អ៊ុយ​ក្រែ​ន ត្អូញត្អែរ​ពី​ការខ្វះ​មី​ស៊ី​ល សម្រាប់​ប្រតិ​ប​ត្ដិ​កា​រលើ​ប្រព័ន្ធ​ការពារ​ដែន​របស់​អាល្លឺម៉ង់​

ព័ត៌មានអន្តរជាតិ
0
108


​រដ្ឋធានី​កៀវ​៖ ដោយសារតែ​ទាហាន​រុស្ស៊ី បាន​បង្កើន​ការវាយប្រហារ មិន​រើស​គោលដៅ បំផ្លិចបំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល​សំខាន់ៗ​ពាសពេញ​ប្រទេស ទើប​អាល្លឺម៉ង់ បានសម្រេច​ចិត្ត​បញ្ជូន​ប្រព័ន្ធ​ការពារ​ដែនអាកាស​រប​ស់​ខ្លួន ជា​លើកដំបូង ទៅដល់​ប្រទេស​អ៊ុយ​ក្រែ​ន ប៉ុន្ដែ​ឥឡូវនេះ កងទ័ព​ក្រុង​កៀវ បាន​ត្អូញត្អែរ ពី​ការខ្វះខាត​មី​ស៊ី​ល សម្រាប់​ប្រព័ន្ធ​ការពារ​ដែនអាកាស​ប្រភេទ​នេះ ដើម្បី​ទប់ទល់​ការវាយប្រហារ​របស់​ក្រុង​មូ​ស្គូ​។​

​សារព័ត៌មាន The Eurasian Times បានចេញ​ផ្សាយ កាលពី​ថ្ងៃទី​២៩ ខែវិច្ឆិកា ថា ប្រព័ន្ធ​ការពារ​ដែនអាកាស​លើក​ទី​១ នៅក្នុង​ចំណោម​ប្រព័ន្ធ​ការពារ​ដែនអាកាស​ចំនួន​៤​របស់​អាល្លឺម៉ង់ ប្រភេទ IRIS-T ត្រូវបញ្ជូន​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន កាលពី​ក្នុងអំឡុង​ខែតុលា ក្រោយពេល​ទាហាន​រុស្ស៊ី បាន​ទម្លាក់​គ្រាប់បែក ពីលើ​អាកាស​យ៉ាងខ្លាំង មិន​ធ្លាប់មាន​ពីមុនមក​។ ប៉ុន្ដែ​ទោះជា​យ៉ាងណាក៏ដោយ បញ្ហា​នៅត្រង់ថា អ៊ុយ​ក្រែ​ន នៅតែ​មិនទាន់​ទទួលបាន​ការផ្គត់ផ្គង់​មី​ស៊ី​ល​គ្រប់គ្រាន់ សម្រាប់​ប្រតិបត្តិការ លើ​ប្រព័ន្ធ​ការពារ IRIS-T នេះ​នៅឡើយ​។​

​ក្រុមមន្ដ្រី​អាល្លឺម៉ង់ កាលពី​ខែតុលា បានប្រកាស ថា ក្រុង​ប៊ែ​រ​ឡាំង បាន​បញ្ជូន​ប្រព័ន្ធ​ប្រតិ​ប​ត្ដិ​ការការពារ​ដែនអាកាស IRIS-T SLM និង គ្រាប់​មី​ស៊ី​ល​មួយចំនួន សម្រាប់​ប្រព័ន្ធ​ការពារ​ដែនអាកាស​ប្រភេទ​នេះ ហើយ​នឹងមាន​គម្រោង​បញ្ជូន​បន្ថែម ចំនួន​៣​គ្រឿង​បន្ដទៀត ដើម្បី​ជួយ​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន​។​

​ទោះជា​យ៉ាងណា រហូតមកដល់​ពេលនេះ កងទ័ពអាកាស​របស់​អ៊ុយ​ក្រែ​ន បានស្នើ​សុំ​ដល់​ក្រុង​ប៊ែ​រ​ឡាំង ជួយ​បង្កើន​ប្រព័ន្ធ​ការពារ​ដែនអាកាស​រប​ស់​ខ្លួន ជាមួយនឹង​ការផ្គត់ផ្គង់​មី​ស៊ី​ល IRIS-T បន្ថែមទៀត ខណៈ​ក្រុង​មូ​ស្គូ កំពុងតែបន្ដ​បាញ់​មី​ស៊ី​ល ស្រោច​ដូច​គ្រាប់​ភ្លៀង​។​

