
រដ្ឋធានីមីនស្ក៍ (Minsk)៖ មេដឹកនាំក្រុងមីនស្ក៍ ជាសម្ពន្ធមិត្តដ៏ជិតស្និទ្ធបំផុតរបស់មេដឹកនាំវិមានក្រឹមឡាំង លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Puti) ហើយគាត់តែងតែគាំទ្រ ដល់សកម្មភាពយោធារបស់ក្រុងមូស្គូ ដោយថែមទាំងអនុញ្ញាតឲ្យកម្លាំងទាហានរុស្ស៊ី ប្រើប្រាស់ទឹកដីរបស់ខ្លួន បើកឆាកសង្គ្រាម វាយលុកចូលទៅលើទឹកដីរបស់អ៊ុយក្រែន ប៉ុន្ដែឥឡូវនេះ ប្រធានាធិបតីបេឡារុស បានប្រកាស អំពីការចូលរួមនៅក្នុងសង្គ្រាម ប្រសិនបើមានការវាយប្រហារទៅលើប្រទេសរបស់ខ្លួន។
គេហទំព័រ បណ្ដាញទូរទស្សន៍របស់ចក្រភពអង់គ្លេស BBC បានចេញផ្សាយ ពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ ថា មេដឹកនាំផ្តាច់ការរបស់បេឡារុស ជាសម្ពន្ធមិត្តដ៏រឹងមាំរបស់វិមានក្រឹមឡាំង និង ជាអ្នកគាំទ្រនូវអ្វីដែលលោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី ហៅជា «ប្រតិបត្តិការយោធាពិសេស» នៅលើទឹកដីរបស់អ៊ុយក្រែន។ ប៉ុន្ដែសម្រាប់ពិភពលោកទាំងមូលវិញ ភាគច្រើន បានហៅសកម្មភាពយោធារបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន ជា«សង្គ្រាមឈ្លានពាន»។
ចាប់តាំងពីការលុកលុយពេញទំហឹងរបស់កម្លាំងទាហានរុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន អស់រយៈពេលស្ទើរតែមួយឆ្នាំកន្លងមកនេះ មេដឹកនាំវិមានក្រឹមឡាំង លោក ពូទីន មិនបានអង្គុយជាមួយនឹងក្រុមអ្នកសារព័ត៌មានរបស់លោកខាងលិចនោះឡើយ។ ប៉ុន្ដែឥឡូវនេះ នៅក្នុងរដ្ឋធានីមីនស្ក៍ (Minsk) ឯណោះវិញ លោក អាឡិចសាន់ដឺរ លូកាសែនកូ (Alexander Lukashenko) ប្រធានាធិបតីបេឡារុស ត្រូវបានសាកសួរនូវសំណួរជាច្រើន ពីក្រុមបណ្ដាញផ្សព្វផ្សាយតូចមួយ ដោយរួមទាំង បណ្ដាញទូរទស្សន៍របស់ចក្រភពអង់គ្លេស BBC ផងដែរ។
សំណួររបស់អ្នកសារព័ត៌មាន ចោទសួរទៅកាន់ប្រធានាធិបតីបេឡារុស បានលើកឡើង ថា កាលពីឆ្នាំ២០២២ លោកប្រធានាធិបតី បានអនុញ្ញាតប្រទេសរបស់ខ្លួន ដល់កម្លាំងទាហានរបស់រុស្ស៊ី ប្រើប្រាស់ សម្រាប់ការឈ្លានពាន ទៅលើប្រទេសអ៊ុយក្រែន តើលោកប្រធានាធិបតី កំពុងតែរៀបចំ ធ្វើបែបនេះបន្ដទៀតដែរឬទេ?
លោក អាឡិចសាន់ដឺរ លូកាសែនកូ (Alexander Lukashenko) ប្រធានាធិបតីបេឡារុស បានឆ្លើយតបទៅវិញ ថា «បាទ! ខ្ញុំបានត្រៀមខ្លួនរួចរាល់អស់ហើយ។ ខ្ញុំបានរៀបចំ សម្រាប់ផ្ដល់ដែនដីរបស់ខ្ញុំ ជាថ្មីម្ដងទៀត។ ខ្ញុំក៏បានត្រៀមខ្លួនរួចរាល់អស់ហើយ សម្រាប់ចូលរួម នៅក្នុងសង្គ្រាម ជាមួយនឹងកម្លាំងទាហានរបស់រុស្ស៊ី ចេញពីដែនដីរបស់បេឡារុស។ ប៉ុន្តែប្រសិនបើអ្នកណាម្នាក់ សូម្បីតែទាហានតែមួយរូប ចូលមកលើទឹកដីរបស់យើង ចេញពីអ៊ុយក្រែន មកជាមួយនឹងអាវុធ មកសម្លាប់ប្រជាជនរបស់ខ្ញុំ យើងនឹងធ្វើសង្គ្រាមប្រឆាំងតបតវិញ»។
កិច្ចសហប្រតិបត្តិការយោធា រវាងរុស្ស៊ី និង បេឡារុស មានការកើនឡើងយ៉ាងខ្លាំង ដោយប្រទេសទាំង២នេះ បានចូលរួមធ្វើសមយុទ្ធរួមគ្នា និង បង្កើតក្រុមយោធារួមគ្នា។ ប៉ុន្តែរហូតមកដល់ពេលនេះ មេដឹកនាំបេឡារុស បានគេចវេះ មិនព្រមបញ្ជូនកងទ័ពរបស់ខ្លួន ទៅចូលរួមប្រយុទ្ធជាមួយកម្លាំងទាហានរុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន នោះទេ។
