
ឈឺចាប់ពេលធ្លាក់រដូវ ជារោគស្រាលមួយ និងគ្មានបង្កគ្រោះថ្នាក់អ្វីដល់សុខភាពទេ ជាទូទៅ។ អាការៈនេះច្រើនកើតលើយុវតី ទើបមានខែដំបូង។ ប៉ុន្តែចំពោះស្ត្រីពេញវ័យ មានកូនហើយ បែរជាលេចមានករណីឈឺចាប់ពេលធ្លាក់រដូវទៀត សូមប្រុងប្រយ័ត្ន និងឆាប់ទៅពិគ្រោះជាមួយគ្រូពេទ្យឯកទេស ដើម្បីស្វែងមូលហេតុ។
ការឈឺចាប់ពេលធ្លាក់រដូវរបស់មនុស្សចាស់អាចបណ្តាលមកពីមានជំងឺអ្វីមួយ។ពេលធ្លាក់រដូវ ! ៥០ទៅ៧០%នៃយុវតី ឈឺជាអល្លជីរាល់ខែ ឬជួនឈឺជួនអត់។ ៥ទៅ១៥% ឈឺចាប់ខ្លាំងរហូតទ្រាំមិនបាន ក្លាយជារំខានក្នុងជីវិតរស់នៅប្រចាំថ្ងៃ ទៅធ្វើការមិនកើត ទៅរៀនមិនរួច ... បង្ខំចិត្តត្រូវឈប់សម្រាកនៅផ្ទះ។
រោគសញ្ញានៃការឈឺពេលធ្លាក់រដូវ
ឈឺពេលធ្លាក់រដូវ ជាអាការៈដែលកើតឡើងនៅពេលមុន និងកំពុងធ្លាក់រដូវ ហើយអាចអូសបន្លាយរយៈពេល ពីរ ទៅបីថ្ងៃ ជាមធ្យម។ កំរិតនៃការចាប់ឈឺ មានកាន់តែខ្លាំង នៅថ្ងៃណាមានឈាមធ្លាក់ច្រើន ! បរិមាណនៃឈាមរដូវធ្លាក់កាន់តែច្រើន ទំហំនៃការឈឺចុកចាប់មានកាន់តែខ្លាំង។ អារម្មណ៍ឈឺចាប់អាចស្តែងឡើងតាំងពីឈាមរដូវមិនទាន់ធ្លាក់ ហើយជួនកាលអូសបន្លាយយូរ ឈាមរដូវលែងធ្លាក់ហើយក៏មិនទាន់អស់ចំហាយឈឺទៀត។ ដោយហេតុថាការធ្លាក់ឈាមរដូវជាវដ្ត (២៧ថ្ងៃម្តងជាមធ្យម) ដូច្នេះការឈឺចាប់នឹងវិលមកជាថ្មីទៅទៀត ជារៀងរាល់ខែ។
ការឈឺចាប់ព្រោះរដូវ ភាគច្រើនតែងផ្តុំនៅភាគខាងក្រោមនៃពោះ នៅលើថ្ងាសប្រដាប់ភេទ។ ប៉ុន្តែការឈឺនេះ ជួនអាចរាលដាលដល់ខ្នង ចង្កេះ និងភ្លៅ។ មិនត្រឹមតែ ឈឺពោះ ចុកខ្នងចុកចង្កេះ ស្រយ៉ង់ដៃស្រយ៉ង់ជើង ស្ត្រីខ្លះទៀត មានអារម្មណ៍និងអាការៈ មិនស្រួលខ្លួន នឿយហត់ អស់កម្លាំង ចង់ក្អួត ចង់ចង្អោរ រាគ ងងឹតមុខ ឈឺក្បាល បន្ថែមទៀត។
បុគ្គលងាយជួបគ្រោះឈឺចាប់
ស្ត្រីគ្រប់រូបសុទ្ធមានគ្រោះឈឺចាប់ពេលធ្លាក់រដូវគ្រប់គ្នា ប៉ុន្តែមានកត្តាមួយចំនួនខាងក្រោម ដែលអាចបង្កើនហានិភ័យឱ្យកាន់ខ្ពស់ ៖
មានម្តាយ ឬបងស្រី មានអាការៈឈឺចាប់ពេលមករដូវ
ចាប់មានរដូវនៅអាយុក្មេងខ្លាំង ក្រោម១១ឆ្នាំ
ធាត់លើសទម្ងន់
មានលក្ខខណ្ឌជីវិតរស់នៅក្នុងលំបាក ក្នុងសង្គម និងវិបត្តផ្លូវចិត្ត
ជក់បារី កង្វះកីឡា និងលំហាត់ប្រាណ ទទួលទានសុរា ពេលមានរដូវ មានកង្វល់ មានស្ត្រេសខ្លាំង មានដាក់កងក្នុងស្បូន (កងស្ពាន់) សុទ្ធជាកត្តាក្រៅខ្លួន ដែលទំនងជាបានចូលចំណែកធ្វើការមានការឈឺចាប់កាន់ខ្លាំងបន្ថែមទៀតនៅពេលមានរដូវ។
យន្តការនៃការធ្លាក់រដូវ
