គ្រាន់​តែ​ក្មេងស្រី​ស្លៀកពាក់​សោះ ប៉ូលិស​សីលធម៌​អ៊ីរ៉ង់ ធ្វើ​ឲ្យ​ផ្ទុះ​កុបកម្ម មនុស្ស​ជិត​៥០០​នាក់​ស្ល-ា-ប់

ព័ត៌មានអន្តរជាតិ
0
87


​រដ្ឋធានី​តេ​អ៊ីរ៉ង់​៖ រហូតមកដល់​ពេលនេះ ប្រទេស​អ៊ីរ៉ង់ បាន​ញាំញី​ទៅដោយ​រលក​បាតុកម្ម​ពាសពេញ​ប្រទេស រហូត​ឈានដល់​ការបង្ក្រាប​យ៉ាង​ឃោរឃៅ ដោយ​ក្រុម​សន្ដិសុខ ដែល​បានសម្លាប់​មនុស្ស ប្រហែល​ជិត​៥០០​នាក់ ក្រោយ​ការចាប់​ក្មេងស្រី អាយុ​២២​ឆ្នាំ នាំទៅ​ឃុំខ្លួន ហើយ​ស្លាប់​នៅក្នុង​ពន្ធនាគារ ពាក់ព័ន្ធ​នឹង​ការ​ស្លៀកពាក់​របស់​នាង ប៉ុន្ដែ​ឥឡូវនេះ រដ្ឋាភិបាល​ក្រុង​តេ​អ៊ីរ៉ង់ បានសម្រេច​លុបចោល​ស្ថាប័ន​ប៉ូលិស​សីលធម៌​នេះ​។​

​សារព័ត៌មាន Channel News Asia បានចេញ​ផ្សាយ កាលពី​ថ្ងៃអាទិត្យ ទី​៤ ខែធ្នូ ថា ការស្លាប់​របស់​ក្មេងស្រី ម៉ះ​សា អា​មី​នី (Mahsa Amini) អាយុ​២២​ឆ្នាំ នៅក្នុង​ពន្ធនាគារ ជុំវិញ​ការចោទប្រកាន់ អំពី​ការរំលោភបំពាន​លើ​ច្បាប់​រឹតបន្ដឹង ពី​ក្រមសីលធម៌​សម្លៀកបំពាក់​របស់​ស្ដ្រី នៅក្នុង​ប្រទេស​អ៊ីរ៉ង់ បាន​ជំរុញ​ឲ្យ​មាន​រលក​បាតុកម្ម​យ៉ាង​ធំ ពាសពេញ​ប្រទេស នៅក្នុង​រយៈពេល​ប៉ុន្មាន​ខែ​កន្លងមកនេះ​។​

​សកម្មភាព​តវ៉ា​ដឹកនាំ ដោយ​ក្រុម​ស្ដ្រី ត្រូវបាន​អាជ្ញាធរ​តេ​អ៊ីរ៉ង់ ចាត់ទុកជា​កុបកម្ម កំពុងតែ​អង្រួន​ប្រទេស​អ៊ីរ៉ង់ ឲ្យ​ស្ថិតក្នុង​ស្ថានភាព​វឹកវ​រ ចាប់តាំងពី​ក្មេងស្រី​អ៊ីរ៉ង់ ដើមកំណើត​ឃឺ​ដ (Kurd) ម្នាក់ អាយុ​២២​ឆ្នាំ បាន​ស្លាប់ កាលពី​ថ្ងៃទី​១៦ ខែកញ្ញា រហូតមក​។ ការស្លាប់​របស់​នាង បានកើត​ឡើង ត្រឹមតែ​រយៈពេល​៣​ថ្ងៃ ក្រោយពេល​ប៉ូលិស​សីលធម៌​របស់​ទីក្រុង​តេ​អ៊ីរ៉ង់ បាន​ចាប់​នាង​នាំទៅ​ឃុំខ្លួន ពាក់ព័ន្ធ​នឹង​ការ​ស្លៀកពាក់​របស់​នាង​។​

