សម្ពន្ធមិត្ត​យោធា​របស់​ណា​តូ រំអុក​អធិការបតី​អាល្លឺម៉ង់ រហូត​អនុញ្ញាត​ឲ្យ​នាំចេញ​រថក្រោះ Leopard 2 ទៅកាន់​អ៊ុយ​ក្រែ​ន​

ព័ត៌មានអន្តរជាតិ
0
11


​រដ្ឋធានី​ប៊ែ​រ​ឡាំង​៖ ក្រោយ​ការពិភាក្សា​ដេញដោល​ដ៏​ចម្រូងចម្រាស អស់​រយៈពេល​ជាច្រើន​ខែ កន្លងមក អំពី​បញ្ហា​សន្ដិសុខ​ផ្ទាល់ខ្លួន នៅក្នុង​ប្រទេស​អាល្លឺម៉ង់ គួបផ្សំ​ជាមួយនឹង​សម្ពាធ​កាន់តែ​ធ្ងន់ មកពី​សម្ពន្ធមិត្ត​ផង​នោះ នៅ​ទីបំផុត មេដឹកនាំ​ក្រុង​ប៊ែ​រ​ឡាំង បានសម្រេច​ជា​ផ្លូវការ អនុញ្ញាត​ដល់​ប្រទេស​ប៉ូឡូញ និង ប្រទេស​ផ្សេងៗ​ទៀត បញ្ជូន​រថក្រោះ Leopard 2 រាប់សិប​គ្រឿង នាំទៅ​ជួយ​ដល់​កងទ័ព​ការពារ​ទឹកដី​របស់​អ៊ុយ​ក្រែ​ន ដែល​កំពុងតែ​ធ្វើសង្គ្រាម ទប់ទល់ ប្រឆាំងនឹង​ការឈ្លានពាន​របស់​រុស្ស៊ី ដើម្បី​ការពារ​ទឹកដី និង សេរីភាព​របស់​ពួកគេ​។​

​គេហទំព័រ​របស់​ទូរ​ទស្សន៍​សហរដ្ឋអាមេរិក CNN បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​ពុធ ទី​២៥ ខែមករា ថា សារព័ត៌មាន​របស់​អា​ល្លឺ​ម៉​ង់ Der Spiegel បាន​រាយការណ៍ កាលពី​ល្ងាច ថ្ងៃ​អង្គារ ដោយ​ដកស្រង់​ប្រភព​ជាច្រើន សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ ថា រដ្ឋាភិបាល​ក្រុង​ប៊ែ​រ​ឡាំង គ្រោង​នឹង​បញ្ជូន​រថក្រោះ Leopard 2 ជាច្រើន​គ្រឿង ទៅកាន់​ប្រទេស​អ៊ុយ​ក្រែ​ន ដើម្បី​ជួយ​ជំរុញ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង ធ្វើសង្គ្រាម​របស់​ប្រទេស​អឺរ៉ុប​ខាងកើត​មួយ​នេះ ទប់ទល់​នឹង​ការឈ្លានពាន​របស់​ក្រុង​មូ​ស្គូ​។ លោក អូ​ឡា​ហ្វ សូល​ហ្ស៍ (Olaf Scholz) អធិការបតី​អាល្លឺម៉ង់ បានសម្រេច​ផ្ដល់​សិទ្ធិ នាំចេញ​រថក្រោះ​ដ៏​ទំនើប​របស់ខ្លួន ទៅកាន់​ប្រទេស​ដែល​កំពុងតែ​ហែកហួរ ដោយសារ​សង្គ្រាម​មួយ​នេះ ក្រោយ​មានការ​ពិភាក្សា​ដេញដោល​គ្នា អស់​រយៈពេល​ជាច្រើន​ខែ​កន្លងមក​។​



​ជាមួយគ្នានេះដែរ សភា​របស់​អាល្លឺម៉ង់ គ្រោង​នឹង​ពិភាក្សាគ្នា លើ​បញ្ហា​ដ៏​ចម្រូងចម្រាស​នេះ នៅ​ព្រឹក ថ្ងៃ​ពុធ​។ ការសម្រេចចិត្ត​បញ្ជូន​រថក្រោះ Leopard 2 រាប់សិប​គ្រឿង​នេះ នឹង​ក្លាយជា​ពេលវេលា​ដ៏​សំខាន់​មួយ នៅក្នុង​កិច្ច​គាំទ្រ​របស់លោក​ខាងលិច សម្រាប់​រដ្ឋាភិបាល​ក្រុង​កៀវ (Kyiv) ក្រោយពេល​ក្រុង​ប៊ែ​រ​ឡាំង បាន​រង​សម្ពាធ​យ៉ាងខ្លាំង ពី​ប្រទេស​ជា​ដៃគូ នៅក្នុង​សម្ពន្ធមិត្ត​យោធា​របស់​អង្គការ​សន្ធិសញ្ញា​អា​ត្ល​ង់​ទិ​ក​ខាងជើង ហៅ​កាត់ ណា​តូ ឬ អូតង់​។​

