សមាជិកសភា​កូរ៉េខាងត្បូង ចេញមុខ​ប្រឆាំងនឹង​ការបញ្ចេញ​ទឹក​សំណល់ ចេញពី​រោងចក្រ​នុយក្លេអ៊ែរ​ហ្វ៊ូ​គូ​ស៊ី​ម៉ា​

ព័ត៌មានអន្តរជាតិ
0
0


​រដ្ឋធានី​សេ​អ៊ូ​ល​៖ ថ្វីបើ​ទីភ្នាក់ងារ​ថាមពល​អា​តូ​មិ​ក​អន្ដរជាតិ (IAEA) របស់​អង្គការសហប្រជាជាតិ បាន​អះអាង អំពី​សុវត្ថិភាព​សម្រាប់​ទឹក​សំណល់ បញ្ចេញ​ពី​រោងចក្រ​ថាមពលនុយក្លេអ៊ែរ​ហ្វ៊ូ​គី​ស៊ី​ម៉ា ដាយ​អ៊ី​ឈិ យ៉ាងណាក្ដី ប៉ុន្ដែ​គណបក្សប្រឆាំង​ដ៏​ធំ​របស់​កូរ៉េខាងត្បូង កំពុងតែ​បង្កើន​សម្ពាធ​យ៉ាងខ្លាំង ទៅដល់​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល ជំរុញ​ឲ្យ​ថ្កោលទោស ដល់​ផែនការ​របស់​ក្រុង​តូ​ក្យូ​។​

​សារព័ត៌មាន Channel News Asia បានចេញ​ផ្សាយ នៅ​ថ្ងៃ​សុក្រ ទី​៧ ខែកក្កដា ថា ក្រុម​សមាជិក​របស់​គណបក្ស​ប្រជាធិបតេយ្យ ដែលជា​បក្សប្រឆាំង​ដ៏​ធំ នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង ចាប់ផ្តើម​អង្គុយ​ពេញ​មួយ​យប់ នៅ​ខាងក្នុង​រដ្ឋសភា តវ៉ា​ប្រ​ឈង​នឹង​របាយការណ៍​របស់​ទីភ្នាក់ងារ​ថាមពល​អា​តូ​មិ​ក​អន្ដរជាតិ (IAEA) និង ការបញ្ចេញ​ទឹក​សំណល់ ចេញពី​រោងចក្រ​ហ្វ៊ូ​គី​ស៊ី​ម៉ា (Fukushima) បង្ហូរ​ចូលទៅក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​។​

​រដ្ឋាភិបាល​ក្រុង​សេ​អូ​ល បានបញ្ជាក់ នៅ​ថ្ងៃ​សុក្រ (​ទី​៧ ខែកក្កដា​) ថា «​កូរ៉េខាងត្បូង គោរព​ការសន្និដ្ឋាន​លើ​ការត្រួតពិនិត្យ​សុវត្ថិភាព​របស់​ក្រុម​ឃ្លាំមើល​នុយក្លេអ៊ែរ​របស់​អង្គការសហប្រជាជាតិ ដែល​បានអនុម័ត​ចំពោះ​ផែនការ​របស់​ប្រទេស​ជប៉ុន នៅក្នុង​ការបញ្ចេញ​ទឹក​សំណល់ ចេញពី​រោងចក្រ​ហ្វ៊ូ​គី​ស៊ី​ម៉ា​។ រីឯ​កំហាប់​សារធាតុ​វិទ្យុសកម្ម បំពេញ​តាម​ស្តង់ដារ សម្រាប់​ការបញ្ចេញ​ទឹក ទៅក្នុង​មហាសមុទ្រ ដែល​បាន​ចម្រោះ​ធាតុ​វិទ្យុសកម្ម​រួច ហើយ​ត្រូវគេ​រំពឹង ថា នឹង​មិនមាន​ផលប៉ះពាល់​ណាមួយ ដល់​តំបន់​មហាសមុទ្រ​របស់​យើង​នោះឡើយ​»​។​

​លោក រ៉ា​ហ្វា​អែល ហ្គ្រូ​ស​ស៊ី (Rafael Grossi) អគ្គនាយក​ទីភ្នាក់ងារ​ថាមពល​អា​តូ​មិ​ក​អន្តរជាតិ (IAEA) បាន​ចុះទៅពិនិត្យ​ទីតាំង​រោងចក្រ​ថាមពលនុយក្លេអ៊ែរ​ហ្វ៊ូ​គី​ស៊ី​ម៉ា ដាយ​អ៊ី​ឈិ (Fukushima Daiichi) កាលពី​ថ្ងៃ​ពុធ (​ទី​៥ ខែកក្កដា​) និង បាន​ជួប​ជាមួយ​អ្នកស្រុក​។ ក្រោយមក គាត់​បាន​អះអាង អំពី​សុវត្ថិភាព សម្រាប់​ផែនការ​របស់​ប្រទេស​ជប៉ុន បញ្ចេញ​ទឹក​សំណល់​មាន​ធាតុ​វិទ្យុសកម្ម ដែល​ត្រូវបាន​ចម្រោះ​រួចហើយ ចេញពី​រោងចក្រ​ថាមពល​នេះ ដើម្បី​បង្ហូរទឹក​សំណល់​ទាំងនោះ ចូលទៅក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​។​

