អ៊ុយ ក្រែ​ន ផ្តល់​មេរៀន​ខ្លះៗ​ទៅដល់​រុស្ស៊ី

ព័ត៌មានអន្តរជាតិ
0
294



​រដ្ឋធានី​កៀវ​៖ លោក​អភិបាល​លូ​ហាន់​ស្ក៍ (Luhansk) ជា​តំបន់​ភាគ​ខាងកើត ប្រទេស​អ៊ុយ​ក្រែ ដែល​ត្រូវបាន​និរទេស​ខ្លួន បាន​រាយការណ៍ ថា កងទ័ព​ការពារ​ទឹកដី​របស់​ក្រុង​កៀវ បាន​វាយប្រហារ ទៅលើ​ទីស្នាក់ការ​កណ្ដាល​របស់​ក្រុមហ៊ុន​ទាហាន​ស៊ី​ឈ្លួ​ល Wagner របស់​រុស្ស៊ី​។​

​សារព័ត៌មាន Ukrinform បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​ចន្ទ ទី​១២ ខែធ្នូ ថា លោក ស៊ើ​ហ៊ី ហៃ​ដៃ (Serhiy Haidai) អភិបាល​តំបន់​លូ​ហាន់​ស្ក៍ ដែល​និរទេស​ខ្លួន បាន​អះអាង ថា សណ្ឋាគារ​មួយកន្លែង ជាទី​ដែល​ក្រុមហ៊ុន​ទាហាន​ស៊ីឈ្នួល បាន​ជួបប្រជុំគ្នា នៅក្នុង​តំបន់​នេះ បាន​រង​ការវាយប្រហារ ពី​កងទ័ព​របស់​អ៊ុយ​ក្រែ​ន ដោយបាន​បណ្ដាល​ឲ្យ​បាត់បង់​ជីវិត​មនុស្ស​យ៉ាងច្រើន​។​

​ទោះជា​យ៉ាងណា BBC មិនអាច​មានការ​បញ្ជា​ក់ អំពី​ព័ត៌មាន​ឯករាជ្យ​ណាមួយ ជុំវិញ​ការវាយប្រហារ​ទៅ​វត្ដ​មាន​របស់​ក្រុមហ៊ុន​ទាហាន​ស៊ីឈ្នួល Wagner នៅក្នុង​សណ្ឋាគារ​មួយកន្លែង​នោះឡើយ​។ ចំណែក​ការប្រយុទ្ធ​គ្នា ក៏បាន​កើតមានឡើង នៅ​ភាគខាងត្បូង ប្រទេស​អ៊ុយ​ក្រែ​ន កាលពី​ចុង​សប្តាហ៍ ដោយសារ​កម្លាំង​ទាហាន​រុស្ស៊ី បានកំណត់​គោលដៅ វាយប្រហារ​ទៅលើ​ទីក្រុង​អូ​ដេ​សា (Odesa)​។ ដោយឡែក កងទ័ព​អ៊ុយ​ក្រែ​ន បាន​ទម្លាក់​គ្រាប់បែក​ទៅលើ​គោលដៅ​មួយ នៅក្នុង​ទីក្រុង​មេ​លី​តូ​ប៉ូល (Melitopol) ដែល​កាន់កាប់ ដោយ​កម្លាំង​ទាហាន​របស់​ក្រុង​មូ​ស្គូ​។​

​បើតាម​ក្រុម​អ្នកជំនាញ​របស់​បស្ចិម​លោក បាន​អះអាង ថា Wagner ជា​ក្រុមហ៊ុន​ទាហាន​ស៊ីឈ្នួល គ្រប់គ្រង​ដោយ​រដ្ឋ​រុស្ស៊ី ហើយ​ពួកគេ​ធ្វើ​សកម្មភាព ដើម្បី​ផលប្រយោជន៍​របស់​វិមាន​ក្រឹម​ឡាំង​។ ក្រុមហ៊ុន​ទាហាន​ស៊ីឈ្នួល​មួយ​នេះ បាន​បង្កើតឡើង ដោយ​លោក យេ​វ​ហ្គេ​នី ព្រី​ហ្គោ​ហ្ស៊ី​ន (Yevgeny Prigozhin) ជា​អតីត​ម្ចាស់​ភោជនីយដ្ឋាន មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយនឹង​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន (Vladimir Putin)​។ ប្រធាន​ក្រុមហ៊ុន​ទាហាន​ស៊ីឈ្នួល​ឯកជន​មួយ​នេះ បាន​រង​ការចោទប្រកាន់ ជា​ញឹកញាប់ អំពី​ឧក្រិដ្ឋកម្ម​សង្គ្រាម និង ការរំលោភបំពាន​សិទ្ធិមនុស្ស​។​

​ក្រុមហ៊ុន​ទាហាន​ស៊ីឈ្នួល Wagner កាលពីមុន បានដាក់​ពង្រាយ​កម្លាំង​របស់ខ្លួន នៅលើ​ឧបទ្វីប​គ្រី​មៀ (Crimea) ដែល​រឹបអូស​បាន​ពី​អ៊ុយ​ក្រែ​ន កាលពី​ឆ្នាំ​២០១៤, ប្រទេស​ស៊ី​រី​, លី​ប៊ី ម៉ាលី និង សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល​។ បើតាម​លោក Haidai បាន​អះអាង ថា ការវាយប្រហារ នៅ​ទីក្រុង​កា​ឌី​វ​កា (Kadiivka) បានធ្វើ​ឲ្យ​ទាហាន​រុស្ស៊ី បាត់បង់​យ៉ាងច្រើន ហើយ​គាត់​រំពឹង ថា យ៉ាងតិច​ប្រហែល​៥០​ភាគ ដែល​កម្លាំង​ទាហាន​នៅ​រស់រានមានជីវិត ត្រូវស្លាប់ ដោយសារ​មិនមាន​ការព្យាបាល​៕​