ពូ​ទីន នឹង​លែង​មានឱកាស​ឈ្នះ​សង្គ្រាម ព្រោះ​អ៊ុយ​ក្រែ​ន​ទទួល​ជំនួយ​យោធា​ថ្មី​ជាង​៤​ពាន់​លាន​ដុល្លារ​

ព័ត៌មានអន្តរជាតិ
0
1


​ទីក្រុង​លូ​ហ្សា​ម​ប៊ូ (Luxembourg)៖ ស្របពេល​ប្រទេស​រុស្ស៊ី កំពុងតែ​ប្រឈមមុខ​នឹង​វិបត្ដិ​ដ៏​ធ្ងន់ធ្ងរ បង្កឡើង ដោយ​កម្លាំង​ទាហាន​ស៊ីឈ្នួល Wagner កាលពី​ថ្ងៃ​សៅរ៍ ទី​២៤ ខែមិថុនា នោះ ក្រុម​រដ្ឋមន្ដ្រី​សហភាព​អឺរ៉ុប ក៏​កំពុងតែ​ជួបប្រជុំគ្នា នៅក្នុង​ប្រទេស​លូ​ហ្សា​ម​ប៊ូ ហើយ​បាន​ឯកភាពគ្នា បង្កើន​ជំនួយ​យោធា មាន​ទំហំ​ទឹកប្រាក់ រហូតដល់​៣,៥​ពាន់​លាន​អឺរ៉ូ ឬ ស្មើនឹង​ប្រហែល​៣,៨៥​ពាន់​លាន​ដុល្លារ​អាមេរិក ខណៈ​សហរដ្ឋអាមេរិក ក៏បាន​ប្រកាស អំពី​ការផ្ដល់​ជំនួយ​យោធា​ថ្មី ចំនួន​៥០០​លាន​ដុល្លារ​។​

​ទី​ភា្ន​ក់​ងារ​សារព័ត៌មាន​របស់​អាល្លឺម៉ង់ បានចេញ​ផ្សាយ នៅ​ថ្ងៃ​អង្គារ ទី​២៧ ខែមិថុនា ថា ក្រុម​រដ្ឋមន្ដ្រីការបរទេស​ទាំង​២៧​ប្រទេស នៃ​សហភាព​អឺរ៉ុប កាលពី​ថ្ងៃ​ចន្ទ បាន​ជួបប្រជុំ នៅក្នុង​ប្រទេស​លូ​ហ្សា​ម​ប៊ូ ហើយ​បានសម្រេច​បង្កើន​មូលនិធិ​យោធា សម្រាប់​ប្រទេស​អ៊ុយ​ក្រែ​ន រហូតដល់​៣,៨៥​ពាន់​លាន​ដុល្លារ​បន្ថែមទៀត​។​

​លោក ចូសេប ប័​រ​រ៉ែ​ល (Josep Borrell) ប្រធាន​គោលនយោបាយ​ការបរទេស​សហភាព​អឺរ៉ុប បាន​សរសេរ នៅលើ​បណ្ដាញ​សង្គម​ធ្វី​ធើរ ថា «​យើង​នឹង​បន្ដ​បង្កើន​នូវ​កិច្ច​គាំទ្រ​យោធា​របស់​យើង កើនឡើង​ទ្វេដង ទាំង​ការផ្គត់ផ្គង់​សម្ភារ​សឹក និង ការបណ្ដុះបណ្ដាល​ផ្នែក​យោធា​។ វិធានការ​ទាំងនេះ នឹង​ប្រ​ព្រឹ​ត្ដ នៅក្នុង​រយៈ​យូរ​តាមតែ​អាចធ្វើ​ទៅបាន​»​។​

​លោក​ប្រមុខ​ការទូត​សហភាព​អឺរ៉ុប​រូបនេះ បានបញ្ជាក់ ខណៈ​មកដល់​ប្រទេស​លូ​ហ្សា​ម​ប៊ួ ថា ការបន្ត​គាំទ្រ​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន នៅថ្ងៃនេះ ពិត​ជាមាន​សារៈសំខាន់​ជាង​ពេលណាៗ​ទាំងអស់ ព្រោះ​ធ្វើឡើង ស្របពេល​មានការ​បះបោរ ពី​កម្លាំង​ទាហាន​ស៊ីឈ្នួល​របស់​រុស្ស៊ី Wagner បាន​ផ្ទុះឡើង កាលពី​ចុង​សប្តាហ៍​មុន​។​

