សហរដ្ឋអាមេរិក នាំ​សម្ពន្ធមិត្ត​អាស៊ី​បូព៌ា ព្រួត​ដាក់ទណ្ឌកម្ម​លើ​កូរ៉េខាងជើង​

ព័ត៌មានអន្តរជាតិ
0
123


​រដ្ឋធានី​សេ​អ៊ូ​ល​៖ សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និង ជប៉ុន បានសម្រេច​ដាក់ទណ្ឌកម្ម ប្រឆាំងនឹង​ក្រុង​ព្យុងយ៉ាង ជុំវិញ​ការបាញ់​សាកល្បង​មី​ស៊ី​ល ជា​បន្ដបន្ទាប់ បង្ក​នូវ​ហានិភ័យ​ដល់​ពិភពលោក​។​

​សារព័ត៌មាន The Korea Times បានចេញ​ផ្សាយ កាលពី​ថ្ងៃ​សុក្រ ទី​២ ខែធ្នូ ថា កូរ៉េខាងត្បូង នៅ​ថ្ងៃ​សុក្រ បានប្រកាស​ដាក់ទណ្ឌកម្ម​បន្ថែម ប្រឆាំងនឹង​ប្រទេស​កូរ៉េខាងជើង ដើម្បី​ឆ្លើយតប​ទៅនឹង​ការគំរាមកំហែង​សន្តិសុខ កាន់តែខ្លាំង​ឡើង ពី​ក្រុង​ព្យុងយ៉ាង ដោយ​ការបាញ់​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ​របស់ខ្លួន កាលពី​ខែ​មុន​។​

​ស្របគ្នា​នេះដែរ ជប៉ុន និង សហរដ្ឋអាមេរិក ជា​សម្ពន្ធមិត្ត​របស់​កូរ៉េខាងត្បូង ក៏បាន​ដាក់ទណ្ឌកម្ម ប្រឆាំងនឹង​ក្រុមមន្ដ្រី​ជាន់ខ្ពស់​របស់​កូរ៉េខាងជើង ពាក់ព័ន្ធ​នឹង​កម្មវិធី​អាវុធ​ខុសច្បាប់​របស់​ប្រទេស​កុម្មុយនីស្ដ​ឯកោ​មួយ​នេះ​។ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន បានចាត់ទុក​ការបាញ់​សាកល្បង​មី​ស៊ី​ល​ផ្លោង​របស់​ក្រុង​ព្យុងយ៉ាង ជា​«​ការបង្ក​នូវ​ហានិភ័យ​យ៉ាងធ្ងន់ធ្ងរ ដល់​តំបន់ និង ពិភពលោក​ទាំងមូល​»​។​

​ក្រសួង​រតនាគារ​សហ​រដ្ឋ​អាមេរិក កាលពី​ថ្ងៃ​ព្រហស្បតិ៍ បានកំណត់​លើ​ឈ្មោះ​បុគ្គល នៅក្នុង​បញ្ជី​ទណ្ឌកម្ម​របស់ខ្លួន រួមមាន លោក​ឧត្ដមសេនីយ៍ ចូល អ៊ី​ល​ហូ (Jon Il Ho) លោក យូ ជីន (Yu Jin) និង លោក គីម ស៊ូ​ហ្គី​ល (Kim Su Gil)​។ មន្ដ្រីជាន់ខ្ពស់​កូរ៉េខាងជើង ទាំង​៣​រូបនេះ ក៏បាន​រង​ទណ្ឌកម្ម ពី​សហភាព​អឺរ៉ុប កាលពី​ខែមេសា ផងដែរ​។​

​ទណ្ឌកម្ម​ទាំងនេះ អាច​អនុញ្ញាត​ឲ្យ​អាជ្ញាធរ មាន​សិទ្ធិ​បង្កក​ទ្រព្យសម្បត្ដិ​របស់​បុគ្គល​ទាំងនេះ នៅលើ​ទឹកដី​សហរដ្ឋអាមេរិក ហើយ​ហាមឃាត់​ដល់​កិច្ចព្រមព្រៀង​នានា ជាមួយនឹង​មន្ដ្រីជាន់ខ្ពស់​របស់​កូរ៉េខាងជើង ទាំង​៣​នាក់​នេះ ថែម​ទៀតផង​។​

