សហរដ្ឋអាមេរិក នឹង​ដឹង​ការពិត ពី​បា​ឡុង​ចារកម្ម​របស់​ចិន ក្រោយពេល FBI ពិនិត្យ​រួច​

ព័ត៌មានអន្តរជាតិ
0
47


​រដ្ឋធានី​វ៉ាស៊ីនតោន​៖ ក្រោយពេល​កងទ័ព​រប​ស់​សហរដ្ឋអាមេរិក បាន​ប្រើប្រាស់​យន្ដហោះ​ចម្បាំង​បំបាំងកាយ​ដ៏​ទំនើប​របស់ខ្លួន ប្រភេទ F-22 បាញ់​ទម្លាក់​បា​ឡុង​របស់​ចិន ដែល​សង្ស័យ​ជា​យានអវកាស​ឈ្លបយកការណ៍​នោះមក ប៉ុន្ដែ​ឥឡូវនេះ មន្ដ្រី​យោធា​សហរដ្ឋអាមេរិក បាន​អះអាង អំពី​ការរកឃើញ​សេន​ស័​រ (Sensor) របស់​បា​ឡុង​ចិន ហើយ​កំពុងតែ​យក​វា​ទៅ​ពិសោធន៍ ដើម្បី​ស្វែងរក​ការពិត​។​

​សារព័ត៌មាន​របស់​ច​ក្រ​ភព​អង់គ្លេស BBC បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​អង្គារ ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២៣ ថា មន្ដ្រី​យោធា​របស់​សហរដ្ឋអាមេរិក បានបញ្ជាក់ ថា ឧបករណ៍​ចាប់​សញ្ញា (​ឬ sensor) ពី​បា​ឡុង​សង្ស័យ​ជា​យាន​ចារកម្ម​របស់​ចិន លើកដំបូង ត្រូវបាន​បាញ់​ទម្លាក់ នៅលើ​ដែនទឹក​របស់​សហរដ្ឋ​អាមេរិក ត្រូវបាន​រកឃើញ​ហើយ នៅក្នុង​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក​។​

​ទីបញ្ជាការ​ភូមិភាគ​ខាងជើង​របស់​កងទ័ព​សហរដ្ឋអាមេរិក បានបញ្ជាក់ ថា ក្រុម​អ្នកស្រាវជ្រាវ​បាន​រកឃើញ​កម្ទេចកម្ទី​សំខាន់ៗ ពី​កន្លែង​បា​ឡុង ដែល​ត្រូវបាន​បាញ់​ទម្លាក់​នោះ រួមទាំង​ឧបករណ៍​ចាប់​សញ្ញា​អាទិភាព (​ឬ sensor) និង បំណែក​អេ​ឡិ​ក​ត្រូ​និក​ទាំងអស់ ដែល​បានកំណត់​អត្តសញ្ញាណ​។ ឥឡូវនេះ ទីភ្នាក់ងារ FBI កំពុងតែ​ត្រួត​ពិនិត្យមើល​វត្ថុតាង​ទាំងអស់ ដែល​សហរដ្ឋអាមេរិក បាន​និយាយ ថា វា​ជា​ឧបករណ៍ប្រើប្រាស់ សម្រាប់​ស៊ើប​យកការណ៍ នៅលើ​ទីតាំង​យោធា​ដ៏​រសើប​របស់​សហរដ្ឋ​អាមេរិក​។​

​កងទ័ព​សហរដ្ឋអាមេរិក បាន​បាញ់​ទម្លាក់​វត្ថុ​ហោះ​នៅលើ​អាកាស ចំនួន​៣​ផ្សេងទៀត ចាប់តាំងពី​ការបាញ់​ទម្លាក់​បា​ឡុង​របស់​ចិន ជា​លើកដំបូង នៅ​ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ​២០២៣​។​

​ក្រុមមន្ដ្រី​យោធា​របស់​សហរដ្ឋអាមេរិក បានបញ្ជាក់ ថា ឧបករណ៍​សំខាន់ៗ នៃ​បា​ឡុង​របស់​ចិន ត្រូវបាន​រកឃើញ កាលពី​ថ្ងៃ​ចន្ទ នៅ​ឆ្នេរសមុទ្រ រដ្ឋ​សៅ​ការ៉ូ​លី​ណា (South Carolina)​។ ប៉ុន្ដែ​បើតាម​បណ្ដាញ​ទូរទស្សន៍ CBS បាន​ឲ្យ​ដឹង ថា អង់​តែ​ន​របស់​បា​ឡុង មាន​ប្រវែង ចន្លោះ​ពី​៩​ទៅ​១២​ម៉ែត្រ ក៏​ស្ថិត​ក្នុងចំណោម​ឧបករណ៍ ដែល​បាន​រកឃើញ​នោះដែរ​។​

​ក្រុមមន្ដ្រី​សហរដ្ឋអាមេរិក បាន​អះអាង ថា បា​ឡុង ដែល​ហោះ​រយៈកម្ពស់​ខ្ពស់​នោះ មាន​ប្រភពដើម នៅក្នុង​ប្រទេស​ចិន ហើយ​ត្រូវបាន​ប្រើប្រាស់ សម្រាប់​ឈ្លបយកការណ៍​។ ប៉ុន្ដែ​ចិន បានបញ្ជាក់ ថា បា​ឡុង​នោះ ជា​យានអវកាស​តាមដាន​អាកាសធាតុ ហើយ​វា​បាន​ហោះ​វង្វេងផ្លូវ ដោយសារ​តែមាន​ខ្យល់​បោកបក់​ខ្លាំង​។​

​ក្រោយពេល​កើតមាន​ឧបទ្ទវហេតុ នៃ​ការបាញ់​ទម្លាក់​បា​ឡុង​ចិន​ជា​លើកដំបូង​នោះមក យន្ដហោះ​ចម្បាំង​របស់​កងទ័ព​ស​ហ​រដ្ឋ​អាមេរិក ក៏បាន​បាញ់​វត្ថុ​ហោះ​នៅក្នុង​រយៈកម្ពស់​ខ្ពស់ ចំនួន​៣​ផ្សេងទៀត ដែល​ហោះ​នៅលើ​រដ្ឋ​អា​ឡា​ស្កា​របស់​សហរដ្ឋអាមេរិក​, នៅលើ​ដែនដី​យូ​គុន (Yukon) របស់​កាណាដា និង នៅ​បឹង​ហ៊ូ​រុន (Huron) ព្រំដែន រវាង​ប្រទេស​ទាំង​២​នេះ​។​

​បើតាម​បណ្ដាញ​ផ្សព្វផ្សាយ ជាច្រើន បាន​រាយការណ៍ ថា ការបាញ់​វត្ថុ​ហោះហើរ នៅលើ​បឹង​ហ៊ូ​រុន​នោះ គឺ​កងទ័ព​សហរដ្ឋអាមេរិក បាន​ប្រើប្រាស់​មី​ស៊ី​ល​មួយ​គ្រាប់ ប្រភេទ Sidewinder (​សាយ​វិ​ន​ឌ័​រ​) ដោយ​បាញ់​ចេញពី​យន្ដហោះ​ចម្បាំង F-16 ។ ចំណែក​មី​ស៊ី​ល​ប្រភេទ​នេះ មានតម្លៃ រហូតដល់​ជាង ៤០០ ០០០​ដុល្លារ នៅក្នុង​១​ដើម​៕