អ៊ុយ​ក្រែ​ន ត្រៀមខ្លួន​ទប់ទល់​រុស្ស៊ី វាយប្រហារ​ជាថ្មី​ក្នុង​រដូវ​ធ្លាក់​ទឹកកក​

ព័ត៌មានអន្តរជាតិ
0
127


​រដ្ឋធានី​កៀវ​៖ ក្រោយ​ការបំផ្លិចបំផ្លាញ នៅក្នុង​សង្គ្រាម​របស់​មេដឹកនាំ​វិមាន​ក្រឹម​ឡាំង លោក វ្ល៉ា​ឌី​មៀ ពូ​ទីន អស់​រយៈពេល​ជិត​២៨០​ថ្ងៃ​កន្លងមកនេះ អ៊ុយ​ក្រែ​ន បាន​ត្រៀមខ្លួន​រួចជាស្រេច សម្រាប់​ទប់ទល់​នឹង​ការវាយប្រហារ​ជាថ្មី ពី​កម្លាំង​ទាហាន​រុស្ស៊ី ប្រឆាំងនឹង​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ ខណៈ​ក្រុម​បុគ្គលិក កំពុងតែ​ប្រឹងប្រែង​ស្ដារ​បណ្ដាញ​ថាមពល ទឹក និង កម្ដៅ​ឡើងវិញ នៅក្នុង​រដ្ឋធានី​កៀវ ។​

​សារព័ត៌មាន Al Jazeera បានចេញ​ផ្សាយ កាលពី​ថ្ងៃ​ចន្ទ ទី​២៨ ខែវិច្ឆិកា ថា លោក វ៉ូ​ឡូ​ឌី​មៀរ ហ្សេ​ឡែ​ន​ស្គី (Volodymyr Zelenskyy) ប្រធានាធិបតី​អ៊ុយ​ក្រែ​ន បាន​ព្រមាន ថា រុស្ស៊ី នឹង​វាយប្រហារ​ដោយ​មី​ស៊ី​ល​ជាថ្មី មកលើ​ប្រទេស​របស់គាត់​។ ជាមួយគ្នានេះ លោក​ប្រធានាធិបតី កំពុងតែ​ជំរុញ​ឲ្យ​កម្លាំង​ការពារ​ទឹកដី និង ប្រជាជន​អ៊ុយ​ក្រែ​ន ត្រូវតែ​ត្រៀមខ្លួន ទប់ទល់​ដល់​ការ​ដាច់​ចរន្ដអគ្គិសនី នៅក្នុង​សប្ដាហ៍​ថ្មី​នេះ​។​

​ការព្រមាន​របស់​មេដឹកនាំ​អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃអាទិត្យ បានកើត​ឡើង ខណៈ​ព្រិល​ទឹកកក កំ​តែ​ធ្លាក់​ខ្លាំង នៅក្នុង​រដ្ឋធានី​កៀវ ហើយ​សីតុណ្ហភាព បាន​ចុះ​ត្រជាក់​ខ្លាំង ជាមួយនឹង​ការព្យាករណ៍ អំពី​ការធ្លាក់​អ័ព្ទ​ពេញ​មួយ​យប់​។​

​អាជ្ញាធរ​ក្រុង បានបញ្ជាក់ ថា ក្រុម​បុគ្គលិក នឹង​ជិត​បញ្ចប់​ការស្តារ​ឡើងវិញ​នូវ​ថាមពល ទឹក និង កម្ដៅ​។ ប៉ុន្តែ​កម្រិត​ប្រើប្រាស់​នៅតែ​ខ្ពស់ ហើយ​នេះ​មានន័យថា នឹង​អាច​ដាច់​ចរន្តអគ្គិសនី នៅតាម​តំបន់​មួយចំនួន​។ រីឯ​មនុស្ស រាប់លាន​នាក់ រស់នៅក្នុង និង ជុំវិញ​ទីក្រុង​កៀវ កំពុងតែ​ប្រឈមមុខ​នឹង​ការរំខាន ដោយសារ​រលក នៃ​ការ​វាយឆ្មក់​តាម​អាកាស ពី​ទាហាន​រុស្ស៊ី​។​

​លោក ហ្សេ​ឡែ​ន​ស្គី បានបញ្ជាក់ នៅក្នុង​សុន្ទរកថា​ប្រចាំ​រាត្រី​របស់គាត់ ថា «​ខ្ញុំ​យល់ថា ក្រុម​ភេរ​វករ កំពុងតែ​រៀបចំ​គម្រោង វាយប្រហារ​ជាថ្មី​។ យើង​ដឹង​បញ្ហា​នេះ ជា​រឿង​ពិត​។ ដរាបណា កម្លាំង​ទាហាន​រុស្ស៊ី មាន​មី​ស៊ី​ល នៅក្នុង​ដៃ ពួកគេ​ពិតជា​នៅ​មិន​សុខ​នោះឡើយ​»​។​

​លោក​ប្រធានាធិបតី បាន​បន្ថែម ថា នៅក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ខាងមុខនេះ អាច​នឹងមាន​ការពិបាក ដូច​សប្តាហ៍​មុន ខណៈ​មានការ​វាយប្រហារ មកលើ​ហេដ្ឋារចនាសម្ព័ន្ធ​អគ្គិសនី ធ្វើឱ្យ​ប្រជាជន​អ៊ុយ​ក្រែ​ន អត់​មាន​អគ្គិសនី​ប្រើប្រាស់​យ៉ាងធ្ងន់ធ្ងរ​បំផុត ចាប់តាំងពី​កម្លាំង​ទាហាន​រុស្ស៊ី បាន​ចូល​ឈ្លានពាន កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ រហូតមក​។​

​មេដឹកនាំ​អ៊ុយ​ក្រែ​ន រូបនេះ បាន​សង្កត់ធ្ងន់ ថា «​កម្លាំង​ការពារ​ទឹកដី​របស់​យើង បាន​ត្រៀមខ្លួន​រួចរាល់​អស់ហើយ​។ ប្រទេស​ទាំងមូល ក៏បាន​ត្រៀមខ្លួន​រួចរាល់​ហើយ​ដែរ​។ យើង​នឹង​ធ្វើការ​តាម​សេណា​រី​យ៉ូ​ទាំងអស់ ដោយ​រួម​ជាមួយនឹង​ដៃគូ​នានា​របស់​យើង​»៕​