ពិភពលោក ចំហ​ទ្វារ​ដំណើរការ​សេដ្ឋកិច្ច​និង​ទេសចរណ៍​ឡើងវិញ ចិន​នៅតែ​ភ័យ​រហូត​

ព័ត៌មានអន្តរជាតិ
0
121


​រដ្ឋធានី​ប៉េកាំង​៖ បច្ចុប្បន្ន បើទោះជា​ពិភពលោក​ទាំងមូល ចាប់ផ្ដើម​បើកទ្វារ​ចំហ​ដំណើរការ​សេដ្ឋកិច្ច និង វិស័យ​ទេសចរណ៍​ឡើងវិញ​យ៉ាង​ក្ដី ក៏​ប្រទេស​ចិន នៅតែ​បន្ដ​រឹត​ត្បឹ​ត​ច្បាប់​ទប់ស្កាត់​នឹង​ជំងឺ​កូ​វីដ​-១៩​យ៉ាង​តឹងរឹង​បំផុត ទើប​នាំ​ឲ្យ​មានការ​ផ្ទុះ​បាតុកម្ម​រាលដាល នៅតាម​បណ្ដា​ទីក្រុង​ជាច្រើន ប្រឆាំងនឹង​គោលនយោបាយ​សូន្យ​កូ​វីដ​របស់​ប្រធានាធិបតី ស៊ី ជិន​ពីង​។​

​សារព័ត៌មាន US News បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​ព្រហស្បតិ៍ ទី​១ ខែធ្នូ ថា អាជ្ញាធរ​ទីក្រុង​ហ្គ​ង​ហ្ស៊ូ (Guangzhou) ស្ថិតនៅ​ភាគខាងត្បូង ប្រទេស​ចិន បានប្រកាស អំពី​ការលើកលែង​នូវ​ការ​រឹតបន្ដឹង​កូ​វីដ​ដ៏​ខ្លាំងក្លា​បំផុត ក្រោយ​ការផ្ទុះ​បាតុកម្ម តវ៉ា​ប្រឆាំងនឹង​គោលនយោបាយ​នេះ​។​

​ការបន្ធូរបន្ថយ​នូវ​ការ​រឹតបន្ដឹង​កូ​វីដ បានកើត​ឡើង ត្រឹមតែ​រយៈពេល​១​ថ្ងៃ ក្រោយ​ក្រុមបាតុករ បាន​ប៉ះទង្គិច​គ្នា​យ៉ាងខ្លាំង​ជាមួយនឹង​ប៉ូលិស នៅក្នុង​ទីក្រុង​ភាគខាងត្បូង ប្រទេស​ចិន ជុំវិញ​វិធានការ​ដ៏​តឹងរឹង​បំផុត​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ដើម្បី​គ្រប់គ្រង​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​។​

​អាជ្ញាធរ​ចិន បាន​បិទ​ខ្ទប់​ពាសពេញ​ប្រទេស និង ការ​រឹតបន្តឹង​ដល់​ការធ្វើដំណើរ ហើយ​បានធ្វើ​តេស្ត​ទ្រង់ទ្រាយ​ធំ ដែលជា​ផ្នែក​មួយ នៃ​គោលនយោបាយ «​សូន្យ​-​កូ​វីដ​» របស់​ក្រុង​ប៉េកាំង រហូត​ជំរុញ​ឲ្យ​មានការ​ផ្ទុះ​កំហឹង​យ៉ាងខ្លាំង ពី​ប្រជាជន ខណៈ​ប្រទេស​ជាច្រើន នៅលើ​ពិភពលោក បាន​បន្ធូ​បន្ថយ​ការ​រឹត​ត្បឹ​ត ហើយ​បើក​ដំណើរការ​សេដ្ឋកិច្ច និង វិស័យ​ទេសចរណ៍​ឡើងវិញ​។​

