អូន​ស្រី​របស់​មេដឹកនាំ គីម ជុង​អ៊ុន ប្រៀបប្រដូច​ប្រធានាធិបតី​កូរ៉េខាងត្បូង ជា​ឆ្កែព្រៃ​

ព័ត៌មានអន្តរជាតិ
0
40



​រដ្ឋធានី​សេ​អ៊ូ​ល​៖ ក្រោយពេល​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល កំពុងតែ​ពិចារណា​ពី​ការដាក់ទណ្ឌកម្ម​ជា​ឯកតោភាគី ប្រឆាំងនឹង​ក្រុង​ព្យុងយ៉ាង មិនបាន​ប៉ុន្មាន​ថ្ងៃ​ផង ប្អូនស្រី​ដ៏​មាន​ឥទ្ធិពល​របស់​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន (Kim Jong Un) កាលពី​ព្រឹក ថ្ងៃ​ព្រហស្បតិ៍ បាន​គំរាមកំហែង និង ប្រមាថ​យ៉ាងធ្ងន់ធ្ងរ ប្រឆាំងនឹង​កូរ៉េខាងត្បូង ដោយ​ការ​ប្រៀបប្រដូច​ប្រធានាធិបតី​កូរ៉េខាងត្បូង និង រដ្ឋាភិបាល​របស់គាត់ ជា​ឆ្កែព្រៃ​។​

​សារព័ត៌មាន​របស់​ឥណ្ឌា Hindustan Times បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​ព្រហស្បតិ៍ ទី​២៤ ខែវិច្ឆិកា ថា ការធ្វើ​អត្ថាធិប្បាយ ប្រកបដោយ​សម្ដី​គំរោះគំរើយ​របស់លោក​ស្រី គីម យ៉ូ​ជុង (Kim Yo Jong) ប្អូនស្រី​បង្កើត​របស់​មេដឹកនាំ​កូរ៉េខាងជើង បានកើត​ឡើង ត្រឹមតែ​រយៈពេល​២​ថ្ងៃ ក្រោយ​ក្រសួងការបរទេស​កូរ៉េខាងត្បូង បាន​អះអាង ថា រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល កំពុងតែ​ពិនិត្យមើល អំពី​លទ្ធភាព នៃ​ការដាក់ទណ្ឌកម្ម ជា​ឯកតោភាគី​បន្ថែមទៀត ប្រឆាំងនឹង​ក្រុង​ព្យុងយ៉ាង ដើម្បី​រារាំង​ដល់​ការបាញ់​សាកល្បង​មី​ស៊ី​ល​របស់​ប្រទេស​ឯកោ​មួយ​នេះ​។​

​ក្រសួងការបរទេស​កូរ៉េខាងត្បូង បានបញ្ជាក់ ថា ការពិចារណា លើ​ការដាក់ទណ្ឌកម្ម និង ការគាបសង្កត់ ទៅលើ​ការវាយប្រហារ​តាម​អ៊ី​ន​ធើរ​ណេ​តរបស់​កូរ៉េខាងជើង ដែលជា​ប្រភព​ថវិកា​ដ៏​សំខាន់​ថ្មី​មួយ សម្រាប់​កម្មវិធី​អាវុធ​របស់​ក្រុង​ព្យុងយ៉ាង ក៏ដូចជា ការបង្ក​ហេតុ ដោយ​ការបាញ់​សាកល្បង​នុយក្លេអ៊ែរ កាលពីពេល​ថ្មីៗ​នេះ​…​ជាដើម​។​

​លោកស្រី គីម យ៉ូ​ជុង (Kim Yo Jong) បានបញ្ជាក់ នៅក្នុង​សេចក្ដីថ្លែងការណ៍​មួយ ហើយ​ត្រូវបាន​យកទៅ​ផ្សព្វផ្សាយ ដោយ​បណ្ដាញ​ផ្សព្វផ្សាយ​របស់​រដ្ឋ កូរ៉េខាងជើង ថា «​ខ្ញុំ​ឆ្ងល់ ថា​តើ​អ្វី​ទៅជា​ការដាក់ទណ្ឌកម្ម ដែល​ក្រុម​កូរ៉េខាងត្បូង ធ្វើឡើង ហើយ​វា​មិន​ខុស​អ្វី​ពី​ឆ្កែព្រៃ កំពុងតែ​ស៊ីសាច់​ជាប់​ឆ្អឹង ដែល​ផ្តល់​ឲ្យ​ដោយ​សហរដ្ឋអាមេរិក នោះឡើយ​»​។​

​ស្ដ្រី​ដ៏​មានអំណាច​នៅ​កូរ៉េខាងជើង រូបនេះ បាន​សង្កត់ធ្ងន់ ថា «​យើង​សូម​ព្រមាន​ដល់​មនុស្ស​ល្ងង់ ម្តងទៀត ថា ការដាក់ទណ្ឌកម្ម និង សម្ពាធ​ដ៏​អស់សង្ឃឹម​របស់​សហរ​ដ្ឋ​អាមេរិក និង ឧបាយកល​របស់​កូរ៉េខាងត្បូង ប្រឆាំងនឹង​កូរ៉េខាងជើង នឹង​បន្ថែម​ថាមពល​ដល់​អរិ​ភាព និង កំហឹង​ទៅវិញ​ទេ​»៕​