រុស្ស៊ី បាញ់​កម្ទេច​ប្រព័ន្ធ​ទឹក​ភ្លើង ជា​យុទ្ធសាស្ដ្រ​សង្គ្រាម​រដូវរងា ប្រឆាំងនឹង​អ៊ុយ​ក្រែ​ន​

ព័ត៌មានអន្តរជាតិ
0
153


​រដ្ឋធានី​កៀវ​៖ ក្រោយពេល​រុស្ស៊ី​បាន​វាយប្រហារ​ដោយ​មី​ស៊ី​ល បំផ្លិចបំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​ទឹក និង ភ្លើង នោះមក ប្រមុខ​អង្គការ​សន្ធិសញ្ញា​អា​ត្ល​ង់​ទិ​ក​ខាងជើង ហៅ​កាត់ ណា​តូ (​តាម​ភាសា​អង់គ្លេស​) ឬ អូតង់ (​តាម​ភាសា​បារាំង​) បានចាត់ទុក​សកម្មភាព​យោធា​របស់​ក្រុង​មូ​ស្គូ កំពុងតែ​ប្រើប្រាស់​រដូវរងា​នេះ យកមក​ធ្វើជា​អាវុធ នៅក្នុង​សង្គ្រាម​របស់​ប្រធានាធិបតី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។​

​ទីភ្នាក់ងារសារព័ត៌មាន​របស់​ចក្រភព​អង់គ្លេស Reuters បានចេញ​ផ្សាយ កាលពី​ថ្ងៃ​ចន្ទ ទី​២៨ ខែវិច្ឆិកា អគ្គលេខាធិការ​អង្គការ​ណា​តូ លោក ជេន​ស៍ ស្ដូ​ល​ថែ​ន​ប៊ឺ​ក (Jens Stoltenberg) បាន​អះអាង កាលពី​ថ្ងៃ​ចន្ទ ថា ប្រទេស​រុស្ស៊ី​ទំនងជា​នឹង​បន្ត​វាយប្រហារ​បណ្តាញ​អគ្គិសនី ហេដ្ឋារចនាសម្ព័ន្ធ​ឧស្ម័ន និង សេវា​មូលដ្ឋាន​សម្រាប់​ប្រជាជន នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។​

​អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃ​ចន្ទ បាន​ត្រៀមខ្លួន សម្រាប់​ការវាយប្រហារ​ជាថ្មី​ពី​ទាហាន​រុស្ស៊ី ប្រឆាំងនឹង​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​ថាមពល និង ហេ​ដ្ឋ​រចនាសម្ព័ន្ធ​សំខាន់ៗ តាម​អ្វីដែល​បានបង្ហាញ អំពី​ទម្រង់​ប្រចាំ​សប្ដាហ៍ និង ការព្រមាន អំពី​ការជម្លៀស​មនុស្ស​ដ៏​ច្រើន ចេញពី​រដ្ឋធានី​កៀវ​។​

​រដ្ឋមន្ដ្រី​ក្រសួងការបរទេស​អេ​ស្ដូ​នី ដែល​ប្រទេស​នេះ​ធ្លាប់ជា​រដ្ឋ​របស់​អតីត​សហភាពសូវៀត បាន​ចូលរួម​ជាមួយនឹង​សម​ភាគី នៅក្នុង​តំបន់​បាល់​ទិ​ក (Baltic) ចំនួន​៦​ប្រទេស និង ប្រទេស​នៅ​តំបន់​ណ័​រ​ឌី​ក (Nordic ជា​ប្រទេស​នៅ​តំបន់​ភូមិសាស្ដ្រ និង វប្បធម៌ ស្ថិតក្នុង​អឺរ៉ុប​ខាងជើង និង អា​ត្ល​ង់​ទិ​ក​ខាងជើង​) ជា​ក្រុម​គណៈប្រតិភូ​ដ៏​ធំ​បំផុត បានធ្វើ​ដំណើរ​ទៅ​បំពេញ​ទស្សនកិច្ច នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ចាប់តាំងពី​រុស្ស៊ី បាន​ចូលលុកលុយ កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ មក​។

