​អ៊ុយ​ក្រែ​ន ឆ្លង​ព្រំដែន​រាប់រយ​គីឡូម៉ែត្រ វាយប្រហារ​ដល់​មូលដ្ឋាន​ទ័ពអាកាស​រុស្ស៊ី ចំនួន​២​កន្លែង​ផ្សេងគ្នា នៅ​កណ្ដាល​ប្រទេស​

ព័ត៌មានអន្តរជាតិ
0
168


​រដ្ឋធានី​មូ​ស្គូ​៖ រហូតមកដល់​ពេលនេះ ក្រុង​មូ​ស្គូ បាន​ចោទប្រកាន់​កងទ័ព​អ៊ុយ​ក្រែ​ន បាន​ឆ្លងកាត់​ព្រំដែន មាន​ចម្ងាយ​រាប់រយ​គីឡូម៉ែត្រ វាយប្រហារ​ទៅលើ​មូលដ្ឋាន​កងទ័ពអាកាស​យុទ្ធសាស្ដ្រ​របស់​រុស្ស៊ី ចំនួន​២​កន្លែង​ផ្សេងគ្នា នៅ​កណ្ដាល​ប្រទេស ធ្វើ​ឲ្យ​ខូចខាត​ដល់​យន្ដហោះ​ទម្លាក់​គ្រាប់បែក ចំនួន​២​គ្រឿង​។​
​សារព័ត៌មាន Politico បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​អង្គារ ទី​៦ ខែធ្នូ ថា អាកាសយានដ្ឋាន​របស់​រុស្ស៊ី ចំនួន​២​កន្លែង ដែល​ប្រើប្រាស់ សម្រាប់​ការវាយប្រហារ នៅក្នុង​សង្គ្រាម​អ៊ុយ​ក្រែ​ន ក៏មាន​សេចក្ដីរាយការណ៍ អំពី​ការវាយប្រហារ​។​
​លោក អេ​ន​តូ ហ្គេ​រ៉ា​ស​ឆែ​ន​កូ (Anton Gerashchenko) ទីប្រឹក្សា ក្រសួងមហាផ្ទៃ​អ៊ុយ​ក្រែ​ន បានបញ្ជាក់ ថា រុស្ស៊ី បាន​ប្រើប្រាស​មូលដ្ឋាន​ទ័ពអាកាស​ទាំងនេះ សម្រាប់​ការវាយប្រហារ ដោយ​មី​ស៊ី​ល ប្រឆាំងនឹង​អ៊ុយ​ក្រែ​ន ចាប់តាំងពី​ការចាប់ផ្ដើម​សង្គ្រាម​ទ្រង់ទ្រាយ​ធំ កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ រហូតមក​។​
​ក្រុង​មូ​ស្គូ បានបញ្ជាក់ កាលពី​ថ្ងៃ​ចន្ទ ថា ប្រព័ន្ធ​ការពារ​ដែនអាកាស​រប​ស់​រុស្ស៊ី បាន​ស្ទាក់ចាប់​យន្ដហោះ​គ្មាន​មនុស្ស​បើក ឬ ដ្រូ​ន របស់​អ៊ុយ​ក្រែ​ន នៅលើ​អាកាសយានដ្ឋាន​យោធា ចំនួន​២​កន្លែង ស្ថិតនៅលើ​ទឹកដី​រុស្ស៊ី ដែលមាន​ចម្ងាយ រាប់រយ​គីឡូម៉ែត្រ ពី​ព្រំដែន រវាង​ប្រទេស​ទាំង​២​។​

​ក្រសួងការពារជាតិ​រុស្ស៊ី បានបញ្ជាក់ នៅក្នុង​សេចក្ដីថ្លែងការណ៍​មួយ ថា កម្ទេចកម្ទី នៃ​ដ្រូ​ន ចំនួន​២​គ្រឿង ដែល​ខូចខាត​តិចតួច បាន​ធ្លាក់​មកលើ​ដី​។ ចំណែក​ទីភ្នាក់ងារ​រុស្ស៊ី ចំនួន​៣ បាន​បាត់​បង់ជីវិត និង ៤​នាក់​ផ្សេងទៀត បាន​រងរបួស នៅក្នុង​ឧបទ្ទវហេតុ វាយប្រហារ​ទៅលើ​អាកាសយានដ្ឋាន​យោធា ឌី​យ៉ា​ហ្គី​ឡែ​វ៉ូ (Dyagilevo) នៅ​ជិត​ទីក្រុង Ryanzan និង អាកាសយានដ្ឋាន​យោធា អេ​ន​ហ្គែ​លស៍ (Engels) នៅ​តំបន់​សា​រ៉ា​តូ​វ (Saratov) ដែលមាន​ចម្ងាយ​ប្រហែល ៧៥០​គីឡូម៉ែត្រ ពី​រដ្ឋធានី​មូ​ស្គូ​។​

