រុស្ស៊ី ដឹង​ពី​ចំណុច​ត្រូវកម្ទេច​រថក្រោះ​ដ៏​ទំនើប​បំផុត​របស់​អាមេរិក នឹងត្រូវ​បញ្ជូនទៅ​ឲ្យ​អ៊ុយ​ក្រែ​ន​

ព័ត៌មានអន្តរជាតិ
0
17



​រដ្ឋធានី​កៀវ​៖ ក្រោយពេល​ប្រធានាធិបតី​សហរដ្ឋអាមេរិក បានប្រកាស កាលពី​ថ្ងៃ​ពុធ អំពី​ការផ្គត់ផ្គង់​រថក្រោះ​ប្រយុទ្ធ​ធុន​ធ្ងន់ ប្រភេទ M1 Abrams ចំនួន​៣១​គ្រឿង​នោះមក ក៏មាន​ប្រទេស​ចំនួន​១២ បានសម្រេច​ផ្ដល់​រថក្រោះ Leopard 2 ផលិត​ដោយ​អាល្លឺម៉ង់ ចំនួន​១០០​គ្រឿង បញ្ជូន​ទៅកាន់​ជួយ​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន ប៉ុន្ដែ​ឥឡូវនេះ ក្រុម​អ្នកជំនាញ​រុស្ស៊ី បាន​បញ្ចេញ​នូវ​ភៅ​ណែនាំ​មួយ អំពី​វិធីសាស្ដ្រ​កម្ទេច​រថក្រោះ​ទំនើប​របស់​សហរដ្ឋអាមេរិក​។​

​សារព័ត៌មាន The Eurasia Times បានចេញ​ផ្សាយ កាលពី​រសៀល ថ្ងៃ​សុក្រ ទី​២៧ ខែមករា ថា នៅមុន​ការ​ទៅដល់ នៃ​រថក្រោះ​ប្រយុទ្ធ​ធុន​ធ្ងន់​ដ៏​ទំនើប​របស់​សហរដ្ឋអាមេរិក ប្រភេទ M1 Abram និង រថក្រោះ​របស់​អាល្លឺម៉ង់ ប្រភេទ Leopard 2 នោះ មាន​រូបភាព​មួយ បាន​លេចចេញ​ជាថ្មី នៅលើ​បណ្ដាញ​ផ្សព្វផ្សាយ​សង្គម ដោយបាន​បង្ហាញ អំពី​ភាព​ងាយ​រងគ្រោះ នៃ​ការកម្ទេច​រថក្រោះ M1 Abrams ផលិត​នៅ​សហរដ្ឋអាមេរិក ជាមួយនឹង​ការណែនាំ អំពី​កន្លែង​ដែល​ត្រូវ​វាយប្រហារ និង ប្រភេទ​អាវុធ ដែល​ត្រូវ​ប្រើប្រាស់​។​

​លោក ចូ បៃ​ដិ​ន (Joe Biden) ប្រធានាធិបតី​សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី​២៥ ខែមករា បាន​សន្យា ផ្ដល់​រថក្រោះ Abrams (​អេ​ប្រាម​ស៍​) ចំនួន​៣១​គ្រឿង បញ្ជូន​ទៅកាន់​ប្រទេស​អ៊ុយ​ក្រែ​ន​។ សកម្មភាព​នេះ ទំនងជា​បង្ហាញ អំពី​ការជំរុញ ឬ ដាក់​សម្ពាធ ទៅដល់​អធិការបតី​អាល្លឺម៉ង់ លោក អូ​ឡា​ហ្វ សូល​ហ្ស៍ (Olaf Scholz) ឲ្យ​ផ្គត់ផ្គង់​រថក្រោះ Leopard 2 ជាច្រើន​គ្រឿង បញ្ជូន​ទៅកាន់​ប្រទេស​ដែល​កំពុងតែ​ហែកហួរ ដោយសារ​សង្គ្រាម នៅក្នុង​តំបន់​អឺរ៉ុប​ខាងកើត​មួយ​នេះ​។​