​គណៈប្រតិភូ នៃ​បណ្ដា​ប្រទេស​ទាំងនេះ ក៏បាន​សន្យា​ផ្ដល់​ម៉ាស៊ីនភ្លើង សម្លៀកបំពាក់​ទប់ទល់​នឹង​អាកាសធាតុ​រងា និង ស្បៀងអាហារ ផងដែរ​។ គោលបំណង​ដ៏​សំខាន់​របស់​ក្រុម​គណៈប្រតិភូ នៃ​បណ្ដា​ប្រទេស​ទាំងនោះ ត្រូវតែ​ជួយ​ដល់​អ៊ុយ​ក្រែ​ន ដើម្បី​ដោះស្រាយ​បញ្ហា​នានា​របស់​ពួកគេ នៅក្នុង​រដូវ​ត្រជាក់​ប៉ុន្មាន​ខែ​នេះ​។​

​លោក អ៊ូ​ម៉ាស់ រ៉េ​ន​សា​លូ (Urmas Reinsalu) រដ្ឋមន្ដ្រី​ក្រសួងការបរទេស​អេ​ស្ដូ​នី បានបញ្ជាក់ នៅក្នុង​រដ្ឋធានី​កៀវ ថា «​រុស្ស៊ី កំពុងតែ​ប្រើប្រាស់​សន្ដិសុខ​ថាមពល​ស៊ីវិល​ជា​អាវុធ ប្រឆាំងនឹង​ប្រជាជន​អ៊ុយ​ក្រែ​ន ហើយ​វា​ពិតជា​សកម្មភាព គួរ​ឲ្យ​អាម៉ាស់​បំផុត​»​។​

​លោក វ៉ូ​ឡូ​ឌី​មៀរ ហ្សេ​ឡែ​ន​ស្គី (Volodymyr Zelenskyy) ប្រធានាធិបតី​អ៊ុយ​ក្រែ​ន កាលពី​ល្ងាច ថ្ងៃអាទិត្យ កន្លងទៅ​ថ្មីៗ​នេះ បាន​ព្រមាន ថា ទាហាន​រុស្ស៊ី កំពុងតែ​រៀបចំ វាយប្រហារ​ជាថ្មី ហើយ​ដរាបណា​ពួកគេ មាន​មី​ស៊ី​ល​នៅក្នុង​ដៃ ពួកគេ​នឹងមិន​បញ្ឈប់​នោះឡើយ​»​។ កាលពី​ថ្ងៃ​ចន្ទ គាត់​បាន​ជួយ​ជាមួយនឹង​ក្រុមមន្ដ្រី​រដ្ឋាភិបាល ដើម្បី​ពិភាក្សា អំពី​អ្វីដែល​ត្រូវធ្វើ​។​

​ទាហាន​រុស្ស៊ី បាន​អនុវត្ដ​ការវាយប្រហា​ដោយ​មី​ស៊ី​ល​ពីលើ​អាកាស​ទ្រង់ទ្រាយ​ធំ ប្រឆាំងនឹង​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល ជា​រៀងរាល់​សប្ដាហ៍ ចាប់តាំងពី​ដើមខែ​តុលា រហូតមក ដោយមាន​គោលដៅ​បំផ្លិចបំផ្លាញ​បណ្ដាញទឹក ភ្លើង និង ជម្រក​ស្នាក់នៅ​របស់​ជន​ស៊ីវិល ខណៈ​រដូវរងា​ចូលមក​ដល់​។ គោលបំណង​ដ៏​សំខាន់​របស់​ទាហាន​រុស្ស៊ី ចង់​ធ្វើ​ឲ្យ​អ៊ុយ​ក្រែ​ន លំបាក​ស៊ូទ្រាំ នៅក្នុង​សង្គ្រាម​រដូវរងា​នេះ​។​

