​វៀតណាម ចាប់ដៃ​ជាមួយនឹង​ឥណ្ឌូណេស៊ី បង្កើត​កិច្ចព្រមព្រៀង​ថ្មី ទប់ស្កាត់​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​

ព័ត៌មានអន្តរជាតិ
0
25



​រដ្ឋធានី​ហ្សា​ការ​តា​៖ ក្រុង​ប៉េកាំង តែងតែ​អះអាង អំពី​ដែនទឹក​នៅ​សមុទ្រ​ចិន​ខាងត្បូង ស្ទើរតែ​ទាំងស្រុង ជា​ដែន​អធិបតេយ្យភាព​របស់​ប្រទេស​ចិន ហើយ​សកម្មភាព​បែបនេះ បង្ក​ឲ្យ​មាន​ជម្លោះ ជាមួយនឹង​បណ្ដា​ប្រទេស​មួយចំនួន នៅក្នុង​តំបន់​អាស៊ាន ទើប​កាលពីពេល​ថ្មីៗ​នេះ វៀតណាម បាន​ចុះ​កិច្ចព្រមព្រៀង​មួយ ជាមួយនឹង​ឥណ្ឌូណេស៊ី ស្ដីអំពី​ព្រំដែន​ទឹក​របស់​ប្រទេស​ទាំង​២​។​

​សារព័ត៌មាន Defense News បានចេញ​ផ្សាយ កាលពី​ថ្ងៃ​ចន្ទ ទី​១៣ ខែកុម្ភៈ ថា កិច្ចព្រមព្រៀង កាលពីពេល​ថ្មីៗ រវាង​ឥណ្ឌូណេស៊ី និង វៀតណាម ទៅលើ​ព្រំដែន​សមុទ្រ នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ទំនងជា​នឹង​ប្រ​ព្រឹ​ត្ដទៅ ដោយ​រលូន ជុំវិញ​ទំនាក់ទំនង​ដ៏​តានតឹង​ម្តងម្កាល រវាង​ប្រជាជាតិ​អាស៊ី​ភាគ​អាគ្នេយ៍​ទាំងពីរ​នេះ​។​

​កិច្ចព្រមព្រៀង ដែល​បាន​ចុះហត្ថលេខា កាលពី​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០២២ បានកើត​ឡើង ក្រោយ​ការចរចា​គ្នា អស់​រយៈពេល​១២​ឆ្នាំ​មក ហើយ​វា​បានកើត​ឡើង អស់​រយៈពេល​១៩​ឆ្នាំ​មកហើយ បន្ទាប់ពី​ប្រទេស​ទាំងពីរ បានអនុម័ត​នូវ​ការកំណត់​ព្រំដែន​ទឹក រវាង​ប្រទេស​ទាំង​២​។ ទោះជា​យ៉ាងណា កិច្ច​ព្រម​ព្រៀម និង ការកំណត់​ព្រំដែន​ទឹក​នោះ ក្រសួងការពារជាតិ​វៀតណាម និង ឥណ្ឌូណេស៊ី មិនបាន​ឆ្លើយតប​នឹង​សំណើ សុំ​ការអត្ថាធិប្បាយ​នោះឡើយ​។​


​បើតាម​លោក ប៊ិច ត្រាន (Bich Tran) ជា​អ្នកសរសេរ នៅក្នុង​ការបោះពុម្ពផ្សាយ​របស់​វិទ្យាស្ថាន ISEAS-Yusof Ishak នៅក្នុង​ប្រទេស​សិង្ហ​បុរី បាន​ឲ្យ​ដឹង ថា «​ជាការ​ពិតណាស់ ការបោះ​បង្គោលព្រំ​ដែនទឹក រវាង​ឥណ្ឌូណេស៊ី​-​វៀតណាម ជា​តំបន់សេដ្ឋកិច្ចផ្តាច់មុខ បាន​ប្រ​ព្រឹ​ត្ដទៅ​ប្រកបដោយ​ជោគជ័យ ហើយ​វា​នឹង​ជួយ​ដល់​ប្រទេស​ទាំងពីរ នៅក្នុង​ការដោះស្រាយ​នូវ​ការនេសាទ​ខុសច្បាប់ និង កិច្ចការ​ពាក់ព័ន្ធ​ជាច្រើន​ទៀត ដែលជា​បញ្ហា​ទ្វេភាគី​យ៉ាងធ្ងន់ធ្ងរ ហើយ​ជា​បញ្ហា​យ៉ាង​ទូលំទូលាយ ពាក់ព័ន្ធ​នឹង​ប្រទេស​ភាគី​ទី​បី រួមទាំង ចិន និង ថៃ ផងដែរ​។​

