សហរដ្ឋអាមេរិក ប្រកាស​ពី​ជំហរ​ដ៏​ច្បាស់​ដល់​ក្រុង​មូ​ស្គូ ជុំវិញ​វិបត្ដិ​ដ៏​ធ្ងន់ធ្ងរ​នៅ​រុស្ស៊ី​

ព័ត៌មានអន្តរជាតិ
0
1

​រដ្ឋធានី​វ៉ាស៊ីនតោន​៖ ក្រោយ​ការបះបោរ​ដោយ​ប្រដាប់អាវុធ​របស់​កម្លាំង​ទាហាន​ស៊ីឈ្នួល Wagner នៅក្នុង​ប្រទេស​រុស្ស៊ី នោះមក រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ក៏បាន​ប្រកាស​យ៉ាង​ច្បាស់លាស់ អំពី​គោលជំហរ​របស់ខ្លួន សម្រាប់ធ្វើ​ឲ្យ​មាន​ទំនុកចិត្ត ដល់​ក្រុង​មូ​ស្គូ​។​

​សារព័ត៌មាន​អារ៉ាប់​អន្ដរជាតិ Alarabiya News បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​អង្គារ ទី​២៧ ខែមិថុនា ឆ្នាំ​២០២៣ ថា ក្រសួងការបរទេស​ស​ហ​រដ្ឋ​អាមេរិក បានបញ្ជាក់ នៅក្នុង​សេចក្ដីថ្លែងការណ៍​របស់​ខ្លួន ថា ប្រេសិត​របស់​សហរដ្ឋ​អាមេរិក បាន​ទាក់ទង​ដោយផ្ទាល់ ទៅកាន់​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ នៅក្នុង​អំឡុង​មានការ​បះបោរ ត្រូវបាន​បង្កឡើង ដោយ​កម្លាំង​ទាហាន​ស៊ីឈ្នួល​របស់​រុស្ស៊ី Wagner កាលពី​ថ្ងៃ​សៅរ៍ ទី​២៤ ខែមិថុនា​។ ករណីនេះ សហរដ្ឋអាមេរិក ចង់​ប្រាប់​ដល់​ភាគី​រុស្ស៊ី ឲ្យ​មាន​ទំនុកចិត្ត​កាន់តែច្បាស់ ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន មិន​ជាប់​ពាក់ព័ន្ធ​ណាមួយ ជាមួយនឹង​វិបត្ដិ​ដ៏​ធ្ងន់ធ្ងរ​ចុងក្រោយ​បំផុត នៅក្នុង​ប្រទេស​រុស្ស៊ី នោះឡើយ​។​

​មន្ដ្រី​នាំពាក្យ ក្រសួងការបរទេស​ស​ហ​រដ្ឋ​អាមេរិក លោក ម៉ា​ធូ មី​ល​ល័​រ (Matthew Miller) បាន​ថ្លែង​ទៅកាន់​ក្រុមអ្នកកាសែត ថា លោកស្រី លីន​ណេ ត្រា​ស៊ី (Lynne Tracy) ឯកអគ្គរដ្ឋទូត​រប​ស់​សហរដ្ឋអាមេរិក ប្រចាំ​នៅ​រដ្ឋធានី​ង​មូ​ស្គូ ប្រទេស​រុស្ស៊ី ក៏ដូចជា ក្រុមមន្ត្រី​សហរដ្ឋអាមេរិក បាន​ទាក់ទង​ទៅកាន់​ស្ថានទូត​រុស្ស៊ី ប្រចាំ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន និង មន្ដ្រី​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ កាលពី​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍ កន្លងទៅនេះ ដើម្បី​បញ្ជាក់​ឲ្យ​បាន​ច្បាស់ ថា «​សហរដ្ឋអាមេរិក ពិតជា​មិនជា​ប់​ពាក់ព័ន្ធ ជាមួយនឹង​សកម្មភាព​បះបោរ ត្រូវបាន​បង្កឡើង ដោយ​កម្លាំង​ទាហាន​ឯកជន​វ៉ា​គ​ណឺ​រ​របស់លោក យ៉ែ​វ​ហ្គេ​នី ព្រី​ហ្គោ​ហ្ស៊ី​ន​» នោះទេ​។​

​លោកស្រី លីន​ណេ ត្រា​ស៊ី ប្រេសិត​របស់​សហរដ្ឋ​អាមេរិក បានបញ្ជាក់ ថា «​បញ្ហា​ជា​ចម្បង យើង​រំពឹង​ទុកជាមុន ថា ប្រទេស​រុស្ស៊ី នឹង​នៅតែ​រក្សា​នូវ​កាតព្វកិច្ច​របស់ខ្លួន សម្រាប់​កាតព្វកិច្ច​របស់ខ្លួន ការពារ​ដល់​ស្ថានទូត​របស់​យើង និង ការពារ​ដល់​បុគ្គលិក​ស្ថានទូត​របស់​យើង ស្ថិតក្នុង​រដ្ឋធានី​មូ​ស្គូ​។ ទន្ទឹមគ្នានេះ សហរដ្ឋអាមេរិក សូមបញ្ជាក់​ឡើងវិញ អំពី​អ្វីដែល​យើង​បាន​និយាយ​ជា​សាធារណៈ ថា ការបះបោរ​ប្រដាប់អាវុធ​នេះ ជា​រឿង​ផ្ទៃក្នុង​របស់​រុស្ស៊ី ដែល​បាន​កើតឡើង នៅក្នុង​ប្រទេស​រុស្ស៊ី​។ ប៉ុន្ដែ​សហរដ្ឋអាមេរិក មិនបាន​ចូលមក​ជាប់​ពាក់ព័ន្ធ នៅក្នុង​ព្រឹ​ត្ដិ​ការណ៍​នេះឡើយ​»៕​