អ៊ុយ​ក្រែ​ន មាន​គម្រោង​វាយ​រំដោះ​តំបន់​ខឺ​រ​សុន​ទាំងមូល ធ្វើ​ឲ្យ​រុស្ស៊ី​ប្រកាសអាសន្ន​

ព័ត៌មានអន្តរជាតិ
0
160


​រដ្ឋធានី​កៀវ​៖ ក្រោយពេល​រំដោះ​បាន​តំបន់​ទីក្រុង​ខឺ​រ​សុន​រួចមក កងទ័ព​ការពារ​ទឹកដី​របស់​អ៊ុយ​ក្រែ​ន កំពុងតែ​រៀ​ចំ​គម្រោង វាយ​រំដោះ​តំបន់ (Kherson ឈ្មោះ​ខេត្ត និង ទីក្រុង​) នេះ​ទាំងមូល រហូត​ធ្វើ​ឲ្យ​ទាហាន​រុស្ស៊ី ព្រួយបារម្ភ បង្កើន​ខ្សែការពារ និង ប្រកាសអាសន្ន​។​

​ទីភ្នាក់ងារសារព័ត៌មាន AP បានចេញ​ផ្សាយ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៤ ខែវិច្ឆិកា ថា ក្រុម​ទាហាន​លប​បាញ់​របស់​អ៊ុយ​ក្រែ​ន បាន​កែសម្រួល​វិសាលភាព​របស់គាត់ ហើយ​បាន​បាញ់កាំភ្លើង Caliber-50 ទៅកាន់​ទាហាន​រុស្ស៊ី ឆ្លងទន្លេ​ឌី​នី​ប្រូ​។ នៅមុននេះ កងទ័ព​ការពារ​ទឹកដី​អ៊ុយ​ក្រែ​ន បាន​ប្រើប្រាស់​យន្តហោះ​គ្មាន​មនុស្ស​បើក ឬ ដ្រូ​ន ដើម្បី​ស្វែងរក​ទាហាន​រុស្ស៊ី​។​

​ក្រោយ​ការដក​ទ័ព​ចេញពី​ទីក្រុង Kherson នា​ភាគខាងត្បូង ប្រទេស​អ៊ុយ​ក្រែ​ន អស់​រយៈពេល​ពីរ​សប្តាហ៍​កន្លងមកនេះ កម្លាំង​ទាហាន​រុស្ស៊ី នៅតែ​បន្ដ​បាញ់​ផ្លោង ដាក់​ទីក្រុង​នោះ​ដ​ដែ​។ ចំណែក​អ៊ុយ​ក្រែ​ន ក៏បាន​វាយបក តបត​ទៅលើ​ទាហាន​រុស្ស៊ី ដោយ​ប្រើប្រាស់​អាវុធ​ធុន​ធ្ងន់ បាញ់​ពី​ចម្ងាយ​។​

​លោក​ឧត្ដមសេនីយ៍ វ៉ា​ឌី​ម ស្គី​ប៊ីត​ស្គី (Vadym Skibitskyi) អនុប្រធាន​ស៊ើបការណ៍​សម្ងាត់​យោធា​អ៊ុយ​ក្រែ​ន បាន​ប្រាប់​ដល់​សារព័ត៌មាន Kyiv Post ថា កងទ័ព​រុស្ស៊ី ប្រហែល ៣០ ០០០​នាក់ ដែល​បាន​ដកចេញ ពី​ច្រាំង​ខាងលិច ទន្លេ​ឌី​នី​ប្រូ (Dnieper) កាលពី​ដើមខែ​នេះ កំពុងតែ​បង្កើន​កម្លាំង នៅក្នុង​តំបន់​ហ្សា​ប៉ូ​រី​ហ្សា (Zaporizhia) និង តំបន់​ខឺ​រ​សុន (Kherson) នៅក្នុង​សង្គ្រាម រយៈពេល​ស​សប្តាហ៍​ទី​៣៩​កន្លងមកនេះ​។​

​លោក​ឧត្ដមសេនីយ៍ បានបញ្ជាក់ ថា «​កម្លាំង​ទាហាន​រុស្ស៊ី កំពុងតែ​រង់ចាំ​ការវាយលុក​របស់​យើង ហើយ​វា​ជា​មូលហេតុ ធ្វើ​ឲ្យ​ពួកគេ បង្កើត​ខ្សែការពារ នៅក្នុង​ខឺ​រ​សុន​។ តំបន់​នេះ មាន​ព្រំដែន​រដ្ឋបាល​ជាប់​ជាមួយនឹង​ឧបទ្វីប​គ្រី​មៀ (Crimea) ដែល​រុស្ស៊ី បាន​រឹបអូស​យក កាលពី​អំឡុង​ឆ្នាំ​២០១៤​។​

​អ៊ុយ​ក្រែ​ន បាន​អះអាង ថា «​ឥឡូវ កម្លាំង​ទាហាន​រុស្ស៊ី កំពុងតែ​ការពារ​គោលដៅ នៅ​តំបន់​ហ្សា​ប៉ូ​រី​ហ្សា​។ រីឯ​ទីក្រុង​គ្រី​វ​យី រី​ហ៍ (Kryvyi Rih) និង ខឺ​រ​សុន (Kherson) ក៏​សត្រូវ​កំពុងតែ​បង្កើន​ប្រព័ន្ធ​ការពារ និង បង្កើន​ការដឹកជញ្ជូន​។ ប៉ុន្តែ រុស្ស៊ី នៅតែ​មិន​បញ្ឈប់​ការបាញ់​កាំភ្លើង​ធំ ដាក់​មកលើ​ទីតាំង​របស់​កងទ័ព​យើង នៅ​ច្រាំង​ខាងស្តាំ ទន្លេ​ឌី​នី​ប្រូ​នោះដែរ​»​។​

​រហូតមកដល់​ពេលនេះ ទាហាន​រុស្ស៊ី បាន និង កំពុងតែ​ផ្តល់​អាទិភាព​ដល់​ការកាន់កាប់​តំបន់​លូ​ហាន​ស្ក៍ (Luhansk) និង​ដូ​ណែ​ត (Donetsk) នៅ​ភាគ​ខាងកើត ប្រទេស​អ៊ុយ​ក្រែ​ន​។ ពួកគេ បាន​ប្រើប្រាស់​កាំភ្លើង​ធំ បាញ់​ផ្លោង​យ៉ាងខ្លាំង ស្រោច​មកលើ​កងទ័ព​ការពារ​ទឹកដី​របស់​អ៊ុយ​ក្រែ​ន នៅក្នុង​តំបន់​នោះ អស់​រយៈ​ពេញ​មួយ​សប្តាហ៍​កន្លងមកហើយ​។

​ថ្វីបើ​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន (Vladimir Putin) បាន​កេណ្ឌ​ទ័ព រហូតដល់ ៣០០ ០០០​នាក់ កាលពី​ខែកញ្ញា និង តុលា យ៉ាងណាក្ដី ប៉ុន្ដែ​ក្រុង​មូ​ស្គូ នៅតែ​មិនមាន​កម្លាំង​គ្រប់គ្រាន និង គ្រឿង​សឹក សម្រាប់​ការគ្រប់គ្រង​តំបន់​ទាំងនោះ​ឲ្យ​បាន​រឹងមាំ​នៅឡើយ​៕​