​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក បានបញ្ជាក់ នៅ​ចំពោះមុខ លោក ឡយ អូ​ស្ទី​ន (Lloyd Austin) រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ និង លោក អេ​ន​តូ​នី ប៊ី​លន​ខែ​ន (Anthony Blinken) រដ្ឋមន្ដ្រី​ក្រសួងការបរទេស​របស់គាត់ ថា «​ថ្ងៃនេះ ខ្ញុំ​កំពុងតែ​ប្រកាស ថា សហរដ្ឋអាមេរិក នឹង​បញ្ជូន​រថក្រោះ Abrams ចំនួន​៣១​គ្រឿង ស្មើនឹង​មួយ​កងពលតូច​រថក្រោះ ទៅកាន់​ប្រទេស​អ៊ុយ​ក្រែ​ន​។ រថក្រោះ​ទាំងនេះ នឹង​អាច​ទប់ទល់ ហើយ​ការពារ​ប្រជាជន និង ទឹកដី​របស់​អ៊ុយ​ក្រែ​ន បាន​»​។​

​ដោយឡែក រុស្ស៊ី បាន​ប្រតិកម្ម​យ៉ាងខ្លាំង ចំពោះ​ការសម្រេចចិត្ត​របស់​ស​ហ​រដ្ឋ​អាមេរិក នៅក្នុង​ការបញ្ជូន​រថ​ក្រោះ​ទាំងនោះ ទៅ​ជួយ​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន ដោយ​ចាត់ទុក ថា នេះ​ជា​សកម្មភាព បង្ក​ឲ្យ​ប្រជាជន នៅក្នុង​ប្រទេស​នេះ រង​ទុក្ខ​កាន់តែ​ធ្ងន់​ទៅវិញ​ទេ​។ ចំណែក​មេដឹកនាំ​រុស្ស៊ី ក៏​កំពុងតែ​បង្ហាញ​ទំនុកចិត្ត ថា រថក្រោះ Abrams ទាំងនេះ នឹងមិន​មែន ជាការ​គំរាមកំហែង​ជា​យុទ្ធសាស្ដ្រ​ដ៏​សំខាន់​នោះឡើយ​។​

​ក្រុម​អ្នក​និយម​លេង​អ៊ី​ន​ធើរ​ណេ​តរបស់​រុស្ស៊ី បាន​បង្ហោះ​រូបភាព​រថក្រោះ Abrams នៅតាម​បណ្ដាញ​សង្គម ដោយ​ពណ៌នា អំពី​ផ្នែក​ងាយ​រងគ្រោះ​របស់​វា ហើយ​ថែមទាំង​ណែនាំ អំពី​របៀប​កម្ទេច​រថ​ក្រោះ ប្រភេទ​នេះ​។ រូបភាព​ដែល​បានឃើញ​នេះ ពិតជា​រូប​ចាស់ ហើយ​វា​មាន​ភាពល្បីល្បាញ នៅក្នុង​ប្លុក​រុស្ស៊ី អមដោយ​ការសរសេរ​លម្អិត អំពី​របៀប​បំផ្លាញ ឬ បំផ្លាញ​តួ Abrams ។​

​នៅក្នុង​ដ្យា​ក្រាម​នោះ មានការ​ណែនាំ​ជាច្រើន រួមមាន ទី​១-​ណែ​នាំឱ្យ​វាយប្រហារ​ទៅលើ​ប្រព័ន្ធ​កាំភ្លើង​ធំ​របស់​រថក្រោះ ជាមួយនឹង​អាវុធ​ធុន​តូច ឬ កាំភ្លើងយន្ត​។ ទី​២-​ណែនាំ ឲ្យ​វាយលុក​ត្រង់​ចន្លោះ​គម្លាត​រវាង​ប៉ម​រថក្រោះ និង​ទី​៣- ណែនាំ​ឲ្យ​វាយប្រហារ​បំ​បុក​សងខាង ដែល​អាច​ទម្លុះ សូម្បីតែ​ប្រើ​គ្រាប់បែកដៃ​ចាស់ៗ សម្រាប់​ជា​ឧបករណ៍​បាញ់​គ្រាប់បែក RPG-7 រួមមាន PG-7 និង PG-7V, PG-7 VM …​ជាដើម​។ ការណែនាំ​ឲ្យ​វាយប្រហារ​ទាំងនេះ ទំនងជា​ផ្អែកលើ​ការវាយតម្លៃ លើ​ក្រោះ M1 Abrams ក៏ដូចជា រថក្រោះ M1A1 និង M1A2 ត្រូវបាន​ការពារ​យ៉ាង​រឹងមាំ នៅ​ផ្នែក​ខាងមុខ​។​

