គណបក្ស​របស់​ប្រា​យុទ្ធ និង សម្ពន្ធមិត្ត បង្ហាញ​សញ្ញា​ប្រឆាំងនឹង​គណបក្សប្រឆាំង​ឈ្នះឆ្នោត​នៅ​ថៃ​

ព័ត៌មានអន្តរជាតិ
0
1


​រាជធានី​បាងកក​៖ ស្របពេល​មាន​ភាព​មិនទាន់​ប្រាកដប្រជា ជុំវិញ​ការជ្រើសរើស​មេដឹកនាំ​គណបក្ស​ឆ្ពោះទៅមុខ សម្រាប់​នាយករដ្ឋមន្ដ្រី​ថ្មី​របស់​ប្រទេស​ថៃ នៅ​ថ្ងៃទី​១៣ ខែកក្កដា ខាងមុខនេះ គណបក្ស​រួបរួម​ជាតិ​ថៃ (UTN) របស់លោក​នាយករដ្ឋមន្ដ្រី ប្រា​យុទ្ធ ចាន់​-​អូ​-​ចា និង គណបក្ស​ភូមិ​ចៃ​ថៃ (Bhumjaithai) របស់លោក អា​នូ​ទីន ឆាន​វី​រ៉ា​គូ​ល (Anutin Charnvirakul) បាន​ប្រឆាំងនឹង​ការបង្កើត​រដ្ឋាភិបាល​ម​តិ​ភាគតិច​។​

​សារព័ត៌មាន​របស់​ថៃ Bangkok Post បានចេញ​ផ្សាយ កាលពី​ថ្ងៃ​ចន្ទ ទី​១០ ខែកក្កដា ថា គណបក្ស​រួបរួម​ជាតិ​ថៃ (UTN) និង គណបក្ស​ភូមិ​ចៃ​ថៃ (Bhumjaithai) បាន​បញ្ចេញ​សំឡេង ប្រឆាំងនឹង​ការប៉ុនប៉ង​ណាមួយ ដើម្បី​បង្កើត​រដ្ឋាភិបាល​មតិ​ភាគតិច ស្របពេល​ការបោះឆ្នោត​ជ្រើសរើស​នាយករដ្ឋមន្ដ្រី​ថ្មី នឹង​ចូល​មកដល់ នៅ​ថ្ងៃ​ព្រហស្បតិ៍ (​ទី​១៣ ខែកក្កដា​)​។​

​លោក ភី​រ៉ា​ផាន សាលី​រ៉ា​ថា​វី​ផាក (Pirapan Salirathavibhaga) មេដឹកនាំ​គណបក្ស​រួបរួម​ជាតិ​ថៃ (UTN) បានបញ្ជាក់ តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ថា គណបក្ស​របស់គាត់ នឹងមិន​តែងតាំង​លោកនាយក​រដ្ឋមន្ដ្រី ប្រា​យុទ្ធ ចាន់​-​អូ​-​ចា (Prayut Chan-o-cha) ឬ ខ្លួន​របស់គាត់​ផ្ទាល់ សម្រាប់​បេក្ខភាព​នាយករដ្ឋមន្ត្រី នឹងត្រូវ​សភា​បោះឆ្នោត នៅ​ថ្ងៃ​ព្រហស្បតិ៍​នោះឡើយ ព្រោះ​គណបក្ស​របស់គាត់ មិន​គាំទ្រ ដល់​ការបង្កើត​រដ្ឋាភិបាល​ភាគតិច​។​

​លោក​ប្រធាន​បក្ស UTN បាន​សង្កត់ធ្ងន់ ថា គណបក្ស​របស់គាត់ នឹងមិន​បោះឆ្នោត ជ្រើសរើស​បេក្ខជន​នាយករដ្ឋមន្ត្រី មកពី​គណបក្ស​ណាមួយ មាន​គោលនយោបាយ ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ​ជាពិសេស នៅពេល​គណបក្ស​នោះ ស្វះ​ស្វែងរក​ការកែប្រែ​ច្បាប់ ពាក់ព័ន្ធ​នឹង​ការប្រមាថ​ព្រះមហាក្សត្រ និង សសរស្តម្ភ​ដ៏​សំខាន់ៗ ចំនួន​៣​របស់​ប្រទេស រួមមាន ជាតិ សាសនា និង ព្រះមហាក្សត្រ​។​

​លោក​ប្រធាន​គណបក្ស​រួបរួម​ជាតិ​ថៃ បាន​បន្ថែម ថា គាត់​បាន​ចាត់​ឱ្យ​លោក អេ​កា​ណា ប្រម​ផាន់ (Akanat Promphan) អគ្គលេខាធិការ​គណបក្ស UTN ត្រូវតែ​ប្រកាន់​ជំហរ​បែបនេះ សម្រាប់​ការពិចារណា​របស់​គណ​បក្ស ហើយ​អនុម័ត​ជាគោលការណ៍ សម្រាប់​ដំណោះស្រាយ នៅក្នុង​កិច្ចប្រជុំ នៅ​ថ្ងៃ​អង្គារ​។ កិច្ចប្រជុំ​នេះ នឹងត្រូវ​កំណត់​នូវ​ការប្ដេជ្ញា អំពី​របៀប​ដែល​គណបក្ស នឹងត្រូវ​បោះឆ្នោត​ជ្រើសរើស​នាយករដ្ឋមន្ដ្រី នៅ​ថ្ងៃ​ព្រហស្បតិ៍​។​

