បស្ចិម​លោក ចំណាយលុយ​រាប់លាន​ដុល្លារ បណ្ដុះបណ្ដាល​ទ័ព​អ៊ុយ​ក្រែ​ន ជាង​១​ម៉ឺន​នាក់​

ព័ត៌មានអន្តរជាតិ
0
91


​ទីក្រុង​ប្រ៊ុ​ច​សែ​លស៍​៖ ជាមួយនឹង​តម្រូវការ​កម្លាំង​ទ័ព​ដ៏​ខ្លាំងក្លា សម្រាប់​ទប់ទល់​នឹង​សង្គ្រាម​របស់​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន (Vladimir Putin) នោះ នៅ​ទីបំផុត សហភាព​អឺរ៉ុប បានសម្រេច​ចិត្ត​ចំណាយលុយ​រាប់លាន​ដុល្លារ ជួយ​នាំ​កងទ័ព​របស់​អ៊ុយ​ក្រែ​ន ទៅ​បណ្ដុះបណ្ដាល​ជំនាញ​ទាហាន​បន្ថែមទៀត​។​

​ទីភ្នាក់ងារសារព័ត៌មាន Ukrinform បានចេញ​ផ្សាយ កាលពី​ថ្ងៃ​អង្គារ ទី​១៥ ខែវិច្ឆិកា ថា សហភាព​អឺរ៉ុប បាន​គាំទ្រ​យ៉ាង​ពេញ​ទំហំ​ដល់​អ៊ុយ​ក្រែ​ន សម្រាប់​បេសកកម្ម​ផ្ដល់ជំនួយ​យោធា ជួយ​ដល់​កងទ័ព​ការពារ​ទឹកដី​របស់​អ៊ុយ​ក្រែ​ន ចាប់តាំងពី​ការផ្ទុះ​សង្គ្រាម​ឈ្លានពាន​របស់​រុស្ស៊ី នៅ​ថ្ងៃទី​២៤ ខែកុម្ភៈ រហូតមក​។ ជាមួយគ្នានេះ កងទ័ព​អ៊ុយ​ក្រែ​ន ប្រហែល ១៥ ០០០​នាក់ នឹងត្រូវ​នាំទៅ​បណ្ដុះបណ្ដាល នៅតាម​ប្រទេស​ផ្សេងៗ នៃ​បណ្ដា​រដ្ឋ​ជា​សមាជិក​អឺរ៉ុប​។​

​លោក ចូ​សែ​ប ប័​រ​រ៉ែ​ល (Josep Borrell) ប្រធាន​គោលនយោបាយ​ការបរទេស​អឺរ៉ុប បាន​ប្រាប់​ដល់​ក្រុម​អ្នករាយការណ៍​ព័ត៌មាន នៅក្នុង​ទីក្រុង​ប្រ៊ុ​ច​សែ​លស៍ កាលពី​ថ្ងៃ​អង្គារ ថា «​បេសកកម្ម​នេះ ជាការ​ឆ្លើយតប​ដោយផ្ទាល់ ចំពោះ​សំណើ​របស់​អ៊ុយ​ក្រែ​ន ហើយ​ការបណ្ដុះបណ្ដាល​ទាហាន​អ៊ុយ​ក្រែ​ន ចំនួន​១៥ ០០០​នាក់ ក៏​ជា​ផ្នែក​មួយ នៃ​បេសកកម្ម​របស់​យើង ផងដែរ​»​។​

​លោក ជេន​ស៍ ស្ដូ​ល​ថែ​ន​ប៊ឺ​គ (Jens Stoltenberg) អគ្គលេខាធិការ អង្គការ​ណា​តូ បាន​ស្វា​គន៍​ដល់​ការសម្រេចចិត្ត​របស់​ស​ហ​ភាព​អឺរ៉ុប ចំពោះ​ការបង្កើត​បេសកកម្ម​បណ្ដុះបណ្ដាល​កងទ័ព​អ៊ុយ​ក្រែ​ន​។ នេះ​ជាការ​អនុវត្ដ​នូវ​អ្វីដែល​ប្រទេស​ជា​សមាជិក​ណា​តូ ធ្វើ​រួចហើយ​។​

​បេសកកម្ម​នេះ នឹងត្រូវ​ដឹកនាំ ដោយ​ឧ​ត្ត​មនា​វី​ឯក​បារាំង លោក អ៊ែរ​វេ ប្លេ​ហ្ស​ង់ (Hervé Bléjean) ហើយ​រដ្ឋមន្ត្រី​ការពារជាតិ​សហភាព​អឺរ៉ុប ក៏បាន​យល់ព្រម បែងចែក​មូលនិធិ មាន​ទំហំ​ទឹកប្រាក់ ១៦,៥​លាន​ដុល្លារ ក្រោម​មូលនិធិ​សន្តិភាព​អឺរ៉ុប (EPF) ផងដែរ​៕​