ម្ដងនេះ អ៊ុយ​ក្រែ​ន បង្កើត​ដ្រូ​ន​ដោយ​ខ្លួនឯង ដើម្បី​វាយ​បណ្ដេញ​រុស្ស៊ី ចេញពី​ប្រទេស​

ព័ត៌មានអន្តរជាតិ
0
199


​រដ្ឋធានី​កៀវ​៖ កងទ័ព​ការពារ​ទឹកដី​របស់​ក្រុង​កៀវ កាលពីដើម​សប្ដាហ៍​មុន បាន​កែលម្អ​យន្ដហោះ​គ្មាន​មនុស្ស​បើក ឬ ដ្រូ​ន ផលិត​ដោយ​អតីត​សហភាពសូវៀត ប្រភេទ Tu-141 វាយប្រហារ ប្រឆាំងនឹង​មូលដ្ឋាន​កងទ័ពអាកាស​របស់​រុស្ស៊ី ចំនួន​៣​កន្លែង​ផ្សេងគ្នា ចូល​ជ្រៅ​ទៅក្នុង​ប្រទេស ធ្វើ​ឲ្យ​ក្រុង​មូ​ស្គូ នឹកស្មាន​មិន​ដល់ ហើយ​ឥឡូវនេះ អ៊ុយ​ក្រែ​ន កំពុងតែ​បង្កើត​ដ្រូ​ន​យ៉ាង​ពិសេស ដោយ​ខ្លួនឯង​តែម្ដង ដើម្បី​បង្ហាញ​អំពី​សមត្ថភាព​របស់​ពួកគេ សម្រាប់​វាយប្រហារ ទៅលើ​គូ​ជម្លោះ​។​

​សារព័ត៌មាន The Kyiv Post បានចេញ​ផ្សាយ កាលពី​ថ្ងៃអាទិត្យ ទី​១១ ខែធ្នូ ថា លោក អូ​ឡេ បូល​ឌី​រេ​វ (Oleh Boldyrev) អ្នកគ្រប់គ្រង​គម្រោង​ទប់ទល់​នឹង​ការព្រួយបារម្ភ​របស់រ​ដ្ឋ ឈ្មោះ អ៊ុយ​ក្រូ​បូ​រ៉ូ​ន​ប្រ៉ូ​ម (Ukroboronprom) បាន​ប្រាប់​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ ណា​ស្ដូ​យ៉ា​ស​ចេ​យេ វ្រេ​មៀ (Nastoyashcheye Vremia) នៅក្នុង​បទសម្ភាសន៍​មួយ ថា ឥឡូវ អ៊ុយ​ក្រែ​ន កំពុងតែធ្វើការ​ងា​រយ៉ា​ង​សកម្ម លើ​ការអភិវឌ្ឍន៍​ដ្រូ​ន​របស់ខ្លួន ព្រោះ​វា​ជា​ប្រភេទ​អាវុធ​ប្រើប្រាស់​យ៉ាង​មាន​ប្រសិទ្ធភាព​បំផុត​មួយ នៅក្នុង​សង្គ្រាម ប្រឆាំងនឹង​ទាហាន​រុស្ស៊ី​។​

​លោក Oleh Boldyrev បានបញ្ជាក់ ថា សង្គ្រាម​ប នាពេល​បច្ចុប្បន្ន កំពុងតែ​ឆ្ពោះទៅរក​ការប្រយុទ្ធ​គ្នា ដោយ​ប្រើប្រាស់​ប្រព័ន្ធ​គ្រឿង​ចម្បាំង ដែល​គ្មាន​មនុស្ស​បើក ឬ ដ្រូ​ន​។ ដូច្នេះ​អ៊ុយ​ក្រែ​ន ត្រូវតែ​ធ្វើការ​ងារ​នេះ​យ៉ាងសកម្ម សម្រាប់​ផលិត​គ្រឿង​សឹក​ប្រភេទ​នេះ នាំទៅ​បំពាក់​ដល់​កងទ័ព​ការពារ​ទឹកដី​របស់ខ្លួន​។​
​បើតាម​តំណាង​របស់ Ukroboronprom បាន​អះអាង ថា នៅក្នុងពេល​ដ៏​ឆាប់ៗ​ខាង​មុននេះ កងទ័ព​ការពារ​ទឹកដី​របស់​អ៊ុយ​ក្រែ​ន នឹង​ទទួលបាន​ដ្រូ​ន​ផលិត​ដោយ​ខ្លួនឯង ហើយ​វា​នឹង​ជួយ​ដល់​ពួកគេ សម្រាប់​ការវាយប្រហារ ទៅលើ​សត្រូវ នៅក្នុង​សមរភូមិ ឬ គោលដៅ​ឆ្ងាយៗ​។​