​ការសម្រេចចិត្ត​របស់​ក្រុង​ប៊ែ​រ​ឡាំង បាន​កើតឡើង​ភ្លាមៗ ក្រោយពេល​ក្រុមមន្ដ្រី​របស់​សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​អង្គារ បានបង្ហាញ ថា រដ្ឋបាល​របស់​ប្រធានាធិបតី លោក ចូ បៃ​ដិ​ន (Joe Biden) កំពុងតែ​បញ្ចប់​នូវ​ផែនការ​បញ្ជូន​រថក្រោះ ផលិត​ដោយ​សហរដ្ឋអាមេរិក នាំទៅ​កាន់​អ៊ុយ​ក្រែ​ន​។ អាល្លឺម៉ង់ បានចង្អុលបង្ហាញ ទៅកាន់​សហរដ្ឋអាមេរិក កាលពី​សប្តាហ៍​មុន ថា ក្រុង​ប៊ែ​រ​ឡាំង នឹង​បញ្ជូន​រថក្រោះ Leopard របស់ខ្លួន ទៅកាន់​ប្រទេស​អ៊ុយ​ក្រែ​ន លុះត្រាតែ​ក្រុង​វ៉ាស៊ីនតោន យល់ព្រម បញ្ជូន​រថក្រោះ M1 Abrams ផលិត​នៅ​សហរដ្ឋអាមេរិក ទៅ​ជួយ​ដល់​ក្រុង​កៀវ ដែរ​។​

​ការបញ្ជូន​រថក្រោះ Leopard 2 ទៅកាន់​អ៊ុយ​ក្រែ​ន នឹង​ផ្តល់ឱ្យ​កងទ័ព​ការពារ​ទឹកដី​របស់​ក្រុង​កៀវ ជាមួយនឹង​រថ​ចម្បាំង​ដ៏​ទំនើបៗ និង មាន​ឥទ្ធិពល​ដ៏​ខ្លាំងក្លា នៅមុន​ការវាយលុក​ដ៏​មាន​សក្តានុពល នា​និ​ទាឃ​រដូវ ពី​កម្លាំង​ទាហាន​រុស្ស៊ី​។ សកម្មភាព​បែបនេះ នឹង​កើតឡើង ស្របពេល​វិមាន​ក្រឹម​ឡាំង កំពុងតែ​បង្កើន​យុទ្ធនាការ វាយប្រហារ​ទៅលើ​កងទ័ព​អ៊ុយ​ក្រែ​ន ជាមួយនឹង​ប្រព័ន្ធ​ប្រយុទ្ធ​បច្ចេកវិទ្យា​ជាន់ខ្ពស់ ខណៈ​សង្គ្រាម​របស់​រុស្ស៊ី បាន​ខិតជិត​ដល់ រយៈពេល​មួយឆ្នាំ​។​

​អាល្លឺម៉ង់ បាន​ទប់​ទល់នឹង​សម្ពាធ កាន់តែខ្លាំង​ឡើង ពី​លោកខាងលិច នៅក្នុង​ការបញ្ជូន​រថ​ក្រោះ​មួយចំនួន ទៅកាន់​ប្រទេស​អ៊ុយ​ក្រែ​ន ដោយ​រដ្ឋមន្ត្រី​ការពារជាតិ​ថ្មី​របស់​អាល្លឺម៉ង់ លោក បូរី​ស ពី​ស្ដូ​រៀស (Boris Pistorius) បាន​អំពាវនាវ​ម្តង​ហើយ​ម្តងទៀត សម្រាប់​ពេលវេលា​បន្ថែមទៀត ហើយ​ថែមទាំង​លើកឡើង ថា ការផ្លាស់ប្តូរ​នេះ នឹង​នាំមក​ជាមួយនឹង​គុណសម្បត្តិ និង គុណវិបត្តិ សម្រាប់​ក្រុង​ប៊ែ​រ​ឡាំង ក៏ដូចជា ប្រជាជន​អាល្លឺម៉ង់ ផងដែរ​៕​