​សេចក្ដីរាយការណ៍ ជា​ភាសា​រុស្សី បាន​ណែនាំ​ឲ្យ​វាយប្រហារ​បំ​បុក ទៅលើ​ធុងសាំង​របស់​រថក្រោះ ដែលមាន​ទីតាំង នៅ​ផ្នែក​ខាងមុខ ទាំងសងខាង​របស់​អ្នកបើកបរ​។ ឥន្ធនៈ​ដែល​ឆេះ​នោះ ត្រូវបាន​គេ​រំពឹង ថា នឹង​ធ្លាក់​ចូលក្នុង​បន្ទប់​ម៉ាស៊ីន ហើយ​វា​បណ្តាលឱ្យ​ម៉ាស៊ីន​ឆេះ និង​ផ្ទុះឡើង​។ ប៉ុន្ដែ​ទោះជា​យ៉ាងណាក៏ដោយ ចំពោះ​ស្ថានភាព​បែបនេះ គឺ​រថក្រោះ M1 Abrams មាន​ប្រព័ន្ធ​ពន្លត់​អគ្គិភ័យ សម្រាប់​បន្ទប់​ម៉ាស៊ីន ហើយ​ត្រូវគេ​រាយការណ៍ ថា មាន​ដប​ចំនួន​ពីរ និង បំពង់​ពន្លត់​អគ្គិភ័យ​ចល័ត​មួយចំនួន​ផងដែរ​។​


​ដើម្បី​ប្រឈមមុខ​នឹង​គ្រាប់មីន​បង្កប់ នៅក្នុង​ដី​នោះ រថក្រោះ M1 Abrams ក៏បាន​បំពាក់​ទៅដោយ​ឧបករណ៍ សម្រាប់​រុញ​គ្រាប់មីន​ឲ្យ​ឃ្លាត​ចេញពី​ផ្លូវ ដើម្បី​ជួយ​ដល់​រថពាសដែក​ផ្សេងៗ​ទៀត បើកបរ​តាម​ពីក្រោយ​វា ប្រកប​ដោយមាន​សុវត្ថិភាព ផងដែរ​។ ដោយឡែក ការលើកឡើង​ទាំងអស់នេះ គេ​មិនដឹង ថា វា​មាន​ប្រសិទ្ធភាព នៅក្នុង​ការកម្ទេច​រថ​ក្រោះ​ដ៏​ទំនើប​របស់​អាមេរិក ដល់​កម្រិតណា​នោះដែរ​។ រថក្រោះ​ស៊េរី​នេះ ធ្លាប់​ចូលប្រឡូក នៅក្នុង​សមរភូមិ​ធំៗ​ជាច្រើន រួមមាន អា​ហ្វ​ហ្កា​នី​ស្ថាន និង អ៊ីរ៉ាក់​…​ជាដើម​។ ដោយឡែក ទាហាន​ថ្មើរជើង​របស់​រុស្ស៊ី មិនបាន​បំពាក់​រថក្រោះ​ប្រយុទ្ធ​ដ៏​ទំនើប​ធុន​ធ្ងន់​បែប​ឡើយ ទើប​ធ្វើ​ឲ្យ​ខាតបង់​រថក្រោះ​យ៉ាងច្រើន នៅក្នុង​ការប្រយុទ្ធ​ជាមួយនឹង​កងទ័ព​អ៊ុយ​ក្រែ​ន​៕​