​រដ្ឋាភិបាល​ក្រុង​កៀវ (Kyiv) បាន​អះអាង ថា ការវាយប្រហារ ដែល​រុស្ស៊ី ទទួលស្គាល់​លើ​គោលដៅ ប្រឆាំងនឹង​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​របស់​អ៊ុយ​ក្រែ​ន មានបំណង​បង្ក​គ្រោះថ្នាក់​ដល់​ជន​ស៊ីវិល ហើយ​វា​ធ្វើឱ្យ​ពួកគេ ក្លាយជា​ឧក្រិដ្ឋជន​សង្គ្រាម​។ ទោះជា​យ៉ាងណា ក្រុង​មូ​ស្គូ បាន​បដិសេធ ចំពោះ​ចេតនា​របស់ខ្លួន ធ្វើបាប​ទៅលើ​ជន​ស៊ីវិល​។ ប៉ុន្តែ​ក្រុង​មូ​ស្គូ បាន​អះអាង កាលពី​សប្តាហ៍​មុន ថា ការរង​ទុក្ខ​របស់​ពួកគេ នឹងមិន​បញ្ចប់​នោះដែរ លុះត្រាតែ​អ៊ុយ​ក្រែ​ន ព្រម​ធ្វើតាម​ការទាមទា​រ​របស់​រុស្ស៊ី​។​

​លោក ជេន​ស៍ ស្ដូ​ល​ថែ​ន​ប៊ឺ​គ (Jens Stoltenberg) អគ្គលេខាធិការ អង្គការ​ណា​តូ បានលើកឡើង ថា ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន (Vladimir Putin) មាន​ចេតនា​ប្រើប្រាស់​រដូវរងា មានការ​ធ្លាក់​ទឹកកក និង ព្រិល ដើម្បី​ជា​ប្រយោជន៍​របស់គាត់ មិន​ត្រឹមតែ នៅលើ​សមរភូមិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គាត់​បាន​ប្រឆាំងនឹង​ជន​ស៊ីវិល​អ៊ុយ​ក្រែ​ន ថែម​ទៀតផង​។​

​លោក​ប្រធាន​អង្គការ​សម្ពន្ធមិត្ត​យោធា​ដ៏​ខ្លាំងក្លា​របស់​ពិភពលោក បានបញ្ជាក់ នៅមុន​កិច្ចប្រជុំ​រយៈពេល​ពីរ​ថ្ងៃ​របស់​រដ្ឋមន្ត្រីការបរទេស​ណា​តូ នៅ​រដ្ឋធានី​ប៊ូ​ចា​រ៉ែ​ស ( Bucharest) ប្រទេស​រ៉ូ​ម៉ា​នី ថា «​ឥឡូវនេះ ប្រធានាធិបតី ពូ​ទីន កំពុងតែ​ព្យាយាម​ប្រើប្រាស់​រដូវរងា ជា​អាវុធ សម្រាប់​សង្គ្រាម ប្រឆាំងនឹង​អ៊ុយ​ក្រែ​ន​។ នេះ​ជា​រឿង​ដ៏​គួរឱ្យ​រន្ធត់​បំផុត ហើយ​យើង​ត្រូវតែ​ត្រៀមខ្លួន សម្រាប់​ការវាយប្រហារ​ជាថ្មី ពី​កម្លាំង​ទាហាន​រុស្ស៊ី បន្ថែមទៀត​។ នោះ​ហើយ​ជា​មូលហេតុ ដែល​សម្ពន្ធមិត្ត​ណា​តូ បង្កើន​ការគាំទ្រ ជួយ​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន​»​។​

​លោក វី​តា​លី ក្លី​ត​ស្កូ (Vitali Klitschko) អភិបាលរដ្ឋ​ធានី​កៀវ និង ជា​អតីត​អ្នក​ប្រដាល់​អាជីព បានបញ្ជាក់ ថា ប្រជាពលរដ្ឋ​មួយចំនួន នៅក្នុង​ចំណោម​ប្រជាជន​៣​លាន​នាក់ អាច​នឹងត្រូវ​ជម្លៀស ទៅកាន់​កន្លែង​មាន​សេវាកម្ម​ពិសេស ការពារ​វាយប្រហារ​ដោយ​មី​ស៊ី​ល​របស់​រុស្ស៊ី និង ការ​អត់​អគ្គិសនី​ប្រើប្រាស់​៕​