​បណ្ដាញ​ផ្សាយ «​សំឡេង​ថ្មី​របស់​អ៊ុយ​ក្រែ​ន​» បាន​រាយការណ៍ ថា លោក យូ​រី​យ អ៊ី​ណាត (Yuriy Ihnat) អ្នកនាំពាក្យ បញ្ជាការដ្ឋាន​កងទ័ព​អាកាស​អ៊ុយ​ក្រែ​ន បាន​ថ្លែង នៅតាម​កញ្ចក់​ទូរទស្សន៍​ជាតិ ថា អ៊ុយ​ក្រែ​ន ត្រូវការ​ចាំបាច់​បំផុត​នូវ​មី​ស៊ី​ល សម្រាប់​ប្រព័ន្ធ​ការពារ​ដែនអាកាស​រប​ស់​អាល្លឺម៉ង់ ប្រភេទ IRIS-T ។ បើទោះជា​យ៉ាងនេះ​ក្តី អ្នកនាំពាក្យ រូបនេះ មិនបាន​បញ្ជាក់​លម្អិត ថា​តើ​កងទ័ព​អ៊ុយ​ក្រែ​ន បច្ចុប្បន្ន កំពុងតែ​ប្រឈមមុខ​នឹង​ការខ្វះខាត​មី​ស៊ី​ល សម្រាប់​ប្រព័ន្ធ​ការពារ IRIS-T ដែរ​ឬ​យ៉ាងណា​នោះទេ​។​

​អ្នកនាំពាក្យ កងទ័ពអាកាស​អ៊ុយ​ក្រែ​ន រូបនេះ បានបញ្ជាក់ ថា «​តម្រូវការ​ចាំបាច់​បំផុត នាពេលនេះ ខ្ញុំ​ចង់​ឲ្យ​មាន​គ្រាប់​មី​ស៊ី​ល​គ្រប់គ្រាន់ សម្រាប់​ប្រព័ន្ធ​ការពារ​ដែនអាកាស IRIS-T ។ បញ្ហា​នេះ ពិតជា​ស្មុគស្មាញ​ខ្លាំងណាស់ ព្រោះ​ប្រព័ន្ធ​ការពារ​ដែនអាកាស​ជំនាន់​ថ្មី​… យើង​ត្រូវការ​អាវុធ​បែបនេះ​បន្ថែមទៀត​។ គ្រឿងយុទ្ធោបករណ៍​ប្រភេទ​នេះ ត្រូវបាន​រចនា​ឡើង សម្រាប់​ជំនួស​ប្រព័ន្ធ​ការពារ​ចាស់ៗ​របស់​យើង​»​។​

​កម្លាំង​ទាហាន​រុស្ស៊ី បានកំណត់​គោលដៅ​យ៉ាងសំខាន់ វាយប្រហារ​ទៅលើ​បណ្តាញ​អគ្គិសនី​របស់​អ៊ុយ​ក្រែ​ន ហើយ​បាន​រុញច្រាន​ប្រទេស​នេះ ឲ្យ​ស្ថិតក្នុង​ភាព​ងងឹត​សូន្យសុង ចំពេល​រដូវរងា​ខ្លាំង​ចូលមក​ដល់​។ បច្ចុប្បន្ននេះ កងទ័ព​ការពារ​ទឹកដី​អាវុធ​អ៊ុយ​ក្រែ​ន កំពុងតែ​ប្រតិបត្តិការ​យ៉ាង​ទូលំទូលាយ ជាមួយនឹង​ប្រព័ន្ធ​ការពារ​ដែនអាកាស IRIS-T ផ្គត់ផ្គង់​ដោយ​អាល្លឺម៉ង់ និង ប្រព័ន្ធ​ការពា​ដែនអាកាស NASAMS ផ្គត់ផ្គង់​ដោយ​សហរដ្ឋអាមេរិក សម្រាប់​ទប់ទល់ ប្រឆាំងនឹង​មី​ស៊ី​ល​របស់​រុស្ស៊ី​៕​