​ក្រុមបាតុករ បាន​ផ្ទុះ​កំហឹង​យ៉ាងខ្លាំង ហើយ​នាំគ្នា​ដុតបំផ្លាញ​ហា​ចាប (Hijab ក្រណាត់​គ្រប​ក្បាល​តាម​សាសនា​អ៊ិ​ស្លាម​) ដែលជា​កាតព្វកិច្ច​រប​ស់​ពួកគេ និង បាន​ស្រែក​ពាក្យស្លោក​ប្រឆាំងនឹង​រដ្ឋាភិបាល​។ ជាមួយគ្នានេះ ស្ត្រី​កាន់តែ​ច្រើនឡើងៗ បាន​បដិសេធ​មិន​ព្រម​ពាក់ Hijab នេះ ជាពិសេស នៅតាម​តំបន់​មួយចំនួន នៃ​ទីក្រុង​តេ​អ៊ីរ៉ង់ (Tehran)​។

​ការលុបចោល​ប៉ូលិស​សីលធម៌​នេះ បានបង្ហាញ អំពី​សម្បទាន​ដ៏​កម្រ​មួយ សម្រាប់​ចលនា​តវ៉ា ហើយ​អាជ្ញាធរ​ក៏បាន​ទទួលស្គាល់​ផងដែរ​នូវ​ឥទ្ធិពល នៃ​វិបត្តិ​សេដ្ឋកិច្ច ដោយសារ​ការដាក់ទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក​។​

​លោក សេ​យ​យេ​ដ ណេ​ហ្សា​ម៉ូ​ល​ឌី​ន មូ​សា​វី (Seyyed Nezamoldin Mousavi) អ្នកនាំពាក្យ​រដ្ឋសភា​អ៊ីរ៉ង់ បានបញ្ជាក់ ថា «​មធ្យោបាយ​ដ៏​ល្អ​បំផុត សម្រាប់​ការដោះស្រាយ​បញ្ហា​ប្រឈមមុខ​នឹង​កុប​កម្មនេះ គឺ ... ការយកចិត្តទុកដាក់ លើ​ការទាមទារ​ពិតប្រាកដ​របស់​ប្រជាជន​»​។​

​លោក ម៉ូ​ហាម​ម៉ាត់ ចា​ហ្វារ មុន​តា​ហ្សេ​រី (Mohammad Jafa Montazeri) ប្រធាន​តុលាការ​កំពូល​អ៊ីរ៉ង់ ត្រូវបាន​ទីភ្នាក់ងារសារព័ត៌មាន ISNA ដកស្រង់​សម្ដី​យកមក​ចុះផ្សាយ ថា «​ប៉ូលិស​សីលធម៌ មិនមាន​អ្វី​ត្រូវធ្វើ ពាក់ព័ន្ធ​នឹង​ប្រព័ន្ធតុលាការ​នោះឡើយ​។ ដូច្នេះ​ស្ថាប័ន​មួយ​នេះ ត្រូវតែ​លុបចោល​»​។​

​ចាប់តាំងពី​ប​ដិ​វត្ដ​ន៍​អ៊ិ​ស្លាម នា​ឆ្នាំ​១៩៧៩ ដោយបាន​ផ្ដួលរំលំ​របបរាជានិយម​គាំទ្រ​ដោយ​សហរដ្ឋអាមេរិក​នោះមក អាជ្ញាធរ​អ៊ីរ៉ង់ បាន​ត្រួតពិនិត្យ​ការប្រកាន់​យ៉ាង​តឹងរឹង​បំផុត តាម​ក្រមសីលធម៌​សម្លៀកបំពាក់​ដ៏​តឹងរ៉ឹង ទាំង​សម្រាប់​ស្ត្រី និង បុរស​។ ប៉ុន្តែ​ក្រោម​ការដឹកនាំ​របស់​ប្រធានាធិបតី លោក ម៉ះ​មូ​ដ អះ​ម៉ា​ឌី​ណេ​ចា​ដ (Mahmoud Ahmadinejad) គឺ​ប៉ូលិស​សីលធម៌ ដែល​ត្រូវបាន​គេ​ស្គាល់​ជា​ផ្លូវការ ត្រូវបាន​បង្កើតឡើង ដើម្បី​«​ផ្សព្វផ្សាយ​វប្បធម៌​សុភាពរាបសារ និង ហ៊ី​ចាប​»​។