​លោក ភី​រ៉ា​ផាន សាលី​រ៉ា​ថា​វី​ផាក បាន​បន្ថែម ថា «​នេះ​ជា​សារ​យ៉ាងច្បាស់ និង បង្ហាញ អំពី​គោលជំហរ​ដ៏​ប្រាកដ ហើយនឹង​មិនចាំបាច់ ទុក​សម្រាប់​ការបកស្រាយ​ណាមួយ​នោះដែរ​។ ការងារ​របស់​យើង ត្រូវតែ​ការពារ​ប្រទេស បញ្ចៀស​ពី​គ្រោះមហន្តរាយ​»​។​

​លោក អា​នូ​ទីន ឆាន​វី​រ៉ា​គូ​ល (Anutin Charnvirakul) មេដឹកនាំ​គណបក្ស​ភូមិ​ចៃ​ថៃ ហើយ​ជា​ឧបនាយករដ្ឋមន្ដ្រី និង ជា​រដ្ឋមន្ដ្រី​ក្រសួងសុខាភិបាល​សាធារណៈ នៅក្នុង​រដ្ឋាភិបាលចាំផ្ទះ​របស់លោក ប្រា​យុទ្ធ បានបញ្ជាក់ ថា គណបក្ស​របស់គាត់ បានបង្ហាញ​ជំហរ​យ៉ាងច្បាស់ ថា គណបក្ស​នេះ នឹងមិន​គាំទ្រ​ដល់​រដ្ឋាភិបាល​មតិ​ភាគតិច និង ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ពាក់ព័ន្ធ​នឹង​ច្បាប់​ប្រមាថ​ព្រះមហាក្សត្រ​។​

​បើទោះជា​យ៉ាងណា មេដឹកនាំ​គណបក្ស​ភូមិ​ចៃ​ថៃ បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ លើ​យុទ្ធនាការ​របស់​មេដឹកនាំ​គណបក្ស​ឆ្ពោះទៅមុខ (MFP) លោក ភី​ថា លីម​ចា​រឿន​រ៉ា​ត (Pita Limjaroenrat) ពាក់ព័ន្ធ​នឹង​ការប្រមូល​នូវ​ការគាំទ្រ សម្រាប់​ជួយ​ដល់​គាត់ ឲ្យ​ក្លាយជា​នាយករដ្ឋមន្ត្រី ខណៈ​អ្នក​រិះគន់​របស់​គណបក្ស MFP ត្រូវគេ​មើលឃើញ ថា កំពុងតែ​ដាក់​សម្ពាធ ទៅលើ​ព្រឹទ្ធសភា នៅមុន​ការបោះឆ្នោត នៅ​ថ្ងៃ​ព្រហស្បតិ៍​។​

​លោក ភី​ថា លីម​ចា​រឿន​រ៉ា​ត ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី តែមួយគត់​របស់​គណ​បក្ស MFP ដោយមាន​សំឡេងគាំទ្រ ចំនួន​៣១២ មកពី​សមាជិកសភារ​បស់​គណបក្ស​សម្ពន្ធភាព ចំនួន​៨ ខណៈ​នៅ​ខ្វះ​ត្រឹមតែ​៦៤​សំឡេង​ប៉ុណ្ណោះ សម្រាប់​ការ​ក្លាយជា​នាយករដ្ឋមន្ដ្រី​។ ជាមួយគ្នានេះ លោក ភី​ថា ក៏បាន​អំពាវនាវ​ទៅកាន់​ព្រឹទ្ធសភា ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ខ្វះ​សំឡេងគាំទ្រ​នេះ​។​

​លោក អា​នូ​ទីន បាន​បន្ថែម ថា ប្រធានសភា នឹងត្រូវ​សម្រេចចិត្ត ថា នឹង​ត្រូវតែ​ធ្វើ​អ្វី​បន្ទាប់​ទៀត នៅក្នុង​ករណី លោក ភី​ថា មិនអាច​ប្រមូល​នូវ​ការគាំទ្រ​ឲ្យ​បាន​គ្រប់គ្រាន់ ក្រោយ​ការបោះឆ្នោត នៅ​ជុំ​ទី​២​។ បញ្ហា​នេះ គាត់​មិនបាន​បំភិតបំភ័យ ចំពោះ​ការរំពឹងទុក ក្រោយ​ការបោះឆ្នោត​ជ្រើសរើស​នាយករដ្ឋមន្ត្រី ដោយ​កត់សម្គាល់ ថា សមាជិកសភា និង សមាជិក​ព្រឹទ្ធសភា គួរតែមាន​សេរីភាព នៅក្នុង​អនុវត្តន៍​នូវ​ការវិនិច្ឆ័យ​របស់​ពួកគេ​។​

​នៅពេល​សួរថា តើ​គណបក្ស​ភូមិ​ចៃ​ថៃ នឹងចូលរួម​ជាមួយ​ស​ម្ព​ន្ធ​ភាព​គណបក្ស​ចម្រុះ​ដែរ​ទេ ប្រសិនបើ​គណបក្ស​ភឿ​ថៃ (Pheu Thai) ជា​គណបក្ស​ធំ​ទី​២ បាន​ដឹកនាំ​បង្កើត​ក្រុមចម្រុះ​? លោក អា​នូ​ទីន បាន​អះអាង ថា វា​នឹង​អាស្រ័យទៅលើ​គោលនយោបាយ និង គោលការណ៍​ណែនាំ​។ ប៉ុន្ដែ​ឥឡូវនេះ វា​មិនមែនជា​ពេលវេលា សម្រាប់​ការពិចារណា អំពី​រឿង​នេះឡើយ​៕​