ការឈឺចាប់ពេលមករដូវអាចជារឿងធម្មតារបស់ស្ត្រី ! ពេលមករដូវម្តងៗ សាច់ដុំរបស់ស្បូននឹងត្រូវកន្ត្រាក់លាៗដើម្បីជម្រុះភ្នាស់របស់វាចេញ។ ដោយគ្មានការបង្កជីវិត សរីរាង្គនៃស្បូន បានបញ្ឈប់ងក់ការផលិតអ័រមូន Oestrogènes និង Progestérone។ តួស្បូនចាប់រីកឡើង និងចាប់កន្ទ្រាក់ ដើម្បីធាក់បញ្ចេញរដូវ ជាឈាម និងជាភ្នាសស្បែកស្តើងៗលើជញ្ជាំងស្បូន ឱ្យធ្លាក់ចេញមកក្រៅ ។ ស្បួនកន្ទ្រាក់ព្រោះតែសម្ពាធខ្ពស់រវាងឈាមដែលហូរចេញទៅក្នុងស្បូន និងប៉ះជាមួយជញ្ជាំងស្បូន ធាក់ខ្ទប់ គ្នាទៅវិញទៅមកផង។ ជញ្ជាំងស្បូនខ្លួនឯងក៏ត្រូវដាច់ចេញផង ហើយការដាច់ចេញនៃភ្នាសនៅជញ្ជាំងស្បូននេះក៏ជាកត្តាធ្វើឱ្យស្បូនកន្ទ្រាក់ដែរ និងអាចមានឥទ្ធិពលលើសាច់ដុំផ្សេងទៀត ក្រៅអំពីស្បូន ហេតុដូច្នេះហើយ បានជាពេលខ្លះស្ត្រីមានអាការៈឈឺក្បាល ចង់ក្អួត ចង្អោរ។ និយាយជារួម ការធ្លាក់រដូវ មានដំណើរការដូចគ្នានឹងឆ្លងទន្លេយ៉ាងដូច្នោះ គឺស្បូនត្រូវកន្ទ្រាក់ដើម្បីមានសម្ពាធធាក់បញ្ចេញទារកឱ្យចេញមកចាប់កំណើត។
ការឈឺចាប់ពេលមករដូវរបស់ស្ដ្រីអាចតិចឬខ្លាំងខុសៗគ្នាពី មនុស្សស្រីម្នាក់ទៅមនុស្សស្រីម្នាក់ទៀត។ បើតាមចំណាំ ការឈឺចាប់មានកាន់តែខ្លាំង នៅពេលមានឈាមរដូវធ្លាក់ច្រើន ព្រោះស្បួនត្រូវកន្ទ្រាក់ខ្លាំង ដើម្បីអាចបញ្ចេញឈាមរដូវនោះអស់ពីស្បូន។
ផលវិបាកជាយថាហេតុនៃការឈឺចាប់ពេលមករដូវ
ការឈឺចាប់នេះជាទូទៅ គ្មានលាក់សញ្ញារោគអ្វីគួរឱ្យព្រួយបារម្ភ និងប៉ះពាល់ដល់សុខភាពទេ មិនថាជាសុខភាពក្នុងន័យទូទៅ ឬសុខភាពផ្លូវភេទឡើយ។ ការឈឺចាប់ពេលធ្លាក់រដូវច្រើនកើតឡើង ចំពោះក្មេង ទើបមានរដូវឆ្នាំៗដំបូង នៅក្នុងវ័យជំទង់ជិតពេញរូបរាងមែនទែន និងនៅពេលក្នុងឆ្នាំពេលជិតអស់រដូវ ព្រោះរយៈកាលនេះ សរីរាង្គកាយមនុស្សស្រីមានអ័រមូនចុះឡើងខ្លាំង។ ចំពោះយុវតី អាការៈឈឺចុកចាប់ពេលធ្លាក់រដូវ នឹងចុះថយទៅៗ ទៅពេលពេលវេលាចាស់ឆ្នាំ និងបាត់ទាំងស្រុងតែម្តងផង នៅពេលចាប់មានគភ៌ជាលើកទីមួយ។
ប៉ុន្តែសូមកុំភ្លេចរូតរះទៅជួបគ្រូពេទ្យឯកទេស ប្រសិនបើការឈឺចាប់ពេលធ្លាក់រដូវ មានកំរិតខ្លាំងហួសហេតុទ្រាំលែងបាន។ ស្ត្រីមានរដូវយូរហើយ ស្រាប់ស្ងៀមៗមានលេចអាការៈឈឺចាប់ឡើង ពេលធ្លាក់រដូវ ហើយបរិមាណនៃឈាមរដូវមានកំរិតច្រើនហួសពីធម្មតា រដូវលែងទៀង មកមួយខែពីរដងជាដើម។ល។ ធ្លាក់រដូវចុករមួលពោះហើយ អមដោយអាការៈក្តៅខ្លួន។