​ក្រសួងការបរទេស​កូរ៉េខាងត្បូង បានប្រកាស អំពី​ការដាក់ទណ្ឌកម្ម​ដល់​បុគ្គល​ផ្សេងៗ​ទៀត ចំនួន​៧​នាក់ រួមទាំង ជនជាតិ​សិង្ហ​បុរី​ម្នាក់ និង តៃវ៉ាន់​ម្នាក់ ហើយ​អង្គភាព​ចំនួន​៨​ផ្សេងទៀត​។ បុគ្គល​ទាំងនេះ ក៏ត្រូវ​រៀបចំ​រួចជាស្រេច ក្រោម​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក ដែល​បានដាក់​ចន្លោះ​ពី​ខែមករា ឆ្នាំ​២០១៨ ដល់​ខែតុលា ឆ្នាំ​២០២២​។​

​ទន្ទឹមគ្នា​នេះដែរ ក្រសួងការបរទេស​ជ​ប៉ុន ក៏បាន​បញ្ជាក់ ថា ក្រុង​តូ​ក្យូ បានដាក់​ទណ្ឌកម្ម ប្រឆាំងនឹង​អង្គភាព​ចំនួន​៣ និង បុគ្គល​ម្នាក់ សម្រាប់​ទណ្ឌកម្ម​ថ្មី ដោយ​រាប់បញ្ចូល​ទាំង ក្រុមហ៊ុន​ឡា​ហ្សា​រុស គ្រូ​ប (Lazarus Group) ដោយបាន​សង្ស័យ អំពី​ការវាយប្រហារ តាម​បណ្ដាញ​អ៊ី​ន​ធើរ​ណេ​ត​។​

​ដោយឡែក ចិន និង​រុស្ស៊ី បាន​រារាំង​ដល់​កិច្ចខិតខំ​ប្រឹងប្រែង កាលពីពេល​ថ្មីៗ​នេះ ជុំវិញ​ការដាក់ទណ្ឌកម្ម​បន្ថែម ពី​អង្គការសហប្រជាជាតិ ប្រឆាំងនឹង​កូរ៉េខាងជើង​។ លើសពីនេះ ប្រទេស​មហាអំណាច​ទាំង​២​នេះ ថែមទាំង​បាន​អះអាង អំពី​ការបន្ធូរបន្ថយ​ទណ្ឌកម្ម ដោយ​ជំនួស​មកវិញ សម្រាប់​ការចាប់ផ្តើម​កិច្ចចរចា ហើយ​ចៀសវាង​ការប៉ះពាល់​ដល់​មនុស្សធម៌​។ ប៉ុន្ដែ​ក្រុង​វ៉ាស៊ីនតោន បាន​ផ្តោតទៅលើ​កិច្ចខិតខំ​ប្រឹងប្រែង​ត្រីភាគី ជាមួយ​ប្រទេស​ជប៉ុន និង កូរ៉េខាងត្បូង ក៏ដូចជា ដៃគូ​អឺរ៉ុប ផងដែរ​។​

​ទណ្ឌកម្ម​ចុងក្រោយ​នេះ បានធ្វើ​ឡើង ក្រោយពេល​កូរ៉េខាងជើង បាន​បាញ់​សាកល្បង​មី​ស៊ី​ល​អន្ដរទ្វីប កាលពី​ថ្ងៃទី​១៨ ខែវិច្ឆិកា ដែលជា​ផ្នែក​មួយ នៃ​ការបាញ់​មី​ស៊ី​ល ច្រើនជាង​៦០​គ្រាប់ នៅ​ឆ្នាំនេះ​។ សកម្មភាព​យ៉ាង​គឃ្លើន​នេះ បានកើត​ឡើង ចំពេល​មានការ​ព្រួយបារម្ភ ថា កូរ៉េខាងជើង អាច​នឹង​បន្ដ​បាញ់​សាកល្បង​អាវុធ​មហា​ប្រល័យ​លោក​បន្ថែមទៀត​។​

