ហ្ស​ឡែ​ន​ស្គី បង្ខំ​អង្គការ​ណា​តូ​ឲ្យ​ផ្គត់ផ្គង់​យន្ដហោះ​ចម្បាំង F-16 មក​អ៊ុយ​ក្រែ​ន

ព័ត៌មានអន្តរជាតិ
0
1


​រដ្ឋធានី​កៀវ​៖ ជាមួយនឹង​ការរំពឹងទុក អំពី​កញ្ចប់​ជំនួយ​ការពារជាតិ​លើក​ទី​៤២​របស់​សហរដ្ឋអាមេរិក មាន​ទំហំ​ទឹកប្រាក់​៨០០​លាន​ដុល្លារ​បន្ថែមទៀត ដោយ​រាប់បញ្ចូល​ទាំង​គ្រាប់បែក​ចង្កោម​បាញ់​ជាមួយនឹង​កាំភ្លើង​ផ្លោង Howitzer (​ហូ​វីត​ហ្ស៊ឺ​) ទំហំ​១៥៥​មិល្លីម៉ែត្រ រថយន្ដ​ប្រយុទ្ធ រថយន្ដ​ចម្បាំង​ដឹក​កងទ័ព និង គ្រាប់រំសេវ សម្រាប់​ប្រព័ន្ធ​បាញ់​គ្រាប់​រ៉ុក្កែត​ចម្រុះ​ហាយ​ម៉ាស ផង​នោះ មេដឹកនាំ​ក្រុង​កៀវ កំពុងតែ​ជំរុញ​ដល់​សហរដ្ឋអាមេរិក និង អង្គការ​ណា​តូ ផ្ដល់ជំនួយ​យន្ដហោះ​ចម្បាំង​ដ៏​ទំនើប​ផលិត​នៅ​សហរដ្ឋអាមេរិក ប្រភេទ F-16 មក​ឲ្យ​ប្រទេស​អ៊ុយ​ក្រែ​ន​។​

​សារព័ត៌មាន​របស់​សិ​ង្ហ​បុរី បានចេញ​ផ្សាយ នៅ​ថ្ងៃ​សុក្រ ទី​៧ ខែកក្កដា ថា មេដឹកនាំ​អ៊ុយ​ក្រែ​ន កំពុងតែ​ជំរុញ​ដល់​បណ្ដា​ប្រទេស​មហាអំណាច​លោកខាងលិច និង អង្គការ​ណា​តូ ត្រូវតែ​ផ្គត់ផ្គង់​យន្ដហោះ​ចម្បាំង ផលិត​ដោយ​លោកខាងលិច ជាពិសេស យន្ដហោះ F-16 មកជួយ​ដល់​រដ្ឋាភិបាល​ក្រុង​កៀវ​។ សកម្មភាព​ទាំងនេះ បានកើត​ឡើង ស្របពេល​កម្លាំង​ទាហាន​ការពារ​ទឹកដី​របស់​អ៊ុយ​ក្រែ​ន កំពុងតែ​បើក​យុទ្ធនាការ វាយបក ទៅលើ​កម្លាំង​ទាហាន​រុស្ស៊ី ដើម្បី​រំដោះទឹកដី​របស់​ពួកគេ ត្រឡប់មកវិញ​។​

​លោក វ៉ូ​ឡូ​ឌី​មៀរ ហ្សេ​ឡែ​ន​ស្គី (Volodymyr Zelenskyy) ប្រធានាធិបតី​អ៊ុយ​ក្រែ​ន បានផ្ដល់​បទសម្ភាសន៍​មួយ ដល់​បណ្ដាញ​ទូរទស្សន៍​របស់​អូស្ដ្រាលី ABC News កាលពី​ថ្ងៃ​ព្រហស្បតិ៍ ថា «​យន្ដហោះ​ចម្បាំង ឬ ក៏​គ្រឿង​យុទ្ធភណ្ឌ​ណាមួយ ដែល​យើង​កំពុងតែ​ត្រូវការ​បន្ទាន់​នោះ នឹងត្រូវ​ផ្ដល់​មកដល់​យើង ឲ្យ​បាន​ទាន់ពេលវេលា សម្រាប់​ការ​វាយបក​រុលទៅមុខ​ឲ្យ​បាន​លឿន​បំផុត ដើម្បី​សង្គ្រោះ​ជីវិត​មនុស្ស​បន្ថែមទៀត និង ដើម្បី​ឈរជើង​ឲ្យ​បាន​រឹងមាំ​»​។​

​ប្រទេស​ដា​ណា​ម៉ាក និង ហូ​ល្លង់​ដ៍ ក្លាយជា​សមាជិក​របស់​អង្គការ​ណា​តូ កំពុងតែ​នាំមុខគេ នៅក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​សម្ពន្ធមិត្ត​អន្ដរជាតិ បណ្ដុះបណ្ដាល​ជំនាញ​បើកបរ​យន្ដហោះ​ចម្បាំង​របស់លោក​ខាងលិច ដល់​កងទ័ពអាកាសរ​បស់​អ៊ុយ​ក្រែ​ន​។ សកម្មភាព​ទាំងនេះ សម្រាប់​ថែរក្សា​យន្ដហោះ​ចម្បាំង ហើយ​ចុងក្រោយ​ផ្ដល់​យន្ដហោះ F-16 ដ៏​ទំនើប ផលិត នៅ​សហរដ្ឋអាមេរិក ទៅដល់​ប្រទេស​អ៊ុយ​ក្រែ​ន​។​

​សហរដ្ឋអាមេរិក បាន​ផ្គត់ផ្គង់​ជំនួយ​យោធា ទៅដល់​កងទ័ព​អ៊ុយ​ក្រែ​ន ចាប់តាំងពី​ការផ្ទុះ​សង្គ្រាម នៅ​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២២ រហូតមកដល់​ពេលនេះ កើនឡើង​ដល់​៤០​ពាន់​លាន​ដុល្លារ​៕