​កិច្ចព្រមព្រៀង​នេះ ក៏​ផ្តល់​ក្តីសង្ឃឹម សម្រាប់​ការពង្រឹង​នូវ​ការប្តេជ្ញាចិត្ត​នៅក្នុង​តំបន់ ចំពោះ​បទដ្ឋាន និង គោលការណ៍​ដែនសមុទ្រ​អន្តរជាតិ ដូច​បានចែង នៅក្នុង​អនុសញ្ញា​របស់​អង្គការសហប្រជាជាតិ ស្តីពី​ច្បាប់​សមុទ្រ នា​ឆ្នាំ​១៩៨២ ដោយ​អនុញ្ញាតឱ្យ​ប្រទេស​ទាំងពីរ អះអាង​នូវ​ដែនសមុទ្រ​អន្តរជាតិ​រៀងៗ​ខ្លួន​។ សិទ្ធិ និង អនុវត្ត​នូវ​ផលប្រយោជន៍​នៅក្នុង​ដែនសមុទ្រ​របស់​ប្រទេស​ទាំងនេះ​។​

​បើតាម​ច្បាប់​អន្តរជាតិ តំបន់សេដ្ឋកិច្ចផ្តាច់មុខ រួមមាន ដែនទឹក​ដែល​លាតសន្ធឹង រហូតដល់​២០០​ម៉ៃ​ល៍ ឬ​ស្មើនឹង ប្រហែល​៣២១​គីឡូម៉ែត្រ ពី​ឆ្នេរសមុទ្រ​របស់​ប្រទេស ដែល​ប្រទេស​នោះ មាន​សិទ្ធិផ្តាច់មុខ នៅក្នុង​ការរុករក និង ទាញយក​ធនធានធម្មជាតិ នៅក្នុង​សមុទ្រ​នោះ​។​

​កិច្ចព្រមព្រៀង​ថ្មី​នេះ បាន​បិទ​បញ្ចប់​ដោយ​ដំណើរ​បំពេញ​ទស្សនកិច្ច រវាង​មេដឹកនាំ​កំពូល​របស់​វៀតណាម និង ឥណ្ឌូណេស៊ី បានធ្វើ​ដំណើរ​ទៅវិញទៅមក ទៅកាន់​ប្រទេស​របស់​ពួកគេ កាលពី​ឆ្នាំ​កន្លងទៅ​។ ចំណែក​រដ្ឋមន្ដ្រី​ការពារជាតិ​ឥណ្ឌូណេស៊ី លោក ប្រា​ប៉ូ​វ៉ូ ស៊ូ​ប៊ៀ​ន​តូ (Prabowo Subianto) ក៏បាន​ទៅ​ជួប​សម​ភាគី​វៀតណាម លោក​ឧត្ដមសេនីយ៍ ផាន់ វ៉ាន់​យ៉ាង (Phan Văn Giang) ។ ដំណើរ​ទស្សនកិច្ច​រប​ស់មេ​ដឹកនាំ​ទាំង​២ បាន​ព្រមព្រៀង បង្កើត​កិច្ចសហប្រតិបត្ដិការ ទៅលើ​សន្ដិសុខ និង ការពារជាតិ​រៀងៗ​ខ្លួន រួមទាំង ការបង្កើន​នូវ​ទំនាក់ទំនង​ទ្វេភាគី ការបណ្តុះបណ្តាល និង ការពិគ្រោះ​យោបល់​។ ទន្ទឹមគ្នានេះ មេដឹកនាំ​វៀតណាម និង ឥណ្ឌូណេស៊ី ក៏បាន​ព្រមព្រៀងគ្នា ទៅលើ​តំបន់សេដ្ឋកិច្ចផ្ដាច់មុខ​រៀងៗ​ខ្លួន​ផងដែរ​។​

