មហាអំណាច​បស្ចិម​លោក បន្ដ​ជួយ​ក្រុង​កៀវ ចំពេល​រុស្ស៊ី​ចង់​កម្ទេច​អ៊ុយ​ក្រែ​ន​នៅក្នុង​សង្គ្រាម​រដូវរងា​

ព័ត៌មានអន្តរជាតិ
0
100



​រដ្ឋធានី​កៀវ​៖ ស្របពេល​អាកាសធាតុ កំពុងតែ​ចុះ​ត្រជាក់ រហូតដល់​កម្រិត​សូន្យ​អង្សា​នោះ កម្លាំង​ទាហាន​រុស្ស៊ី បាន​បង្កើន​ការវាយប្រហារ​តាម​អាកាស និង មី​ស៊ី​ល កម្ទេច​ហេដ្ឋារចនាសម្ព័ន្ធ ស៊ីវិល និង រោងចក្រ​ថាមពល ដើម្បី​ធ្វើ​ឲ្យ​អ៊ុយ​ក្រែ​ន មិនអាច​ស៊ូទ្រាំ​បាន នៅក្នុង​សង្គ្រាម​រដូវរងា​នេះ ប៉ុន្ដែ​ទោះជា​យ៉ាងណា បារាំង ចក្រភព​អង់គ្លេស និង មហាអំណាច​បស្ចិម​លោក​ផ្សេងទៀត ជា​សមាជិក​អង្គការ​ណា​តូ បាន​ពិភាក្សាគ្នា និង សម្រេច​បញ្ជូន​ប្រព័ន្ធ​ការពារ​ដែនអាកាស​ទៅ​ជួយ​ក្រុង​កៀវ បន្ដទៀត ដើម្បី​ធានា អំពី​សុវត្ថិភាព​ដែនអាកាស​របស់​ប្រទេស​អឺរ៉ុប​ខាងកើត​មួយ​នេះ​។​

​សារព័ត៌មាន The Eurasian បានចេញ​ផ្សាយ កាលពី​ថ្ងៃ​អង្គារ ទី​២២ ខែវិច្ឆិកា ថា បារាំង បានប្រកាស អំពី​ជំនួយ​យោធា​ថ្មី សម្រាប់​ប្រទេស​អ៊ុយ​ក្រែ​ន ដោយ​រួមទាំង​ប្រព័ន្ធ​ការពារ​ដែនអាកាស​ផងដែរ​។ ការសម្រេចចិត្ត​បែបនេះ បានកើត​ឡើង ដោយសារ​តែមាន​សម្ពាធ កំពុងតែ​កើនឡើង ទៅលើ​ប្រទេស​ជា​សមាជិក​អង្គការ​ណា​តូ ដើម្បី​ជួយ​ជ្រោមជ្រែង ដល់​ការតស៊ូ​របស់​ក្រុង​កៀវ ប្រយុទ្ធ​ប្រឆាំងនឹង​ការឈ្លានពាន​របស់​រុស្ស៊ី​។​

​លោក សេ​បា​ស្ទៀ​ន ឡេ​ក័​រ​នូ (Sebastien Lecornu) រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ​បារាំង បានបញ្ជាក់ នៅក្នុង​បទសម្ភាសន៍​មួយ ជាមួយនឹង​សារព័ត៌មាន Journal du Dimanche ថា ក្រុងប៉ារីស បាន​ផ្គត់ផ្គង់​ប្រព័ន្ធ​ការពារ​ដែនអាកាស ប្រភេទ Crotale NG ចំនួន​២​គ្រឿង ទៅ​ឲ្យ​ប្រទេស​អ៊ុយ​ក្រែ​ន​។ ការផ្គត់ផ្គង់​គ្រឿង​សព្វាវុធ​ការពារ​ដែនអាកាស ពី​ប្រទេស​បារាំង ក៏​ដើម្បី​ជួយ​គាំទ្រ​ដល់​រដ្ឋាភិបាល​ក្រុង​កៀវ បន្ដសកម្មភាព​ការពារ​ទឹកដី និង សេរីភាព​របស់​ពួកគេ ប្រយុទ្ធ​ប្រឆាំងនឹង​រុស្ស៊ី​។ ចំណែក​ប្រព័ន្ធ​ការពារ​ដែនអាកាស Crotale NG ចំនួន​២​គ្រឿង​នេះ ក៏​ស្ថិត​ក្នុងចំណោម​ប្រព័ន្ធ​ការពារ​ដែនអាកាស​ចំនួន​១២​របស់​កងទ័ពអាកាស​បារាំង ផងដែរ​។

