អ្នកជំនាញ មើលឃើញ​រថក្រោះ​របស់​អាមេរិក​បញ្ជូនទៅ​អ៊ុយ​ក្រែ​ន មាន​អានុភាព​ខ្លាំង​ជាង​រថក្រោះ​រុស្ស៊ី​

ព័ត៌មានអន្តរជាតិ
0
44


​រដ្ឋធានី​កៀវ​៖ នៅក្នុង​សង្គ្រាម​របស់​មេដឹកនាំ​វិមាន​ក្រឹម​ឡាំង លោក វ្ល៉ា​ឌី​មៀ ពូ​ទីន (Vladimir Putin) អស់​រយៈពេល​ស្ទើរតែ​មួយឆ្នាំ​កន្លងមក​នេះ ធ្វើ​ឲ្យ​បណ្ដា​ប្រទេស​លោកខាងលិច កំពុងតែ​ខ្នះខ្នែង​យ៉ាងខ្លាំង ជួយ​ផ្គត់ផ្គង់​គ្រឿង​សឹក​ទំនើបៗ ដល់​រដ្ឋាភិបាល​ក្រុង​កៀវ ដែល​កំពុងតែ​ប្រយុទ្ធ​ប្រឆាំងនឹង​ការឈ្លានពាន​របស់​ក្រុង​មូ​ស្គូ ប៉ុន្ដែ​អ្នកជំនាញ​រុស្ស៊ី បាន​អះអាង ថា រថក្រោះ​របស់​រុស្ស៊ី អាច​ប្រឈម​នឹង​វិបត្ដិ​ធ្ងន់ នៅក្នុង​ការប្រយុទ្ធ​ជាមួយនឹង​រថក្រោះ​របស់​សហរដ្ឋអាមេរិក នៅលើ​ទឹកដី​របស់​អ៊ុយ​ក្រែ​ន​។​

​សារព័ត៌មាន Insider របស់​សហរដ្ឋអាមេរិក បានចេញ​ផ្សាយ កាលពី​ថ្ងៃ ទី​១៧ ខែកុម្ភៈ ថា អ្នកជំនាញ​ខាង​វិស័យ​ការពារជាតិ​របស់​រុស្ស៊ី មួយរូប បាន​អះអាង ថា សហរដ្ឋអាមេរិក បាន​សន្យា​បញ្ជូន​រថក្រោះ​ដ៏​ទំនើប​របស់ខ្លួន ប្រភេទ M1 Abrams ចំនួន​៣១​គ្រឿង ទៅ​ឲ្យ​អ៊ុយ​ក្រែ​ន នៅក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាងមុខនេះ​។ រថក្រោះ Abrams ផលិត​ដោយ​សហរដ្ឋអាមេរិក មានគុណ​ភាពល្អ និង មាន​ប្រសិទ្ធភាព​ប្រយុទ្ធ​ខ្ពស់ជាង​រថក្រោះ​របស់​រុស្ស៊ី​។ ជាមួយគ្នានេះ កងទ័ព​របស់​ក្រុង​មូ​ស្គូ មិនអាច​ផលិត​អាវុធ​គ្រប់គ្រាន់ សម្រាប់​ប្រឆាំងនឹង​រថក្រោះ​ដ៏​ទំនើប​របស់លោក​ខាងលិច​នោះឡើយ​។ ប៉ុន្ដែ​ទោះជា​យ៉ាងណា រថក្រោះ Abrams ត្រឹមតែ​៣១​គ្រឿង ទំនងជា​មិន​គ្រប់គ្រាន់ សម្រាប់​ស្ថានភាព​ប្រយុទ្ធ នៅលើ​សមរភូមិ នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន នោះទេ​។​

​បើតាម​អ្នកជំនាញ​ខាង​វិស័យ​ការពារជាតិ​របស់​រុស្ស៊ី បាន​ឲ្យ​ដឹង ថា រថក្រោះ​របស់​រុស្ស៊ី ទាប​ជាង​រថក្រោះ M1 Abrams ដែល​សហរដ្ឋអាមេរិក នឹង​បញ្ជូន​ទៅកាន់​ប្រទេស​អ៊ុយ​ក្រែ​ន នាពេល​ខាងមុខនេះ​។ បន្ថែម​ពីលើ​នេះ រុស្ស៊ី មានការ​ខ្វះខាត​មី​ស៊ី​ល ប្រឆាំងនឹង​រថក្រោះ​និង រថពាសដែក សម្រាប់​កាណុង​រថក្រោះ​ដែល​ត្រូវការ កម្ទេច​រថក្រោះ Abrams និង រថក្រោះ​ទំនើបៗ​របស់លោក​ខាងលិច​ផ្សេងៗ​ទៀត​។​

​លោក រូ​ស្លា​ន ពូ​ខូវ (Ruslan Pukhov) នាយក​មជ្ឈមណ្ឌល​វិភាគ​យុទ្ធសាស្ដ្រ និង បច្ចេកវិទ្យា Thin Tank របស់​រុស្ស៊ី បាន​ប្រាប់​ដល់​សារព័ត៌មាន​របស់​រុស្ស៊ី Moskovsky Komsomolets (​មូ​ស្កូវ​ស្គី កូ​ម​សូ​ម៉ូ​ឡែ​ត​ស៍​) ថា សូម្បីតែ​ស៊េរី សម្រាប់​នាំចេញ​ក៏ដោយ រថក្រោះ Abrams M1A2 SEP មាន​អានុភាព​ខ្លាំងក្លា ជាង​រថក្រោះ​របស់​រុស្ស៊ី​។​

