
រដ្ឋធានីប៊ែរឡាំង៖ ក្រោយពេលប្រមុខការទូតរបស់ក្រុងប៊ែរឡាំង បានបង្ហាញភ្លើងខៀវមួយចំនួន ជាមួយនឹងការគំរាមកំហែងរបស់ប៉ូឡូញ រួចមក ក្រុមហ៊ុនផលិតគ្រឿងសឹកចម្បាំងរបស់អាល្លឺម៉ង់ មានមូលដ្ឋាន នៅក្នុងទីក្រុងឌូសសែលដូហ្វ (Düsseldorf) ស្ថិតនៅភាគខាងលិចប្រទេសមហាសេដ្ឋកិច្ចកំពូលនៅអឺរ៉ុបមួយនេះ បានត្រៀមខ្លួនរួចជាស្រេច សម្រាប់ការបញ្ជូនរថក្រោះប្រយុទ្ធដ៏ទំនើប Leopard ជិត១៤០គ្រឿង ទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីធ្វើសង្គ្រាម ដើម្បីសេរីភាព និង ការពារទឹកដីរបស់ពួកគេ ទប់ទល់នឹងការឈ្លានពានរបស់ប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន។
សារព័ត៌មាន Ukrinform បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី២៤ ខែមករា ថា ក្រុមហ៊ុន រ៉េនមែតាល់ (Rheimetall) ពាក់ព័ន្ធនឹងឧស្សាហកម្មយោធាដ៏ល្បីល្បាញរបស់ប្រទេសអាល្លឺម៉ង់ មានមូលដ្ឋាននៅទីក្រុង Düsseldorf បានត្រៀមខ្លួនរួចជាស្រេច សម្រាប់ការញ្ជូនរថក្រោះខ្លារខិន ឬ រថក្រោះ Leopard ចំនួន១៣៩គ្រឿង ទៅកាន់ប្រទេសអ៊ុយក្រែន ស្របពេលរដ្ឋាភិបាលក្រុងប៊ែរឡាំង បានបើកភ្លើងខៀវដ៏តិចតួច ដល់ការនាំចេញរថក្រោះដ៏ទំនើបរបស់ខ្លួន។

លេខាធិការទទួលបន្ទុកព័ត៌មានពាក់ព័ន្ធ បានប្រាប់ដល់ក្រុមបណ្ដាញផ្សព្វផ្សាយរបស់អាល្លឺម៉ង់ RND ថា ក្រុមហ៊ុន Rheinmetall បានត្រៀមខ្លួនរួចជាស្រេច សម្រាប់ការផ្គត់ផ្គង់រថក្រោះ ប្រភេទ Leopard 2A4 ចំនួន២៩គ្រឿង ដោយមានគោលបំណង សម្រាប់ការផ្លាស់ប្ដូរ នៅក្នុងរង្វង់ចន្លោះពីខែមេសា-ឧសភា ឆ្នាំ២០២៣។
បើតាមលេខាធិការទទួលបន្ទុកព័ត៌មាន បានឲ្យដឹង ថា ក្រុមហ៊ុន នឹងចំណាយពេល ប្រហែលជិតមួយឆ្នាំ សម្រាប់ការជួសជុលរថក្រោះ Leopards ចំនួន២២គ្រឿងផ្សេងទៀត ដែលនឹងកែប្រែដូចគ្នា ហើយក្រុមហ៊ុន នឹងអាចប្រគល់ឱ្យរថក្រោះទាំងនេះ ទៅឲ្យអ៊ុយក្រែន នៅចុងឆ្នាំ២០២៣ ឬដើមឆ្នាំ ២០២៤។
បន្ថែមពីលើនេះ ក្រុមហ៊ុន Rheinmetall អាចនឹងផ្ទេររថក្រោះ Leopard 1 ចំនួន៨៨គ្រឿងផ្សេងទៀត ទៅជួយដល់អ៊ុយក្រែន។ ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ លេខាធិការរូបនេះ មិនបានបញ្ជាក់ ថាតើក្រុមហ៊ុន បានត្រៀមខ្លួនរួចរាល់ សម្រាប់ប្រតិបត្តិការនេះដែរឬអត់នោះទេ ហើយពេលណា ក្រុមហ៊ុន នឹងត្រៀមខ្លួនជាស្រេច ប្រសិនបើមិនទាន់បានត្រៀមខ្លួន។
ដូចមានសេចក្ដីរាយការណ៍រួចមកហើយថា ក្រុងវ៉ាសាវី បានប្រកាស អំពីចេតនាស្នើសុំដល់ក្រុងប៊ែរឡាំង ឲ្យយល់ព្រម នៅក្នុងការផ្ទេររថក្រោះរបស់ប៉ូឡូញ ប្រភេទ Leopard 2 ផលិតនៅក្នុងប្រទេសអាល្លឺម៉ង់ សម្រាប់ការបញ្ជូនទៅជួយអ៊ុយក្រែន ធ្វើសង្គ្រាម ប្រឆាំងនឹងការលុកលុយរបស់រុស្ស៊ី ដើម្បីការពារទឹកដី និង សេរីភាពរបស់ពួកគេ។ ប្រសិនបើមិនមានការយល់ព្រម ឬ ផ្ដល់សិទ្ធិ នៅក្នុងការនាំចេញរថក្រោះ ប្រភេទនេះទេ ក្រុងវ៉ាសាវី នៅតែប្ដេជ្ញាចិត្តជាមួយនឹងប្រទេសផ្សេងៗទៀត នៅក្នុងតំបន់អឺរ៉ុប បញ្ជូនរថក្រោះខ្លារខិននេះ ទៅជួយដល់ក្រុងកៀវ នៅក្នុងនាមជាសម្ពន្ធមិត្តចម្រុះដ៏តូចមួយរបស់បស្ចិមលោក៕