ដូ​ណា​ល់ ត្រាំ នឹង​វិល​មក​ប្រជែង​តំណែង​សេត​វិមាន​ជាមួយនឹង ចូ បៃ​ដិ​ន នៅ​ឆ្នាំ​២០២៤

ព័ត៌មានអន្តរជាតិ
0
103



​រដ្ឋធានី​វ៉ាស៊ីនតោន​៖ ជាមួយនឹង​ការដើរ​ចេញ ពី​សេត​វិមាន ទាំង​ការខឹង​សម្បា មិន​ព្រម​ជួប​ទទួល​ស្វាគមន៍​អ្នកឈ្នះ ចូលកាន់​កាប់​សេត​វិមាន​នោះ ឥឡូវ លោក ដូ​ណា​ល់ ត្រាំ អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក នឹង​ចូលខ្លួន មក​ប្រកួតប្រជែង​តំណែង​កំពូល នៅក្នុង​ប្រទេស​មហាអំណាច​លេខ​១ ទាំង​សេដ្ឋកិច្ច និង យោធា​របស់​ពិភពលោក បន្ដទៀត​។​

​សារព័ត៌មាន Al Jazeera បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​ពុធ ទី​១៦ ខែវិច្ឆិកា ថា លោក ដូ​ណា​ល់ ត្រាំ (Donald Trump) បានប្រកាស ថា លោក​នឹង​ឈរឈ្មោះ ជា​បេក្ខជន ប្រជែង​ដណ្ដើមយក​តំណែង​ប្រធានាធិបតី​សហរដ្ឋអាមេរិក ម្ដងទៀត នៅក្នុង​ឆ្នាំ​២០២៤ ថ្វីបើ​គាត់​កំពុងតែ​ប្រឈមមុខ​នឹង​ការស៊ើបអង្កេត ពីបទ​ល្មើស​ព្រហ្មទណ្ឌ ជាច្រើន​ករណី និង ការបំពេញ​ការងារ​មិនល្អ​របស់​បេក្ខជន ដែល​លោក​បាន​គាំទ្រ នៅក្នុង​ការបោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ កាលពី​សប្តាហ៍​មុន​យ៉ាងណាក្ដី​។​

​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាម​រិ​ក រូបនេះ បានចាប់ផ្ដើម​បើក​យុទ្ធនាការ​ស្វែងរក​សំឡេងឆ្នោត​ទី​៣​របស់គាត់ សម្រាប់​តំណែង​ប្រធានាធិបតី កាលពី​ល្ងាច ថ្ងៃ​អង្គារ នៅឯ​វិមាន Mar-a-Lago របស់គាត់ ស្ថិតក្នុង​រដ្ឋ Florida ត្រឹមតែ​រយៈពេល​១​សប្ដាហ៍ ក្រោយ​គណបក្ស​សាធារណរដ្ឋ​របស់គាត់ បាន​បរាជ័យ នៅក្នុង​ការ​ឈ្នះ​អាសនៈ​ច្រើន នៅក្នុង​សភា មិន​ដូច​ការរំពឹងទុក​។ លោក ត្រាំ នឹង​ក្លាយជា​អតីត​ប្រធានាធិបតី​អាមេរិក​ដំបូង​គេ ធ្លាប់​ចាញ់ឆ្នោត​ម្ដង​ហើយ សុខចិត្ត​ចូលខ្លួន មក​ប្រកួតប្រជែង​សាជាថ្មី នៅក្នុង​រយៈពេល​ជាង​១​សតវត្ស នៃ​ប្រ​វ​ត្ដិ​សាស្ដ្រ​សហរដ្ឋអាមេរិក​។​

​លោក ដូ​ណា​ល់ ត្រាំ ធ្លាប់​បង្ហាញ អំពី​ចេតនា​ឈរឈ្មោះ ជា​បេក្ខជន​ប្រធានាធិបតី​សហរដ្ឋអាមេរិក តំណាងឱ្យ​បក្ស​សាធារណរដ្ឋ ជាច្រើនលើក​មកហើយ​។ ប៉ុន្តែ​ការប្រកាស នាពេលនេះ បានធ្វើ​ឡើង ចំពេល​គណបក្ស​សាធារណរដ្ឋ ទទួលបាន​លទ្ធផល​មិន​គាប់ប្រសើរ ដូច​ការរំពឹង នៅក្នុង​ការបោះឆ្នោត​ពាក់​កណ្ដាល​អាណត្តិ កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ​៕​