ចាប់ផ្ដើម​មាន​សញ្ញា នៃ​ភ្លើងសង្គ្រាម​រវាង​រុស្ស៊ី និង អង្គការ​ណា​តូ ផ្ទុះឡើង​ហើយ

ព័ត៌មានអន្តរជាតិ
0
103


​រដ្ឋធានី​ហ្សា​ការ​តា​៖ ក្រោយពេល​គ្រាប់​មី​ស៊ី​ល​របស់​រុស្ស៊ី បាន​ធ្លាក់​ទៅលើ​ទឹកដី​របស់​ប៉ូឡូញ ដោយបាន​សម្លាប់​មនុស្ស ចំនួន​២​នាក់ ធ្វើ​ឲ្យ​ពិភពលោក មានការ​ព្រួយបារម្ភ កាន់តែខ្លាំង​ឡើង អំពី​ជម្លោះ​កាន់តែ​រីក​រាលដាល​ធំ​ឡើង រវាង​ក្រុង​មូ​ស្គូ និង អង្គការ​ណា​តូ ខណៈ​ប្រធានាធិបតី​សហរដ្ឋអាមេរិក បាន​អំពាវនាវ​ឲ្យ​កោះប្រជុំ​ជាបន្ទាន់​។​

​សារព័ត៌មាន ABC បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​ពុធ ទី​១៦ ខែវិច្ឆិកា ថា លោក ចូ បៃ​ដិ​ន (Joe Biden) ប្រធានាធិបតី​សហរដ្ឋអាមេរិក ខណៈ​កំពុងតែ​ចូលរួម​កិច្ចប្រជុំ​កំពូល G20 នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូណេស៊ី កាលពី​ព្រឹក ថ្ងៃ​ពុធ បាន​អំពាវនាវ​ដល់​មេដឹកនាំ G7 និង អង្គការ​ណា​តូ ឲ្យ​កោះប្រជុំ​បន្ទាន់ ពិភាក្សាគ្នា អំពី​ឧបទ្ទវ​ហេតុនេះ​។​

​លោក​ប្រធានាធិបតី បាន​ហៅ​ទូរស័ព្ទ ទៅកាន់​សម​ភាគី​ប៉ូឡូញ លោក អាន់​ឌី​ហ្សេ ឌូ​ដា (Andrzej Duda) ដើម្បី​ចូលរួម​រំលែក​ទុក្ខ អំពី​ការបាត់បង់​អាយុជីវិត នៅក្នុង​ការវាយប្រហារ​នេះ​។ ជាមួយគ្នានេះ លោក ចូ បៃ​ដិ​ន បាន​ប្ដេជ្ញា ពី​ការគាំទ្រ​របស់​សហរដ្ឋ​អាមេរិក យ៉ាង​ពេញទំហឹង សម្រាប់​ប្រទេស​ប៉ូឡូញ និង ផ្ដល់ជំនួយ​លើ​ការស៊ើបអង្កេត ពាក់ព័ន្ធ​នឹង​មី​ស៊ី​ល​នេះ​។ ក្រៅពីនេះ ក្រុង​វ៉ាស៊ីនតោន ក៏បាន​បញ្ជាក់​ឡើងវិញ អំពី​ការប្តេជ្ញាចិត្ត​របស់​សហ​រដ្ឋ​អាមេរិក សម្រាប់​អង្គការ​ណា​តូ ផងដែរ​។​

​ប៉ូឡូញ បាន​អះអាង ថា មី​ស៊ី​ល​ផលិត នៅក្នុង​ប្រទេស​រុស្ស៊ី បាន​វាយប្រហារ​មកលើ​ភាគ​ខាងកើត ភូមិ​ព្រ​ហ្សេ​វ៉ូ​ដូ​វ (Przewodow) ជិត​ព្រំដែន​របស់​អ៊ុយ​ក្រែ​ន ដោយបាន​សម្លាប់​មនុស្ស​ចំនួន​២​នាក់​។​

​ទោះជា​យ៉ាងណា ក្រសួងការពារជាតិ​រុស្ស៊ី បាន​ច្រានចោល​នូវ​សេចក្ដីរាយការណ៍​នោះ ហើយ​ថែមទាំង​បានចាត់ទុក​សេចក្ដីរាយការណ៍​នោះ ជា​«​ការបង្ក​ហេតុ ដោយ​ចេតនា សម្ដៅ​ធ្វើឱ្យមាន​ជម្លោះ​កាន់តែ​ធំ​ឡើង​»​។​

​សហរដ្ឋអាមេរិក និង មហាអំណាច​របស់​ពិភពលោក​ដទៃទៀត បានបញ្ជាក់ ថា ពួកគេ​កំពុងតែ​ស៊ើបអង្កេត អំពី​អ្វីដែល​បានកើត​ឡើង នៅលើ​ទឹកដី​ប៉ូឡូញ ខណៈ​ការិយាល័យ​សន្ដិសុខ​ជាតិ​ប៉ូឡូញ ក៏​កំពុងតែ​កោះប្រជុំ​បន្ទាន់ ហើយនឹង​ចេញ​សេចក្ដីថ្លែងការណ៍​របស់​ខ្លួន​។ ចំណែក​រដ្ឋធានី​កៀវ ប្រទេស​អ៊ុយ​ក្រែ​ន ក៏​ស្ថិត​ក្នុងចំណោម​ទីក្រុង​ជាច្រើន បាន​រង​ការវាយប្រហារ ពី​មី​ស៊ី​ល​របស់​រុស្ស៊ី ផងដែរ​។​