​ជម្លោះ​នៅលើ​ដែនទឹក បានក្លាយ​ជា​រឿង​ធម្មតា នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ដែល​វៀតណាម និង ឥណ្ឌូណេស៊ី ស្ថិតក្នុង​ចំណោម​ប្រទេស នៅក្នុង​តំបន់​យ៉ាងតិច ចំនួន​៥​ផ្សេងទៀត តែងតែ​អះអាង អំពី​ដែន​អធិបតេយ្យភាព​របស់ខ្លួន ពាក់ព័ន្ធ​នឹង​លក្ខណៈ​ភូមិសាស្ត្រ នៅក្នុង​តំបន់​។​

​កិច្ចព្រមព្រៀង​ចុងក្រោយ​នេះ បាន​ដោះស្រាយ​ជម្លោះ​ដ៏​យូរអង្វែង ទៅលើ​ការទាមទារ​តំបន់សេដ្ឋកិច្ចផ្ដាច់មុខ (EEZ) ត្រួតស៊ីគ្នា​របស់​ឥណ្ឌូណេស៊ី និង វៀតណាម ដែល​កំណត់ ដោយ​ការចាប់ខ្លួន និង ការប៉ះទង្គិច​គ្នា រវាង​អ្នកនេសាទ និង ទីភ្នាក់ងារ​ឆ្មាំ​សមុទ្រ នៃ​ប្រទេស​ទាំងពីរ​។ ទោះជា​យ៉ាងណាក៏ដោយ ឥឡូវនេះ ឥណ្ឌូណេស៊ី ទំនងជា​នឹង​ប្រឆាំង​យ៉ាងខ្លាំង ចំពោះ​ការ​ការអះអាង​របស់​ចិន នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។​

​ឥណ្ឌូណេស៊ី ជារឿយៗ តែងតែ​និយាយថា ខ្លួន​មិនមែនជា​ភាគី​ជម្លោះ នៅ​សមុទ្រ​ចិន​ខាងត្បូង នោះទេ បើទោះជា​ខ្សែបន្ទាត់​ចំនួន​៩​របស់​ចិន ទាមទារ​កម្មសិទ្ធិ នៅលើ​ដែនទឹក នៅក្នុង​តំបន់​ត្រួតស៊ីគ្នា ជាមួយ​តំបន់សេដ្ឋកិច្ចផ្ដាច់មុខ​របស់​ឥណ្ឌូណេស៊ី ទាមទារ​នៅ​ភាគ​ខាងជើង និង ខាងកើត ប្រជុំ​កោះ​ណា​ទូ​ណា (Natuna) យ៉ាងណាក៏ដោយ​។​

​ឥណ្ឌូណេស៊ី និង វៀតណាម ជា​ប្រទេស​មាន​កម្លាំងយោធា​ដ៏​ខ្លាំងក្លា នៅក្នុង​តំបន់​អាស៊ាន តែងតែមាន​ការព្រួយបារម្ភ អំពី​ជម្លោះ នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ខណៈ​ក្រុង​ប៉េកាំង កំពុងតែ​បង្កើន​នូវ​ឥទ្ធិពល​យោធា នៅក្នុង​តំបន់​។ ជាមួយនឹង​ការភ័យខ្លាច​ចិន នោះ ហ្វី​លី​ពិន បានរ​ត់ទៅ​ចាប់ដៃ​ជាមួយនឹង​ជប៉ុន ដើម្បី​បង្កើន​ចំណង​ទំនាក់ទំនង​យោធា ឲ្យ​កាន់តែ​រឹងមាំ​។​

​ស្របតាម​ទំនោរ​របស់​ឥណ្ឌូណេស៊ី នៅក្នុង​ការដោះស្រាយ​ជម្លោះ​ជាមួយ​ចិន​នោះ ប្រទេស​ដែន​កោះ​មួយ​នេះ តែងតែ​ពឹងផ្អែក​យ៉ាងខ្លាំង ទៅលើ​ការធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ចិន ហើយក៏​ជា​ប្រភព​វិនិយោគ​បរទេស​ដ៏​ធំ​បំផុត​របស់​ក្រុង​ហ្សា​ការ​តា ផងដែរ​។ បើ​យោងតាម​ទីភ្នាក់ងារ​គយ​របស់​ចិន បាន​ឲ្យ​ដឹង ថា ទំហំ​ពាណិជ្ជកម្ម នៅក្នុង​ឆ្នាំ​២០២០ រវាង​ប្រទេស​ឥណ្ឌូណេស៊ី និង ចិន មាន​ទំហំ​ទឹកប្រាក់ ៧៨,៥ ពាន់​លាន​ដុល្លារ​៕​