ចក្រភពអង់គ្លេស សហភាពអឺរ៉ុប និង សហរដ្ឋអាមេរិក នៅតែមិនបានទទួលស្គាល់លោក Alexander Lukashenko ជាប្រធានាធិបតីបេឡារុស ស្របច្បាប់នោះឡើយ។ ប្រជាជនបេឡារុស កាលពីឆ្នាំ២០២០ បានចេញមកតាមដងផ្លូវតវ៉ា ដោយបានចោទប្រកាន់លោក Alexander Lukashenko ពីការលួចបន្លំ នៅក្នុងការបោះឆ្នោតប្រធានាធិបតីរបស់ប្រទេស។ ចំណែកការតវ៉ានេះ ក៏ត្រូវបានបង្ក្រាបយ៉ាងឃោរឃៅបំផុត។
លោក Alexander Lukashenko បានប្រើប្រាស់ព្រឹត្ដិការណ៍ កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីស្ដីបន្ទោស ដល់បណ្ដាប្រទេសមហាអំណាចលោកខាងលិច ជំរុញឲ្យមានសង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន។ លោកប្រធានាធិបតីបេឡារុស បានចោទប្រកាន់ ដល់បណ្ដារដ្ឋាភិបាលរបស់លោកខាងលិច កំពុងតែអុជបញ្ឆេះជម្លោះនេះ ហើយចូលរួមនៅក្នុងការប៉ះទង្គិច សម្រាប់ការបំផ្ទុះនុយក្លេអ៊ែររបស់លោក ពូទីន។
លោកប្រធានាធិបតីបេឡារុស បានសង្កត់ធ្ងន់ ថា«ប្រសិនបើអ្នកបន្តបង្កើនជម្លោះនេះ ឲ្យកាន់តែខ្លាំងឡើង អ្នកនឹងទទួលបាននូវអាវុធនុយក្លេអ៊ែរ ហើយរុស្ស៊ី មានអាវុធដ៏សាហាវបែបនេះច្រើនជាងអ្នកណាទាំងអស់គ្នា។ ដូច្នេះ អ្នកគួរតែបញ្ឈប់រឿងនេះ។ ប្រសិនបើសង្គ្រាមនុយក្លេអ៊ែរ ចាប់ផ្តើម បេឡារុស នឹងលែងមាន។ យើងត្រូវអង្គុយនៅតុចរចា ព្រោះសង្គ្រាមនុយក្លេអ៊ែរ នឹងបំផ្លាញដល់សហរដ្ឋអាមេរិកផងដែរ ហើយក៏គ្មានអ្នកណាម្នាក់ ត្រូវការរឿងនេះទេ»។
បេឡារុស បានជួយជ្រោមជ្រែង ដល់ការឈ្លានពានរបស់រុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ ប៉ុន្ដែឥឡូវនេះ មេដឹកនាំបេឡារុស បានអះអាង ថា គាត់អាចជួយចរចាសន្ដិភាព នៅក្នុងប្រទេសអ៊ុយក្រែន។ លោក Lukashenko បានលើកឡើង ថា នៅសប្តាហ៍ក្រោយ នឹងក្លាយជាពេលវេលាដ៏ល្អបំផុតមួយ សម្រាប់ការចាប់ផ្តើមជាមួយនឹងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) ដែលនឹងត្រូវទៅបំពេញទស្សនកិច្ច នៅក្នុងប្រទេសប៉ូឡូញ។
លោក អាឡិចសាន់ដឺរ លូកាសែនកូ (Alexander Lukashenko) ប្រធានាធិបតីបេឡារុស បានបញ្ជាក់ទៀត ថា «ខ្ញុំអញ្ជើញលោកប្រធានាធិបតី ចូ បៃដិន មកកាន់ប្រទេសបេឡារុស ព្រោះវានៅមិនឆ្ងាយប៉ុន្មាន ពីរដ្ឋធានីវ៉ាសាវី ប្រទេសប៉ូឡូញ ដោយចំណាយពេលត្រឹមតែ៣០នាទី គាត់នឹងទៅដល់រដ្ឋធានីមីនស្ក៍ (Minsk) ប្រទេសបេឡារុស គាត់អាចចុះចតយន្តហោះរបស់គាត់ នៅទីនេះ។ ខ្ញុំនឹងបញ្ចុះបញ្ចូលប្រធានាធិបតីរុស្ស៊ី ឱ្យមកទីនេះដែរ។ ខ្ញុំអញ្ជើញគាត់មកទីក្រុង Minsk ក៏ដូចជា លោកប្រធានាធិបតី ចូ បៃដិន ផងដែរ។ យើងនឹងអង្គុយចុះ ហើយវាអាចនឹងឈានដល់កិច្ចព្រមព្រៀងណាមួយ»។
ការលើកឡើងរបស់មេដឹកនាំបេឡារុស ចំពោះការអញ្ជើញលោកប្រធានាធិបតីសហរដ្ឋអាមេរិក ទំនងជានឹងត្រូវបដិសេធ។ នៅក្នុងសង្គ្រាមរបស់ក្រុងមូស្គូ នៅលើទឹកដីរបស់អ៊ុយក្រែន គឺ លោក Lukashenko មិនត្រូវបានគេមើលឃើញ ថា ជាអាជ្ញាកណ្តាល ប្រកបដោយភាពស្មោះត្រង់នោះឡើយ៕
Advertisning
