហា​ជាច្រើន មក​ពិភាក្សាគ្នា រួមមាន បញ្ហា​តៃវ៉ាន់ រហូតដល់​ហុងកុង​, បញ្ហា​ពាណិជ្ជកម្ម និង ការឈ្លានពាន​របស់​រុស្ស៊ី នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ចំពេល​ទំនាក់ទំនង​ការទូត រវាង​ក្រុង​វ៉ាស៊ីនតោន និង ក្រុង​ប៉េកាំង កំពុងតែ​តានតឹង កាន់តែខ្លាំង​ឡើង​។​

​សារព័ត៌មាន Business Standard បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​ចន្ទ ទី​១៤ ខែវិច្ឆិកា ថា លោក ស៊ី ជិន​ពីង (Xi Jinping) មេដឹកនាំ​ចិន នឹង​ជួបពិភាក្សា​ទល់មុខ​គ្នា ជា​លើកដំបូង ជាមួយនឹង​លោក ចូ បៃ​ដិ​ន (Joe Biden) ប្រធានាធិបតី​សហរដ្ឋអាមេរិក ចាប់តាំងពី​គាត់ បាន​ជាប់ឆ្នោត ក្លាយជា​ម្ចាស់​សេត​វិមាន ស្របពេល​មេដឹកនាំ​សហរដ្ឋអាមេរិក រូបនេះ បានទទួល​ការគាំទ្រ​យ៉ាងខ្លាំង លើសពី​ការរំពឹង នៅក្នុង​ការបោះឆ្នោត នៅ​ពាក់កណ្ដាល​អាណ​ត្ដិ​។​

​មេដឹកនាំ ប្រទេស​មហាអំណាច​ទាំង​២​នេះ នឹង​ជួបគ្នា នៅ​ថ្ងៃ​ចន្ទ នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូណេស៊ី នៅមុន​កិច្ចប្រជុំ​កំពូល ក្រុម​ប្រទេស​មាន​សេដ្ឋកិច្ច​រី​ចម្រើន G-20 ដោយមាន​ការលើកឡើង​យ៉ាងសំខាន់ អំពី​បញ្ហា​សង្គ្រាម​ឈ្លា​ន​របស់​រុស្ស៊ី ទៅលើ​ប្រទេស​អ៊ុយ​ក្រែ​ន ខណៈ​ទំនាក់ទំនង​របស់​ប្រទេស​ទាំង​២ ចិន និង អាមេរិក កំពុងតែ​ធ្លាក់ចុះ​ខ្លាំង​។ ក្រៅពីនេះ ប្រទេស​មហាអំណាច​ទាំង​២​នេះ ក៏​នឹងត្រូវ​លើកយក​បញ្ហា​ជាច្រើន​ទៀត មក​ពិភាក្សាគ្នា​ផងដែរ រួមមាន បញ្ហា​តៃវ៉ាន់ កូរ៉េខាងជើង និង ពាណិជ្ជកម្ម​ផងដែរ​។​


​នៅមុន​ថ្ងៃ កិច្ចប្រជុំ​ជាមួយ​លោក ស៊ី នោះ លោក ចូ បៃ​ដិ​ន ប្រធានាធិបតី​សហរដ្ឋអាមេរិក បាន​ប្រាប់​មេដឹកនាំ​អាស៊ី នៅក្នុង​ប្រទេស​កម្ពុជា ថា ទំនាក់ទំនង រវាង​ក្រុង​វ៉ាស៊ីនតោន និង ក្រុង​ប៉េកាំង នឹង​នៅតែ​បើកចំហ សម្រាប់​ការពារ​ជម្លោះ​។ ប៉ុន្ដែ​ទោះជា​យ៉ាងណា លោក​ប្រធានាធិបតី បាន​អះអាងថា កិច្ចពិភាក្សា ត្រូវបាន​គេ​រំពឹងថា នឹងមាន​ភាព​តានតឹង​ខ្លាំង​។​

​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ចូ បៃ​ដិ​ន បាន​ប្រាប់​ដល់​ក្រុម​អ្នករាយការណ៍​ព័ត៌មាន ថា លោក​តែងតែមាន​គោលដៅ​ពិភាក្សាគ្នា ដោយ​ត្រង់​ជាមួយនឹង​សម​ភាគី​ចិន លោក ស៊ី​ជិន​ពីង ហើយ​វា​នឹង​រារាំង​ដល់​ការ​គណនា​ខុស ចំពោះ​ចេតនា​របស់​ពួកគេ​។​

​ប្រធានាធិបតី​សហរដ្ឋអាមេរិក បាន​សង្កត់ធ្ងន់ ថា «​ខ្ញុំ​ស្គាល់​គាត់​យ៉ាងច្បាស់ គាត់​ក៏​ស្គាល់​ខ្ញុំ វិញ​ដែរ​។ យើង​គ្រាន់តែ​ត្រូវ​ឈ្វេងយល់ ថា តើ​បន្ទាត់​ក្រហម​នៅទីណា​? ហើយ​អ្វី​ដែលជា​ចំណុច​សំខាន់បំផុត សម្រាប់​យើង​ម្នាក់ៗ នឹង​ប្រព្រឹត្ត នៅក្នុង​រយៈពេល​ពីរ​ឆ្នាំ​ខាងមុខនេះ​»​។​

