
រដ្ឋធានីកៀវ៖ ស្របពេលសង្គ្រាមបានឈានចូលសប្ដាហ៍ទី៤១នោះ កម្លាំងទាហានរបស់ក្រុងមូស្គូ កំពុងតែបង្កើនការទម្លាក់គ្រាប់បែកយ៉ាងខ្លាំង ទៅលើប្រទេសអ៊ុយក្រែន ហើយកងទ័ពការពារទឹកដីរបស់ក្រុងកៀវ ក៏បានវាយប្រហារ ដោយយន្ដហោះគ្មានមនុស្សបើក ឬ ដ្រូន ចូលជ្រៅទៅលើទឹកដីរបស់រុស្ស៊ី ខណៈសម្ពន្ធមិត្តបស្ចិមលោក បានបង្កើនការដាក់ទណ្ឌកម្ម ហ៊ុមព័ទ្ធសេដ្ឋកិច្ចរបស់រុស្ស៊ី ប៉ុន្ដែរហូតមកដល់ពេលនេះ នៅមិនទាន់មានភាគីណាមួយ បង្ហាញ អំពីការត្រៀមខ្លួន សម្រាប់ការចូលតុចរចា បញ្ចប់ជម្លោះនេះឡើយ។
សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី៩ ខែធ្នូ ថា កម្លាំងទាហានរុស្ស៊ី និង កងទ័ពការពារទឹកដីរបស់អ៊ុយក្រែន បានប្រយុទ្ធគ្នាយ៉ាងសាហាវ នៅភាគខាងកើត ប្រទេសអឺរ៉ុបខាងកើតមួយនេះ ដោយគ្មានការប្រែប្រួលស្ថានភាពសង្គ្រាម នៅក្នុងសប្ដាហ៍កន្លងមក ខណៈសង្គ្រាមឈានដល់សប្ដាហ៍ទី៤១។ ប៉ុន្ដែនៅក្នុងសប្ដាហ៍នេះ អ៊ុយក្រែន បានវាយលុកយ៉ាងជ្រៅបំផុត ជាលើកដំបូងរបស់ខ្លួន នៅលើទឹកដីរបស់រុស្ស៊ី ដោយប្រើប្រាស់ដ្រូន ដែលគេសង្ស័យ ថា ជាប្រភេទដ្រូន Tu-141 ផលិតនៅក្នុងសម័យសហភាពសូវៀត។ ស្របគ្នានេះ សម្ពន្ធមិត្តបស្ចិមលោក ក៏បានហ៊ុមព័ទ្ធសេដ្ឋកិច្ចរបស់រុស្ស៊ី បន្ថែមទៀត។
ការវាយប្រហារដោយដ្រូន កាលពីព្រឹក ថ្ងៃចន្ទ ប្រឆាំងនឹងមូលដ្ឋានកងទ័ពអាកាសឌីយ៉ាហ្គីឡែវ៉ូ (Dyagilevo) មានចម្ងាយត្រឹមតែ៣គីឡូម៉ែត្រ នាភាគខាងលិច ទីក្រុងរីយ៉ាហ្សាន់ (Ryazan) មានចម្ងាយ ប្រហែល២០០គីឡូម៉ែត្រ ពីរដ្ឋធានីមូស្គូ និង ការវាយប្រហារ ប្រឆាំងនឹងមូលដ្ឋានកងទ័ពអាកាសអេហ្គែលស៍ (Engels) ស្ថិតក្នុងតំបន់សារ៉ាតូវ (Saratov) មានចម្ងាយ ប្រហែល៥០០ម៉ៃល៍ ឬស្មើនឹងប្រហែល៨០០គីឡូម៉ែត្រ ពីរដ្ឋធានីរបស់ប្រទេសរុស្ស៊ី បានធ្វើឲ្យក្រុងមូស្គូ ខឹងសម្បាយ៉ាងខ្លាំង ហើយបាញ់មីស៊ីល ចំនួន៧០គ្រាប់បន្ថែមទៀត ស្រោចទៅលើទីក្រុងនានារបស់អ៊ុយក្រែន រួមមាន រដ្ឋធានីកៀវ (Kyiv) ទីក្រុងវីនីតស៊ៀ (Vinnytsia) និង ទីក្រុងអូដេសា (Odesa)។ ការវាយប្រហារ ដោយមីស៊ីលទាំងនេះ បានធ្វើឲ្យខូចខាត ដល់ហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន យ៉ាងដំណំ ដោយរួមទាំងការវាយប្រហារ កាលពីពេលមុនផងដែរ។ ប៉ុន្ដែក្រុមមន្ដ្រីអ៊ុយក្រែន បានអះអាង ថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន បានបាញ់ទម្លាក់ ចំនួន៦០គ្រាប់ នៅក្នុងចំណោមមីស៊ីលទាំង៧០គ្រាប់នោះ។
ក្រុងមូស្គូ បានអះអាង ថា ការវាយប្រហារនេះ ក៏ជាការសងសឹកដល់ក្រុងកៀវ បានប្រើប្រាស់ដ្រូន វាយប្រហារប្រឆាំងនឹងមូលដ្ឋានកងទ័ពអាកាសរបស់ខ្លួន ចំនួន២កន្លែងផ្សេងគ្នា រួមមាន មូលដ្ឋាន Engels នៅតាមដងទន្លវ៉ូលហ្កា (Volga) និង នៅ Dyagilevo នៅជិតទីក្រុង Ryazan ។ មូលដ្ឋានកងទ័ពអាកាសទាំងនេះ មានចម្ងាយប្រហែល៧០០គីឡូម៉ែត្រ និង ៦០០គីឡូម៉ែត្រ ពីព្រំដែន រវាងរុស្ស៊ី និង អ៊ុយក្រែន។ មូលដ្ឋានកងទ័ពទាំងនោះ មានផ្ទុកយន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ដ្រ ប្រភេទ Tu-160 និង Tu-95 មានសមត្ថភាពផ្ទុកមីស៊ីលបំពាក់ក្បាលគ្រាប់បែកនុយក្លេអ៊ែរ អាចហោះហើរ វាយប្រហារទៅលើគោលដៅ មានចម្ងាយឆ្ងាយ។
