គ្រោះ​រញ្ជួយ​ដី​សម្លាប់​មនុស្ស​ជាង​៣៣០០០​នាក់ អាជ្ញាធរ​តួ​ក​គី ចាប់ខ្លួន​អ្នកពាក់ព័ន្ធ​ជាង​១១០​នាក់ ដាក់គុក​

ព័ត៌មានអន្តរជាតិ
0
9


​រដ្ឋធានី​អង់កា​រ៉ា​៖ គ្រោះ​រញ្ជួយ​ដី នៅក្នុង​ប្រទេស​តួ​ក​គី បាន​បង្ក​នូវ​វិនាសកម្ម​យ៉ាងធ្ងន់ធ្ងរ ដោយ​ការដួលរលំ​អគារ​ម៉ឺន​ខ្នង ធ្វើ​ឲ្យ​ប្រជាជន ជាង​១០​លាន​នាក់​បាត់បង់​ទីជម្រក និង មនុ​សុ្ស រាប់ម៉ឺន​នាក់ បាត់បង់​អាយុជីវិត ហើយ​ឥឡូវនេះ អាជ្ញាធរ​របស់​ប្រទេស​ជា​សមាជិក​អង្គការ​ណា​តូ​មួយ​នេះ បាន​ចាប់ខ្លួន​អ្នកពាក់ព័ន្ធ ជាង​១១០​នាក់ នាំទៅ​ឃុំឃាំង​។​

​សារព័ត៌មាន Al Jazeera បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​ចន្ទ ទី​១៣ ខែកុម្ភៈ ថា តួ​ក​គី បានសម្រេច​ចិត្ត ស៊ើបអង្កេត​ឱ្យបាន​ហ្មត់ចត់ ចំពោះ​អ្នកណា​ដែល​សង្ស័យ អំពី​ការទទួលខុសត្រូវ ចំពោះ​ការដួលរលំ​អគារ នៅក្នុង​ការរញ្ជួយ​ដី​ដ៏​មហន្តរាយ នៅក្នុង​ប្រទេស​នេះ​។ ជាមួយគ្នានេះ អាជ្ញាធរ ក៏បាន​បញ្ជា​ឱ្យ​ចាប់ខ្លួន​ជនសង្ស័យ ចំនួន​១១៣​នាក់​រួចមកហើយ​ដែរ​។​

​លោក ហ្វ៊ូ​ត អូក​តា​យ (Fuat Oktay) អនុ​ប្រធានាធិបតី​តួ​ក​គី បានបញ្ជាក់ ថា ជនសង្ស័យ ចំនួន​១៣១​នាក់ ត្រូវ​បា​កំណត់​អត្ដ​សញ្ញាណ ជា​អ្នកទទួលខុសត្រូវ ចំពោះ​ការដួលរលំ​អគារ រាប់ពាន់​ខ្នង នៅក្នុង​ខេត្ត​ចំនួន​១០ រង​ផលប៉ះពាល់ ដោយ​គ្រោះ​រញ្ជួយ​ដី កាលពី​ថ្ងៃ​ចន្ទ សប្ដាហ៍​មុន​។​

​លោក​អនុ​ប្រធានាធិបតី​តួ​ក​គី បាន​ថ្លែង​ទៅ​ក្រុម​អ្នកសារព័ត៌មាន នៅក្នុង​សន្និសីទ​មួយ ថា «​បទបញ្ជា​ឃុំខ្លួន បានចេញ​ទៅលើ​អ្នកទទួលខុសត្រូវ ចំនួន​១១៣​នាក់​។ ប៉ុន្ដែ​យើង​នឹង​តាមដាន​រឿងនេះ ឱ្យបាន​ហ្មត់ចត់ រហូត​ទាល់តែ​ដំណើរការ​របស់​តុលាការ ចាំបាច់ ត្រូវបាន​បញ្ចប់ ជាពិសេស សម្រាប់​អគារ​ដែល​រង​ការខូចខាត​ខ្លាំង​»​។​

ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​តួ​ក​គី បាន​សន្យា ថា នឹងដាក់​ទណ្ឌកម្ម ប្រឆាំងនឹង​អ្នកទទួលខុសត្រូវ ហើយ​ព្រះរាជអាជ្ញា បានចាប់ផ្តើម ប្រមូល​សំណាក​អគារ សម្រាប់​ភស្តុតាង អំពី​សម្ភារ​ប្រើប្រាស់ នៅក្នុង​ការសាងសង់​អគារ​ទាំងនោះ​។​