​លោក ចូ បៃ​ដិ​ន ប្រធានាធិបតី​សហរដ្ឋអាមេរិក បាន​ទៅដល់​កោះ​បាលី កាលពី​រាត្រី ថ្ងៃអាទិត្យ ខណៈ​គណបក្ស​របស់គាត់ នៅតែ​បន្ដ​គ្រប់គ្រង​ព្រឹទ្ធសភា ក្រោយពេល​ទទួលបាន​កា​រ​គាំទ្រ លើសពី​ការរំពឹងទុក នៅក្នុង​បោះឆ្នោត​ពាក់កណ្ដាល​អាណ​ត្ដិ​។ ជាមួយគ្នានេះ លោក ស៊ី ជិន​ពីង ប្រធានាធិបតី​ចិន ក៏បាន​បន្ដ​កាន់​អាណ​ត្ដិ​រយៈពេល​៥​ឆ្នាំ លើក​ទី​៣​របស់គាត់ ដែល​មិន​ធ្លាប់មាន​ពីមុនមក នៅក្នុង​សមាជ​បក្ស​កុម្មុយនីស្ដ កាលពី​ខែ​មុន និង ជា​មេដឹកនាំ​ចិន​ដ៏​មានអំណាច​បំផុត ចាប់តាំងពី​លោក ម៉ៅ សេទុង (Mao Zedong) មក​។ លោក ស៊ី ក៏​នឹង​ទៅដល់​កោះ​បាលី នៅ​ថ្ងៃ​ចន្ទ ផងដែរ​។​

​ទំនាក់ទំនង រវាង​សហរដ្ឋអាមេរិក និង ចិន បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ដោយសារ​តែមាន​បញ្ហា​ជាច្រើន ជាប់​ពាក់ព័ន្ធ​នឹង​ហុងកុង ហើយ​តៃវ៉ាន់ រហូតដល់​សមុទ្រ​ចិន​ខាងត្បូង ការអនុវត្ត​ពាណិជ្ជកម្ម​ដោយ​បង្ខិតបង្ខំ និង ការ​រឹតបន្តឹង​របស់​សហរ​ដ្ឋ​អាមេរិក​លើ​បច្ចេកវិទ្យា​របស់​ចិន​។ ចំណែក​ស្ថានភាព​កាន់តែ​តានតឹង​បន្ថែមទៀត​នោះ បានកើត​ឡើង ក្រោយពេល​លោកស្រី ណាន​ស៊ី ផេ​ឡូ​ស៊ី (Nancy Pelosi) ប្រធានសភា​ដ៏​មាន​ឥទ្ធិពល​របស់​សហរដ្ឋ​អាមេរិក បានធ្វើ​ដំណើរ​ទៅ​បំពេញ​ទស្សនកិច្ច នៅ​កោះ​តៃវ៉ាន់ ចន្លោះ​ពីថ្ងៃ​ទី​២-៣ ខែសីហា ឆ្នាំ​២០២២​។ ជាការ​ប្រឆាំង​តប​នឹង​ដំណើរ​ទស្សនកិច្ច​នោះ ក្រុង​ប៉េកាំង បាន​បញ្ជូន​កងទ័ព នាវាចម្បាំង និង យន្ដហោះ​យោធា ទៅធ្វើ​សមយុទ្ធ​យោធា បាញ់​គ្រាប់​ពិត ឡោមព័ទ្ធ​ដែន​កោះ​គ្រប់គ្រង​ដោយ​ខ្លួនឯង​តាមបែប​លទ្ធិប្រជាធិបតេយ្យ រហូត​បង្កើន​ឲ្យ​មាន​ភាព​តា​នឹង នៅតាម​ច្រក​សមុទ្រ​តៃវ៉ាន់​។​

​សេត​វិមាន​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក បានបញ្ជាក់ ថា នៅក្នុង​ជំនួប រវាង​មេដឹកនាំ​មហាអំណាច​ទាំង​២ នៅ​ថ្ងៃ​ចន្ទ នេះ ទំនងជា​មិនមាន​សេចក្ដីថ្លែងការណ៍​រួមគ្នា​នោះទេ​។ ប៉ុន្ដែ​វា​អាចមាន​ក្ដីសង្ឃឹម សម្រាប់​ឈានទៅដល់​ទំនាក់ទំនង​ប្រកបដោយ​ស្ថិរភាព​ច្រើន រវាង​ប្រទេស​មហា​សេដ្ឋកិច្ច​កំពូល​របស់​ពិភពលោក​ទាំង​២​នេះ ។ ចិន បានបង្ហាញ​ពី​គោលបំណង​របស់ខ្លួន សម្រាប់​ការចរចា​នេះ នឹង​ជា​សកម្មភាព​របស់​សហ​រដ្ឋ​អាមេរិក លើ​ពាណិជ្ជកម្ម និង តៃវ៉ាន់​។​

