ជនអនាមិក បើករថយន្ដ​ចូល​បំផ្ទុះ​គ្រាប់បែក​ដល់​កន្លែង​ប៉ូលិស​ថៃ ស្លាប់​-​របួស​ជាង​៣០​នាក់​

ព័ត៌មានអន្តរជាតិ
0
82



​រាជធានី​បាងកក​៖ បុរស​មិន​ស្គាល់​អត្ដ​សញ្ញាណ​ម្នាក់ ស្លៀកពាក់​ឯកសណ្ឋាន​ជា​មន្ដ្រីប៉ូលិស បើករថយន្ដ​ចូលទៅ​បំផ្ទុះ​គ្រាប់បែក​ដល់​បរិវេណរ​បស់​ប៉ូលិស​ថៃ បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់ បាន​បាត់​បង់ជីវិត និង ចំនួន​៣១​នាក់​ផ្សេងទៀត រងរបួស កាលពី​ថ្ងៃ​អង្គារ ស្ថិតក្នុង​ស្រុក​មួង (Muang) នា​ភាគខាងត្បូង ប្រទេស​។​

​សារព័ត៌មាន​ថៃ The Nation បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​ពុធ ទី​២៣ ខែវិច្ឆិកា ថា អគ្គស្នងការ​នគរបាល​ជាតិ បានបញ្ជាក់ ថា មេ​ប៉ូលិស​ម្នាក់ ត្រូវបាន​សម្លាប់ នៅក្នុង​ការវាយប្រហារ​ដោយ​ការ​បំផ្ទុះ​គ្រាប់បែក​ក្នុង​រថយន្ត នៅឯ​កន្លែង​ប៉ូលិស​ណា​រ៉ា​ធី​វ៉ា​ត់ (Narathiwat) កាលពី​ថ្ងៃ​អង្គារ នឹងត្រូវ​បានផ្តល់​ឋានន្ដរស័ក្ដិ ជា​ឧ​ត្ត​ម​សេនីយ​ប៉ូលិស ខណៈ​គ្រួសារ​របស់គាត់ នឹង​ទទួលបាន​សំណង សរុប​៣,៧៧​លាន​បាត (​ប្រាក់​ថៃ​) ឬ​ស្មើនឹង​ប្រហែល ១០៤ ២០០​ដុល្លារ​សហរដ្ឋអាមេរិក​។​

​លោក​វរសេនីយ៍ ចេ​ហ្វ​ហ្វ្រៃ សា​ឡៃ​ម៉ាន់​គុល (Jeffrey Salaimankul) អធិការ​ស្រុក​មួង បានបញ្ជាក់ ថា ការ​បំផ្ទុះ​នេះ បានកើត​ឡើង នៅវេលា​ម៉ោង​១២ និង ៤៥​នាទី​រសៀល ថ្ងៃ​អង្គារ ស្ថិតក្នុង​ឃុំ​តាម​ប៊ុន បាង​ណាក់ (Tambon Bang Nak) ដោយបាន​បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់​បាត់បង់​ជីវិត និង ៣១​នាក់​ផ្សេងទៀត រងរបួស​។​

​បើតាម​ការស៊ើបអង្កេត​របស់​បញ្ជាការ​ប្រតិ​ប​ត្ដិ​ការ​សន្ដិសុខ​ផ្ទៃក្នុង (ISOC) បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ មាន​បុរស​ម្នាក់ ស្លៀកពាក់​ឯកសណ្ឋាន​ជា​មន្ដ្រីនគរបាល បាន​បើករថយន្ដ​២​បាំង​កន្លះ​មួយគ្រឿង ចូលមកក្នុង​បរិវេណ​របស់​ប៉ូលិស​។ ប៉ុន្ដែ​គេ​បាន​ចាកចេញ​រថយន្ដ​ភ្លាមៗ ក្រោយ​ចត​រួច មុន​នឹងមាន​ហេតុការណ៍​បំផ្ទុះ​នេះ កើតឡើង​។​

​លោក​វរសេនីយ៍ទោ នី​តទី សុខ​សាន (Nitti Soksan) ស្នងការរង​នគរបាល​ខេត្ត​ណា​រ៉ា​ធី​វ៉ាត (Narathiwat) បានបញ្ជាក់ ថា ថា «​ឧបទ្ទវ​ហេតុនេះ ជាការ​បំផ្ទុះ​រថយន្ត ហើយ​ចំនួន​អ្នកស្លាប់ អាច​កើនឡើង​។ ឥឡូវ យើង​កំពុងតែ​បោសសម្អាត​កន្លែង​នោះ​។​

​លោក ផន​ប្រា​ស៊ីត ចាន់​ត្រា (Pornprasit Jantra) ប្រធាន​មន្ទីរពេទ្យ​ណា​រ៉ា​ធី​វ៉ាត រ៉ា​ចា​ណា​ហ្ការី​ន​ដ្រា (Narathiwat Rajanagarindra) បាន​អះអាង ថា យ៉ាងហោចណាស់​មនុស្ស ២៩​នាក់ ត្រូវបាន​បញ្ជូនមក​ព្យាបាល នៅក្នុង​មន្ទីរពេទ្យ​របស់លោក ហើយ​ក្នុងចំណោម​អ្នករងរបួស​ទាំងនោះ មាន​ទាំង​មន្ត្រីប៉ូលិស និង ជន​ស៊ីវិល​ផងដែរ​។​

​ក្រោយ​ការ​បំផ្ទុះ​រថយន្ដ​ភ្លាម នៅ​មិនទាន់មាន​អ្នកណាម្នាក់ ចេញមុខ​មក​អះអាង​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​នេះ​នៅឡើយ​៕​