សមាជិកសភា​ទំនោរ​យោធានិយម​ថៃ រាំងខ្ទប់​ផ្លូវ​របស់​មេបក្ស​ឈ្នះឆ្នោត ឆ្ពោះទៅ​កាន់តំណែង​នាយករដ្ឋមន្ដ្រី​

ព័ត៌មានអន្តរជាតិ
0
11



​រាជធានី​បាងកក​៖ សមាជិកសភា​ថៃ មកពី​បណ្ដា​គណបក្ស​យោធានិយម បាន​ខ្ទាស់​ជើង​ដល់​សម្ពន្ធភាព​ចម្រុះ​ចំនួន​៨​គណបក្ស រារាំង​ដល់​មេដឹកនាំ​គណបក្សប្រឆាំង​ឈ្នះឆ្នោត មិន​ឲ្យ​ឈរឈ្មោះ​ជាថ្មី សម្រាប់​ការកាន់កាប់​តំណែង​នាយករដ្ឋមន្ដ្រី​ទី​៣០ ស្របគ្នា​នឹង​តុលាការ​ធម្មនុញ្ញ បានសម្រេច​ព្យួរ​សមាជិកសភា​របស់​លោក ភី​ថា​។​

​សារព័ត៌មាន​របស់​ថៃ Bangkok Post បានចេញ​ផ្សាយ កាលពី​ល្ងាច ថ្ងៃ​ពុធ ទី​១៩ ខែកក្កដា ឆ្នាំ​២០២៣ ថា សម្ពន្ធភាព​ចម្រុះ ចំនួន​៨​គណបក្ស ដឹកនាំ ដោយ​គណបក្ស​ឆ្ពោះទៅមុខ (Move Forward Party) ហៅ​កាត់ MFP កំពុងតែ​ស្វះស្វែង បង្កើត​រដ្ឋាភិបាល​ថ្មី​របស់​ប្រទេស​ថៃ​។ គណបក្ស​ទាំងនេះ បានសម្រេច​តែងតាំង​ជាថ្មី សម្រាប់​បេក្ខភាព​នាយករដ្ឋមន្ដ្រី ជូនទៅ​លោក ភី​ថា លីម​ចា​រឿន​រ៉ា​ត (Pita Limjaroenrat) ប្រធាន​គណបក្ស​ឆ្ពោះទៅមុខ ខណៈ​សភា​ទាំង​២ របស់​ប្រទេស​ថៃ បាន​បើកប្រជុំ​រួម នៅ​ថ្ងៃ​ពុធ សម្រាប់​ជ្រើសរើស​តំណែង​កំពូល ដឹកនាំ​ប្រទេស​។ នេះ​ជាការ​ប៉ុនប៉ង​លើក​ទី​២​របស់លោក ភី​ថា ដើម្បី​ស្នើសុំ​ការយល់ព្រម ពី​សមាជិក​រដ្ឋសភា និង ព្រឹទ្ធសភា ក្រោយពេល​គាត់​មិន​បានទទួល​សំឡេងគាំទ្រ​ភាគច្រើន តាមច្បាប់​កំណត់ យ៉ាងតិច ចំនួន​៣៧៥​សំឡេង មកពី​ក្នុងចំណោម​សមាជិកសភា​ទាំង​២​។​

​គណបក្ស​ភឿ​ថៃ បានតែងតាំង​ជាថ្មី​ដល់​លោក ភី​ថា ទៅកាន់​សភា សម្រាប់​តំណែង​នាយករដ្ឋមន្ដ្រី កាលពី​វេលា​ម៉ោង​៩ និង ៣៨​នាទី ថ្ងៃ​ពុធ ទី​១៩ ខែកក្កដា​។ ជាការ​ប្រឆាំង​តបត​នោះ គណបក្ស​រួបរួម​ជាតិ​ថៃ (United Thai Nation ហៅ​កាត់ UTN ) របស់លោក ប្រា​យុទ្ធ ចាន់​អូ​ចា (Prayut Chan-o-cha) ភ្លាមៗ​នោះ បាន​ជំទាស់​ទៅនឹង​ការតែងតាំង​បេក្ខភាព​នាយករដ្ឋមន្ដ្រី​របស់​លោក ភី​ថា​។ គណបក្ស​យោធានិយម​មួយ​នេះ បានលើកឡើង អំ​ពីបទ​ប្បញ្ញត្តិ​របស់​សភា ដោយ​ហាម​ដល់​អ្នក​បានទទួល​បរា​ជ័យ ហើយ​ត្រូវ​តែងតាំង​ជាថ្មី នៅក្នុង​សម័យប្រជុំ​សភា សម្រាប់​ការប៉ុនប៉ង​កាន់កាប់​តំណែង​កំពូល​នេះ​។ នៅក្នុង​ការការពារ​ត​បត​វិញ​នោះ សមាជិកសភា​សំខាន់ៗ​របស់​គណបក្ស MFP បានលើកឡើង អំពី​ភាពស្របច្បាប់ សម្រាប់រ​តែងតាំង​ជាថ្មី​របស់លោក ភី​ថា ។​

