អតីត​នាយករដ្ឋមន្ដ្រី​ជប៉ុន បញ្ចេញ​សង្គ្រាម​វោហារ​ស័ព្ទ ត្រូវតែ​ការពារ​តៃវ៉ាន់ បើ​មានការ​ឈ្លានពាន​

ព័ត៌មានអន្តរជាតិ
0
20



​រាជធានី​តូ​ក្យូ​៖ ស្របពេល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង កំពុងតែ​បង្កើន​សម្ពាធ កាន់តែខ្លាំង​ឡើង មកលើ​រដ្ឋាភិបាល​ក្រុង​តៃប៉ិ ទាំង​ការទូត នយោបាយ សេដ្ឋកិច្ច និង យោធា ដើម្បី​ចាប់បង្ខំ​ឲ្យ​តៃវ៉ាន់ ព្រម​ទទួលយក​នូវ​ដែន​អធិបតេយ្យភាព​របស់​ចិន ប៉ុន្ដែ​ឥឡូវនេះ អតីត​នាយករដ្ឋមន្ដ្រី​ជប៉ុន បាន​បញ្ចេញ​នូវ​សង្គ្រាម​វោហារ​ស័ព្ទ​កាន់តែខ្លាំង​ឡើង ថា សហរដ្ឋអាមេរិក និង ជប៉ុន ត្រូវតែ​ការពារ​ដែន​កោះ​តៃវ៉ាន់ ប្រសិនបើ​មានការ​លុកលុយ ដោយ​យោធា​ណាមួយ​កើតឡើង​។​

​ទីភ្នាក់ងារសារព័ត៌មាន​របស់​ចក្រភព​អង់គ្លេស Reuters បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​ព្រហស្បតិ៍ ទី​១០ ខែសីហា ថា លោក តា​រ៉ូ អាសូ (Taro Aso) ដែល​ធ្លាប់​ធ្វើជា​នាយករដ្ឋមន្ដ្រី​ជប៉ុន ចន្លោះ​ពី​ឆ្នាំ​២០០៨​ដល់​ឆ្នាំ​២០០៩ បានបញ្ជាក់ កាលពី​ថ្ងៃ​អង្គារ (​ទី​៨ ខែសីហា​) ថា បរិយាកាស​សន្ដិសុខ​កាន់តែ​តានតឹង នៅ​ច្រក​សមុទ្រ​តៃវ៉ាន់ នឹងមាន​ន័យ ថា ជប៉ុន សហរដ្ឋអាមេរិក និង បណ្ដា​សម្ពន្ធ​មិ​ត្ដ​ផ្សេងៗ​ទៀត ត្រូវតែ​បង្ហាញ​នូវ​ការតាំង​ចិត្ត​យ៉ាង​មុតមាំ នៅក្នុង​ការចូល​មក​ការពារ​តៃវ៉ាន់ ប្រសិនបើ​ដែន​កោះ​មួយ​នេះ ត្រូវ​រង​ការវាយប្រហារ​។​


​លោក តា​រ៉ូ អាសូ អនុប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​សេរី ដែល​កំពុងតែ​កាន់អំណាច នៅក្នុង​ប្រទេស​ជប៉ុន បានបញ្ជាក់ នៅក្នុង​សុន្ទរកថា​មួយ នៅ​ទីក្រុង​តៃប៉ិ នា​អំឡុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​៣​ថ្ងៃ​របស់គាត់ ទៅកាន់​ដែន​កោះ​គ្រប់គ្រង​ដោយ​ខ្លួនឯង​តាមបែប​ប្រជាធិបតេយ្យ​មួយ​នេះ ថា «​អ្វីដែល​សំខាន់បំផុត នាពេលនេះ គឺ​ត្រូវតែ​ធ្វើឱ្យ​ប្រាកដ ថា សង្គ្រាម​មិនអាច​ផ្ទុះឡើង នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​»​។​

​លោក​អតីត​នាយករដ្ឋមន្ដ្រី​ជប៉ុន រូបនេះ បាន​សង្កត់ធ្ងន់ នៅក្នុង​សុន្ទរកថា ត្រូវបាន​ចាក់ផ្សាយ តាម​ប្រព័ន្ធ​អ៊ិនធើរណេត ថា «​ខ្ញុំ​ជឿ ថា ឥឡូវនេះ ជា​ពេលដែល​ប្រទេស​ជប៉ុន តៃវ៉ាន់ សហរដ្ឋអាមេរិក និង បណ្ដា​ប្រទេស​ផ្សេងៗ​ទៀត ដែលមាន​គំនិត​ដូចគ្នា ត្រូវតែ​រៀបចំខ្លួន សម្រាប់​ចាត់វិធានការ ទប់ស្កាត់​យ៉ាងខ្លាំងបំផុត ហើយ​វា​ជាការ​តាំងចិត្ត សម្រាប់​ការប្រយុទ្ធ​ផងដែរ​»​។​

