
រដ្ឋធានីមូស្គូ៖ ស្របពេលក្រុមរដ្ឋមន្ដ្រីការបរទេស អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង កាលពីថ្ងៃអង្គារ កំពុងតែងបើកកិច្ចប្រជុំ ស្ដីពីការបង្កើនកិច្ចគាំទ្របន្ថែមដល់ប្រទេសអ៊ុយក្រែន ទើបទល់នឹងការវាយប្រហាររបស់ក្រុងមូស្គូ នោះ អតីតប្រធានាធិបតីរុស្ស៊ី បានព្រមានដល់អង្គការណាតូ ជុំវិញការផ្គត់ផ្គង់ប្រព័ន្ធការពារដែនអាកាសដ៏ទំនើបរបស់លោកខាងលិច ជួយដល់ក្រុងកៀវ។
ទីភ្នាក់ងារសារព័ត៌មានរបស់ចក្រភពអង់គ្លេស Reuters បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី៣០ ខែវិច្ឆិកា ថា លោក ឌីមីទ្រី ម៉េដវ៉េដេវ (Dmitry Medvedev) អតីតប្រធានាធិបតីរុស្ស៊ី ហើយបច្ចុប្បន្ន មានតួនាទីជាអនុប្រធានក្រុមប្រឹក្សាសន្ដិសុខ កាលពីថ្ងៃអង្គារ បានព្រមានដល់អង្គការណាតូ ប្រឆាំងនឹងការផ្ដល់ប្រព័ន្ធការពារដែនអាកាស Patriot ដល់ប្រទេសអ៊ុយក្រែន ដោយបានថ្កោលទោសសម្ពន្ធមិត្ត ថា ជា«អង្គការឧក្រិដ្ឋកម្ម» សម្រាប់ការផ្តល់គ្រឿងសព្វាវុធ ជួយដល់អ្វីដែលគាត់ ហៅក្រុងកៀវ ជា«របបជ្រុលនិយម»។
អតីតប្រធានាធិបតីរុស្ស៊ី រូបនេះ បានបញ្ជាក់ នៅលើបណ្ដាញសង្គមតេឡេក្រាម ថា «ប្រសិនបើ អង្គការ ពិតជាផ្គត់ផ្គង់ប្រព័ន្ធការពារដែនអាកាស Patriot ជួយដល់ក្រុងកៀវ ដូចអ្វីដែលអគ្គលេខាធិការអង្គការណាតូ លោក ជេនស៍ ស្តូលថែនប៊ឺគ (Jens Stoltenberg) បានណែនាំពិតមែននោះ ពួកគេនឹងក្លាយទៅជាគោលដៅស្របច្បាប់ សម្រាប់ទាហានរបស់យើងវាយប្រហារភ្លាមៗ។ ពិភពលោក នាសម័យស៊ីវិល័យនេះ មិនត្រូវការអង្គការបែបនេះឡើយ ហើយអង្គភាពឧក្រិដ្ឋកម្មបែបនេះ គួរតែត្រូវបានរំលាយចោល»។
រហូតមកដល់ពេលនេះ រដ្ឋាភិបាលក្រុងកៀវ បានស្នើសុំដល់សម្ពន្ធមិត្តបស្ចិមលោក ឲ្យផ្តល់ប្រព័ន្ធការពារដែនអាកាស រួមទាំង ប្រព័ន្ធ Patriot និង ប្រព័ន្ធ NASAMS ផលិតដោយ សហរដ្ឋអាមេរិក និង ប្រព័ន្ធការពារដែនអាកាសផ្សេងៗទៀត សម្រាប់យកមកការពារខ្លួន និងទប់ស្កាត់ការវាយប្រហាររបស់រុស្ស៊ី ប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធថាមពល នៅក្នុងប្រទេសអ៊ុយក្រែន៕