គណបក្ស​ឆ្ពោះទៅមុខ (MFP) បានឈ្នះ​នៅក្នុង​ការបោះឆ្នោត​សកល​របស់​ថៃ កាលពី​ថ្ងៃទី​១៤ ខែកក្កដា ដោយ​ទទួលបាន​ចំនួន​១៥១​អាសនៈ នៅក្នុង​រដ្ឋសភា ខណៈ​គណបក្ស​ភឿ​ថៃ (Pheu Thai Party) របស់​កូនស្រី​ពៅ​របស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីត​នាយករដ្ឋមន្ដ្រី​ថៃ ជា​អ្នកឈ្នះ​លំដាប់​លេខ​២ ជាមួយនឹង​ចំនួន​១៤១​អាសនៈ​។ ប៉ុន្ដែ​បន្ទាប់​ក្រោយមក គណបក្ស​ឆ្ពោះទៅមុខ បាន​ចង​សម្ពន្ធភាព ជាមួយនឹង​គណបក្សប្រឆាំង​ចំនួន​៧​ផ្សេងទៀត ដោយមាន​សមាជិកសភា​សរុប ៣១២​នាក់​។ សម្ពន្ធភាព​ទាំង​៨​គណបក្ស​នេះ មាន​គោលបំណង​ដ៏​សំខាន់ នៅក្នុង​ការបង្កើត​រដ្ឋា​ភិ​បាល​ថ្មី បន្ដ​ដឹកនាំ​ប្រទេស​ថៃ ធ្វើដំណើរ​ឆ្ពោះទៅមុខ​។​

​ស្របគ្នា​នេះ ឥស្ស​ជន​សំខាន់ៗ​របស់​គណបក្ស​ភឿ​ថៃ (Pheu Thai) បានផ្ដល់​អនុសាសន៍ ថា ការតែងតាំង​លោក ភី​ថា មិនអាច​បន្ត​ជា​រៀងរហូត​បាន​នោះឡើយ ព្រោះថា ប្រជាជន​ថៃ កំពុងតែ​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង ចំពោះ​ការបង្កើត​រដ្ឋាភិបាល​ថ្មី និង ការដោះស្រាយ​បញ្ហា​ជា​អាយុជីវិត​របស់​ជាតិ​។ គណបក្ស​ភឿ​ថៃ ក៏បាន​ប្រកាស​ផងដែរ អំពី​ការតែងតាំង​លោក ស្រេ​ថា ថា​វី​ស៊ីន (Srettha Thavisin) ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​មួយរូប​របស់​គណបក្ស​ភឿ​ថៃ ប្រសិនបើ​ករណី​របស់​លោក ភី​តា ត្រូវ​សភា​ច្រានចោល​។​

​លោក ភី​ថា លីម​ចា​រឿន​រ៉ា​ត ប្រធាន​គណបក្ស​ឆ្ពោះទៅមុខ កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ បានបញ្ជាក់ អំពី​គោលជំហរ​របស់គាត់ ថា គាត់​នឹង​បើកផ្លូវ​ឱ្យ​គណបក្ស​ភឿ​ថៃ ជា​ដៃគូ ធ្វើដំណើរ​ទៅកាន់​កាប់​តំណែង​នាយករដ្ឋមន្ដ្រី និង បង្កើត​រដ្ឋាភិបាល ប្រសិនបើ​គាត់​ទទួលបាន​សំឡេងគាំទ្រ​តិចជាង​១០​ភាគរយ នៃ​ការដែល​គាត់​បានទទួល នៅក្នុង​ការបោះឆ្នោត​ជុំ​ទី​១ សម្រាប់​តំណែង​នាយករដ្ឋមន្ត្រី កាលពី​ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ​២០២៣​។​

​តុលាការ​ធម្មនុញ្ញ បានសម្រេច​ចិត្ត លើកយក​សំណុំរឿង​ភាគហ៊ុន​របស់លោក ភី​ថា នៅក្នុង​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ iTV ដែល​លែង​ដំណើរ ជា​យូរ​មកហើយ មក​ពិនិត្យ ក្រោយពេល​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​រប​ស់​ប្រទេស​ថៃ បាន​ប្ដឹង​ទៅកាន់​ស្ថាប័ន​មួយ​នេះ ដើម្បី​សម្រេច អំពី​សិទ្ធិ​ជា​សមាជិកសភា​របស់គាត់ ពាក់ព័ន្ធ​នឹង​ចោទប្រកាន់ អំពី​ការរំលោភបំពាន​មកលើ​ច្បាប់បោះឆ្នោត​។ នៅ​ទីបំផុត តុលាការ​ធម្មនុញ្ញ​ថៃ កាលពី​ថ្ងៃ​ពុធ ក៏បាន​សម្រេច​ព្យួរ​ជា​បណ្ដោះអាសន្ន សម្រាប់​សមាជិកសភារ​ប​ស់លោក ភី​ថា​។ សកម្មភាព​បែបនេះ បានធ្វើ​ឡើង នៅ​ថ្ងៃ​តែមួយ ខណៈ​សភា​បាន​បដិសេធ​នូវ​ការតែងតាំង​បេក្ខភាព​នាយករដ្ឋមន្ដ្រី​ជាថ្មី​របស់លោក ភី​ថា ៕​