​សម្លៀកបំពាក់ ត្រូវបាន​កំណត់ឡើង ដោយ​ឧត្ដមក្រុមប្រឹក្សា​ប​ដិ​វត្ដ​ន៍​វប្បធម៌ ហើយ​បច្ចុប្បន្ន​ដឹកនាំ ដោយ​លោក អេ​ប្រា​ហ៊ីម រ៉ៃ​ស៊ី (Ebrahim Raisi) ប្រធានាធិបតី​អ៊ីរ៉ង់​។​

​ប៉ូលិស​សីលធម៌​អ៊ីរ៉ង់ បានចាប់ផ្តើម​ល្បាត នៅក្នុង​ឆ្នាំ​២០០៦ ដើម្បី​អនុវត្ត​ច្បាប់​សម្លៀកបំពាក់​ដោយ​តម្រូវឱ្យ​ស្ត្រី ត្រូវតែ​ស្លៀក​សម្លៀកបំពាក់​វែង និង ហាម​ស្លៀក​ខោខ្លី ខោ​ខូវប៊យ​រហែក ព្រមទាំង​សម្លៀកបំពាក់​ផ្សេងៗ​ទៀត តាមបែប​បស្ចិមប្រទេស​។ ការ​ស្លៀកពាក់​ផ្ទុយ​ពី​ការកំណត់ ត្រូវ​ចាត់ទុក​ជាការ​ល្មើសច្បាប់​។​

​ប្រធានាធិបតី​អ៊ីរ៉ង់ លោក Ebrahim Raisi បាន​ថ្លែង​តាម​បណ្ដាញ​ទូរទស្សន៍ កាលពី​ថ្ងៃ​សៅរ៍ ថា ការបង្កើត​សាធារណរដ្ឋ​អ៊ិ​ស្លាម​របស់​អ៊ីរ៉ង់ ត្រូវបាន​ពង្រឹង ដោយ​រដ្ឋធម្មនុញ្ញ «​ប៉ុន្តែ​មាន​វិធីសាស្ត្រ នៃ​ការអនុវត្ត​រដ្ឋធម្មនុញ្ញ អាច​បត់បែន​បាន​»​។​

​ស្បៃ​គ្រប​ក្បាល Hijab បាន​ក្លាយជា​កាតព្វកិច្ច​របស់​ស្ដ្រី​អ៊ីរ៉ង់ ត្រូវតែ​ពាក់ នៅ​ឆ្នាំ​១៩៨៣​។ កាលពី​១៥​ឆ្នាំមុន មន្ត្រីប៉ូលិស​សីលធម៌ មុនដំបូង បានចេញ​ការព្រមាន មុនពេល​ចាប់ផ្តើម​បង្ក្រាប និង ចាប់ខ្លួន​ស្ត្រី​ណា ដែល​មិន​អនុវត្ដ​តាម​។​

​មេបញ្ជាការ​កងទ័ព​អ៊ីរ៉ង់ បានបញ្ជាក់ នៅ​ថ្ងៃ​ចន្ទ ទី​៥ ខែធ្នូ ថា មាន​មនុស្ស ជាង​៣០០​នាក់ ត្រូវបាន​សម្លាប់ នៅក្នុង​ភាពវឹកវរ​នេះ ដោយ​រួមទាំង​កម្លាំង​សន្ដិសុខ​រាប់សិប​នាក់​ផងដែរ​។​

ដោយឡែក អង្គការ​មិនមែន​រដ្ឋាភិបាល មាន​មូលដ្ឋាន​ទីក្រុង​អូ​ស្លូ ប្រទេស​ន័​រ​វ៉ែ​ស ទទួលបន្ទុក​សិទ្ធិមនុស្ស នៅ​អ៊ីរ៉ង់ បានបញ្ជាក់ កាលពី​សប្ដាហ៍​មុន ថា មាន​មនុស្ស​យ៉ាងតិច ៤៤៨​នាក់ ត្រូវបាន​ក្រុម​សន្ដិសុខ​សម្លាប់ ហើយ​រាប់ពាន់នាក់​ផ្សេងទៀត ត្រូវបាន​ចាប់ខ្លួន នៅក្នុង​ការតវ៉ា​ពាសពេញ​ប្រទេស​អ៊ីរ៉ង់ នៅក្នុង​រយៈពេល​ប៉ុន្មាន​ខែ​មកនេះ​៕​