​លោក អេ​ន​តូ​នី ប្លី​ន​ខែ​ន (Antony Blinken) រដ្ឋមន្ដ្រី​ក្រសួងការបរទេស​សហរដ្ឋអាមេរិក បានបញ្ជាក់ ថា «​ការបាញ់​សាកល្បង​មី​ស៊ី​ល​របស់​កូរ៉េខាងជើង បាន​គំរាមកំហែង​ដល់​សន្ដិសុខ​ពិភពលោក ហើយ​ថា វិធានការ​ដាក់ទណ្ឌកម្ម​ចុងក្រោយ​បំផុត គូសបញ្ជាក់ អំពី​ការប្តេជ្ញាចិត្ត​ប្រកបដោយ​និរន្តរភាព​របស់​យើង នៅក្នុង​ការលើកកម្ពស់​នូវ​ការទទួលខុសត្រូវ ក្នុងការ​ឆ្លើយតប​ទៅនឹង​ល្បឿន មាត្រដ្ឋាន និង វិសាលភាព នៃ​ការបាញ់​មី​ស៊ី​ល​ផ្លោង​របស់​ក្រុង​ព្យុងយ៉ាង​»​។​

​ក្រសួង​រតនាគារ​សហ​រដ្ឋ​អាមេរិក បានបញ្ជាក់ ថា ការបាញ់​សាកល្បង​មី​ស៊ី​ល​នេះ «​បង្ហាញ​អំពី​តម្រូវការ សម្រាប់​ប្រទេស​ទាំងអស់ នៅក្នុង​ការអនុវត្ត​យ៉ាង​ពេញលេញ​នូវ​ដំណោះស្រាយ​របស់​ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ​» ដែលមាន​បំណង រារាំង​ដល់​ប្រទេស​កូរ៉េខាងជើង អំពី​ការទទួលបាន​បច្ចេកវិទ្យា សម្ភារ និង ប្រាក់ចំណូល​ដែល​ក្រុង​ព្យុងយ៉ាង ត្រូវការ សម្រាប់​ការអភិវឌ្ឍ​សមត្ថភាព​នុយក្លេអ៊ែរ និង មី​ស៊ី​ល​ផ្លោង​របស់ខ្លួន​»​។​

​ក្រសួង​រតនាគារ​សហ​រដ្ឋ​អាមេរិក បាន​សង្កត់ធ្ងន់ ថា សហរដ្ឋអាមេរិក បានដាក់​ទណ្ឌកម្ម លើ​មន្ដ្រី​កូរ៉េខាងជើង រួមមាន លោក Jon Il Ho និង Yu Jin ដោយសារតែ​ពួកគេ បាន​ដើរតួនាទី​យ៉ាង​សំខ​នា់ នៅក្នុង​ការអភិវឌ្ឍន៍​អាវុធ ប្រកបដោយ​គ្រោះថ្នាក់​បំផុត (WMD) ខណៈ​ពួកគេ កំពុងតែ​ធ្វើជា​ប្រធាន និង អនុប្រធាន នាយកដ្ឋាន​ឧស្សាហកម្ម​គ្រឿង​សព្វាវុធ​របស់​កូរ៉េខាងជើង ចំពេល​លោក Kim Su Gil ធ្វើជា​ប្រធានការិយាល័យ​នយោបាយ​កងទ័ព ចន្លោះ​ពី​២០១៨ ដល់ ២០២១ ហើយ​មាន​តួនាទី​ត្រួតពិនិត្យ លើ​ការ​អនុវត្ដ​ការសម្រេចចិត្ត ពាក់ព័ន្ធ​នឹង​កម្មវិធី​អាវុធ​ប្រកបដោយ​គ្រោះថ្នាក់​នេះ​៕​