​ទីភ្នាក់ងារ IAEA របស់​អង្គការសហប្រជាជាតិ បានបញ្ជាក់ កាលពី​ថ្ងៃ​អង្គារ នៅក្នុង​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ សម្រាប់​ការរុះរើ​រោងចក្រ​ថាមពលនុយក្លេអ៊ែរ ដែល​ត្រូវបាន​បំផ្លាញ នៅក្នុង​ហេតុការណ៍​គ្រោះ​រញ្ជួយ​ដី​ដ៏​ខ្លាំងក្លា និង មហា​រលក​យក្ស​ស៊ូណាមិ កាលពី​អំឡុង​ឆ្នាំ​២០១១ ថា ការត្រួតពិនិត្យ រយៈពេល​២​ឆ្នាំ​មកនេះ រកឃើញ ថា ផែនការ​របស់​ជប៉ុន សម្រាប់​ការបង្ហូរ​ទឹក​សំណល់ ចេញពី​រោងចក្រ​ហ្វ៊ូ​គូ​ស៊ី​ម៉ា ដាយ​អ៊ី​ឈិ នេះ នឹងមាន​ផលប៉ះពាល់​តិចតួច ដល់​មនុស្ស ឬ បរិស្ថាន​។​

​សហជីព​នេសាទ​ជប៉ុន បាន​ជំទាស់​តវ៉ា ប្រឆាំងនឹង​ផែនការ​នេះ អស់​រយៈពេល​ជា​យូរ​មកហើយ ដោយបាន​អះអាង ថា រដ្ឋាភិបាល​គួរតែ​លុបចោល​ផែនការ​ជួសជុល​នូវ​ការខូចខាត​កេរ្តិ៍ឈ្មោះ​របស់ខ្លួន​។ ប្រទេស​មួយចំនួន បាន​ហាមឃាត់​នូវ​ផលិតផល​អាហារ​មួយចំនួន​របស់​ជប៉ុន ព្រោះតែ​ពួកគេ​ភ័យខ្លាច​វិទ្យុសកម្ម​។ ជប៉ុន តែងតែ​ធ្វើតេស្ត លើ​ម្ហូបអាហារ​សមុទ្រ ចេញពី​តំបន់​ហ្វ៊ូ​គូ​ស៊ី​ម៉ា (Fukushima) ជាប្រចាំ ហើយ​រកឃើញ ថា វា​មាន​សុវត្ថិភាព​តាម​ស្ដង់ដារ​។​

​លោក វ៉ាង វ៉ែន​ប៊ិន (Wang Wenbin) អ្នកនាំពាក្យ ក្រសួងការបរទេស​ចិន កាលពី​ថ្ងៃ​ពុធ បាន​រិះគន់​ដល់​ចំណាត់ការ ឆ្ពោះទៅរក​ការបង្ហូរ​ទឹក បញ្ចេញ​ពី​រោងចក្រ​ថាមពលនុយក្លេអ៊ែរ​ហ្វ៊ូ​គី​ស៊ី​ម៉ា​ដាយ​អ៊ិ​ឈិ ហើយ​ថែមទាំង បាន​គំរាម អំពី​ចំណាត់​វិធានការ​ផ្សេងៗ ប្រសិនបើ​ផែនការ​នេះ​គួរតែ​ដំណើរការ​ទៅមុខ​។​

​អ្នកនាំពាក្យ ក្រសួងការបរទេស​ចិន បាន​សង្កត់ធ្ងន់ ថា «​នាយកដ្ឋាន​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង នឹង​ពង្រឹង​នូវ​ការត្រួតពិនិត្យ លើ​បរិស្ថាន​ដែនសមុទ្រ និង ត្រួតពិនិត្យ​ដល់​ការនាំ​ចូល​ផលិតផល​សមុទ្រ សម្រាប់​ធានា​ដល់​សុខភាព និង សន្តិសុខ​ស្បៀងអាហារ សម្រាប់​សាធារណជន​»​។ បើទោះជា​យ៉ាងណាក៏ដោយ គាត់​បាន​បដិសេធ ចំពោះ​ការផ្តល់​ព័ត៌មាន​លម្អិត​ជាក់លាក់ អំពី​សកម្មភាព​ប្រភេទ​ណា នឹងត្រូវ​រដ្ឋាភិបាល​ចិន ប្រកាន់យក​នោះ​។​

​ក្រុម​សកម្មជន​ជាច្រើន នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង និង កូរ៉េខាងត្បូង បាន​បង្កើន​នូវ​ការតវ៉ា​របស់​ពួកគេ ប្រឆាំងនឹង​ផែនការ​របស់​រដ្ឋាភិបាល​ជប៉ុន បញ្ចេញ​ទឹក​សំណល់​ពី​រោងចក្រ​ថាមពលនុយក្លេអ៊ែរ​ហ្វ៊ូ​គី​ស៊ី​ម៉ា ដាយ​អ៊ិ​ឈិ ដោយសារតែ​ពួកគេ​ខ្លាច​មាន​គ្រោះថ្នាក់ បង្កឡើង​ដោយ​វិទ្យុសកម្ម​។​

​រដ្ឋាភិបាល​ក្រុង​តូ​ក្យូ និង ក្រុមមន្ត្រី​ជំនាញ​របស់​ជប៉ុន បញ្ជាក់ ថា ទឹក​នៅក្នុង​រោងចក្រ​ហ្វ៊ូ​គូ​ស៊ី​ម៉ា ត្រូវបាន​ចម្រោះ យក​ធាតុ​វិទ្យុសកម្ម ចេញ​អស់​ភាគច្រើន​រួចមកហើយ ហើយ​វា​ក៏​នឹង​មិនមាន​ផលប៉ះពាល់ សម្រាប់​កម្រិត​សុវត្ថិភាព​នោះទេ​។ ប៉ុន្ដែ​ការសម្រេចចិត្ត​ណាមួយ​របស់​ទីភ្នាក់ងារ IAEA ក៏​ត្រូវគេ​រំពឹងទុក ថា អាច​នឹង​ធ្វើឡើង នៅក្នុង​សប្ដាហ៍​នេះ​៕​