​លោក​អនុប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​សេរី ដែល​កំពុងតែ​កាន់អំណាច នៅក្នុង​ប្រទេស​ជប៉ុន បាន​បន្ថែមថា ការបង្ហាញ​យ៉ាងច្បាស់​នូវ​សុច្ឆន្ទៈ នៅក្នុង​ការការពារ​តៃវ៉ាន់ នឹង​ក្លាយជា​ទម្រង់​រារាំង​។ ថ្វីបើ​គាត់​មិនបាន​បញ្ជាក់ អំពី​ប្រទេស​ចិន ជា​អ្នក​ឈ្លានពាន​យ៉ាងណាក្ដី ប៉ុន្តែ​គាត់​បាន​និយាយ ថា វា​មាន​សារៈសំខាន់​ខ្លាំងណាស់ សម្រាប់​ជប៉ុន នៅក្នុងនាម​ជា​អ្នកជិតខាង​របស់​តៃវ៉ាន់ និង ប្រទេស​ដទៃទៀត ត្រូវតែ​រក្សា​សណ្តាប់ធ្នាប់​អន្តរជាតិ ហើយ​វា​ជាការ​ផ្ញើ​សារ​មួយ ទៅកាន់​ប្រទេស​ចិន និង សហគមន៍​អន្តរជាតិ​ផ្សេងៗ​ទៀតផង​ដែរ​។​

​លោក តា​រ៉ូ អាសូ ក្លាយជា​មន្ត្រី​នយោបាយ​ជាន់ខ្ពស់​បំផុត​របស់​ប្រទេស​ជប៉ុន បាន​ទៅធ្វើ​ទស្សនកិច្ច នៅលើ​កោះ​តៃវ៉ាន់ ចាប់តាំងពី​ឆ្នាំ​១៩៧២​មក​។​

​រដ្ឋាភិបាល​ក្រុង​ប៉េកាំង តែងតែ​ចាត់ទុក​កោះ​តៃវ៉ាន់ ជា​ទឹកដី​របស់​ចិន ហើយក៏​មិន​ធ្លាប់​បដិសេធ អំពី​ការប្រើ​កម្លាំងយោធា ដើម្បី​រឹបអូស​ដែន​កោះ​មួយ​នេះ យកមក​ដាក់ឱ្យ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​ចិន នោះដែរ​។ ប៉ុន្ដែ​រដ្ឋាភិបាល​ក្រុង​តៃប៉ិ ច្រានចោល​យ៉ាង​ដាច់អហង្ការ ចំពោះ​ការទាមទារ​អធិបតេយ្យភាព​របស់​ប្រទេស​ចិន​។​

​ថ្លែង​នៅ​ចំពោះមុខ លោក តា​រ៉ូ អាសូ នៅក្នុង​វេទិកា​ដដែល​នោះ លោកស្រី សៃ អ៊ីង​-​វ៉ិ​ន (Tsai Ing-wen) ប្រធានាធិបតី​តៃវ៉ាន់ បានបញ្ជាក់ ថា «​រដ្ឋាភិបាល​របស់លោក​ស្រី បាន​ប្តេជ្ញាចិត្ត ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការការពារ​ខ្លួន ហើយក៏​មិន​សុខចិត្ត​ទទួលយក​នូវ​ការ​គាំពារ មកពី​ដៃគូ​សន្តិសុខ​របស់ខ្លួន​នោះដែរ​។ ជាមួយគ្នានេះ យើង​មិន​ស្វែងរក​ការប្រឈមមុខ​ដាក់គ្នា​ខាង​ផ្នែក​យោធា​នោះទេ ហើយ​មាន​ក្តីសង្ឃឹម សម្រាប់​ការរួមរស់​ដោយ​សន្តិភាព ស្ថិរភាព និង ស្វែងរក​ផលប្រយោជន៍ ជាមួយ​ប្រទេសជិតខាង​របស់​យើង​។ ជាការ​ពិតណាស់ តៃវ៉ាន់ តែងតែ​ត្រៀមខ្លួន​ការពារ​លទ្ធិប្រជាធិបតេយ្យ និង របៀប​រស់នៅ​របស់​យើង​»​។​

​ស្ថានភាព​តានតឹង នៅ​ជុំវិញ​កោះ​តៃវ៉ាន់ បានរួម​ចំណែក​ដល់​ការសម្រេចចិត្ត​របស់​ជ​ប៉ុន ដែលជា​សម្ពន្ធមិត្ត​ដ៏​ជិតស្និទ្ធ​របស់​អាមេរិក កំពុងតែ​បង្កើន​នូវ​ការចំណាយ លើ​វិស័យ​ការពារជាតិ​របស់ខ្លួន​បន្ថែមទៀត​។​

​លោក តា​រ៉ូ អាសូ កាលពី​នៅ​កាន់តំណែង​ជា​ឧបនាយករដ្ឋមន្ដ្រី​ជប៉ុន កាលពី​អំឡុង​ឆ្នាំ​២០២១ បាន​ហៅ​ការឈ្លានពាន​ណាមួយ ពី​ប្រទេស​ចិន គឺជា​ការគំរាមកំហែង​ដល់​ការរស់រានមានជីវិត​របស់​ជប៉ុន ហើយ​ថា ប្រទេស​ជប៉ុន និង សហរដ្ឋអាមេរិក នឹង​ការពារ​តៃវ៉ាន់​រួមគ្នា ប្រសិនបើ​មាន​ឧបទ្ទវហេតុ​ឈ្លានពាន​កើតឡើង​៕​