អតីត​មេ​ប៉ូលិស​កំពូល​ថៃ កំពុងតែ​ប្រឈមមុខ​នឹង​ការចោទប្រកាន់​ដ៏​ធ្ងន់ធ្ងរ​

ព័ត៌មានអន្តរជាតិ
0
13


​រាជធានី​បាងកក​៖ មេ​ប៉ូលិស​កំពូល​របស់​ថៃ និង ក្រុម​ន្ដ្រី​ប៉ូលិស​ជាច្រើន​នាក់​ផ្សេងៗ​ទៀត កំពុងតែ​ប្រឈមមុខ​នឹង​ការចោទប្រកាន់ តាមផ្លូវ​ច្បាប់ ពាក់ព័ន្ធ​នឹង​អំពើពុករលួយ ខណៈ​ការស៊ើបអង្កេត កំពុងតែបន្ដ​ដំណើរកា​រ​តាម​នីតិវិធី​។​

​សារព័ត៌មាន​របស់​ថៃ Bangkok Post បានចេញ​ផ្សាយ នៅ​ថ្ងៃ​អង្គារ ទី​២៥ ខែកក្កដា ថា បើតាម​ប្រភពព័ត៌មាន​ពី​ប៉ូលិស បាន​អះអាង ថា គណៈកម្មការ​ជាតិ​ប្រឆាំង​អំពើពុករលួយ (The National Anti-Corruption Commission) ហៅ​កាត់ (NACC) គ្រោង​នឹង​ចោទប្រកាន់ ទៅលើ​អតីត​អគ្គស្នងការ​នគរបាល​ជាតិ លោក​ឧត្ដមសេនីយ៍ ចាក​ធីប ឆៃ​ចិន្ដា (Chakthip Chaijinda) និង មន្ត្រីជាន់ខ្ពស់ ចំនួន​៣​នាក់​ផ្សេងទៀត ពាក់ព័ន្ធ​នឹង​ការទិញ​ឧបករណ៍ Biometrics មានតម្លៃ រហូតដល់ ២,១​ពាន់​លាន​បាត (​លុយ​ថៃ​) ឬ​ស្មើនឹង​ប្រហែល ៦០,៨៨​លាន​ដុល្លារ​អាមេរិក សម្រាប់​ការិយាល័យ​នគរបាល​អន្តោប្រវេសន៍ (IPB) នៅក្នុង​អំឡុង​ឆ្នាំ​២០១៩​។​


​ប្រភព​ដដែល បាន​បន្ដ ថា NACC នឹង​ផ្ញើលិខិត​ជូនដំណឹង​ដល់​លោក​ឧត្ដមសេនីយ៍ Chakthip និង មន្ត្រី​ផ្សេងទៀត អំពី​ការចោទប្រកាន់​នេះ ហើយ​កោះហៅ​ពួកគេ​ឱ្យមក​ផ្តល់​សក្ខីកម្ម សម្រាប់​ការពារ​ក្តី​របស់ខ្លួន នៅមុន​ពេល​បញ្ច​ប់របាយ​ការណ៍​ស៊ើបអង្កេត​របស់ខ្លួន​។​
ពាណិជ្ជកម្ម

​ករណី​ចោទប្រកាន់​នេះ បានកើត​ឡើង ស្របពេល​លោក ស៊ី​ត្រា បាយ​អា​ប៊ុង​ឃើ​ដ (Sittra Biabungkerd) អគ្គលេខាធិការ មូលនិធិ​មេធាវី​ប្រជាជន បានដាក់​ញត្តិ​ទៅកាន់ NACC ទាមទារ​ឱ្យ​ស៊ើបអង្កេត លើ​គម្រោង​លទ្ធកម្ម​ជីវ​ម៉ែ​ទ្រី​ក (Biometrics) បន្ទាប់ពី​គេ​រកឃើញ ថា ឧបករណ៍​ទាំងនោះ មិន​សមស្រប តាម​លក្ខខណ្ឌ​ឯកសារយោង​។ ដោយឡែក ក្រុមហ៊ុន​ដែល​បាន​ចុះកិច្ចសន្យា​ផ្គត់ផ្គង់​បរិក្ខារ​ទាំងនេះ ក៏​មិនអាច​បញ្ជូន​សម្ភារ​ទាំង​នោះ មកកាន់​ការិយាល័យ​នគរបាល​ភូមិន្ទ​ថៃ (RTPO) នៅក្នុង​រយៈពេល​៦៦​ថ្ងៃ គិត​ត្រឹម​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០១៩ ដូច​មានចែង នៅក្នុង​កិច្ចសន្យា​។​

​ក្រៅពី​លោក​ឧត្ដមសេនីយ៍ Chakthip ក៏​នៅមាន​មន្ត្រីប៉ូលិស​ផ្សេងៗ​ទៀត ជាប់​ពាក់ព័ន្ធ​ដែរនោះ រួ​មាន​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ធី​ណា​ផាត ភូ​ម៉ា​រី​ន (Tinapat Phumarin) ស្នងការរង​នគរបាល​ភូមិន្ទ​ថៃ ទទួលបន្ទុក​ការិយាល័យ​ភស្តុភារ ដែល​បាន​ព្រម​ព្រៀត​ទិញ​សម្ភារ​ទាំងនេះ​, លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សមពង់ ឈី​ង​ដួង (Sompong Chingduang) ស្នងការរង ទទួលបន្ទុក​ការិយាល័យ​អន្ដោប្រវេសន៍ និង លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស៊ូ​រ៉ា​ពង់ ឆៃ​ចាន់ (Surapong Chaichan) ស្នងការរង​នគរបាល​ខេត្ត តំបន់​៧​។​

​សូមជម្រាបថា Biometrics ជា​ឧបករណ៍​វាស់វែង និង វិភាគ​ស្ថិតិ នៃលក្ខណៈ​រូបវន្ត និង អាកប្បកិរិយា​របស់​ម​នុស្ស​។ បច្ចេកវិទ្យា​នេះ ត្រូវបាន​ប្រើ​ជា​ចម្បង សម្រាប់​ការកំណត់​អត្តសញ្ញាណ និង ការគ្រប់គ្រង​នូវ​ការចូល​ប្រើប្រាស់ ហើយ​ដើម្បី​កំណត់​អត្តសញ្ញាណ​បុគ្គល ដែល​ស្ថិតនៅក្រោម​ការឃ្លាំមើល​៕​