ចិន ធ្វើតេស្ដ​ដ្រូ​ន​បំបាំងកាយ ប្រជែង​ឧត្ដមភាព​លើ​យន្ដហោះ​គ្មាន​មនុស្ស​បើក ជាមួយ​អាមេរិក​

ព័ត៌មានអន្តរជាតិ
0
7


​រដ្ឋធានី​ប៉េកាំង​៖ ថ្វីបើ​ការ​ប្រជែង​គ្រឿង​សព្វាវុធ នៅ​ក្នុងសម័យ​សង្គ្រាមត្រជាក់ បាន​ផុតរលត់​ទៅ​អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​មកហើយ​ក្ដី ប៉ុន្ដែ​នៅក្នុង​សម័យ​ទំនើប នាពេល​បច្ចុប្បន្ន បណ្ដា​ប្រទេស​មហាអំណាច​ធំៗ ក៏​កំពុងតែ​ប្រជែង​គ្នា ដណ្ដើម​ឧត្ដមភាព លើ​យន្ដហោះ​គ្មាន​មនុស្ស​បើក ឬ ដ្រូ​ន ហើយ​បច្ចុប្បន្ន ចិន​ក៏​កំពុងតែ​ធ្វើ​ប​ដិ​វត្ដ​ន៍​ដ្រូ​ន​ប្រយុទ្ធ​បំបាំងកាយ​ថ្មី​របស់ខ្លួន​។​

​សារព័ត៌មាន Asia Times បានចេញ​ផ្សាយ កាលពី​ចុង​សប្ដាហ៍​មុន ថា ឥឡូវនេះ ចិន​កំពុងតែ​បង្ហោះ​សាកល្បង​យន្ដហោះ​គ្មាន​មនុស្ស​បើក​បំបាំងកាយ​ថ្មី​របស់ខ្លួន​។ ដ្រូ​ន​បំបាំងកាយ​ថ្មី​នេះ ក៏​នឹង​អាចមាន​ឥទ្ធិពល ទៅលើ​ការ​រចនា​យន្តហោះ​ចម្បាំង​ជំនា​ន់ទី​៦​របស់​ចិន នាពេលខាងមុខ​ផងដែរ​។​

​សារព័ត៌មាន The South China Morning Post បាន​រាយការណ៍ នៅ​សប្ដាហ៍​នេះ ថា ក្រុម​អ្នកស្រាវជ្រាវ នៃ​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង អភិវឌ្ឍន៍​លំហ​អាកាស​ចិន នៅ​ខេត្ត​ស៊ី​ឈួន បាន​សាកល្បង​យន្តហោះ​គ្មាន​មនុស្ស​បើក​ថ្មី ឬ ដ្រូ​ន ដែល​ប្រើ​បច្ចេកវិទ្យា AFC ។

​សារព័ត៌មាន SCMP បាន​រាយការណ៍ កាលពី​ថ្ងៃទី​១៩ ខែមករា អំពី​ក្រុម​អ្នកស្រាវជ្រាវ​ចិន បាន​អះអាង ថា នៅក្នុង​អំឡុងពេល​ហោះហើរ​សាកល្បង ថា យន្តហោះ​គ្មាន​មនុស្ស​បើក បាន​ហោះ​ឡើង ហើយ​ត្រូវធ្វើ​ឲ្យ​មាន​លំនឹង ចំពោះ​អតុល្យភាព នៃ​ការហោះហើរ​នោះ​។ ក្រុម​អ្នកស្រាវជ្រាវ​បាន​កត់សម្គាល់ថា ដ្រូ​ន​របស់​ពួកគេ អាចធ្វើ​សមយុទ្ធ​បាន​យ៉ាង​រលូន និង រហ័ស​។​

​លោក ហ្សា​ង លីវ (Zhang Liu) អ្នកវិទ្យាសាស្ដ្រ​របស់​ចិន​មួយរូប ដែល​ដឹកនាំ​ក្រុម​ស្រាវជ្រាវ នៅឯ​មជ្ឈមណ្ឌល​ពាក់ព័ន្ធ​នឹង​ការ​រចនា​យន្ដហោះ​បំបាំងកាយ​ជំនា​ន់ទី​៥ J-20 និង អាវុធ​មាន​ល្បឿន​លឿន​ជាង​សំឡេង បាន​អះអាង ថា រូបរាង​របស់​យន្តហោះ​បំបាំងកាយ​នេះ ត្រូវបាន​រចនា​ឡើង​យ៉ាង​ប្រុងប្រយ័ត្ន សម្រាប់​លំហ​អាកាស​។​

​ប្រភព​ផ្សេងទៀត បាន​រាយការណ៍ ថា ក្រុម​អ្នកស្រាវជ្រាវ​របស់​សហ​រដ្ឋ​អាមេរិក ក៏បាន​បាញ់​បង្ហោះ​ដ្រូ​ន​របស់​ពួកគេ ចេញពី​ប្រព័ន្ធ UAS នៅក្នុង​រដ្ឋ​អូ​រេ​ហ្គិ​ន (Oregon) កាលពី​ខែតុលា​ឆ្នាំ ២០២២ សម្រាប់​ការហោះហើរ រយៈពេល​៩​នាទី​។​

​ការសាកល្បង​យន្ដហោះ​គ្មាន​មនុស្ស​បើក​បំបាំងកាយ​ថ្មី​របស់​ចិន បានកើត​ឡើង ក្រោយពេល​កងទ័ព​សហ​រដ្ឋ​អាមេរិក បាន​បាញ់​ទម្លាក់​បា​ឡុង​របស់​ចិន ដែល​បស្ចិម​លោក បានចាត់ទុក​ជា​បា​ឡុង​ចារកម្ម​។ សកម្មភាព​របស់​ក្រុង​ប៉េកាំង នាពេល​ព​នេះ ក៏បាន​កើតឡើង ស្របគ្នា​ជាមួយនឹង​ភាព​តានតឹង​របស់​ប្រទេស​មហាអំណាច​ទាំង​២ កំពុងតែ​ប្រជែង​គ្នា​យ៉ាងខ្លាំង ទាំង​សេដ្ឋកិច្ច យោធា និង នយោបាយ នៅលើ​ពិភពលោក​៕​