​លោក Boldyrev បាន​បន្ដ ថា ដ្រូ​ន​ផលិត​ដោយ​អ៊ុយ​ក្រែ​ន ជិត​រួចរាល់​ហើយ ឥឡូវ​កំពុងតែ​បង្ហោះ​សាកល្បង​។ បើ​និយាយ អំពី​លក្ខណៈ​របស់​ដ្រូ​ន​អ៊ុយ​ក្រែ​ន មាន​លក្ខណៈ​ស្រដៀង​គ្នា​ទៅនឹង​ដ្រូ​ន​អត្ដ​ឃាត ផលិត​ដោយ​អ៊ីរ៉ង់ ដែរ​។ ប៉ុន្តែ​វា​មាន​លក្ខណៈពិសេស​មួយចំនួន ប្លែក​ដាច់​ពី​ដ្រូ​ន​របស់​អ៊ីរ៉ង់ ដែល​បាន​ផ្គត់ផ្គង់​ទៅ​ឲ្យ​រុស្ស៊ី យកមក​ធ្វើសង្គ្រាម នៅលើ​ទឹកដី​របស់​អ៊ុយ​ក្រែ​ន​។​

​លោក Boldyrev បាន​សង្កត់ធ្ងន់ ថា «​ដ្រូ​ន​នេះ បាន​ផលិត​រួចហើយ​។ ខ្ញុំ​នឹង​ហៅ​ឈ្មោះ ថា «​គ្មាន​អ្នកជំងឺ​» ហើយ​វា​ជា​ប្រភេទ​ដ្រូ​ន​អត្ដ​ឃាត​។ យើង​ជា​ជនជាតិ​អ៊ុយ​ក្រែ​ន ក៏​ជា​មនុស្ស​លោភលន់​ខ្លាំងណាស់ ហើយ​ដ្រូ​ន​អត្ដ​ឃាត Kamikazes របស់​យើង ហោះ​ទៅ​វាយប្រហារ​ហើយ វា​នឹង​អាច​វិល​ត្រឡប់មកវិញ​បាន​។ ដ្រូ​ន​ប្រភេទ​នេះ អាច​ហោះ​ហោះ​ទៅមក ដើម្បី​វាយប្រហារ​ទៅលើ​គោលដៅ​របស់​សត្រូវ បាន​ច្រើនដង ដោយ​វា​អាច​ហោះហើរ នៅក្នុង​រង្វង់ រហូតដល់ ១​ពាន់​គីឡូម៉ែត្រ និង ផ្ទុក​គ្រឿង​បំផ្ទុះ រហូតដល់​៧៥​គីឡូក្រាម​»​។​

Ukroboronprom សង្កត់ធ្ងន់ ថា គំរូ​យន្តហោះ​គ្មាន​មនុស្ស​បើក ឬ​ដ្រូ​ន ត្រូវបាន​បង្កើតឡើង​ដោយសារ​ធាតុ​បង្គំ​ជាមួយ​ជាច្រើន​ផ្នែក​របស់​បរទេស​។ ប៉ុន្តែ​ការអភិវឌ្ឍន៍​កម្មវិធី មធ្យោបាយ​ទំនាក់ទំនង ជាមួយ​ស្ថានីយ នៅលើ​ដី ការ​ផ្គុំ និង ថែទាំ​យន្តហោះ​គ្មាន​មនុស្ស​បើក ឬ ដ្រូ​ន ត្រូវបាន​អនុវត្ត​ឡើង ដោយ​ក្រុម​អ្នកឯកទេស នៅក្នុង​ប្រទេស​។​
​សូម​ជម្រាប ថា គម្រោង​ទប់ទល់​នឹង​ការព្រួយបារម្ភ​របស់រ​ដ្ឋ Ukroboronprom គឺជា​អ្នក​ផលិត​អាវុធ​យុទ្ធសាស្ដ្រ និង សម្ភារ​យោធា នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​៕​