​យន្ដហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ដ្រ​ហោះហើរ រយៈ​ចម្ងាយ​ឆ្ងាយ ដូចជា ប្រភេទ Tu-160 និង Tu-95 ត្រូវគេ​ជឿ ថា ស្ថិតក្នុង​មូលដ្ឋាន​កងទ័ពអាកាស ឌី​យ៉ា​ហ្គី​ឡែ​វ៉ូ (Dyagilevo) និង Engels ។ អាកាសយានដ្ឋាន​យោធា​ទាំង​២​នេះ ត្រូវបាន​គេ​រាយការណ៍ ថា បាន​ផ្ទុះ​យ៉ាងខ្លាំង ទាំង​ព្រឹក​ព្រលឹម​តែម្ដង ប៉ុន្ដែ​មិនមាន​សេចក្ដីរាយការណ៍​ភ្លាមៗ អំពី​ការខូចខាត​យន្ដហោះ​ទម្លាក់​គ្រាប់បែក​របស់​រុស្ស៊ី ទាំង​នោះឡើយ​។​

​ត្រឹមតែ​រយៈពេល​ប៉ុន្មាន​ម៉ោង ក្រោយ​ការវាយប្រហារ​ទៅលើ​អាកាសយានដ្ឋាន​យោធា នៅក្នុង​ប្រទេស​រុស្ស៊ី នោះមក ក្រុង​មូ​ស្គូ បាន​បាញ់ស្រោច​គ្រាប់​មី​ស៊ី​ល ទៅលើ​គោលដៅ​នានា នៅ​ពាសពេញ ប្រទេស​អ៊ុយ​ក្រែ​ន​។ ប៉ុន្ដែ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក វ៉ូ​ឡូ​ឌី​មៀរ ហ្សេ​ឡែ​ន​ស្គី បាន​អះអាង ថា ប្រព័ន្ធ​ការពារ​ដែនអាកាស​រប​ស់​ក្រុង​កៀវ បាន​បាញ់​ទម្លាក់ ស្ទើរតែ​ទាំងអស់​។​

​ទោះជា​យ៉ាងណា ក្រុមមន្ដ្រី​រដ្ឋាភិបាល​ក្រុង​កៀវ មិនបាន​ធ្វើការ​អត្ថាធិប្បាយ ជា​ផ្លូវការ​ណាមួយ ជុំវិញ​ការវាយប្រហារ​ទៅលើ​មូលដ្ឋាន​ទ័ពអាកាស​រប​ស់​ក្រុង​មូ​ស្គូ ស្ថិតក្នុង​ប្រទេស​រុស្ស៊ី ដែលមាន​ចម្ងាយ​រាប់រយ​គីឡូម៉ែត្រ ពី​ព្រំដែន​ជាប់​ជាមួយនឹង​អ៊ុយ​ក្រែ​ន នោះឡើយ​។ ប៉ុន្ដែ​កងទ័ពអាកាស​របស់​អ៊ុយ​ក្រែ​ន គ្រាន់តែ​សរសេរ នៅលើ​បណ្ដាញ​សង្គម​ធ្វី​ធើរ ថា «​តើ​មាន​អ្វី​កើតឡើង​?» ដោយ​រួម​ជាមួយនឹង​រូប Emoji និង រូបភាព​ពីអ្វី​ដែល​មើល​ទៅ​ដូចជា​យន្ដហោះ​ទម្លាក់​គ្រាប់បែក រង​នូវ​ការខូចខាត​យ៉ាងដំណំ​។​

​ក្រុង​មូ​ស្គូ បាន​ចោទប្រកាន់​អ៊ុយ​ក្រែ​ន ថា បាន​វាយលុក​ចូលទៅក្នុង​ទឹកដី​របស់ខ្លួន លើសពី​ពេលមុន​។ ការវាយប្រហារ​នេះ បាន​ចូល​យ៉ាងជ្រៅ​ទៅក្នុង​ប្រទេស​រុស្ស៊ី ដោយ​ចម្ងាយ​ឆ្ងាយ​ជាង​ការវាយប្រហារ នាពេល​មុនៗ ហើយក៏​ជា​លើកដំបូង​ផងដែរ​។​

