អ៊ុយ​ក្រែ​ន បង្កើត​គម្រោង​ធានា​អាយុជីវិត​ដល់​ទាហាន​រុស្ស៊ី ព្រម​ចុះចាញ់​

ព័ត៌មានអន្តរជាតិ
0
305


​រដ្ឋធានី​កៀវ​៖ មួយរយៈ​ពេល​ចុង​ក្រោយនេះ កងទ័ព​ការពារ​ទឹកដី​របស់​អ៊ុយ​ក្រែ​ន ហាក់​មានប្រៀប ហើយ​វាយប្រហារ​យ៉ាង​សន្ធាប់ រំដោះទឹកដី​របស់​ពួកគេ​ត្រឡប់មកវិញ ទើប​ក្រុង​កៀវ បាន​បង្កើត​ខ្សែ​ទូរស័ព្ទ Hotline សម្រាប់​ទាហាន​រុស្ស៊ី ចុះចាញ់ និង ធានា​ដល់​អាយុជីវិត​របស់​ពួកគេ​។​

​សារព័ត៌មាន BBC បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​ពុធ ទី​៣០ ខែវិច្ឆិកា ថា អ៊ុយ​ក្រែ​ន បាន​អះអាង ថា គម្រោង ដែល​ក្រុង​កៀវ បាន​បង្កើតឡើង សម្រាប់​ទាហាន​រុស្ស៊ី ចុះចាញ់​នោះ កំពុងតែ​ត្រូវបាន​ទាក់ទង​សាកសួរ រហូតដល់​១០០​ដង នៅក្នុង​១​ថ្ងៃ​។ ទាហាន​រុស្ស៊ី អាច​រៀបចំ​បាន​តាម​វិធីសាស្ដ្រ​ដ៏​ល្អប្រសើរ ចំពោះ​ការចុះចាញ់ មក​ខាង​កងទ័ព​ការពារ​ទឹកដី​អ៊ុយ​ក្រែ​ន តាមរយៈ​ការហៅ​ទូរស័ព្ទ Hotline ឬ ចូល​មើល​ព័ត៌មាន​លម្អិត នៅក្នុង Apps នោះ ។​

​ក្រុមមន្ដ្រី​ក្រុង​កៀវ បាន​អះអាង ថា ពួកគេ​មានការ​ទាក់ទង​ជាង ៣ ៥០០​នាក់ ពី​ទាហាន​រុស្ស៊ី ក៏ដូចជា ក្រុមគ្រួសារ​របស់​ពួកគេ​។ ចំនួន​នេះ បានបង្ហាញ អំពី​ការកើនឡើង ចាប់តាំងពី​ប្រធានាធិបតី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បានប្រកាស ពី​ការ​កេណ្ឌ​ទ័ព ចំនួន​៣០០ ០០០​នាក់មក និង ចាប់តាំងពី​ការរំដោះ​បាន​ទីក្រុង​ខឺ​រ​សុន យកមក​គ្រប់គ្រង​វិញ​។​

​អ្នកស្រី ស្វី​ត​ឡា​ណា ជា​ឈ្មោះ​ក្រៅផ្លូវការ បម្រើ​ការងារ​ជា​អ្នក​លើក​ទូរស័ព្ទ នៃ​ទីស្នាក់ការ​កណ្ដាល​របស់​អ៊ុយ​ក្រែ​ន សម្រាប់​ព្យាបាល​ឈ្លើយសឹក តែងតែ​និយាយ​ទៅកាន់​ទាហាន​រុស្ស៊ី ជា​រៀងរាល់ថ្ងៃ តាម​ទូរស័ព្ទ ក៏ដូចជា Telegram និង WhatsApp ។​

​អ្នកស្រី បាន​ពន្យល់ ថា ជា​រៀងរាល់​ល្ងាច គឺ​រវល់​ខ្លាំងណាស់ ខណៈ​ទាហាន​រុស្ស៊ី មាន​ពេលទំនេរ​ច្រើន ហើយ​អាច​លួច​និយាយ​តាម​ទូរស័ព្ទ និង ហៅ​ទូរស័ព្ទ​បាន​។ បញ្ហា​នេះ ក៏មាន​ការចង់​ដឹង ចង់ឃើញ​ដែរ ពីព្រោះ​ទាហាន​រុស្ស៊ី ជាច្រើន​ហៅ​មក មិន​ព្រម​ចុះចាញ់​។ ប៉ុន្តែ​ពួកគេ​ឈ្វេងយល់ អំពី​របៀប ដែល​ពួកគេ​អាចធ្វើ​បាន ប្រសិនបើ​មានការ​ចាំបាច់​។​

​ទោះជា​យ៉ាងណា អ្នកស្រី បានលើកឡើង ថា ទាហាន​រុស្ស៊ី មួយចំនួន ក៏បាន​ទាក់ទង​មក ដើម្បី​បង្ករឿង​ដែរ​។ ប៉ុន្តែ​គាត់​និយាយថា បើទោះបីជា​គាត់​មិន​គិត ថា ពួកគេ​ទាំងអស់​ជឿ អំពី​ការអះអាង ដោយ​គ្មាន​មូលដ្ឋាន​របស់​វិមាន​ក្រឹម​ឡាំង ដោយបាន​ចោទប្រកាន់ មកលើ​អ៊ុយ​ក្រែ​ន ជា​របប​គ្រប់គ្រង ដោយ​ពួក​ណា​ស៊ី យ៉ាងណាក៏ដោយ​។​

​អ្នកស្រី បានបញ្ជាក់ ថា «​យើង​មិនអាច​សម្រេចបាន​ទូទាំងប្រទេស​នោះដែរ​។ ប៉ុន្ដែ​ទាហាន​រុស្ស៊ី ភាគច្រើន ព្រួយបារម្ភ អំពី​អាយុជីវិត​របស់​ពួកគេ​»​។​

​បើតាម​វិទ្យាស្ថាន​សិក្សា​ពី​សង្គ្រាម បាន​ឲ្យ​ដឹង ថា វិមាន​ក្រឹម​ឡាំង ក៏​កំពុងតែ​អនុវត្ត​ការដោះដូរ​ឈ្លើយសឹក​បន្ថែមទៀត ខណៈ​ក្រុង​មូ​ស្គូ ព្យាយាម​បន្ធូរបន្ថយ​ការរិះគន់ ពី​ខាងក្នុង​ប្រទេស​រុស្ស៊ី​។ បើតាម​ការគិត អាច​នឹងមាន​ឈ្លើយសឹក រាប់ពាន់នាក់ ស្ថិតក្រោម​ការគ្រប់គ្រង រវាង​ភាគី​រុស្ស៊ី និង អ៊ុយ​ក្រែ ប៉ុន្ដែ​ចំនួន​នេះ នៅ​មិនទាន់​ច្បាស់ នៅឡើយ​។​

​លោក វី​តា​លី ម៉ា​ត​វី​យ៉ែ​ន​កូ (Vitalii Matviyenko) ប្រធាន​គ្រប់គ្រង​គម្រោង សម្រាប់​ទាហាន​រុស្ស៊ី ចុះចាញ់ បាន​អះអាង ថា «​យើង​ចង់​ផ្តោត ជាពិសេស ទៅលើ​ការប្រមូល​ទាហាន​រុស្ស៊ី​។ គម្រោង​នេះ នឹង​ធានា​ដល់​អាយុជីវិត​របស់​ពួកគេ ប្រសិនបើ​ពួកគេ​យល់ព្រម​ចុះចាញ់ ដោ​យស​ការស្ម័គ្រចិត្ត​»៕​