​ពូ​ទីន កំពុងតែ​ដេក​ភ័យខ្លាច​អង្គការ​ណា​តូ អូស​ព្រំដែន​ទៅ​ជាប់​នឹង​ប្រទេស​រុស្ស៊ី​

ព័ត៌មានអន្តរជាតិ
0
1


​រដ្ឋធានី​វិល​នី​ស (Vilnius)៖ សង្គ្រាម​របស់​មេដឹកនាំ​វិមាន​ក្រឹម​ឡាំង នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន បាន​ជំរុញ​ឲ្យ​ប្រទេស​នៅ​តំបន់​អឺរ៉ុប​ខាងជើង និង អា​ត្ល​ង់​ទិ​ក​ខាងជើង រត់​ទៅ​ដាក់ពាក្យ​ស្នើសុំ​ចូល​ជា​សមាជិក​របស់​អង្គការ​ណា​តូ ខណៈ​ឥឡូវនេះ ប្រធានាធិបតី​តួ​ក​គី កំពុងតែ​គាំទ្រ​ដល់​បេក្ខភាព​របស់​ប្រទេស​ស៊ុយអែត ចូលទៅក្នុង​ប្លុក​យោធា​មួយ​នេះ រហូត​ធ្វើ​ឲ្យ​វិមាន​ក្រឹម​ឡាំង​របស់លោក​ប្រធានាធិបតី ពូ​ទីន កាន់តែ​ព្រួយបារម្ភ អំ​គ្រោះថ្នាក់​យ៉ាងពិត​ប្រាកដ មកលើ​ប្រទេស​រុស្ស៊ី ប្រសិនបើ​អ៊ុយ​ក្រែ​ន ដើរចូល​ទៅក្នុង​អង្គការ​សម្ពន្ធមិត្ត​យោធា​របស់លោក​ខាងលិច​។​

​សារព័ត៌មាន BBC បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​អង្គារ ទី​១១ ខែកក្កដា ថា មេដឹកនាំ​កំពូលៗ​របស់​ប្រទេស​ជា​សមាជិក​របស់​អង្គការ​ណា​តូ បាន​អញ្ជើញ​ទៅ​ជួបជុំគ្នា នៅក្នុង​រដ្ឋធានី​វិល​នី​ស ប្រទេស​លី​ទុយ​អា​នី ដើម្បី​ចូលរួម​នៅក្នុង​កិច្ចប្រជុំ​កំពូល​របស់​អង្គការ​នេះ នឹងត្រូវ​ចាប់ផ្ដើម​ឡើង រយៈពេល​២​ថ្ងៃ ចាប់ផ្ដើម​ពីថ្ងៃ​អង្គារ​នេះ​។ រីឯ​សមាជិកភាព​របស់​ប្រទេស​អ៊ុយ​ក្រែ​ន ចូលរួម នៅក្នុង​អង្គការ​សម្ពន្ធភាព​យោធា​ដ៏​ខ្លាំងក្លា​របស់​ពិភពលោក​មួយ​នេះ នឹង​ក្លាយជា​កម្រិត​ចម្បង នៅក្នុង​របៀបវារៈ នៃ​កិច្ចប្រជុំ​កំពូល​នេះ​។ ស្របគ្នា​នេះ សមាជិក​របស់​អង្គការ​ណា​តូ បាន​ឯកភាពគ្នា ថា អ៊ុយ​ក្រែ​ន នឹងមិន​ទាន់​អាច​ក្លាយជា​សមាជិក​របស់​ប្លុក​យោធា​របស់លោក​ខាងលិច​បានទេ​។ បញ្ហា​នេះ​ក៏​ដោយសារតែ​អ៊ុយ​ក្រែ​ន​កំពុងតែ​ស្ថិតក្នុង​សង្គ្រាម​នៅឡើយ ហើយ​មានការ​ភ័យខ្លាច​យ៉ាងខ្លាំង អាច​នឹង​នាំឱ្យមាន​ជម្លោះ ដោយផ្ទាល់​ជាមួយ​ប្រទេស​រុស្ស៊ី ដែល​មហាអំណាច​នុយក្លេអ៊ែរ​ដ៏​ខ្លាំងក្លា​បំផុត​មួយ​របស់​ពិភពលោក ផងដែរ​។​

