ស្ដេច​ម៉ាឡេស៊ី សម្រេច​ព្រះទ័យ​ជ្រើស​យក​លោក អាន់​វ៉ា ជា​នាយករដ្ឋមន្ដ្រី​ថ្មី​

ព័ត៌មានអន្តរជាតិ
0
39



​រាជធានី​គួ​ឡា​ឡាំ​ពួ​៖ ក្រោយពេល​សម្ពន្ធភាព​គ​ណ​បក្សប្រឆាំង​របស់លោក អាន់​វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) បានឈ្នះ​អាសនៈ​ច្រើនជាងគេ នៅក្នុង​ការបោះឆ្នោត​ស ហើយ​មិនមាន​សំឡេង​ភាគច្រើន​គ្រប់គ្រាន់ តាមច្បាប់​កំណត់ ចំនួន​១១២​អាសនៈ នៅក្នុង​រដ្ឋសភា ប៉ុន្ដែ​ចុងក្រោយ ព្រះមហាក្សត្រ​ម៉ាឡេស៊ី បានសម្រេច​ព្រះទ័យ​តែងតាំង​គាត់ ជា​នាយករដ្ឋមន្ដ្រី​ថ្មី ដឹកនាំ​ប្រទេស​៥​ឆ្នាំ​ទៅមុខទៀត​។​

​សារព័ត៌មាន CNBC បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​ព្រហស្បតិ៍ ទី​២៤ ខែវិច្ឆិកា ថា នៅ​ទីបំផុត លោក Anwar Ibrahim បាន​ក្លាយជា​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ខណៈ​លោក Datuk Seri Mohamad Hasan អាច​ក្លាយជា​ឧបនាយករដ្ឋមន្ត្រី នៅក្នុង​រដ្ឋាភិបាលចម្រុះ ក្រោយពេល​ចូលគាល់​ព្រះមហាក្សត្រ ហើយ​ពិភាក្សាគ្នា អំពី​ការបង្កើត​រដ្ឋាភិបាល កាលពី​ថ្ងៃ​ពុធ ហើយ​ព្រះបរមរាជវាំង បានប្រកាស​ពី​ករ​តែងតាំង​ប្រមុខ​រដ្ឋាភិបាល​ថ្មី​នេះ​។​

​នៅក្នុង​ការបោះឆ្នោត​សកល កាលពី​សប្ដាហ៍​មុន សម្ពន្ធភាព​គណបក្សប្រឆាំង Pakatan Harapan (PH) ដឹកនាំ​ដោយ​លោក អាន់​វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) ទទួលបាន​ឈ្នះ​អាសនៈ ចំនួន​៨០ ប៉ុន្ដែ​គណបក្ស​នេះ នៅ​ខ្វះ​ចំនួន​៣០​អាសនៈ នៅក្នុង​សំឡេង​ភាគច្រើន ចាំបាច់​ត្រូវមាន​ចំនួន​១១២​អាសនៈ នៅក្នុង​រដ្ឋសភា​។ ដោយឡែក គណបក្ស Perikatan Nasional (PN) ក្រោម​ការដឹកនាំ​របស់​លោក មូ​ហ៍យី​ដ​ឌី​ន យ៉ា​ស​ស៊ីន (Muhyiddin Yassin) អតីត​នាយករដ្ឋមន្ដ្រី​ម៉ាឡេស៊ី ទទួលបាន​អាសនៈ​ចំនួន​៧៣​។​

​មេដឹកនាំ​គណបក្ស​ទាំង​២​នេះ រួមទាំង លោក Anwar និង លោក Muhyiddin កំពុងតែ​ព្យាយាម​ស្វះ​ស្វែងរក​សំឡេង​ភាគច្រើន នៅក្នុង​រដ្ឋសភា សម្រាប់​ការបង្កើត​រដ្ឋាភិបាល​ថ្មី ទើប​ព្រះមហាក្សត្រ​ម៉ាឡេស៊ី ស៊ូ​លត​ង់ អាប់​ឌូ​ល​ឡា​ហ៍ ស៊ូ​លត​ង់ អា​ហ៍​ម៉ា​ដ សា​ហ៍ (Sultan Abdullah Sultan Ahmad Shah) សព្វព្រះទ័យ​កោះហៅ​មេដឹកនាំ​ទាំង​២​នេះ មក​ប្រជុំ​ពិភាក្សាគ្នា ដើម្បី​បង្ហាញផ្លូវ​ដល់​ការបង្កើត​រដ្ឋាភិបាល​។​

​ព្រះមហាក្សត្រ​ម៉ាឡេស៊ី បាន​មាន​ព្រះរាជបន្ទូល ទៅកាន់​ក្រុម​អ្នកសារព័ត៌មាន កាលពី​ថ្ងៃ​អង្គារ នៅ​ខាងក្រៅ​វិមាន​រដ្ឋាភិបាល ថា «​ព្រះអង្គ​នឹង​សម្រេច​ព្រះទ័យ នៅក្នុងពេល​ដ៏​ឆាប់ៗ​នេះ​។ ជាមួយគ្នានេះ ទ្រង់​ក៏​ស្នើសុំ​ដល់​ប្រជាជាតិ​ម៉ាឡេស៊ី ទាំងអស់ ត្រូវតែ​ទទួលយក​នូវ​ការសម្រេច​ព្រះទ័យ​ណាមួយ ជុំវិញ​ការបង្កើត​រដ្ឋាភិបាល​ថ្មី​»​។

​ព្រះមហាក្សត្រ​ម៉ាឡេស៊ី បានសម្រេច​ព្រះទ័យ​បែបនេះ ក្រោយពេល​ទ្រង់​បាន​កោះប្រជុំ​ក្រុមប្រឹក្សា​ពិសេស​មួយ ដើម្បី​ទទួលយក​ការយល់ឃើញ អំពី​ព្រះ​ចៅ​ស៊ូ​ល​តង់​ដទៃទៀត ជុំវិញ​បញ្ហាបង្កើត​រដ្ឋាភិបាល​ថ្មី​។ ព្រះអង្គ​ទ្រង់ មាន​ព្រះទ័យ​ជឿជាក់ ថា លោក អាន់​វ៉ា និង ក្រុម​គណបក្ស​ចម្រុះ​ប៉ា​កាតា​ន់ ហា​រ៉ា​ប៉ាន់ (Pakatan Harapan ឬ PH) របស់គាត់ មាន​សំឡេងគាំទ្រ​គ្រប់គ្រាន់ នៅក្នុង​រដ្ឋសភា សម្រាប់​ឈានដល់​ការបង្កើត​រដ្ឋាភិបាល ដឹកនាំ​ប្រទេស​ម៉ាឡេស៊ី នៅក្នុង​រយៈពេល​៥​ឆ្នាំទៅ​ខាងមុខ​។​

​លោក អាន់​វ៉ា អ៊ីប្រាហ៊ីម មាន​វ័យ​៧៥​ឆ្នាំ នឹងត្រូវ​ស្បថ​ចូលកាន់​តំណែង ជា​នាយករដ្ឋមន្ត្រី​ទី​១០ នៃ​សហព័ន្ធន៍​ម៉ាឡេស៊ី នៅក្នុង​ព្រះបរមរាជវាំង អ៊ី​ស្តា​ណា ណេ​ហ្កា​រ៉ា (Istana Negara) នា​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ព្រហស្បតិ៍ (​វេលា​នៅក្នុង​រាជធានី​គូ​ឡា​ឡាំ​ពួ​) ៕​