​លោក ពី​យ៉ូ​ត មូល​ល័​រ (Piotr Muller) អ្នកនាំពាក្យ រដ្ឋាភិបាល​ប៉ូឡូញ បានបញ្ជាក់ ថា «​ការវាយប្រហារ​នេះ បានសម្លាប់​ប្រជាជន​ប៉ូឡូញ ចំនួន​២​នាក់​។ ទន្ទឹមគ្នានេះ ក្រុង​វ៉ា​សា​វី បានដាក់​កងទ័ព​ឲ្យ​ប្រុង​ជើងការ​ខ្ពស់ ហើយនឹង​ពិនិត្យមើល ប្រសិនបើ​យើង​ត្រូវ​អនុវត្ដ​តាម​មាត្រា​ទី​៤​របស់​អង្គការ​ណា​តូ​»​។​

​នៅក្នុង​មាត្រា​ទី​៤​របស់​អង្គការ​ណា​តូ បាន​ចែងថា «​គ្រប់ភាគី នឹង​ពិភាក្សា​ជាមួយគ្នា នៅពេលណា​ក៏ដោយ តាម​គំនិត​របស់​ភាគី​ណាមួយ លើ​បូរណភាព​ទឹកដី ឯករាជភាព​ខាង​នយោបាយ ឬ សន្តិសុខ នៃ​ភាគី​ណាមួយ ត្រូវ​រង​ការគំរាមកំហែង​»​។​

​លោក អែម​ម៉ា​ញែ​ល ម៉ា​ក្រុង (Emmanuel Macron) ប្រធានាធិបតី​បារាំង បាន​បញ្ជាក់ថា លោក​បាន​ទាក់ទង​ទៅកាន់​ប៉ូឡូញ ហើយ​រំពឹង​លើ​ការចរចា​គ្នា នៅក្នុង​កិច្ចប្រជុំ G20 នៅ​ថ្ងៃស្អែក ជុំវិញ​ឧបទ្ទវ​ហេតុនេះ​។​

​លោក ឆា​លស៍ មី​ឆែ​ល (Charles Michel) ប្រធាន​កិច្ចប្រជុំ​កំពូល​សហភាព​អឺរ៉ុប និង ជា​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប បាន​សរសេរ នៅលើ​បណ្ដាញ​សង្គម​ធ្វី​ធើរ ថា «​ពិតជា​មានការ​រន្ធត់​ចិ​ត្ដ​ខ្លាំងណាស់ ចំពោះ​ព័ត៌មាន ពី​មី​ស៊ី​ល​មួយ​គ្រាប់ និង គ្រាប់កាំភ្លើង​ផ្លោង​ផ្សេងៗ​ទៀត បានសម្លាប់​មនុស្ស នៅលើ​ទឹកដី​របស់​ប៉ូឡូញ​។ យើង​ឈរ​នៅ​ជាមួយនឹង​ប៉ូឡូញ ហើយ​ខ្ញុំ​កំពុងតែ​ទាក់ទង​ទៅកាន់​អាជ្ញាធរ​ប៉ូឡូញ និង សមាជិក​ក្រុមប្រឹក្សា​អឺរ៉ុប ហើយ​សម្ពន្ធមិត្ត​ដទៃទៀត​»៕

​លោកស្រី អេ​ឡេ​ន លូ​រៀ (Elaine Luria) សមាជិក​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក បាន​ជំរុញ​ឲ្យ​រក្សា​ភាព​ស្ងៀមស្ងាត់ ចំពេល​មានការ​អំពាវនាវ​ឱ្យ​លើកយក​សន្ធិសញ្ញា​ការពារជាតិ​រួម​របស់​អង្គការ​ណា​តូ អនុវត្ដ​តាម​មាត្រា​៥​។ បើតាម​មាត្រា​នេះ ប្រសិនបើ​មានការ​វាយប្រហារ ប្រឆាំងនឹង​រដ្ឋ​ជា​សមាជិក​ណាមួយ​នោះ ប្រទេស​ទាំង​៣០​ជា​សមាជិក​របស់​អង្គការ​នេះ នឹងចូលរួម​ធ្វើសង្គ្រាម​ព្រម​គ្នា​តែម្ដង​។​

​លោកស្រី បាន​សរសេរ នៅលើ​បណ្ដាញ​សង្គម​ធ្វី​ធឺរ ថា «​អ្នក​ដែល​អំពាវនាវ​ឲ្យ​អង្គការ​ណា​តូ លើកយក​មាត្រា​ទី​៥​មក​អនុវត្ដ ក្រោយ​ការវាយប្រហារ មកលើ​ទឹកដី​របស់​ប៉ូឡូញ ដោយ​មិនបាន​យល់​ពី​អង្គការ​សម្ពន្ធ​យោធា​របស់​ពិភពលោក​មួយ​នេះ ហើយ​មិនគួរ​គិត​ខ្លាំងពេក​នោះទេ ព្រោះ​រុស្ស៊ី កំពុងតែ​ចាញ់​សង្គ្រាម​។ លុះត្រាតែ​នេះ ជាការ​វាយប្រហារ​ដោយ​ចេតនា ទើបត្រូវ​គិត​ខ្លាំង ដូច្នេះ​សូម​រក្សា​ភាពស្ងប់ស្ងាត់​សិន​៕​