​លោក វ៉ូ​ឡូ​ឌី​មៀរ ហ្សេ​ឡែ​ន​ស្គី (Volodymyr Zelensky) ប្រធានាធិបតី​អ៊ុយ​ក្រែ​ន បានបញ្ជាក់ ថា គាត់​ខ្លួនឯង មិន​រំពឹង ថា អ៊ុយ​ក្រែ​ន នឹង​ក្លាយជា​សមាជិក​របស់​អង្គការ​ណា​តូ រហូតដល់​ក្រោយ​ការបញ្ចប់​សង្គ្រាម​នេះ​។ ប៉ុន្តែ​លោក​ប្រធានាធិបតី ចង់ឱ្យ​កិច្ចប្រជុំ​កំពូល​របស់​អង្គការ​ណា​តូ ផ្តល់​«​សញ្ញា​ឲ្យ​ប្រាកដ​» សម្រាប់​សមាជិកភាពរ​ប​ស់អ៊ុយ​ក្រែ​ន នៅក្នុង​អង្គការ​យោធា​មួយ​នេះ​។​

​ប្រទេស​ជា​សមាជិក​មួយចំនួនរ​បស់​អង្គការ​ណា​តូ នៅ​តំបន់​អឺរ៉ុប​ខាងកើត កំពុងតែ​ជំរុញ​ឱ្យ​ព​ន្លឿ​ន​ដល់​សមាជិកភាព នៃ​ប្រទេសជិតខាង​របស់ខ្លួន​។ ប៉ុន្តែ​បណ្ដា​ប្រទេស​ជា​សមាជិក​ផ្សេងៗ​ទៀត​របស់​អង្គការ​យោធា​មួយ​នេះ មាន​ទាំង សហរដ្ឋអាមេរិក និង អាល្លឺម៉ង់ ផងដែរ ត្រូវបាន​គេ​មើលឃើញ ថា កំពុងតែ​ស្ទាក់ស្ទើរ​យ៉ាងខ្លាំង​។​

​ដោយឡែក លោក ឌី​មី​ទ្រី ប៉េ​ស្កូវ (Dmitry Peskov) អ្នកនាំពាក្យ វិមាន​ក្រឹម​ឡាំង​របស់​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន (Vladimir Putin) បាន​ព្រមាន កាលពី​ថ្ងៃ​ចន្ទ ថា សមាជិកភាព​របស់​អ៊ុយ​ក្រែ​ន នៅក្នុង​អង្គការ​ណា​តូ នឹង​បង្ក​ឲ្យ​មាន​ផលវិបាក​ជា​អវិជ្ជមាន បំផុត សម្រាប់​ស្ថាបត្យកម្ម​សន្តិសុខ​របស់​រុស្ស៊ី​។ សកម្មភាព​បែបនេះ នឹង​បំផ្លាញ​ដល់​ការកសាង​សន្ដិសុខ​ប្រហែល​ពាក់កណ្តាល ព្រោះ​អង្គការ​យោធា​មួយ​នេះ ចូល​មកដល់​ទ្វីបអឺរ៉ុប កាន់តែ​ជ្រៅ ដោយ​ការ​រំកិល​ព្រំដែន​ណា​តូ​មក​ដាក់​ជាប់​ជាមួយនឹង​រុស្ស៊ី​។

​លោក ឌី​មី​ទ្រី ប៉េ​ស្កូវ បានបញ្ជាក់ ថា «​សមាជិកភាព​របស់​អ៊ុយ​ក្រែ​ន នឹង​បង្ហាញ​អំពី​គ្រោះថ្នាក់​យ៉ាងពិត​ប្រាកដ និង គំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​បំផុត មកលើ​ប្រទេស​របស់​យើង​។ ករណីនេះ យើង​នឹង​ត្រូវតែ​បង្ហាញ​ប្រតិកម្ម​យ៉ាង​ម៉ឺងម៉ាត់ និង ច្បាស់លាស់​»​។​

​អង្គការ​ណា​តូ បានបញ្ជាក់ ថា ស៊ុយអែត នឹង​គាំទ្រ​យ៉ាងសកម្ម​នូវ​កិច្ចខិតខំ​ប្រឹងប្រែង សម្រាប់​ពង្រឹង​ដំណើរការ ចូល​ជា​សមាជិក នៃ​សហភាព​អឺរ៉ុប​របស់​តួ​ក​គី​ឡើងវិញ​។ សកម្មភាព​នេះ នឹង​រួមបញ្ចូល​ទាំង​ការធ្វើ​ទំនើប​ភា​វូប​នី​កម្ម សម្រាប់​សហភាព​គយ​អឺរ៉ុប​-​តួ​ក​គី និង សេរីភាវូបនីយកម្ម លើ​ទិដ្ឋាការ​។​

