មន្ដ្រី​បស្ចិម​លោក អះអាង​ពី​ថៅកែ​វ៉ា​គ​ណឺ​រ អាច​នឹង​ត្រូវគេ​សម្លាប់​នៅ​បេឡា​រុស​

ព័ត៌មានអន្តរជាតិ
0
1


រដ្ឋធានី​មូ​ស្គូ​៖ ថ្វីបើ​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ បាន​ទម្លាក់ចោល​នូវ​ការចោទប្រកាន់ អំ​ពីបទ​ក្បត់ជាតិ ប្រឆាំងនឹង​ថៅកែ​ក្រុមហ៊ុន​ទាហាន​ស៊ីឈ្នួល Wagner និង កម្លាំង​ទាហាន​របស់គាត់ ក្រោម​ការសម្របសម្រួល ពី​ប្រធានាធិបតី​បេឡា​រុស យ៉ាងណាក្ដី ប៉ុន្ដែ​ក្រុមមន្ដ្រី​លោកខាងលិច ហើយ​អ្នកជំនាញ​កិច្ចការ​រុស្ស៊ី និង អតីត​សហភាពសូវៀត កំពុងតែ​ប្រមើលមើល អំពី​គ្រោះថ្នាក់​របស់លោក ព្រី​ហ្គោ​ហ្ស៊ី​ន នាពេលខាងមុខ​។​

​សារព័ត៌មាន​អារ៉ាប់​អន្ដរជាតិ Alarabiya News បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​ចន្ទ ទី​២៦ ខែមិថុនា ថា លោកស្រី ជី​ល ឌូ​ហ្គើ​រ​ធី (Jill Dougherty) ជា​អ្នកកាសែត​អាមេរិកាំង និង ជា​អ្នកជំនាញ ស្ដីពី​កិច្ចការ​រុស្ស៊ី អតីត​សហភាពសូវៀត និង ពិភពលោក នៃ​មជ្ឈមណ្ឌល Wilson បានលើកឡើង ថា លោក យ៉ែ​វ​ហ្គេ​នី ព្រី​ហ្គោ​ហ្ស៊ី​ន (Yevgeny Prigozhin) ស្ថាបនិក​ក្រុមហ៊ុន​ទាហាន​ស៊ីឈ្នួល​របស់​រុស្ស៊ី Wagner (​វ៉ា​គ​ណឺ​រ​) នៅតែ​មិនទាន់​រួចផុត អំពី​គ្រោះថ្នាក់​នៅឡើយ ថ្វីបើ​គាត់​បានធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​បេឡា​រុស​យ៉ាងណាក្ដី ព្រោះ​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន (Vladimir Putin) ប្រធានាធិបតី​រុស្ស៊ី នឹងមិន​លើកលែងទោស ដល់​ជន​ក្បត់ជាតិ​ណា​ម្នាក់​នោះឡើយ​។​

​លោកស្រី អ្នកជំនាញ ស្ដីពី​កិច្ចការ​រុស្ស៊ី និង អតីត​សហភាពសូវៀត រូបនេះ បាន​ប្រាប់​ដល់​បណ្ដាញ​ទូរទស្សន៍​របស់​សហរ​ដ្ឋ​អាមេរិក CNN ថា «​លោក​ប្រធានាធិបតី ពូ​ទីន នឹងមិន​អត់ឱន​ទោស​ឲ្យ​ដល់​ជន​ក្បត់ជាតិ​ទេ​។ ថ្វីបើ​លោក ពូ​ទីន បាន​អះអាង ថា លោក ព្រី​ហ្គោ​ហ្ស៊ី​ន បាន​ទៅដល់​ប្រទេស​បេឡា​រុស ហើយ​ក្ដី ប៉ុន្ដែ​ថៅកែ​ទាហាន​វ៉ា​គ​ណឺ​រ រូបនេះ នៅតែ​ជា​ជន​ក្បត់ ជាតិ ហើយ​ខ្ញុំ​គិត ថា ពូ​ទីន នឹងមិន​អត់​ទោស​ឱ្យ​គាត់​ឡើយ​»​។​

​លោកស្រី ជី​ល ឌូ​ហ្គើ​រ​ធី បានបញ្ជាក់ ថា «​បញ្ហា​នឹង​អាច​ប្រមើលមើល​ពី​លោក ព្រី​ហ្គោ​ហ្ស៊ី​ន នឹង​ត្រូវគេ​សម្លាប់ នៅក្នុង​ប្រទេស​បេឡា​រុស នាពេលខាងមុខ​។ ប៉ុន្តែ​សកម្មភាព​បែបនេះ នឹង​ក្លាយជា​បញ្ហា​ដ៏​លំបាក​បំផុត សម្រាប់​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ ពីព្រោះ​ដរាបណា ប្រធាន​ក្រុមហ៊ុន​ទាហាន​ស៊ីឈ្នួល រូបនេះ នៅតែមាន​ការគាំទ្រ​ពី​ប្រជាជន​រុស្ស៊ី គាត់​ក៏​នៅតែ​ជា​អ្នក​គំរាមកំហែង មិន​គិត ថា គាត់​នៅទីណា​នោះទេ​។ ប៉ុន្ដែ​ប្រសិនបើ​ខ្ញុំ ជា​ពូ​ទីន ខ្ញុំ​នឹង​នៅតែ​ព្រួយបារម្ភ អំពី​មនុស្ស នៅតាម​ដងផ្លូវ នៃ​ទីក្រុង​រ៉ូ​ស្ដូវ (Rostov) អបអរសាទរ ដល់​កម្លាំង​ទាហាន​ស៊ីឈ្នួល Wagner ខណៈ​ពួកគេ​កំពុងតែ​ចាកចេញ​។​