​លោក ហ្សា​វ លី​ជៀន (Zhao Lijian) អ្នកនាំពាក្យ ក្រសួងការបរទេស​ចិន បាន​អំពាវនាវ​ដល់​រដ្ឋបាល​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ចូ បៃ​ដិ​ន (Joe Biden) ត្រូវតែ​«​បញ្ឈប់​ការធ្វើ​នយោបាយ​» លើ​ពាណិជ្ជកម្ម និង ទទួលយក​ការទាមទារ​របស់​ក្រុង​ប៉េកាំង ចំពោះ​អធិបតេយ្យភាព​របស់​ចិន នៅលើ​កោះ​តៃវ៉ាន់​។​

 ​ក្រុង​ប៉េកាំង ក៏​ចង់ឱ្យ​ក្រុង​វ៉ាស៊ីនតោន ដក​ពន្ធ​ដែល​ត្រូវ​បានដាក់ ដោយ​អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) កាលពី​អំឡុង​ឆ្នាំ​២០១៩ និង បន្ធូរបន្ថយ​ការ​រឹតបន្តឹង​លើ​ការ​នាំចូល​បន្ទះ​ឈី​ប​របស់​ចិន និង បច្ចេកវិទ្យា​ផ្សេងៗ​ទៀត​របស់​សហរដ្ឋអាមេរិក​។ ដោយឡែក ប្រធានាធិបតី លោក បៃ​ដិ​ន បាន​រក្សាទុក​បញ្ហា​ច្រើន ដែល​បាន​បន្សល់ទុក​ពី​លោក ត្រាំ ហើយ​បាន​បន្ថែម​ការទប់ស្កាត់ លើ​ការចូលទៅ​ប្រើប្រាស់​បច្ចេក​វិទ្យា ដោយសារ​មន្ត្រី​សហរដ្ឋអាមេរិក អះអាង ថា អាច​ប្រើប្រាស់ នៅក្នុង​ការបង្កើត​អាវុធ​។​

​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក បៃ​ដិ​ន ក៏​ទំនងជា​ជំរុញ​ដល់​ក្រុង​ប៉េកាំង ឲ្យ​ឈានដល់​អះអាង​បន្ថែមទៀត ចំពោះ​សង្គ្រាម​របស់​រុស្ស៊ី នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។ ដោយឡែក មេដឹកនាំ​ចិន បាន​បដិសេធ​នូវ​ការរិះគន់​ជា​សាធារណៈ ចំពោះ​សកម្មភាព​សង្គ្រាម​របស់​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ដោយសារ​ក្រុង​ប៉េកាំង បាន​បដិសេធ នៅក្នុង​ការបោះឆ្នោត​សំខាន់ៗ​របស់​អង្គការសហប្រជាជាតិ​។​

​លោក ជេ​ក ស៊ូ​ល​លី​វ៉ាន់ (Jake Sullivan) ទីប្រឹក្សា សន្ដិសុខ​ជាតិ​សហរដ្ឋអាមេរិក បានបញ្ជាក់ ថា «​យើង​ជឿជាក់ ថា វា​ជាការ​ពិតណាស់ គ្រប់​ប្រទេស​ទាំងអស់ នៅលើ​ពិភពលោក គួរតែ​ធ្វើ​ការងារ​នេះ​បន្ថែមទៀត ដើម្បី​យកឈ្នះ​លើ​រុស្ស៊ី ជាពិសេស​ប្រទេស​មាន​ទំនាក់ទំនង​ជាមួយ​ក្រុង​មូ​ស្គូ ដើម្បី​បញ្ចប់សង្គ្រាម និង ដក​កងទ័ព​ទាំងអស់ ចេញពី​អ៊ុយ​ក្រែ​ន​»​។​

​ក្រុមមន្ដ្រី​សហរដ្ឋអាមេរិក បានបញ្ជាក់ ថា ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក បៃ​ដិ​ន ក៏​នឹង​ជំរុញ​ឲ្យ​ចិន រារាំង​ប្រទេស​កូរ៉េខាងជើង ដែលជា​សម្ព័ន្ធមិត្ត​រប​ស់​ក្រុង​ប៉េកាំង ធ្វើតេស្ត​មី​ស៊ី​ល​បន្ដទៀត ខណៈ​មានការ​រំពឹងទុក​ថា ក្រុង​ព្យុងយ៉ាង អាច​នឹង​ធ្វើតេស្ត​នុយក្លេអ៊ែរ​លើក​ទី​៧​របស់ខ្លួន នៅក្នុងពេល​ឆាប់ៗ​នេះ​៕​