​បាតុកម្ម​ប្រឆាំងនឹង​គោលនយោបាយ​សូន្យ​កូ​វីដ​របស់​ប្រធានាធិបតី​ចិន លោក ស៊ី ជិន​ពីង (Xi Jinping) កាលពី​ចុង​សប្ដាហ៍ បាន​រីក​រាលដាល ទៅកាន់​ទីក្រុង​សៀង​ហៃ រដ្ឋធានី​ក្រុង​ប៉េកាំង និង កន្លែង​ផ្សេងៗ​ទៀត​។ នេះ​ជា​សកម្មភាព​ដ៏​កម្រ បាន​ក្លាយទៅជា​ការបង្ហាញ អំពី​ការផ្គើន​ជា​សាធារណៈ មិន​ធ្លាប់មាន​ពីមុនមក ចាប់តាំងពី​ប្រធានាធិបតី​ចិន លោក Xi Jinping បាន​ឡើងកាន់​អំណាច នៅក្នុង​អំឡុង​ឆ្នាំ​២០១២ រហូតមក​។​

​មន្ដ្រី​ក្រុង​ឆុង​ហ្គី​ង (Chongqing) បាន​ឲ្យ​ដឹងថា ទីក្រុង​នា​ភាគ​និរតី​មួយ​នេះ ទំនងជា​នឹង​អនុញ្ញាត​ឱ្យមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយនឹង​អ្នកជំងឺ​កូ​វីដ​-១៩ តាម​ការបំពេញ​លក្ខខណ្ឌ​មួយចំនួន ត្រូវធ្វើ​ច​ត្ដា​ឡី​ស័ក នៅក្នុង​ផ្ទះ​របស់​ពួកគេ​។ ប៉ុន្ដែ​ជាមួយនឹង​ចំនួន​អត្រា​កូ​វីដ នៅ​ទូទាំងប្រទេស ហាក់ដូចជា មាន​ក្តីសង្ឃឹម​តិចតួច សម្រាប់​ការផ្លាស់ប្តូរ​គោលនយោបាយ​«​សូន្យ​-​កូ​វីដ​» ដែល​លោក​ប្រធានាធិបតី ស៊ី បាន​អះអាង ថា វា​បាន​ជួយសង្គ្រោះ​អាយុជីវិត​របស់​មនុស្ស​។​

​គេហទំព័រ Worldometer បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​ព្រហស្បតិ៍ ទី​១ ខែធ្នូ ថា នៅក្នុង​រយៈពេល​២៤​ម៉ោង​កន្លងមកនេះ ចិន មាន​ករណី​ឆ្លង​កូ​វីដ​-១៩​ថ្មី ចំនួន ៤ ២៨៨​នាក់ ធ្វើ​ឲ្យ​ប្រទេស​មហា​យក្ស​អាស៊ី​នេះ មាន​អ្នក​ឆ្លង​សរុប ៣១៩ ៥៣៦​នាក់​។ នៅក្នុង​ចំណោម​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​ទាំងនោះ មាន​អ្នកស្លាប់ ៥ ២៣៣​នាក់ និង មាន​អ្នកជា​សះស្បើយ ២៧៨ ៦៨៧​នាក់ ហើយ​៣៥ ៦១៦​នាក់​ផ្សេងទៀត កំពុងតែ​សម្រាក​ព្យាបាល​។​

​ចិន ជា​ប្រភពដើម នៃ​ការផ្ទុះ​ជំងឺ​កូ​វីដ​-១៩ ហើយ​រហូតមក​ដល់ពេលនេះ ចិន​ឈរលើ​លេខ​រៀង​ទី​១០៣ នៃ​ប្រទេស​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​ច្រើនជាងគេ នៅលើ​ពិភពលោក ខណៈ​សហរដ្ឋអាមេរិក ឈរ​នៅ​លេខ​រៀង​ទី​១ ដោយមាន​អ្នក​ឆ្លង​ថ្មី ៣៩ ២០៨​នាក់ ធ្វើ​ឲ្យ​ប្រទេស​មហាអំណាច​កំពូល​មួយ​នេះ មាន​អ្នក​ឆ្លង​សរុប ១០០ ៥៩៥ ៦៥៨​នាក់​។ នៅក្នុង​ចំណោម​អ្នក​ឆ្លង​ទាំងនោះ មាន​អ្នកស្លាប់​ជាង​១​លាន​នាក់ និង មាន​អ្នកជា​សះស្បើយ ជាង​៩៨​លាន​នាក់ ហើយ​ជាង​១,៣​លាន​នាក់​ផ្សេងទៀត កំពុងតែ​សម្រាក​ព្យាបាល​៕​