​លោក ឌី​មី​ត្រូ គូ​ឡេ​បា (Dmytro Kuleba) រដ្ឋមន្ដ្រី​ក្រសួងការបរទេស​អ៊ុយ​ក្រែ​ន ដែល​បាន​ចូលរួម នៅក្នុង​កិច្ចប្រជុំ​នោះ តាមរយៈ​តំណ​វីដេអូ (Videolink) បានបញ្ជាក់ ថា «​គាត់​បាន​ជំរុញ​ឲ្យ​សហភាព​អឺរ៉ុប ជំរុញ​ឲ្យ​រុស្ស៊ី ចាញ់​កាន់តែ​លឿន​បំផុត តាមរយៈ​ការបង្កើន​នូវ​កិច្ច​គាំទ្រ​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន ឲ្យ​ខ្លាំងក្លា​បន្ថែមទៀត​»​។​

​បើតាម​ទិន្នន័យ​របស់​សហភាព​អឺរ៉ុប បាន​ឲ្យ​ដឹង ថា សហភាព​អឺរ៉ុប បានផ្ដល់​ជំនួយ​យោធា​ដល់​រដ្ឋាភិបាល​ក្រុង​កៀវ រួចមកហើយ ចំនួន ៣,៦​ពាន់​លាន​អឺរ៉ូ (​លុយ​អឺរ៉ុប​) ចាប់តាំងពី​លោក​ប្រធានាធិបតី វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​បញ្ជា​ឲ្យ​កងទ័ព​រុស្ស៊ី បើកទ្វារ​ព្រំដែន វាយប្រហារ​ចូលលុកលុយ នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន នៅ​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២២ រហូតមក​។​

​ស្របគ្នា​នេះដែរ សហរដ្ឋអាមេរិក ក៏​នឹង​ផ្តល់​កញ្ចប់​ជំនួយ​យោធា​ថ្មី សម្រាប់​អ៊ុយ​ក្រែ​ន មាន​ទឹកប្រាក់ រហូតដល់ ៥០០​លាន​ដុល្លារ​។ ជំនួយ​ជា​គ្រឿង​សឹក​ទាំងនេះ នឹងត្រូវ​ប្រកាស នៅ​ថ្ងៃ​អង្គារ​។

​ក្រុមមន្ដ្រី​សហរដ្ឋអាមេរិក បានបញ្ជាក់ ថា កញ្ចប់​ជំនួយ​ថ្មី​នេះ នឹងត្រូវ​ផ្ដល់​ទៅ​ឲ្យ​កងទ័ព​អ៊ុយ​ក្រែ​ន នាពេលនេះ ក៏​រាប់បញ្ចូល​ទាំង រថ​ចម្បាំង សម្រាប់​ការវាយលុក មានដូចជា រថយន្ត​ប្រយុទ្ធ ប្រភេទ Bradley (​ប្រ៊េ​ដ​លី​) ចំនួន ៣០​គ្រឿង និង រថពាសដែក​ដឹក​កងទ័ព ប្រភេទ Stryker (​ស្ដ្រៃ​ឃើ​រ​) ចំនួន​២៥​គ្រឿង​។ បន្ថែម​ពីលើ​នេះ កងទ័ព​អ៊ុយ​ក្រែ​ន ក៏​នឹង​ទទួលបាន​គ្រាប់រំសេវ សម្រាប់​ប្រព័ន្ធ​រ៉ុក្កែត HIMARS (​ហាយ​ម៉ាស​) ហើយ​មី​ស៊ី​ល​ប្រឆាំង​រថក្រោះ មាន​ជាអាទិ៍ Javelins (​ចា​វេ​លីន​) និង មី​ស៊ី​ល​សម្រាប់​ប្រព័ន្ធ​ការពារ​ដែនអាកាស Patriot (​ផេ​ទ្រី​យ៉ូ​ត​) និង មី​ស៊ី​លបាញ់​លើ​ស្មា​ប្រឆាំងនឹង​យន្ដហោះ ប្រភេទ Stinger (​ស្ទី​ង​ជើរ​) ផងដែរ​។​

​ការផ្គត់ផ្គង់​គ្រឿង​សឹក​របស់​បណ្ដា​ប្រទេស​មហាអំណាច​លោកខាងលិច បានកើត​ឡើង​ព្រម​គ្នា ស្របពេល​ការបះបោរ​ប្រដាប់អាវុធ នៅក្នុង​ប្រទេស​រុស្ស៊ី​។ សកម្មភាព​ទាំងនេះ កំពុងតែ​ជួយ​ជ្រោមជ្រែង កាន់តែខ្លាំង​ឡើង ដល់​អ៊ុយ​ក្រែ​ន ហើយក៏​ជាការ​បង្កើន​សម្ពាធ កាន់តែ​ធ្ងន់​មកលើ​លោក​ប្រធានាធិបតី ពូ​ទីន នៅក្នុង​សង្គ្រាម នៅលើ​ទឹកដី​ប្រទេសជិតខាង​របស់ខ្លួន​៕​