Crotale NG ជា​ប្រព័ន្ធ​ការពារ​ដែនអាកាស រយៈ​ចម្ងាយ​ខ្លី ធន់​គ្រប់​អាកាសធាតុ និង មាន​ពហុ​សែន​ស័​រ (Multi-Sensor)​។ ប្រព័ន្ធ​ការពារ​ដែនអាកាស ប្រភេទ​នេះ អាច​នាំ​ក្បាល​គ្រាប់​មាន​ទម្ងន់​១៣​គីឡូក្រាម ហើយ​អាច​វាយប្រហារ​ទៅលើ​គោលដៅ​នានា មាន​ចម្ងាយ​១១​គីឡូម៉ែត្រ នៅក្នុង​ល្បឿន ប្រហែល​៤៣២១​គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង​។ ប្រព័ន្ធ Crotale NG អាច​កំណត់​ការវាយតម្លៃ ទៅលើ​ស្ថានភាព​ដែនអាកាស និង ការគំរាមកំហែង ហើយ​វា​អាច​ពង្រីក​ការតាមដាន និង កំណត់​លើ​គោលដៅ​នានា ជាស​ត្រូវ ឬ មិត្ត​។​

​លោក រី​ស៊ី ស៊ូ​ណាក់ (Rishi Sunak) នាយករដ្ឋមន្ដ្រី​ចក្រភព​អង់គ្លេស បានធ្វើ​ដំណើរ​ជា​លើកដំបូង ទៅដល់​រដ្ឋធានី​កៀវ កាលពី​ថ្ងៃ​សៅរ៍ សប្ដាហ៍​មុន ដើម្បី​ជួប​ជាមួយ​លោក វ៉ូ​ឡូ​ឌី​មៀរ ហ្សេ​ឡែ​ន​ស្គី (Volodymyr Zelenskyy) ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​។ នៅក្នុង​ជំនួប​នោះ លោក ស៊ូ​ណាក់ ក៏បាន​ប្រកាស​ផ្ដល់​កញ្ចប់​ជំនួយ​ការពារ​ដែនអាកាស​ថ្មី មាន​ទំហំ​ទឹកប្រាក់ ៦០​លាន​ដុល្លារ​សហរដ្ឋអាមេរិក ជួយ​ដល់​ក្រុង​កៀវ​។

​លោកនាយក​រដ្ឋមន្ដ្រី បានបញ្ជាក់ ថា កញ្ចប់​ការពារជាតិ​ទាំងនេះ រាប់បញ្ចូល​ទាំង កាំភ្លើង​បាញ់​យន្ដហោះ​ចម្បាំង ចំនួន​១២០​គ្រឿង រ៉ា​ដា និង ឧបករណ៍​ប្រឆាំងនឹង​ដ្រូ​ន ផងដែរ​។ ការប្រកាស​ផ្ដល់​ប្រព័ន្ធ​ការពារ​ដែនអាកាស​រប​ស់​ប្រទេស​មហាអំណាច​បស្ចិម​លោក​មួយ​នេះ បានកើត​ឡើង ក្រោយពេល​កម្លាំង​ទាហាន​រុស្ស៊ី បាន​វាយប្រហារ​បំផ្លិចបំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល ស្ទើរ​ជិត​ពាក់កណ្ដាល​ប្រទេស ខណៈ​សីតុណ្ហភាព បាន​ធ្លាក់ចុះ​ដល់​កម្រិត​សូន្យ​អង្សា​។​

​លោក វ៉ូ​ឡូ​ឌី​មៀរ ហ្សេ​ឡែ​ន​ស្គី (Volodymyr Zelenskyy) ប្រធានាធិបតី​អ៊ុយ​ក្រែ​ន កាលពី​សប្ដាហ៍​មុន បាន​អះអាង ថា ការវាយប្រហារ​បំផ្លិចបំផ្លាញ​របស់​រុស្ស៊ី ប្រឆាំងនឹង​រោងចក្រ​ថាមពល និង សំណង់​អគារ​ស៊ីវិល នៅក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ បានធ្វើ​ឲ្យ​ប្រជាជន​អ៊ុយ​ក្រែ​ន ១០​លាន​នាក់ អត់​មាន​អគ្គិសនី​ប្រើប្រាស់​៕​