​ចាប់តាំងពី​សង្គ្រាម​រប​ស់​រុស្ស៊ី បាន​ផ្ទុះឡើង នៅលើ​ទឹកដី​របស់​អ៊ុយ​ក្រែ​ន នៅ​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២២ រហូតមកដល់​ពេលនេះ លោក រេ​សេប តា​យ​យី​ប អេ​ដូ​ហ្គេ​ន (Recep Tayyip Erdogan) ប្រធានាធិបតី​តួ​ក​គី បាន​ដើរតួនាទី​យ៉ាង​ពិសេស ក្លាយជា​មេដឹកនាំ​មួយរូប​របស់​អង្គការ​ណា​តូ ដែលមាន​ឥទ្ធិពល ទៅលើ​ក្រុង​មូ​ស្គូ​។ លោក​ប្រធានាធិបតី បាន​ក្លាយជា​អាជ្ញាកណ្តាល ផ្ដួចផ្ដើម​គំនិត​លើ​កិច្ចព្រមព្រៀង នាំ​គ្រាប់​ធញ្ញជាតិ ចេញពី​សមុទ្រ​ខ្មៅ កាលពី​ឆ្នាំ​២០២២​។ កិច្ចព្រមព្រៀង​នេះ អនុញ្ញាត​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន អាច​នាំ​ផលិតផល​កសិកម្ម ចេញពី​កំពង់ផែ​របស់ខ្លួន នៅ​សមុទ្រ​ខ្មៅ ទៅកាន់​ទីផ្សារ​របស់​ពិភពលោក​។​

​រុស្ស៊ី តែងតែ​គំរាមកំហែង​ដកខ្លួន ចេញពី​កិច្ចព្រមព្រៀង នាំ​គ្រាប់​ធញ្ញជាតិ ចេញពី​សមុទ្រ​ខ្មៅ ជា​ញឹកញាប់ ប៉ុន្ដែ​មេដឹកនាំ​តួ​ក​គី នៅតែ​អាច​ថែរក្សា​កិច្ចព្រមព្រៀង​នេះ ឲ្យ​នៅរស់​បន្ដទៀត​។ លើសពីនេះ តួ​ក​គី ថែមទាំង​បានធ្វើ​ឲ្យ​វិមាន​ក្រឹម​ឡាំង ខឹងសម្បា​យ៉ាងខ្លាំង ពាក់ព័ន្ធ​នឹង​ការផ្គត់ផ្គង់​យន្តហោះ​គ្មាន​មនុស្ស​បើក ឬ ដ្រូ​ន ប្រដាប់​ដោយ​អាវុធ ជួយ​ដល់​កងទ័ព​អ៊ុយ​ក្រែ​ន យកទៅ​ប្រើប្រាស់ វាយប្រហារ ទៅលើ​កម្លាំង​ទាហាន​របស់​រុស្ស៊ី​។​

​ក្រុមមន្ត្រី​រុស្ស៊ី កាលពី​ចុង​សប្ដាហ៍​កន្លងទៅនេះ ក៏បាន​បន្ដ​ខឹងសម្បា​យ៉ាងខ្លាំង ក្រោយពេល​តួ​ក​គី បាន​ផ្លាស់ប្តូរ​ឥរិយាបថ​ដ៏​គួរឱ្យភ្ញាក់ផ្អើល​មួយ ហើយ​បាន​អនុញ្ញាតឱ្យ​អតីត​មេបញ្ជាការ​យោធភូមិភាគ​ចំនួន​៥​នាក់​របស់​អ៊ុយ​ក្រែ​ន ត្រូវបាន​នាំចេញ​ពី​ទីក្រុង​ម៉ា​រី​យ៉ូ​ប៉ូល (Mariupol) ជិះ​យន្ដហោះ ត្រឡប់​ទៅ​ទីក្រុង​កៀវ វិញ នៅ​ចុងបញ្ចប់​នៃ​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក វ៉ូ​ឡូ​ឌី​មៀរ ហ្សេ​ឡែ​ន​ស្គី​។ ក្រោម​លក្ខខណ្ឌ​នៃ​ការដោះដូរ​អ្នកទោស កាលពី​ឆ្នាំ​២០២០ រុស្ស៊ី មានការ​រំពឹង ថា ឈ្លើយសឹក​ទាំងនេះ នឹង​បន្ត​ស្ថិតក្នុង​ប្រទេស​តួ​ក​គី រហូតដល់​បញ្ចប់សង្គ្រាម​នេះ​៕​