​ដោយឡែក លោក ស្ដែ​វ រ៉ូ​សេន​ប៊ឺ​ក (Steve Rosenberg) និពន្ធ​នាយក​ជា​ភាសា​រុស្ស៊ី​របស់ BBC បាន​និយាយថា ការវាយប្រហារ​របស់​អ៊ុយ​ក្រែ​ន ទៅ​ចូល​ជ្រៅ ទៅក្នុង​ប្រទេស​រុស្ស៊ី នឹងធ្វើ​ឱ្យ​វិមាន​ក្រឹម​ឡាំង កាន់តែ​អាម៉ាស់​ខ្លាំង​ឡើង​បន្ថែមទៀត​។​

​ទោះជា​យ៉ាងណា លោក មី​ខៃ​ឡូ ប៉ូ​ដូ​ល​យ៉ាក់ (Mykhylo Podolyak) ទីប្រឹក្សា ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ហាក់ដូចជា​និយាយ​សំដៅ ទៅលើ​ឧបទ្ទវហេតុ ដែល​បាន​រាយការណ៍ នៅក្នុង​បណ្ដាញ​សង្គម Tweet ដោយ​សរសេរ ថា «​ប្រសិនបើ​អ្វីមួយ​ត្រូវបាន​បាញ់​ចូលទៅក្នុង​ដែនអាកាស​របស់​ប្រទេស​ផ្សេង មិនយូរ មិនឆាប់ វត្ថុ​ហោះហើរ​ដែល​គេ​មិន​ស្គាល់ នឹង​ត្រឡប់​ទៅ​ចំណុច​ចេញដំណើរ​វិញ​»​។​

​ដោយឡែក រូបភាព​ពី​ផ្កាយរណប បាន​ថត កាលពី​ថ្ងៃអាទិត្យ បង្ហាញ​ពី​កង​យន្ដហោះ​ទម្លាក់​គ្រាប់បែក​ធុន​ធ្ងន់​របស់​រុស្ស៊ី មាន​ចំនួន​យ៉ាងច្រើន កំពុងតែ​ស្ថិតក្នុង​មូលដ្ឋាន​កងទ័ពអាកាស Engels តំបន់​សា​រ៉ា​តូ​វ ។ រូបភាព​នោះ បានបង្ហាញ ពី​យន្ដហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ដ្រ​របស់​រុស្ស៊ី ជាច្រើន​គ្រឿង រួមមាន ប្រភេទ Tu-160 និង Tu-95 មាន​សមត្ថភាព​អាច​បាញ់​មី​ស៊ី​ល​គ្រូ​ស ដែលជា​អាវុធ​ប្រើប្រាស់ វាយប្រហារ នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។​

​មូលដ្ឋាន​កងទ័ពអាកាស​សា​គី (Saky) របស់​កងទ័ពជើងទឹក​រុស្ស៊ី ប្រចាំ​សមុទ្រ​ខ្មៅ នៅ​ភាគ​ខាងលិច​ឧ​ប​ទ្វី​គ្រី​មៀ (Crimea) និង មូលដ្ឋាន​យោធា​មួយកន្លែង​ទៀត នៅ​ភាគ​ខាងជើង​ឧបទ្វីប​នេះ ដែល​ក្រុង​មូ​ស្គូ បាន​រឹបអូស​ពី​អ៊ុយ​ក្រែ​ន កាលពី​អំឡុង​ឆ្នាំ​២០១៤ បាន​រង​ការ​បំផ្ទុះ កាលពីដើម​ខែសីហា​កន្ល​ង​ទៅ ដោយបាន​បំផ្លាញ​យន្ដហោះ​ចម្បាំង អស់​ជាច្រើន​គ្រឿង និង ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​អាកាសយានដ្ឋាន​។
​ទោះជា​យ៉ាងណា ក្រោយ​ការវាយប្រហារ​ភា្ល​មៗ​នោះ អ៊ុយ​ក្រែ​ន មិនបាន​ធ្វើ​ដឹងឮ ឬ​ធ្វើ​អត្ថាធិប្បាយ​អ្វី​ឡើយ​។ លុះ​ក្រោយមក ទើប​ក្រុង​កៀវ បានប្រកាស​ទទួលស្គាល់ អំពី​សកម្មភាព​របស់​ខ្លួន​។ ចំណែក​ការ​បំផ្ទុះ នៅក្នុង​ព្រលានយន្ដហោះ​យោធា​របស់​រុស្ស៊ី ចំនួន​២​កន្លែង​ផ្សេងគ្នា ចុងក្រោយ​នេះ នឹងធ្វើ​ឲ្យ​គេ​នឹក​ស្រមៃ ថា អាចជា​សកម្មភាព​រប​ស់​ក្រុង​កៀវ​៕