សេ្ដច​ម៉ាឡេស៊ី លុក​ដៃ​ជួយ​ជ្រើសរើស នាយករដ្ឋមន្ដ្រី​ថ្មី

ព័ត៌មានអន្តរជាតិ
0
88



​រាជធានី​គួ​ឡា​ឡាំ​ពួ​៖ ដោយសារតែ​រយៈពេល​៤​ថ្ងៃ ក្រោយ​ការបោះឆ្នោត មិនមាន​គណបក្ស​ណាមួយ​មាន​អាសនៈ ភាគច្រើនបំផុត តាមច្បាប់​របស់​ម៉ាឡេស៊ី កំណត់​១១២​អាសនៈ​ជា​សំឡេង​ភាគច្រើនបំផុត អាចបង្កើត​រដ្ឋាភិបាល​ថ្មី​បាន ស្ដេច នៃ​រាជាណាចក្រ​អាស៊ាន​មួយ​នេះ បាន​ចូល​អន្ដរាគមន៍ ចំពោះ​បញ្ហា​ជាប់គាំង​នេះ​។​

​សារព័ត៌មាន The Straits Times បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​ពុធ ទី​២៣ ខែវិច្ឆិកា ថា ព្រះមហាក្សត្រ​ម៉ាឡេស៊ី កំពុងតែ​ប្រកាន់​ព្រះរាជតួនាទី នៅ​កណ្ដាល ខណៈ​សម្ពន្ធភាព​គូប្រជែង​ព្យាយាម​បង្កើត​រដ្ឋាភិបាល​ថ្មី ក្រោយ​ការបោះឆ្នោត កាលពី​ថ្ងៃ​សៅរ៍ ត្រូវបាន​បញ្ចប់ នៅក្នុង​ការព្យួរ​រដ្ឋសភា​។​

​សម្ពន្ធភាព​គណបក្សប្រឆាំង Pakatan Harapan (PH) ដឹកនាំ​ដោយ​លោក អាន​វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) ទទួលបាន​ឈ្នះ​អាសនៈ ចំនួន​៨០ ប៉ុន្ដែ​គណបក្ស​នេះ នៅ​ខ្វះ​ចំនួន​៣០​អាសនៈ នៅក្នុង​សំឡេង​ភាគច្រើន ចាំបាច់​ចំនួន​១១២​អាសនៈ នៅក្នុង​រដ្ឋសភា​។ ដោយឡែក សម្ពន្ធភាព​គណបក្ស Perikatan Nasional (PN) ក្រោម​ការដឹកនាំ​របស់​លោក មូ​ហ៍យី​ដ​ឌី​ន យ៉ា​ស​ស៊ីន (Muhyiddin Yassin) អតីត​នាយករដ្ឋមន្ដ្រី​ម៉ាឡេស៊ី ទទួលបាន​អាសនៈ​ចំនួន​៧៣​។​

​មេដឹកនាំ​គណបក្ស​ទាំង​២​នេះ រួមទាំង លោក Anwar និង លោក Muhyiddin កំពុងតែ​ព្យាយាម​ស្វះ​ស្វែងរក​សំឡេង​ភាគច្រើន នៅក្នុង​រដ្ឋសភា សម្រាប់​ការបង្កើត​រដ្ឋាភិបាល​ថ្មី ទើប​ព្រះមហាក្សត្រ​ម៉ាឡេស៊ី ស៊ូ​លត​ង់ អាប់​ឌូ​ល​ឡា​ហ៍ ស៊ូ​លត​ង់ អា​ហ៍​ម៉ា​ដ សា​ហ៍ (Sultan Abdullah Sultan Ahmad Shah) សព្វព្រះទ័យ​កោះហៅ​មេដឹកនាំ​ទាំង​២​នេះ មក​ប្រជុំ​ពិភាក្សាគ្នា ដើម្បី​បង្ហាញផ្លូវ​ដល់​ការបង្កើត​រដ្ឋាភិបាល​។​

​ព្រះមហាក្សត្រ​ម៉ាឡេស៊ី មាន​ព្រះរាជបន្ទូល ទៅកាន់​ក្រុម​អ្នកសារព័ត៌មាន កាលពី​ថ្ងៃ​អង្គារ នៅ​ខាងក្រៅ​វិមាន​រដ្ឋាភិបាល ថា «​ព្រះអង្គ​នឹង​សម្រេច​ព្រះទ័យ នៅក្នុងពេល​ដ៏​ឆាប់ៗ​នេះ​។ ជាមួយគ្នានេះ ទ្រង់​ក៏​ស្នើសុំ​ដល់​ប្រជាជាតិ​ម៉ាឡេស៊ី ទាំងអស់ ត្រូវតែ​ទទួលយក​នូវ​ការសម្រេច​ព្រះទ័យ​ណាមួយ ជុំវិញ​ការបង្កើត​រដ្ឋាភិបាល​ថ្មី​»​។

​ចំពេល​មាន​ភាពមិនច្បាស់លាស់​បែ​ប​នេះ ព្រះមហាក្សត្រ បានចេញ​សេចក្តីថ្លែងការណ៍​មួយ កំណត់​ថ្ងៃ​ចន្ទ សម្រាប់​គណបក្ស​ចម្រុះ ដើម្បី​បង្កើត​សម្ពន្ធភាព​ថ្មី ហើយ​កោះហៅ​មេដឹកនាំ​ទាំងនោះ ទៅកាន់​ព្រះរាជវាំង​។ លោក Anwar និង Muhyiddin បាន​ចូលគាល់​ព្រះមហាក្សត្រ ដាច់ដោយឡែក​ពីគ្នា នៅក្នុង​ព្រះបរមរាជវាំង ខណៈ​ភាពជាក់ស្តែង នៃ​គណបក្ស​ទាំងពីរ មិន​ទទួលបាន​អាសនៈ​ចាំបាច់​ចំនួន​១១២ សម្រាប់​ការបង្កើត​រដ្ឋាភិបាល​៕​