
រដ្ឋធានីអង់ការ៉ា(Ankara)៖ សង្គ្រាមរបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន បានធ្វើឲ្យប្រទេសស៊ុយក្រែន និង ហ្វាំងឡង់ដ៍ បោះបង់ចោលនូវគោលនយោបាយអព្យាក្រឹតរបស់ខ្លួន ដែលបានប្រកាន់ខ្ជាប់ អស់រយៈពេលជាច្រើនទសវត្សរ៍នោះចោល ហើយងាកទៅដាក់ពាក្យចូល ជាសមាជិករបស់អង្គការណាតូ ប៉ុន្ដែតួកគី និង ហុងគ្រី នៅតែរារាំងដល់ប្រទេសអឺរ៉ុបខាងជើងទាំង២នេះ ចូលរួម នៅក្នុងអង្គការសម្ពន្ធមិត្តយោធាដ៏ខ្លាំងក្លារបស់ពិភពលោកមួយនេះ។
សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី៣០ ខែមករា ថា ប្រធានាធិបតីតួកគី លោក រេសេប តាយយីប អេដូហ្គេន (Recep Tayyip Erdogan) បានបង្ហាញសញ្ញា ថា រដ្ឋាភិបាលក្រុងអង់ការ៉ារបស់គាត់ អាចនឹងទទួលយកហ្វាំងឡង់ដ៍ ឲ្យចូលទៅក្នុងអង្គការណាតូ មុនពេលមានវិធានការណាមួយ ទៅលើប្រទេសអឺរ៉ុបខាងជើង ដែលមានព្រំដែនជាប់គ្នាជាមួយនឹងស៊ុយអែត។
លោក អេដូហ្គេន បានថ្លែង ត្រឹមតែប៉ុន្មានថ្ងៃ ក្រោយពេលក្រុងអង់ការ៉ា បានផ្អាកនូវកិច្ចពិភាក្សា ស្តីអំពីការចូលជាសមាជិករបស់អង្គការណាតូ ជាមួយប្រទេសទាំងពីរ បន្ទាប់ពីមានការតវ៉ា នៅទីក្រុងស្ដុកខម (Stockholm) ដែលក្នុងនោះមានអ្នកនយោបាយស្តាំនិយមម្នាក់ បានដុតគម្ពីរគូរ៉ាន់ (Quran) ថតចម្លងរបស់សាសនាអ៊ិស្លាម។
ប្រធានាធិបតីតួកគី បានបញ្ជាក់ នៅសុន្ទរកថា ចាក់ផ្សាយ តាមទូរទស្សន៍ កាលពីថ្ងៃអាទិត្យ ថា «យើងអាចផ្តល់សារផ្សេង ទៅកាន់ហ្វាំងឡង់ដ៍ នៅលើកម្មវិធីអង្គការណាតូរបស់ពួកគេ ហើយស៊ុយអែត នឹងភ្ញាក់ផ្អើល ខណៈក្រុងស្ដុកខម ឃើញសាររបស់យើង។ ប៉ុន្តែហ្វាំងឡង់ដ៍ មិនគួរធ្វើឲ្យមានកំហុសដូចគ្នានឹងស៊ុយអែត បានធ្វើនោះឡើយ»។
ប្រទេសស៊ុយអែត និង ហ្វាំងឡង់ដ៍ កាលពីឆ្នាំមុន បានដាក់ពាក្យ ចូលរួមជាមួយអង្គការណាតូ ក្រោយការលុកលុយរបស់រុស្ស៊ី ទៅលើអ៊ុយក្រែន ដោយបានបោះបង់ចោលនូវការគោលនយោបាយ មិនចូលបក្សសម្ព័ន្ធយោធា អស់រយៈពេលជាយូរអង្វែងរបស់ពួកគេ។
ការចូលរួមជាមួយនឹងអង្គការណាតូ ត្រូវមានការយល់ព្រម ពីសមាជិកទាំង៣០របស់អង្គការសម្ពន្ធមិត្តយោធាមួយនេះ។ ចំណែកតួកគី និង ហុងគ្រី ជាអ្នកជំទាស់ ហើយសភាហុងគ្រី ត្រូវគេរំពឹង ថា នឹងអនុញ្ញតដល់ប្រទេសស៊ុយអែត និង ហ្វាំងឡង់ដ៍ ចូលរួម នៅក្នុងខែកុម្ភៈ។
ការប្រឆាំងជំទាស់របស់ប្រធានាធិបតីតួកគី ក្រោយមានការបដិសេធពីប្រទេសស៊ុយអែត នៅក្នុងការធ្វើបត្យាប័នមនុស្សរាប់សិបនាក់ ដោយសារក្រុងអង់ការ៉ា បានភ្ជាប់ជាមួយគណបក្សពលករឃឺដ (PKK) ដែលបានហាមឃាត់ និង ការប៉ុនប៉ងធ្វើរដ្ឋប្រហារបរាជ័យ នៅក្នុងប្រទេសតួកគី កាលពីឆ្នាំ២០១៦៕