ក្រុមហ៊ុន​អាល្លឺម៉ង់ នឹង​បញ្ជូន​រថក្រោះ Leopard ជាង​១៣០​គ្រឿង ទៅ​ជួយ​អ៊ុយ​ក្រែ​ន​

ព័ត៌មានអន្តរជាតិ
0
11



​រដ្ឋធានី​ប៊ែ​រ​ឡាំង​៖ ក្រោយពេល​ប្រមុខ​ការទូត​របស់​ក្រុង​ប៊ែ​រ​ឡាំង បានបង្ហាញ​ភ្លើង​ខៀវ​មួយចំនួន ជាមួយនឹង​ការគំរាមកំហែង​របស់​ប៉ូឡូញ រួចមក ក្រុមហ៊ុន​ផលិត​គ្រឿង​សឹក​ចម្បាំង​របស់​អាល្លឺម៉ង់ មាន​មូលដ្ឋាន នៅក្នុង​ទីក្រុង​ឌូ​ស​សែ​ល​ដូ​ហ្វ (Düsseldorf) ស្ថិតនៅ​ភាគ​ខាងលិច​ប្រទេស​មហា​សេដ្ឋកិច្ច​កំពូល​នៅ​អឺរ៉ុប​មួយ​នេះ បាន​ត្រៀមខ្លួន​រួចជាស្រេច សម្រាប់​ការបញ្ជូន​រថក្រោះ​ប្រយុទ្ធ​ដ៏​ទំនើប Leopard ជិត​១៤០​គ្រឿង ទៅកាន់​ប្រទេស​អ៊ុយ​ក្រែ​ន ដើម្បី​ធ្វើសង្គ្រាម ដើម្បី​សេរីភាព និង ការពារ​ទឹកដី​របស់​ពួកគេ ទប់ទល់​នឹង​ការឈ្លានពាន​របស់​ប្រធានាធិបតី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន​។​

​សារព័ត៌មាន Ukrinform បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​អង្គារ ទី​២៤ ខែមករា ថា ក្រុមហ៊ុន រ៉េ​ន​មែ​តា​ល់ (Rheimetall) ពាក់ព័ន្ធ​នឹង​ឧស្សាហកម្ម​យោធា​ដ៏​ល្បីល្បាញ​របស់​ប្រទេស​អាល្លឺម៉ង់ មាន​មូលដ្ឋាន​នៅ​ទីក្រុង Düsseldorf បាន​ត្រៀមខ្លួន​រួចជាស្រេច សម្រាប់​ការ​ញ្ជូ​ន​រថក្រោះ​ខ្លារខិន ឬ រថក្រោះ Leopard ចំនួន​១៣៩​គ្រឿង ទៅកាន់​ប្រទេស​អ៊ុយ​ក្រែ​ន ស្របពេល​រដ្ឋាភិបាល​ក្រុង​ប៊ែ​រ​ឡាំង បាន​បើកភ្លើង​ខៀវ​ដ៏​តិចតួច ដល់​ការនាំចេញ​រថក្រោះ​ដ៏​ទំនើប​របស់ខ្លួន​។​




​លេខាធិការ​ទទួលបន្ទុក​ព័ត៌មាន​ពាក់ព័ន្ធ បាន​ប្រាប់​ដល់​ក្រុម​បណ្ដាញ​ផ្សព្វផ្សាយ​របស់​អាល្លឺម៉ង់ RND ថា ក្រុមហ៊ុន Rheinmetall បាន​ត្រៀមខ្លួន​រួចជាស្រេច សម្រាប់​ការផ្គត់ផ្គង់​រថក្រោះ ប្រភេទ Leopard 2A4 ចំនួន​២៩​គ្រឿង ដោយមាន​គោលបំណង សម្រាប់​ការផ្លាស់ប្ដូរ នៅក្នុង​រង្វង់​ចន្លោះ​ពី​ខែមេសា​-​ឧសភា ឆ្នាំ​២០២៣​។​

​បើតាម​លេខាធិការ​ទទួលបន្ទុក​ព័ត៌មាន បាន​ឲ្យ​ដឹង ថា ក្រុមហ៊ុន នឹង​ចំណាយពេល ប្រហែល​ជិត​មួយឆ្នាំ សម្រាប់​ការជួសជុល​រថក្រោះ Leopards ចំនួន​២២​គ្រឿង​ផ្សេងទៀត ដែល​នឹង​កែប្រែ​ដូចគ្នា ហើយ​ក្រុមហ៊ុន នឹង​អាច​ប្រគល់ឱ្យ​រថក្រោះ​ទាំងនេះ ទៅ​ឲ្យ​អ៊ុយ​ក្រែ​ន នៅ​ចុងឆ្នាំ​២០២៣ ឬ​ដើមឆ្នាំ ២០២៤​។​

​បន្ថែម​ពីលើ​នេះ ក្រុមហ៊ុន Rheinmetall អាច​នឹង​ផ្ទេរ​រថក្រោះ Leopard 1 ចំនួន​៨៨​គ្រឿង​ផ្សេងទៀត ទៅ​ជួយ​ដល់​អ៊ុយ​ក្រែ​ន​។ ប៉ុន្ដែ​ទោះជា​យ៉ាងណាក៏ដោយ លេខាធិការ​រូបនេះ មិនបាន​បញ្ជាក់ ថា​តើ​ក្រុមហ៊ុន បាន​ត្រៀមខ្លួន​រួចរាល់ សម្រាប់​ប្រតិបត្តិការ​នេះដែរ​ឬ​អត់​នោះទេ ហើយ​ពេលណា ក្រុមហ៊ុន នឹង​ត្រៀមខ្លួន​ជាស្រេច ប្រសិនបើ​មិនទាន់បាន​ត្រៀមខ្លួន​។​

​ដូច​មាន​សេចក្ដីរាយការណ៍​រួចមកហើយ​ថា ក្រុង​វ៉ា​សា​វី បានប្រកាស អំពី​ចេតនា​ស្នើសុំ​ដល់​ក្រុង​ប៊ែ​រ​ឡាំង ឲ្យ​យល់ព្រម នៅក្នុង​ការផ្ទេរ​រថក្រោះ​របស់​ប៉ូឡូញ ប្រភេទ Leopard 2 ផលិត​នៅក្នុង​ប្រទេស​អាល្លឺម៉ង់ សម្រាប់​ការបញ្ជូន​ទៅ​ជួយ​អ៊ុយ​ក្រែ​ន ធ្វើសង្គ្រាម ប្រឆាំងនឹង​ការ​លុកលុយ​របស់​រុស្ស៊ី ដើម្បី​ការពារ​ទឹកដី និង សេរីភាព​របស់​ពួកគេ​។ ប្រសិនបើ​មិនមាន​ការយល់ព្រម ឬ ផ្ដល់​សិទ្ធិ នៅក្នុង​ការនាំចេញ​រថ​ក្រោះ ប្រភេទ​នេះ​ទេ ក្រុង​វ៉ា​សា​វី នៅតែ​ប្ដេជ្ញាចិត្ត​ជាមួយនឹង​ប្រទេស​ផ្សេងៗ​ទៀត នៅក្នុង​តំបន់​អឺរ៉ុប បញ្ជូន​រថក្រោះ​ខ្លារខិន​នេះ ទៅ​ជួយ​ដល់​ក្រុង​កៀវ នៅក្នុងនាម​ជា​សម្ពន្ធមិត្ត​ចម្រុះ​ដ៏​តូច​មួយ​របស់​បស្ចិម​លោក​៕​