​បើតាម Times Radio បាន​ផ្សាយ ថា លោក ស៊ើ​រ រ៉ូ​ដេ​រិ​ក លីន (Sir Roderic Lyne) អតីត​ឯកអគ្គរដ្ឋទូត​របស់​ចក្រភព​អង់គ្លេស បានបញ្ជាក់ ថា «​ការបះបោរ​របស់​កម្លាំង​ទាហាន​វ៉ា​គ​ណឺ​រ បាន​ក្លាយជា​ពញ្ញាក់ អំពី​ការអំពាវនាវ​មួយ ដល់​សិទ្ធិ​របស់​ប្រជាជន នៅ​ទូទាំងប្រទេស​រុស្ស៊ី​។ ប៉ុន្ដែ​ប្រសិនបើ​លោក យ៉ែ​វ​ហ្គេ​នី ព្រី​ហ្គោ​ហ្ស៊ី​ន នៅតែ​បង្កបញ្ហា មកលើ​លោក​ប្រធានាធិបតី ពូ​ទីន បន្ដទៀត នឹងមាន​ការរំពឹងទុក​លើ​ជីវិត​របស់គាត់ អាច​នឹង​ខ្លី​»​។​

​តើ​ហេតុអ្វី​បានជា​ប្រជាជន​សាមញ្ញ​របស់​រុស្ស៊ី បាន​ចេញមក​តាម​ដង​ផ្លូវ អបអរសាទរ​ដល់ក​ម្លាំ​ង​ទាហាន Wagner កំពុងតែ​ងើប​បះបោរ​ឡើង​នោះ​? តើ​នេះ​មានន័យថា ប្រហែលជា​ប្រជាជន​រុស្ស៊ី គាំទ្រ ឬ​ចូលចិត្ត​ដល់​ទាហាន​ស៊ីឈ្នួល​ទាំងនេះ​? ហើយ​អ្វីៗ​ដែល​កំពុងតែ​កើតឡើង ក៏​ក្លាយជា​ដំណឹង​ដ៏​អាក្រក់​មួយ សម្រាប់​លោក ពូ​ទីន ផងដែរ​។​

​នៅក្នុង​វិវឌ្ឍន៍​ព្រឹ​ត្ដិ​ការណ៍​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល មិន​នឹកស្មាន​ដល់​នោះ គឺ​កម្លាំង​ទាហាន​ប្រដាប់​ដោយ​អាវុធ​ធុន​ធ្ងន់​របស់លោក ព្រី​ហ្គោ​ហ្ស៊ី​ន បាន​ដក​ចេញពី​ទីក្រុង​រ៉ូ​ស្ដូវ​(Rostov) នា​ភាគខាងត្បូង​របស់​ប្រទេស​រុស្ស៊ី និង ការបញ្ឈប់​តម្រង់ទិស​ដៅ ឆ្ពោះទៅកាន់​ទីក្រុង​មូ​ស្គូ​។ ការ​បង្វែរ​ទិសដៅ​ទាំងនេះ បានកើត​ឡើង ក្រោយ​ការធានា​សុវត្ថិភាព ដល់​កម្លាំង​ទាហាន​ស៊ីឈ្នួល Wagner ដោយ​ជំរុញ​ឲ្យ​ពួកគេ​វិលត្រឡប់ ទៅកាន់​បន្ទាយ​របស់​ពួកគេ​វិញ​។ បញ្ហា​នេះ ក៏​បង្កើតជា​សំណួរ​យ៉ាងច្រើន​ផងដែរ ចំពោះ​របប​គ្រប់គ្រង​របស់លោក​ប្រធានាធិបតី ពូ​ទីន នៅ​រុស្ស៊ី​។​

​កិច្ចព្រមព្រៀង​នេះ ក្រោម​ការសម្របសម្រួល​ពី​លោក អា​ឡិ​កសាន​ដឺរ លូ​កា​សែន​កូ (Alexander Lukashenko) ប្រធានាធិបតី​បេឡា​រុស គឺ​លោក ព្រី​ហ្គោ​ហ្ស៊ី​ន នឹងត្រូវ​ទៅកាន់​ប្រទេស​បេឡា​រុស​។ លោក ព្រី​ហ្គោ​ហ្ស៊ី​ន បាន​ដឹកនាំ​កម្លាំង​ទាហាន Wagner ដង្ហែ​ក្បួនទ័ព ទៅកាន់​រដ្ឋធានី​មូ​ស្គូ ដើម្បី​ទាមទារ​សេរីភាព ដោយ​កំណត់​គោលដៅ​លើ​ក្រុម​មេបញ្ជាការ​កំពូលៗ ប្រ​ព្រឹ​ត្ដ​ពុករលួយ និង អសមត្ថភាព​របស់​រុស្ស៊ី ទទួលខុសត្រូវ សម្រាប់​សង្គ្រាម នៅ​អ៊ុយ​ក្រែ​ន​៕