គ្មានបង្កផលវិបាកអ្វីផ្សេង ក្រៅអំពីការឈឺប្រចាំខែមែន ប៉ុន្តែបើការឈឺចាប់ នេះមានសភាពកាន់តែខ្លាំងទៅ ៗ គ្មានការធូរស្វាងសោះ វាអាចធ្វើឱ្យប៉ះពាល់ដល់ផ្លូវចិត្តស្ត្រី និងនាំឱ្យមានជំងឺធ្លាក់ទឹកចិត្តផង។ ផលវិបាកដ៏ធ្ងន់ធ្ងរ និងដ៏កម្រមួយគឺការឈឺចាប់ខ្លាំងនេះ អាចជាសញ្ញាប្រាប់ថាអ្នកអាចមានជំងឺមួយឈ្មោះថា endométrioses ដែលមានកើតលើស្ត្រី ម្នាក់ក្នុងចំណោម១០នាក់។
តើអ្វីទៅជាជំងឺអង់ដូមេឌ្រីយូស្ស ? ជាធម្មតា ឈាមរដូវត្រូវហូរធ្លាក់ចេញមកក្រៅ តែក្នុងករណីមានអង់ដូមេទ្រីយូស្សនេះ កោសិកាភ្នាសស្បួនចេញខុសផ្លូវ (មិនហូរធ្លាក់មកក្រៅតាមទ្វារធម្មតាទេ) និងមិនត្រូវបានសម្អាតរំលាយអស់ទេ បែរជាទៅតោងកកលើសរីរាង្គផ្សេងទៀត ដូចជាផ្លោកនោម ស្បែកពោះ ពោះវៀនធំ ហើយរីកធំលូតលាស់ទៅតាមចង្វាក់និងវដ្តនៃអ័រមូន រាល់ខែ ជាហេតុបង្កឱ្យមានការឈឺចាប់ខ្លាំង ពិបាកមានកូន ឬត្រូវកាត់ស្បូនចេញតែម្តងទើបបាន។ ការឈឺចាប់ពេលមករដូវខ្លះ បង្កឡើងដោយសារមានជំងឺរោគស្ត្រី មានការដុះសាច់ គីស នៅស្បូន ឬនៅដៃស្បូន ឬនៅប្រដាប់ភេទ ដែលអាការៈទាំងនេះទាមទារឱ្យមានការព្យាបាលជាចាំបាច់។
វិធីការពារ
ពេលកំពុងមានរដូវនិងឈឺចាប់ អ្នកអាចយកទឹកក្តៅមកស្អំ នៅលើពោះ ឬនៅចង្កេះ មុជទឹកសម្អាតខ្លួនដោយទឹកក្តៅ ធ្វើលំហាត់ប្រាណស្រាលៗដូចជា ហាត់ប្រាណទាញដៃទាញជើង ដើរ សម្រាកលំហែពេលដឹងថាជិតដល់ថ្ងៃមករដូវ
ទទួលទានថ្នាំពពួកប៉ារ៉ាសេតាមុល ដើម្បីកាត់បន្ថយការឈឺចាប់។ ប្រើថ្នាំពពួកអង់ទីអាំងផ្លាម៉ាទ័រក៏បាន ប៉ុន្តែពពួកថ្នាំនេះ អាចផលលំបាកច្រើនទៅថ្ងៃមុខ។
កាត់បន្ថយស្ត្រេស តាមរយៈការធ្វើមាស្សា សមាធិ និងគាស់ឬសកាត់នៃមូលហេតុបង្កស្ត្រេស
រក្សាអនាម័យក្នុងជីវិតដោយកាត់បន្ថយការទទួលទានសារធាតុស្ករ សាច់ កាហ្វេ តែបង្កើនការទទួលទានអាហារជាត្រី។ ផ្ទៀងផ្ទាត់ថាអ្នកគ្មានកង្វះវីតាមីនសេ បេ ឬម៉ាញេស្យូម។
ដើម្បីកាត់បន្ថយនិងបញ្ចៀសការឈឺចាប់ពេលធ្លាក់រដូវ ដំណោះស្រាយដ៏មានប្រសិទ្ធភាពជាងគេ គឺការប្រើប្រាស់ថ្នាំពន្យារកំណើត ជាថ្នាំគ្រាប់លេបប្រចាំថ្ងៃ ឬជាថ្នាំចាក់ ឬជាការដាក់កង ក្នុងស្បូន ជំនាន់ក្រោយ គឺកងមានអ័រមូន Mirena ដែលមិនត្រឹមតែកាត់បន្ថយការឈឺចាប់ទេ ថែមទាំងកាត់បន្ថយបរិមាណនៃការធ្លាក់ឈាម ឬសឹងថាលែងមានរដូវធ្លាក់តែម្តងផង។
ប៉ុន្តែសូមចងចាំរាល់ការរៀបរាប់ខាងលើនេះ ជាដំបូន្មានចំពោះយុវតីនិងស្ត្រីជិតអស់រដូវ ដែលការឈឺចាប់គ្មានលាក់បញ្ហាសុខភាព។ តែបើជាការឈឺចាប់ខ្លាំង និងលេចឡើងខុសប្រក្រតី ត្រូវឆាប់ទៅជួបគ្រូពេទ្យឯកទេសរោគស្ត្រី៕