​ស្របពេល​កើតមាន​គ្រោះ​រញ្ជួយ​ដី​ដ៏​មាន​កម្លាំង​ខ្លាំង​នោះ ក្រុម​អ្នកជំនាញ ជនរងគ្រោះ និង ប្រជាជន នៅ​ទូទាំង ប្រទេស​តួ​ក​គី កំពុងតែ​ស្ដីបន្ទោស ដល់​សំណង់​អគារ សាងសង់​មិនត្រូវ​តាម​ស្ដង់ដា​សំណង់ ទើប​នាំ​ឲ្យ​មានការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​បែបនេះ​។​

​លោក មូរ៉ា​ត គូ​រូ​ម (Murat Kurum) រដ្ឋមន្ដ្រី​ក្រសួងបរិស្ថាន បានបញ្ជាក់ ដោយ​ផ្អែកលើ​ការវាយតម្លៃ​សំណង់​អគារ ជាង ១៧០ ០០០​ខ្នង គឺមាន​សំណង់ ចំនួន ២៤ ៩២១​ខ្នង នៅ​ពាសពេញ​តំបន់​នោះ បាន​ដួលរលំ ឬ រង​នូវ​ការខូចខាត​យ៉ាងដំណំ​។​

​ក្រុម​អ្នក​ជួយសង្គ្រោះ នៅតែ​បន្ដ​ស្វែងរក​អ្នក​រស់រានមានជីវិត នៅក្នុង​គំនរ​បាក់បែក អស់​រយៈពេល​៦​ថ្ងៃ​កន្លងមកហើយ ក្រោយពេល​កើតមាន​គ្រោះ​រញ្ជួយ​ដី នៅតាម​ផ្នែក​ជាច្រើន នៃ​ទឹកដី​តួ​ក​គី និង ស៊ី​រី​។ រហូតមកដល់​ពេលនេះ អ្នក​បាត់​បង់ជីវិត​សរុប កើនឡើង ជាង ៣៣ ០០០​នាក់ ហើយ​ចំនួន​អ្នកស្លាប់​អាច​នឹង​កើតឡើង​បន្ថែមទៀត​។​

​គណបក្សប្រឆាំង​ជាច្រើន បាន​ចោទប្រកាន់ ដល់​រដ្ឋាភិបាល​របស់​ប្រធានាធិបតី​តួ​ក​គី លោក រេ​សេប តា​យ​យី​ប អេ​ដូ​ហ្គេ​ន (Recep Tayyip Erdogan) ថា មិនបាន​អនុវត្ត តាម​បទដ្ឋាន​សំណង់ និង​ខកខាន​នូវ​ការយកពន្ធ​ពិសេស ដែល​បាន​បង់ ក្រោយ​ការរញ្ជួយ​ដី​ដ៏​ធំ​ចុងក្រោយ កាលពី​អំឡុង​ឆ្នាំ​១៩៩៩ ដើម្បី​ធ្វើឱ្យ​អគារ កាន់តែ​ធន់​នឹង​គ្រោះ​រញ្ជួយ​ដី​។​


​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​តួ​ក​គី Anadolu (​អាណ​ដូ​លូ​) បាន​រាយការណ៍ ថា រដ្ឋអាជ្ញា​រដ្ឋ នៅ​ខេត្ត អាដាណា (Adana) បាន​បញ្ជា​ឱ្យ​ចាប់ខ្លួន​មនុស្ស ចំនួន​៦២​នាក់ ពាក់​នឹង​ការស៊ើបអង្កេត ទៅលើ​អគារ​ដួលរលំ ខណៈ​រដ្ឋអាជ្ញា បាន​ស្វែងរក​ចាប់ខ្លួន​មនុស្ស​ចំនួន​៣៣​នាក់​ផ្សេងទៀត នៅក្នុង​ទីក្រុង​ឌី​យ៉ា​បា​ឃើ​រ (Diyarbakir) សម្រាប់​ហេតុផល​ដូចគ្នានេះដែរ​។​

​លោក​ប្រធានាធិបតី​តួ​ក​គី កាលពី​មុននេះ បាន​ទទួលស្គាល់ថា ការឆ្លើយតប​ដំបូង ត្រូវបាន​រំខាន ដោយ​ការខូចខាត​សំណង​អគារ​ច្រើនពេក​។ ចំណែក​តំបន់​រង​ផលប៉ះពាល់​ខ្លាំង​បំផុត មាន​ទំហំ​៥០០ គីឡូម៉ែត្រ ហើយ​វា​ជាទី​ជម្រក​របស់​ប្រជាជន ចំនួន​១៣,៥​លាន​នាក់​៕​