​លោក Pukhov បាន​បន្ថែម ថា «​ឥឡូវនេះ រថក្រោះ​របស់​រុស្ស៊ី កំពុងតែ​ប្រើប្រាស់​គ្រាប់កាំភ្លើង តាំងពី​សម័យ​សហភាព​សូ​វៀត​។ ចំណែក​សមត្ថភាព​រប​ស់វា គឺ​គ្រប់គ្រាន់ សម្រាប់តែ​បាញ់​កម្ទេច​រថក្រោះ ដូចជា T-64 (​តេ​-៦៤), T-72, និង T-80 ដែលមាន​ចម្ងាយ​ជិតៗ ក្នុងអំឡុងពេល​ប្រយុទ្ធ​។ ប៉ុន្តែ​ការលេចចេញ នៃ​រថក្រោះ​របស់លោក​ខាងលិច ដែលមាន​កាំភ្លើង​ដ៏​ខ្លាំង ទប់ទល់​គ្រាប់ផ្លោង​ពាស​ដែក​ទំនើបៗ និង ប្រព័ន្ធគ្រប់គ្រង​នូវ​ការបាញ់ អាច​បាញ់​បាន​ឆ្ងាយ នៅក្នុង​អំឡុងពេល​រថ​ក្រោះ​ប្រយុទ្ធ​។​


​ជាមួយគ្នានេះដែរ លោក Pukhov បាន​ព្រមាន ថា រុស្ស៊ី​នៅ​ខ្វះខាត​មី​ស៊ី​ល ប្រឆាំងនឹង​រថក្រោះ​ជំនា​ន់ទី​៣​ដ៏​ទំនើប ស្រដៀង​គ្នា​ទៅនឹង​មី​ស៊ី​ល​ជេ​វេ​លីន (Javelins) ផលិត​ដោយ​សហរដ្ឋអាមេរិក ដែល​កងទ័ព​អ៊ុយ​ក្រែ​ន កំពុងតែ​ប្រើប្រាស់ សម្រាប់​បំផ្លិចបំផ្លាញ​រថពាសដែក និង រថក្រោះ​របស់​រុស្ស៊ី​។ ប៉ុន្ដែ​ទោះជា​យ៉ាងណា រុស្ស៊ី ក៏មាន​មី​ស៊ី​ល​នាំ​ផ្លូវ​ដោយ​ឡាស៊ែរ Kornet (​ខ័​រ​ណែ​ត​) ដ៏​មាន​អានុភាព ដែល​បានបង្ហាញ អំពី​ប្រសិទ្ធភាព ប្រឆាំងនឹង​រថក្រោះ Merkava (​មើ​រកា​វ៉ា​) របស់​អ៊ីស្រាអែល នៅក្នុង​អំឡុង​សង្គ្រាម​លី​បង់ នា​ឆ្នាំ​២០០៦ ផងដែរ​។​

​រថក្រោះ M1 Abrams ប្រើប្រាស់​ម៉ាស៊ីន​ទួ​ប៊ី​ន​Honeywell AGT1500 មាន​កម្លាំង ១ ៥០០​សេះ អាច​ផ្ទុក​ទាហាន​ចំនួន​៤​នាក់ រួមមាន មេបញ្ជាការ​ម្នាក់ អ្នកបាញ់​ម្នាក់ អ្នក​ដាក់​គ្រាប់​ម្នាក់ និង អ្នកបើក​ម្នាក់​។ រថក្រោះ​ផលិត​ដោយ​សហរដ្ឋអាមេរិក ប្រភេទ​នេះ មាន​ប្រវែង ៩,៧៧​ម៉ែត្រ ហើយ​វា​ផ្ទុក​ប្រេងឥន្ធនៈ ចំណុះ ១ ៩០៩​លីត្រ ហើយ​ត្រូវ​បានដាក់​ឲ្យ​ប្រើប្រាស់ នៅក្នុង​វិស័យ​ការពារជាតិ ចាប់តាំងពី​ឆ្នាំ​១៩៨០ រហូតមកដល់​បច្ចុប្បន្ន​។ រថក្រោះ​ស៊េរី​នេះ ធ្លាប់​ចូលប្រឡូក នៅក្នុង​សង្គ្រាម​ជាច្រើន រួមមាន អា​ហ្វ​ហ្កា​នី​ស្ថាន អ៊ីរ៉ាក់ អេ​ហ្ស៊ី​ប និង យេ​មែន​។​

​ដោយឡែក​រថក្រោះ T-80 បំពាក់​ដោយ​ម៉ាស៊ីន SG-1000 gas turbine T-80B ហើយ​វា​ត្រូវបាន​ដាក់​ឲ្យ​ប្រើប្រាស់ នៅក្នុង​វិស័យ​ការពារជាតិ ចាប់តាំងពី​ឆ្នាំ​១៩៧៦ រហូតមកដល់​បច្ចុប្បន្ន​។ T-80 មាន​ប្រវែង​៩,៩​ម៉ែត្រ ហើយ​វា​មានតម្លៃ​៣​លាន​ដុល្លារ​សហរដ្ឋអាមេរិក​៕