រូបភព ត្រូវបានបង្ហោះ នៅលើបណ្ដាញសង្គម បានលើកឡើង ថា អ៊ុយក្រែន បានប្រើប្រាស់ដ្រូនឈ្លបយកការណ៍ ប្រភេទ Tu-141 (ទូ-១៤១) ផលិតសម័យសូវៀត ហោះហើរយ៉ាងលឿន អាចមានសមត្ថភាព វាយប្រហារទៅលើគោលដៅ មានចម្ងាយ រហូតដល់ ១ ០០០គីឡូម៉ែត្រ ហើយអាចហោះឆ្លងផុត ពីប្រព័ន្ធការពាររបស់រុស្ស៊ី ថែមទៀតផង។
លោកឧត្ដមសេនីយ៍ មីក រីយ៉ាន់ (Mick Ryan) មេទ័ពអូស្ដ្រាលី ដែលចូលនិវត្ដន៍ បានសរសេរ ថា «កងទ័ពការពារទឹកដីរបស់ក្រុងកៀវ បានសម្រេចចិត្ត ធ្វើឲ្យមានការប្រែប្រួល ដល់ការគណនារបស់លោកឧត្ដមសេនីយ៍ ស៊ើរហ្គេ ស៊ូរ៉ូវីគីន (Sergei Surovikin) មេទ័ពកំពូលរបស់ទាហានរុស្ស៊ី ទទួលបន្ទុកសង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន។ ការវាយប្រហារ ប្រឆាំងនឹងមូលដ្ឋានកងទ័ពអាកាសយុទ្ធសាស្ដ្ររបស់រុស្ស៊ី ទាំង៣កន្លែងនោះ ក៏ជាយុទ្ធសាស្ដ្រមួយ ដែលអ៊ុយក្រែន ចង់បង្ហាញ ថា ទាហានរុស្ស៊ី មិនមានភាពស្មើគ្នា ទៅនឹងការបាញ់ផ្លោង ដោយមីស៊ីល ចម្ងាយឆ្ងាយរបស់ពួកគេ ស្របពេលពួកគេគិត ថា មានតែពួកគេទើបមានលទ្ធភាព វាយប្រហារដល់គោលដៅឆ្ងាយៗបាន»។
នៅក្នុងការហៅតាមទូរស័ព្ទ រយៈពេល១ម៉ោង កាលពីថ្ងៃទី២ ខែធ្នូ នោះ លោក អូឡាហ្វ សូលស៍ (Olaf Scholz) អធិការបតីអាល្លឺម៉ង់ បានប្រាប់ដល់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ថា ការវាយប្រហារប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នៅក្នុងប្រទេសអ៊ុយក្រែន ត្រូវតែបញ្ឈប់។ ប៉ុន្ដែមេដឹកនាំវិមានក្រឹមឡាំង គ្រាន់តែប្រាប់ ថា រុស្ស៊ី នឹងឆ្លើយតបវិញ ដោយជៀសមិនរួច ចំពោះការវាយប្រហារបង្កហេតុ ពីអ៊ុយក្រែន។
ដោយឡែក លោកស្រី អាវរីល ហេន (Avril Haines) ប្រធានចារកម្មជាតិសហរដ្ឋអាមេរិក បានបញ្ជាក់ កាលពីថ្ងៃសៅរ៍ ទី៣ ខែធ្នូ ថា កងទ័ពការពារទឹកដីអ៊ុយក្រែន បានរុលទៅមុខយឺត សម្រាប់សង្គ្រាមរយៈពេលប៉ុន្មានខែកន្លងមកនេះ។
លោកស្រី Haines បានប្រាប់ដល់វេទិកាការពារជាតិប្រចាំឆ្នាំ Reagan នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ថា «យើងកំពុងតែមើលឃើញជម្លោះនេះ បានកាត់បន្ថយរួចមកហើយ ...យើងរំពឹង ថា ជម្លោះនេះ ទំនងជាយើងនឹងអាចមើលឃើញពីអ្វីដែលនឹងកើតឡើង នៅក្នុងប៉ុន្មានខែខាងមុខ។ ខ្ញុំគិត ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កំពុងតែបញ្ជូនដំណឹង កាន់តែច្រើនឡើង អំពីបញ្ហានានា ដែលយោធា ប្រឈមមុខ នៅក្នុងប្រទេសរុស្ស៊ី»។
ដោយឡែក ប្រធានាធិបតីរុស្ស៊ី កាលពីថ្ងៃពុធ បានថ្លែងទៅកាន់កិច្ចប្រជុំប្រចាំឆ្នាំ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់រុស្ស៊ី ដោយទទួលស្គាល់ ថា «សង្គ្រាម នៅអ៊ុយក្រែន តាមអ្វីដែលគាត់ហៅ ជាប្រតិបត្ដិការយោធាពិសេសនោះ អាចនឹងបន្ដអូសបន្លាយ រយៈពេលយូរ»៕